អាជីវករ​នៅ​មាត់​សមុទ្រ​ខេត្ត​ព្រះសីហនុ​តវ៉ា​ប្រឆាំង​នឹង​ការ​បណ្តេញ​ចេញ

ទូក​នេសាទ​ត្រី​សមុទ្រ​នៅ​ពេលយប់។​

ក្រុម​អាជីវករ​ប្រមាណ​ជាង​១០០​នាក់​មក​ពី​ខេត្ត​ព្រះ​សីហនុ​ បាន​មក​កាន់​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដើម្បី​ដាក់​ញតិ្ត​ជូន​ដល់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​លោក​ ហេង​ សំរិន​ ប្រធាន​រដ្ឋ​សភា​ជាតិ ​និង​ក្រសួង​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់។

ក្រុម​អាជីវករ​ប្រមាណ​ជាង​១០០​នាក់​មក​ពី​ខេត្ត​ព្រះ​សីហនុ​ បាន​មក​កាន់​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដើម្បី​ដាក់​ញតិ្ត​ជូន​ដល់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​លោក​ ហេង​ សំរិន​ ប្រធាន​រដ្ឋ​សភា​ជាតិ ​និង​ក្រសួង​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់​ ស្នើ​សុំ​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​ក្នុង​តំបន់​ឆ្នេរ​ចំនួន​បី​ទីតាំង ដែល​ពួក​គេ​កំពុង​ប្រកប​អាជីវកម្ម។​ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ពីក្រុម​តំណាង​អាជីវករ ​និង​មន្ត្រី​រដ្ឋាភិបាល។​

ការ​ដាក់​ញត្តិ​របស់​ពួក​គេ​កើតមាន​ បន្ទាប់​ពី​សាលា​ខេត្ត​ព្រះ​សីហនុ​កាលពី​សប្តាហ៍​មុន​ បាន​ចេញ​សេច​ក្តី​ប្រកាស​ព័ត៌មាន​ ស្នើ​ឲ្យ​អាជីវករ​កំពុង​ធ្វើ​អាជីវកម្ម​លក់ដូរ​ នៅ​ឆ្នេរ​អូរត្រេះ​ ឆ្នេរ​អូរ​ឈើ​ទាល និង​ឆ្នេរ​មុខ​ព្រះ​រាជ​ដំណាក់​ចាស់​កំពង់​សោម​ រុះរើ​សំណង់​អាជីវកម្ម​របស់​ពួកគេ​ចេញ​ពី​ដី​ចំណី​ឆ្នេរ​នៅ​ក្នុង​តំបន់​ទាំង​បី​នោះ​ ក្នុង​រយៈពេល​មួយ​ខែ ​ដែល​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ​ ដល់​ថ្ងៃទី​១៣ ​ខែ​មីនា​ ឆ្នាំ​២០១៦។

អ្នក​ស្រី​ ភឿក សុខេន​ វ័យ​៥២ឆ្នាំ​ តំណាង​អាជីវករ​លក់​ដូរ​ក្នុង​តំបន់​ឆ្នេរ​អូរឈើទាល ​ទល់​មុខ​ដី​ក្រុម​ហ៊ុន​ សុខា​អូតែល​ ថ្លែង​ថា ​ញត្តិ​របស់​អាជីវករ​ត្រូវ​បាន​ដាក់​ជូន​ទៅ​កាន់​ខុទ្ទកាល័យ​របស់​ លោក​ នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ សភាជាតិ​ និង​ក្រសួង​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់។​

អ្នក​ស្រី​បញ្ជាក់​ថា៖​«បាន​ដាក់​នៅខុទ្ទកាល័យ​របស់​គាត់​អស់​ហើយ។​ ដាក់ហើយ​អស់​ហើយ»។​

ការ​ស្នើ​ឲ្យ​រុះរើ​តូប​របស់​អាជីវករ​ដោយ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​នេះ​ធ្វើ​ឡើង​ ខណៈ​ដែល​គណៈកម្មា​ធិការ​ជាតិ​គ្រប់​គ្រង​ និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ និង​សាលាខេត្ត​ព្រះសីហនុ​ គ្រោង​រៀបចំ​កែ​លំអ​ និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​ខ្សាច់​ ក្នុង​ខេត្ត​ព្រះ​សីហនុ​ ដើម្បី​ធានា​បាន​នូវ​ការ​គ្រប់​គ្រង​ និង​រក្សា​បរិស្ថាន​ប្រកប​ដោយ​និរន្តរភាព។​

ការ​រៀបចំ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ ដើម្បី​ត្រៀម​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​ ដែល​គ្រោង​នឹង​រៀបចំ​ក្នុង​ខេត្ត​ព្រះ​សីហនុ នៅ​ដើម​ខែធ្នូ​ ឆ្នាំ​២០១៦​ខាងមុខ​នេះ។

លោក​ ឯក វិធាន​ វ័យ​៣៦​ឆ្នាំ​ តំណាង​ក្រុម​អាជីវករ​ដែល​មាន​តូប​លក់​ដូរ៦២​តូប ​នៅ​ក្នុង​តំបន់​ឆ្នេរ​អូរត្រេះ​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ តំណាង​រាស្ត្រ​ពីរ​រូប​មក​ពីគណបក្ស​ធំៗ​ទាំង​ពីរ​ក្នុង​សភា​ បាន​ចេញ​ទទួល​សំណើ​របស់​ក្រុម​អាជីវករ​ ហើយ​បាន​ប្រាប់​ក្រុម​អាជីវករ​ថា​ នឹង​យក​សំណើ​របស់​អាជីវករ​ទៅ​ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ទទួល​បន្ទុក​ក្នុង​ការ​រៀបចំ​ឆ្នេរ​សមុទ្រ។​ លោក​និយាយ​បញ្ជាក់​ពី​ការ​ឆ្លើយតប​របស់​អ្នកតំណាង​រាស្ត្រ​ពីររូប​នោះ​ថា៖​

«គាត់​ថា​ គាត់​នឹង​ធ្វើ​ឲ្យ​មាន​ការ​ឯកភាព​គ្នា​ មិន​ឲ្យ​មាន​ការមិន​ប្រឆាំង​គ្នា​ មាន​ការ​មិន​ៗ​ទទួល​យក​បាន​ទាំង​អស់​គ្នា​។​ គាត់​ថា​ នឹង​ធ្វើ​ឲ្យ​ដើម្បី​ប្រជាជន​ដែរ»។​

លោក​ឲ្យ​ដឹង​បន្ថែម​ថា​ ទោះ​បី​ក្រុម​អាជីវករ​បាន​ដាក់​ញត្តិ​ចូល​ទៅ​ដល់​ស្ថាប័ន​ទាំង​បី​នេះ​ក៏​ដោយ​ ក៏​ការ​ព្រួយ​បារម្ភ​អំពី​ការ​បាត់បង់​ទីតាំង​ប្រកប​របរ​រកស៊ី​របស់​ពួក​គេ​នៅ​តែ​កើត​មាន​ ខណៈ​ដែល​ពួកគេ​មាន​ពេល​ត្រឹម​តែ​មួយ​ខែ​សម្រាប់​ការ​តស៊ូ​មតិ។ លោក​បញ្ជាក់​ថា​ តូប​ដែល​អាច​រង​ការ​ប៉ះពាល់​ពី​ផែនការ​រៀបចំ​ឆ្នេរ​ឡើង​វិញ​នេះ​ គឺ​មាន​ប្រមាណ​ជាង​១៤៥តូប។​

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលា​ខេត្ត​ព្រះសីហនុ​ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​អភិបាល​ខេត្ត យន្ត​ មីន​ កាល​ពី​ថ្ងៃ​ទី១២​ ខែ​កុម្ភៈ​ បាន​បញ្ជាក់​ពី​ចំណាត់ការ​របស់​អាជ្ញាធរ​ថា បើសិន​ជា​ផុត​កំណត់​កាល​បរិច្ឆេទ​នៃ​ការរុះរើ ហើយ​អាជីវករ​មិនព្រម​រុះរើ​ទៀត​នោះ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ នឹង​ចាត់​វិធានការ​ចុះ​រុះរើ​ ដោយ​មិន​ទទួល​ខុសត្រូវ​រាល់​ការ​ខូចខាត​នោះ​ទេ។​

ក៏ប៉ុន្តែ កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម​សបា្តហ៍​នេះ​ លោក​អភិបាល​ខេត្ត​ យន្ត​ មីន​ ឲ្យ​ដឹង បន្ទាប់​ពី​លោក​បាន​ជួប​ប្រជុំ​ជាមួយ​ក្រុម​អាជីវករ​ថា​ លោក​នឹង​យក​ការ​សើ្ន​សុំ​របស់​ក្រុម​អាជីវករ ​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​នៅនឹង​កន្លែង​ទៅ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ថ្នាក់​ជាតិ ក្នុង​នោះ​គឺ​មាន​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​ និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា។

លោក​ ប្រាក់​ វិសាល អនុប្រធាន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ទទួល​បន្ទុក​កិច្ចការ​អភិវឌ្ឍន៍​ទីកន្លែង​ទេសចរណ៍​ ថ្លែង​ថា ​លោក​ពុំទាន់​ធ្វើ​ការ​អធិប្បាយ​បានទេ ​ចំពោះ​ការ​ដាក់​ញត្តិ​របស់​ក្រុម​អាជីវករ​ តែ​ថា​ ការ​ជួបប្រជុំ​បន្ទាន់​មួយ​រវាង​ក្រុម​អាជីវករ​ និង​សាលា​ខេត្ត​នឹង​ត្រូវ​ធ្វើ​ឡើង​ឆាប់​ៗ​នេះ។​

រីឯ​ លោក​ សេង​ ឡូត​ អ្នក​នាំ​ពាក្យ​ក្រសួង​ដែន​ដី​នគរូបនីយកម្ម​ និង​សំណង់​ ថ្លែង​ប្រាប់ VOA ថា​ មន្ត្រី​រដ្ឋ​បាល​ក្រសួង​បាន​ទទួល​លិខិត​របស់​ក្រុម​អាជីវករ​ ហើយ​ថា​ ក្រសួង​បាន​បញ្ជូន​លិខិត​នោះ​ទៅ កាន់​អគ្គ​លេខាធិការដ្ឋាន​នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​ និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា។​

«រដ្ឋបាល​របស់​ក្រសួង​បាន​ចុះ​ទៅ​ទទួល​យក​មក​ ហើយ​បាន​បញ្ជូន​ទៅ​អគ្គលេខាធិការ​ដ្ឋាន​របស់​គណៈ​កម្មាធិការ​គ្រប់​គ្រង​ និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​ហើយ»។​

លោក​មិន​អាច​ឲ្យ​ដឹង​ថា​ គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​ និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ នឹង​សម្រេច​យ៉ាង​ណា​នោះ​ទេ​ ចំពោះ​ញត្តិ​របស់​អាជីវករ​ តែ​លោក​ថ្លែង​ថា​ កិច្ចប្រជុំ​មួយ​របស់​គណៈ​កម្មាធិការ​នេះ​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ទីស្តី​ការ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ស្អែក​នេះ។​

លោក ​ក៏​មិន​អាច​ឲ្យ​ដឹង​ថា​ ញត្តិ​របស់​អាជីវករ​ទាំង​នោះ នឹង​ត្រូវ​គេ​លើក​យក​មក​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​ដែល​ត្រូវ​ធ្វើ​ឡើង​ជា​ប្រចាំ​នោះ​ដែរ។​ លោក​គ្រាន់​តែ​បញ្ជាក់​ថា​ ការ​ប្រជុំ​នឹង​ផ្តោត​លើ​ការ​ប្រែ​ក្លាយ​ឆ្នេរ​សមុទ្រ ឲ្យ​ក្លាយ​ជា​ឆ្នេរ​សាធារណៈ​ ដោយ​មិន​មាន​ការ​កាន់​កាប់​ជា​លក្ខណៈ​ឯកជន​នោះ​ទេ។

យោង​ទៅ​តាម​ផែនការ​នៃ​ការ​រៀបចំ​ឆ្នេរ​នៅ​ក្នុង​តំបន់​ឆ្នេរ​ទាំង​បី​ តូប​ថ្មី​ដែល​នឹង​រៀបចំ​ឡើង​ដោយ​សាលា​ខេត្ត​ នឹង​ត្រូវ​ដាក់​ឲ្យ​ឆ្ងាយ​ពី​គ្នា​ ចម្ងាយ​២៥​ម៉ែត្រ​ ទៅ​៣០​ម៉ែត្រ​ និង​ស្ថិត​នៅ​ឆ្ងាយ​ពី​ការ​ជន់ជោរ​របស់​ទឹក​សមុទ្រ​ប្រមាណ​ពី​៣០​ ទៅ​៥០​ម៉ែត្រ​ ផ្អែក​ទៅ​តាម​ស្ថានភាព​ភូមិសាស្ត្រ​របស់​ឆ្នេរ​នីមួយៗ។​

តំណាង​អាជីវករ​ឲ្យ​ដឹង​បន្ថែម​ថា​ ពួកគេ​នឹង​ត្រឡប់​មក​កាន់​រាជធានី​ភ្នំពេញ​ម្តង​ទៀត​ នៅ​សប្តាហ៍​ខាង​មុខ​នេះ​ ដើម្បី​ទទួល​ការ​ឆ្លើយតប​ពី​ស្ថាប័ន​ ដែល​ពួកគេ​បាន​ដាក់​ញត្តិ​ជូន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ៕