អាជ្ញាធរ​ខេត្ត​បាត់ដំបង​បញ្ឈប់​ការ​ជួបជុំ​របស់​យុវជន​នៅ​ភោជនីយដ្ឋាន​មួយ

ការជួបជុំគ្នារបស់​យុវជន​ប្រមាណ ៦០ នាក់ នៅខេត្តបាត់ដំបង ត្រូវបាន​រំខាននិង​ហាមឃាត់ដោយអាជ្ញាធរ​ខេត្ត កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។ (Facebook / មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា)

ក្រុម​យុវជន និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា​ ការ​បញ្ឈប់​សកម្មភាព​ជួបជុំ​របស់​ក្រុម​យុវជន​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ក្រុង​បាត់ដំបង កាល​ពី​ថ្ងៃ​អាទិត្យ បាន​រំលោភ​សិទ្ធិ​សេរីភាព​នៃ​ការ​ជួប​ជុំ ​និង​គំរាម​កំហែង​ដល់​ការ​ចូលរួម​កិច្ចការងារ​សង្គម​របស់​យុវជន។

កាល​ពី​ថ្ងៃទី​ ២១ ខែ​កក្កដា ឆ្នាំ ​២០២៤ ក្រុម​យុវជន​មួយ​ឈ្មោះ​ថា «ស្នាម​ញញឹម​យុវជន»បាន​រៀបចំ​សិក្ខា​សាលា​មួយ ក្រោម​ប្រធាន​បទ «ការ​លើក​កម្ពស់​ស្រ្តី​ក្នុង​ការ​ចូលរួម​កិច្ច​ការងារ​សង្គម» ក្នុង​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ដោយ​មាន​ការ​ចូលរួម​ពី​យុវជន និង​ព្រះសង្ឈ​ប្រមាណ​ជាង​ ៦០ ​អង្គ/នាក់។

លោក លឹម ប៊ុនថាត អាយុ​ ២៦ ​ឆ្នាំ ជា​យុវជន​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ អាជ្ញាធរ​ក្រុង​បាត់ដំបង​បាន​ចុះ​មក​បញ្ឈប់​កម្មវិធី​ជួបជុំ​ភ្លាមៗ ដោយ​លើក​ហេតុផល​ថា ​អ្នក​រៀបចំ​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ក្នុង​តំបន់។ លោក​បន្ថែម​ថា​ អាជ្ញាធរ​ក៏​បាន​បញ្ជា​ឱ្យ​ខាង​ភោជនីយដ្ឋាន​ដែល​ពួកគេ​បាន​ជួល​សម្រាប់​ការ​ជួប​ជុំ​នោះ​ផ្តាច់​ចរន្ត​អគ្គិសនី​មិន​ឱ្យ​ពួកគេ​បន្ត​សកម្មភាព​ឡើយ។

លោក​ថ្លែង​ថា៖ «យើង​បាន​ពន្យល់​ពួកគាត់​ដែរ​ទាក់​ទង​ជាមួយ​នឹង​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ​ដែល​មាន​សិទ្ធិ​សេរី​ភាព​នៅ​ក្នុង​ការ​ជួបជុំ សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​ជាដើម ហើយ​សេរីភាព​នៅ​ក្នុង​ការ​ចែក​រំលែក​ជាមួយ​នឹង​ចំណេះ​ដឹង ឬ​ក៏​ការ​អប់រំ​ដល់​ប្រជា​ពលរដ្ឋ ប៉ុន្តែ​ពួក​គាត់​អត់​បាន​ស្តាប់​ហេតុ​ផល​ទាំង​អស់​ហ្នឹង​ទេ។ ពួកគាត់​ដាច់​អហង្ការ ត្រូវ​តែ​រំសាយ​សកម្មភាព​ហ្នឹង»។

យុវជន​រូប​នោះ​ស្នើ​សុំ​អាជ្ញាធរ​ឱ្យ​ត្រួត​ពិនិត្យ​សកម្មភាព​របស់​យុវជន​ថា ​ពួកគេ​ធ្វើ​សិក្ខា​សាលា​នេះ​ក្នុង​គោល​បំណង​អ្វី។ លោក​បន្តថា ក្រុម​យុវជន​គ្រាន់​តែ​ចង់​ជួបគ្នា ដើម្បី​ផ្លាស់​ប្តូរ​គំនិត និង​ចំណេះ​ដឹង​រវាង​គ្នា​និង​គ្នា ដែលជា​ប្រយោជន៍​សម្រាប់​ពួកគេ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ​តែ​ប៉ុណ្ណោះ។

ការជួបជុំគ្នារបស់​យុវជន​ប្រមាណ ៦០ នាក់ នៅខេត្តបាត់ដំបង ត្រូវបាន​រំខាននិង​ហាមឃាត់ដោយអាជ្ញាធរ​ខេត្ត កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។ (Facebook / មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា)

វីអូអេ​បាន​ទាក់ទង កញ្ញា ឆឹង ស្រីទូច ​អ្នកសម្របសម្រួល​ម្នាក់​នៃ​កម្មវិធី​ជួបជុំ​នោះ ប៉ុន្តែ​កញ្ញា​បាន​បដិសេធ​មិន​អត្ថាធិប្បាយ ដោយ​ថា​ចង់ឱ្យ​ស្ថានភាព​ស្ងប់ស្ងាត់។

វីអូអេ​បាន​ទាក់​ទង​ទៅ​ភោជនីយដ្ឋាន​ដែល​មាន​ឈ្មោះ​ថា​ «ជ.ឃ» ដែល​ក្រុម​យុវជន​បាន​ជួល​ទីតាំង​សម្រាប់​កម្មវិធី ដោយ​បុគ្គលិក​ភោជនីយដ្ឋាន​នោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា​កាល​ពីថ្ងៃ​អាទិត្យ វេលា​ម៉ោង​ប្រហែល​ ២ ​រសៀល អាជ្ញាធរ​ក្រុង​បាត់ដំបង​បាន​ចុះ​ទៅ​ដល់​ទីតាំង​ហាង​របស់​ខ្លួន និង​បញ្ឈប់​សកម្មភាព​របស់​ក្រុម​យុវជន​ភ្លាមៗ ដោយ​អះ​អាង​ថា ​ពួកគេ​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ក្នុង​តំបន់ និងគ្មាន​លិខិត​ស្នាម​ត្រឹមត្រូវ​ឡើយ។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា​អាជ្ញាធរក្រុង និង​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​ជាង​ ១០ នាក់ ​ស្លៀក​ពាក់​ឯកសណ្ឋាន​ស៊ីវិល​បាន​មក​បញ្ឈប់​ការជួបជុំ​របស់​ក្រុម​យុវជន​ប្រមាណ​ ៦០ នាក់ ​ដែល​បាន​មក​ជួបជុំគ្នា​នៅ​កន្លែង​ឯកជនមួយ ដើម្បី​ពិភាក្សា​លើ​ប្រធានបទ «ការលើក​កម្ពស់​ស្រ្តីក្នុង​ការ​ចូលរួម​កិច្ចការ​ងារ​សង្គម»។ អាជ្ញាធរ​លើក​ហេតុ​ផល​ថា ​អ្នក​រៀបចំ​កម្មវិធី​មិន​បាន​សុំ​ការ​អនុញ្ញត​ពី​អាជ្ញាធរ​ជា​មុន។

អ្នក​សម្រប​សម្រួល​គម្រោង​ការ​លើក​កម្ពស់ និង​ការពារ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ ​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​លោក ហួន ផន លើក​ឡើង​ថា​កា រ​បញ្ឈប់​សកម្មភាព​នៃ​ការ​ជួប​ជុំ​របស់​ក្រុម​យុវជន​នៅ​ភោជនីយ​ដ្ឋានធ្វើ​ឱ្យ​ប៉ះពាល់​លំហ​សេរីភាព​ក្នុង​ការ​ជួបជុំ និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ។

លោក​ថ្លែង​ថា៖ «ចំណុច​ទាំង​អស់​នេះ​យើង​ឃើញ​ថា​ជា​ចំណុច​មួយ​នៃ​ការ​ដើរ​ថយ​ក្រោយ​នៃ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​ក្នុង​ការ​ជួបជុំ​របស់​យុវជន​ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ផង​ដែរ»។

លោក​បន្ថែម​ថា ​អាជ្ញាធរ​គួរ​តែ​ស្វែង​យល់​បន្ថែម​ទៀត​ពី​តម្រូវ​ការ​របស់​យុវជន ជាជាង​បង្អាក់​សកម្មភាព​កិច្ច​ការងារ​សង្គម​របស់​ពួកគេ​ ហើយ​ងាក​មក​ចូលរួម​ជាមួយ​យុវជន​ទាំង​នោះ ដើម្បី​រួមគ្នា​ពិភាក្សា​ដោះស្រាយ​បញ្ហា​នានា​វិញ​ជា​ដើម។

អភិបាល​រង និង​ជា​អ្នកនាំពាក្យ​ខេត្ត​បាត់ដំបង​លោក សឿម ប៊ុនរិទ្ធ ប្រាប់​វីអូអេ​ថា​ម្ចាស់​ទីតាំង​បាន​សួរនាំ​ក្រុម​យុវជន​ពី​លិខិត​អនុញ្ញាត​ច្បាប់​ពី​អាជ្ញាធរ ហើយ​ក្រុម​យុវជន​នោះ​មិន​ទាន់​បាន​ចុះ​បញ្ជី​សមាគម​ខ្លួន​ជាមួយ​ក្រសួង​មហាផ្ទៃ​ផង​ដែរ។

លោក​បញ្ជាក់​ថា៖ «គាត់​ថា​គាត់​អត់​មាន​អី​ទាំង​អស់​ គាត់​មក​ធ្វើ​គឺ​អត់​មាន​សុំ​ច្បាប់​សុំ​អី​ទាំង​អស់​ សូម្បី​តែ​ឯកសារ​ទទួល​ស្គាល់​ចុះ​បញ្ជី​ក្រសួង​មហាផ្ទៃ​ជា​អង្គការ​សមាគម​ក៏​អត់​មាន​ ហើយ​សុំ​ច្បាប់​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ធ្វើ​សិក្ខា​សាលា​ក៏​អត់​មាន។ អ៊ីចឹង​ម្ចាស់​ទីតាំង​ថា​បើ​អត់​មាន​គេ​សុំ​បញ្ឈប់​ ហ្នឹង​ខ្ញុំ​ទទួល​បាន​របាយ​ការណ៍​អ៊ីចឹង»។

គួរ​បញ្ជាក់​ថា​ សេរីភាព​នៃ​ការ​ជួបជុំ​ត្រូវ​បាន​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​អះអាង​ថា​កំពុង​រង​ការ​រឹត​ត្បិត​យ៉ាង​ខ្លាំង។ កាល​ពី​ឆ្នាំ​ ២០២៣ សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បាន​លើក​ឡើង​ថា​ករណី​នៃ​ការ​គំរាម​កំហែង​សកម្មភាព​នយោបាយ និង​ការ​រឹតត្បឹត​សេរីភាព​នៃ​ការ​ជួបជុំ កើន​ឡើង​ក្នុង​ឆ្នាំ​ ២០២២។ ក្នុង​ឆ្នាំ ​២០២២ សមាគម​អាដហុក​បាន​ធ្វើ​សកម្ម​ភាព​អង្កេត​និង​អន្តរាគមន៍​ចំនួន​ ៩២១ ​ករណី រួម​មាន​ផ្នែក​សិទ្ធិ​មនុស្ស​ចំនួន​ ៥៩៤ ​ករណី និង​សិទ្ធិ​ដីធ្លី​ចំនួន​ ៨៤ ​ករណី និង​ផ្នែក​ស្រ្តី និង​កុមារ​ចំនួន​ ២៨៨ ​ករណី។ សមាគម​បញ្ជាក់​ថាករណី​រំលោភ​សិទ្ធិ​មនុស្ស «កាន់​តែ​មាន​សភាព​ធ្ងន់​ធ្ងរ​ឡើង»៕