ករណី​គ្រុន​ចាញ់​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង​អាច​ជា​មេរោគ​កម្រ​មួយ ​ប៉ុន្តែ​មន្រ្តី​ជំនាញ​ថា​ អាច​ព្យាបាល​បាន​

បដា «រួមគ្នាលុបបំបាត់ជំងឺគ្រុនចាញ់» ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/វីអូអេ)

ស្រុក​សំឡូត​ខេត្ត​បាត់ដំបង – កាល​ពី​ខែ​កុម្ភៈ លោក​ យ៉ុម ណុប​ ជា​បុគ្គលិក​ផ្នែក​ឡាបូ​ នៅ​មណ្ឌល​សុខភាព​ឃុំ​តាសាញ ​ក្នុង​ស្រុក​សំឡូត​ បាន​ពិនិត្យ​សំណាក​ឈាម​របស់​អ្នក​ជំងឺ​គ្រុន​ចាញ់​មួយ​ចំនួន។​

បុគ្គលិក​សុខាភិបាល​ដែល​មាន​វ័យ​ ៤២​ ឆ្នាំ​រូប​នេះ ​មាន​បទ​ពិសោធន៍​ជាង ​២០ ​ឆ្នាំ​មក​ហើយ ក្នុង​ការងារ​ឡាបូ​ ពាក់​ព័ន្ធ​នឹង​ជំងឺ​គ្រុន​ចាញ់។​ ថ្មីៗ​នេះ ​ក្រោយ​ការ​ពិនិត្យ​តាម​មីក្រូ​ទស្សន៍​ លោក​ប្រទះ​ឃើញ​ប៉ារ៉ាស៊ីត​ប្រភេទ​កម្រ​មួយ ​ពី​អ្នក​ជំងឺ​គ្រុន​ចាញ់​ ក្នុង​ភូមិ​ចំនួន​ ៦។​

លោក​ យ៉ុម ណុប​ ឱ្យ​ដឹង​ថា​ តេស្ត​រោគ​វិនិច្ឆ័យ​តាម​ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​ (RDT)​ ដែល​មាន​ស្រាប់​នៅ​ក្នុង​សហគមន៍​ អាច​តេស្ត​ដឹង​អំពី​ជំងឺ​គ្រុន​ចាញ់​ដែល​បង្ក​ដោយ​ប៉ារ៉ាស៊ីត​ប្រភេទ​ទូទៅ ​នៅ​កម្ពុជា ​ដូច​ជា​ប្លាស្មូដ្យូម​ហ្វាល់​ស៊ីប៉ារ៉ូម​ (P.Falciparum)​ ដែល​គេ​ស្គាល់​ថា ប្រភេទ​សន្លំ​ និង​ប្លាស្មូដ្យូម​វីវ៉ាក់ ​(P.Vivax)​ ដែល​គេ​ស្គាល់​ថា​ជា​ប្រភេទ​លាប់។​

ប៉ុន្តែ​ តេស្ត​រហ័ស​នេះ​មិន​អាច​រក​ឃើញ​មេរោគ​ប្រភេទ​កម្រ​នោះ​ទេ​ បើ​ទោះ​បី​ជាអ្នក​ជំងឺ​ទាំង​នោះ​ចេញ​រោគ​សញ្ញា​ហើយ​ក៏​ដោយ។​

លោក​ យ៉ុម​ ណុប ​ប្រាប់​វីអូអេ​ថា៖​ «និយាយ​រួម​មេរោគ​ហ្នឹង​ស្រុក​នេះ ​មិន​ដែល​ជួប​ទេ​អ៊ីចឹង​ណា៎។​ ទើប​តែ​ជួប​ប៉ុន្មាន​ករណី។​ បើ​មើល​មីក្រូទស្សន៍​បាន​ឃើញ។​ មើល​នៅ​នេះ​ដំបូង​ខ្ញុំ​គិត​ថា​ [P.] malariae​ ទេ។​ យើង​ធ្វើ​អា​តេស្ត​រហ័ស​ហ្នឹង ​មើល​អត់​ឃើញ​ទេ»។​

លោក​បន្ត​ថា៖​ «ប៉ុន្តែ​ខ្ញុំ​មើល​នៅ​នេះ​ ខ្ញុំ​អត់​ដឹង​ថា ​វា​ណូឡេ​ស៊ី​ (P. Knowlesi)​ [មេរោគ​ប្រភេទ​កម្រ] ​ដែរ​ទាល់​តែ​គេ​យក​ទៅ​ប៉ាស្ទ័រ​បាន​ដឹង»។​

ឧបករណ៍ធ្វើតេស្តរហ័សរកជំងឺគ្រុនចាញ់ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/វីអូអេ)

កាល​ពី​ខែ​មិថុនា មន្រ្តី​ក្រសួង​សុខាភិបាល​និង​ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​បាន​ស្រាវជ្រាវ​ក្នុង​ភូមិ​មួយ​ចំនួន​ ក្នុង​ស្រុក​សំឡូត​ ខេត្ត​បាត់ដំបង ​ដែល​ជា​តំបន់​គេ​សង្ស័យ​ថា​ មាន​អ្នក​ជំងឺ​គ្រុន​ចាញ់​ដែល​ផ្ទុក​ប៉ារ៉ា​ស៊ីត​ ប្រភេទ​កម្រ​ប្លាស្មូដ្យូម​ណូឡេស៊ី។​ ក្រុម​ការងារ​នេះ​បាន​ប្រមូល​សំណាក​ឈាម​របស់​មនុស្ស​ប្រុស​ពេញ​វ័យ​ជា​ច្រើន​រយ​នាក់​ និង​ចាប់​មូស​ដែក​គោល​ ដើម្បី​ស្រាវជ្រាវ​ពពួក​ប៉ារ៉ាស៊ីត​នោះ។​

លោក ​យ៉ុម ណុប ​ក៏​បាន​ចូលរួម​ការ​ប្រមូល​សំណាក​ឈាម​យ៉ាង​តិច​ចំនួន ​២៥០ ​ក្នុង​ភូមិ​ដូនត្រិក​ ស្រុក​សំឡូត។​ បុគ្គលិក​សុខាភិបាល​មួយ​ចំនួន ​ដែល​វីអូអេ​សាកសួរ​បាន​ឲ្យ​ដឹង​ថា ​ភូមិ​ចំនួន ​៦​ នៅ​ស្រុក​សំឡូត ​រួមមាន​ភូមិ​ដូនត្រិក ​ភ្នំរ៉ៃ ​ឆករកា ស្រែ​អណ្តូង ​អូរ​ទន្ទឹម ​និង​អូរច្រាប​ មាន​អ្នក​ជំងឺ​គ្រុន​ចាញ់​ដែល​គេ​សង្ស័យ​ថា​ មាន​ផ្ទុក​ប៉ារ៉ាស៊ីត​កម្រ​ប្លាស្មូដ្យូម​ណូឡេស៊ី​នេះ។​

នៅ​កម្ពុជា ​ជំងឺ​គ្រុន​ចាញ់​ដែល​គេ​រក​ឃើញ​គឺ​បង្ក​ឡើង​ដោយ​ពពួក​ប៉ារ៉ាស៊ីត​ប្លាស្មូដ្យូម ហ្វាល់​ស៊ីប៉ារ៉ូម​ (P. Falciparum)​ និង​ប្លាស្មូដ្យូម​វីវ៉ាក់ ​(P.Vivax)។​ ចំណែក​ប៉ារ៉ាស៊ីត​ប្លាស្មូដ្យូម​ណូឡេស៊ី​ (P.​Knowlesi)​ នេះ ​ជា​ប្រភេទ​ប៉ារ៉ាស៊ីត​បង្ក​ឱ្យ​មាន​ជំងឺ​គ្រុនចាញ់​នៅ​ប្រទេស​ផ្សេងៗ​ទៀត​ នៅ​អាស៊ី​អាគ្នេយ៍​ ជា​ពិសេស​ប្រទេស​ម៉ាឡេស៊ី​ និង​ថៃ។​

ទោះជា​យ៉ាងណា​ បើ​តាម​ការ​ស្រាវជ្រាវ​កន្លង​មក​ប្រភេទ​ជំងឺ​គ្រុន​ចាញ់​បង្ក​ឡើង​ដោយ​ប្លាស្មូដ្យូមណូឡេ​ស៊ី​នេះ ​អាច​ព្យាបាល​បាន​ដោយ​ប្រើ​ថ្នាំ​ដែល​មាន​ស្រាប់។​ ប៉ារ៉ាស៊ីត​ប្រភេទ​នេះ​មាន​នៅ​ក្នុង​ខ្លួន​សត្វ​ស្វា​ព្រៃ​ម្យ៉ាង​ ដែល​អាច​ចម្លង​មក​មនុស្ស​តាម​រយៈ​ភ្នាក់ងារ​ចម្លង​រោគ​ គឺ​សត្វ​មូស​ដែក​គោល​ញី។​ សត្វស្វា​ពូជ​ Maccaca​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រភព​នៃ​ប៉ារ៉ាស៊ីត​នេះ។​

ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ដ្រ​ និង​បាណក​សាស្ដ្រ​ លោក ​ហ៊ុយ​រ៉េកុល ​ប្រាប់​វីអូអេ​ថា ​កន្លង​មក ​រដ្ឋាភិបាល​បាន​ចុះ​សិក្សា​ជា​ប្រចាំ​អំពី​ករណី​ជំងឺ​គ្រុន​ចាញ់​ទូទៅ​នៅ​ស្រុក​សំឡូត​ ហើយ​បាន​សិក្សា​អំពី​ករណី​សង្ស័យ​ពាក់ព័ន្ធ​នឹង​ប្រភេទ​ប៉ារ៉ាស៊ីត​ប្លាស្មូដ្យូម ណូឡេស៊ី​នេះ។​

លោក​មាន​ប្រសាសន៍​ថា៖​ «គេ​ចុះ​ទៅ​សិក្សា​ហើយ​តើ​...​យើង​នឹង​ចេញ​លទ្ធផល​ផ្លូវការ។​ នៅ​ពេល​ខាង​មុខ​ពេល​បញ្ចប់​ការ​បណ្តុះ​មេរោគ​អី​ ករណី​អី​ទាំងអស់​ហ្នឹង យើង​នឹង​និយាយ​តាម​ក្រោយ។​ តែ​លទ្ធផល​បឋម ​គឺ​មើល​ហើយ​ ហើយ​អវិជ្ជមាន​ទេ​…អត់​មាន​អី​ទេ។ ​[...]​ យើង​នៅ​រង់ចាំ​ការ​ស្រាវជ្រាវ​មួយ​តង់​ទៀត»។​

ប្រធាន​ផ្នែក​ជំងឺ​គ្រុនចាញ់​និង​ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ លោក ​Benoit Witkowski ​ឲ្យ​ដឹង​ថា​ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​ផ្តល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​លើ​ការ​សិក្សា​អំពី​ករណី​នេះ​ ហើយ​លទ្ធផល​ស្រាវជ្រាវ​កំពុង​ស្ថិត​ក្រោម​ការ​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់។​

លោក​ប្រាប់​វីអូអេ​តាម​សារអេឡិចត្រូនិច​ថា៖​ «តាម​ទិន្នន័យ​ដែល​គេ​សិក្សា​ពី​មុនៗ​មក ​បាន​ឲ្យ​ដឹង​ថា ​ ប្រភេទ​ប៉ារ៉ាស៊ីត​ប្លាស្មូដ្យូម ណូឡេស៊ី​នេះ ​អាច​ព្យាបាល​បាន​ដោយ​វិធីសាស្ត្រ​ព្យាបាល​ដែល​មាន​ស្រាប់ ហើយ​បើ​តាម​អ្វី​ដែល​ខ្ញុំ​ដឹង​ កន្លង​មក​ ប៉ារ៉ាស៊ីត​ប្រភេទ​នេះ​ នៅ​មិន​ទាន់​មាន​ការ​ស៊ាំ​ថ្នាំ​នោះ​ទេ»។​

ទោះ​ជា​យ៉ាងណា ​ជំងឺ​គ្រុនចាញ់​ដែល​បង្ក​ឡើង​ដោយ​ប្រភេទ​ប៉ារ៉ាស៊ីត​ប្លាស្មូដ្យូមណូឡេស៊ី​នេះ ​ធ្លាប់​ឃើញ​មាន​នៅ​កម្ពុជា ​កាល​ពី​ ១០​ឆ្នាំ​មុន។​ នេះបើ​យោង​តាម​ឯកសារ​ដែល​ស្រាវជ្រាវ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ ក្រោយ​មាន​ការ​សិក្សា​លើ​សំណាក​ចំនួន​ប្រមាណ ​១៥០០​ ពី​ឆ្នាំ​ ២០០៧​ ដល់​ ២០១០។​

ការ​សិក្សា​ស្រាវជ្រាវ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កាល​នោះ ​បង្ហាញ​ថា មាន​ករណី​ឆ្លង​មេរោគ​គ្រុនចាញ់​ដែល​បង្ក​ឡើង​ដោយ​ប៉ារ៉ាស៊ីត​ប្លាស្មូដ្យូមណូឡេស៊ី​នេះ​ទៅ​លើ​មនុស្ស​ចំនួន​ ២ ​ករណី​ នៅ​ខេត្ត​ប៉ៃលិន។ នៅ​ពេល​នោះ​អត្ថបទ​ស្រាវជ្រាវ​នោះ​បាន​ផ្តល់​អនុសាសន៍​ឲ្យ​មាន​ការ​សិក្សា​ទូលំទូលាយ​បន្ថែម​ទៀត​ ដើម្បី​កំណត់​ថា​ តើ​ប៉ារ៉ាស៊ីត​ប្លាស្មូដ្យូម​ណូឡេស៊ី​នោះ​ជា​ករណី​នាំចូល​ពី​ប្រទេស​ជិត​ខាង​ ឬ​កំពុង​ឆ្លង​ក្នុង​ស្រុក​ ឬ​យ៉ាងណា។​

កម្ពុជា​បាន​កំណត់​គោលដៅ​លុបបំបាត់​មេរោគ​គ្រុនចាញ់​ប្លាស្មូដ្យូម​ហ្វាល់ស៊ីប៉ារ៉ូម​ នៅ​ឆ្នាំ​ ២០២០​ និង​មេរោគ​គ្រុន​ចាញ់​គ្រប់​ប្រភេទ​នៅ​ឆ្នាំ​ ២០២៥។​

តាម​របាយ​ការណ៍​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​ចេញ​ផ្សាយ​ កាល​ពី​ខែ​មេសា ​ឆ្នាំ​ ២០២០​ប្រទេស​កម្ពុជា​លែង​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​គ្រុនចាញ់​ចាប់ពី​ឆ្នាំ ​២០១៨។ ​របាយ​ការណ៍​បន្ថែម​ថា ​ក្នុង​ឆ្នាំ​ ២០១៩ ​ករណី​ជំងឺ​គ្រុនចាញ់​ប្រភេទ​ហ្វាល់ស៊ីប៉ារ៉ូម​ (ប្រភេទ​សន្លំ) ​និង​ចម្រុះ​មាន​ចំនួន ​៤៩៩០​ ករណី​ គឺ​បាន​ថយ​ចុះ ​៧២ ​ភាគរយ​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​ ២០១៨​ ដែល​មាន ​១៨០៥៧​ ករណី។​ចំពោះ​ករណី​គ្រុនចាញ់​ប្រភេទ​វីវ៉ាក់ ​(ប្រភេទ​លាប់)​ ក៏​ថយ​ចុះ​ ៣៩​ ភាគ​រយ​ដែរ។​

នៅ​កម្ពុជា​ជំងឺ​គ្រុន​ចាញ់​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​អ្នក​ដែល​រស់នៅ​ក្បែរ​តំបន់​ព្រៃ ​ហើយ​ក្រុម​ដែល​ប្រឈម​ហានិភ័យ​កម្រិត​ខ្ពស់ ​គឺ​អ្នក​ចូល​ទៅ​ក្នុង​ព្រៃ​ ប្រជាជន​ដែល​ផ្លាស់​មក​រស់​នៅ​ថ្មីៗ​ និង​អ្នក​ជួញ​ដូរ​នៅ​ក្នុង​តំបន់​ព្រៃ។​

ស្រុក​សំឡូត ​ស្ថិត​នៅ​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ នៅ​ខាង​លើ​ជួរ​ភ្នំ​ក្រវាញ​ និង​ជា​តំបន់​ព្រៃ​ត្រូពិក​នៅ​សេស​សល់​ចុង​ក្រោយ​នៅ​កម្ពុជា។​ ស្រុក​នេះ​ ក៏​ជា​អតីត​កន្លែង​ឈរ​ជើង​ចុង​ក្រោយ​របស់​ខ្មែរ​ក្រហម​ផង​ដែរ។​

អ្នក​ស្ម័គ្រ​ចិត្ត​ភូមិ​ព្យាបាល​ជំងឺ​គ្រុនចាញ់​ និង​អ្នកភូមិ​នៅ​ស្រុក​សំឡូត​ បាន​ប្រាប់​វីអូអេ​ថា ​ចាប់ពីដើម​ខែ​មីនា ​រហូត​ដល់​ចុង​ខែ​ឧសភា ​អ្នក​ភូមិ​តែង​ចូលព្រៃ​នៅ​ក្បែរ​ភូមិ​ ទៅ​បេះផ្លែ​សម្រង ​រក​អនុផល​ព្រៃឈើ​ និង​កាប់ឈើ​ នៅ​ពេល​ដំណាំ​កសិកម្ម​របស់​ពួកគេ​ ដែល​មាន​ដូចជា​ ពោត​ សណ្តែក ​ដំឡូងមី​ ធូរ៉េន​ម្រេច​ បន្លែ​ផ្សេងៗ​ ឬ​ស្រូវ​ជា​ដើម​នោះ​ មិន​បាន​ទិន្នផល​ល្អ​ ឬ​គ្មាន​ទីផ្សារ។​

លោក តែត វិចិត្រ អាយុ ៤០ ឆ្នាំ អ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/វីអូអេ)

លោក ​តែត វិចិត្រ​ អ្នកស្ម័គ្រ​ចិត្ត​ភូមិ​ព្យាបាល​ជំងឺ​គ្រុនចាញ់​ នៅ​ភូមិ​ឆករកា​ មាន​ប្រសាសន៍​ថា​ យ៉ាង​តិច​សំណាក​ឈាម​ប្រមាណ ​២០០​ ត្រូវ​បាន​ប្រមូល​ពី​ភូមិ​នេះ ​ដើម្បី​ស្រាវជ្រាវ​ក្រោយ​មាន​ការ​រាយ​ការណ៍​អំពី​ការ​សង្ស័យ​ពាក់ព័ន្ធ​នឹង​ប៉ារ៉ាស៊ីត​បង្ក​ជំងឺ​គ្រុន​ចាញ់​ប្រភេទ​កម្រ​នេះ។​ លោក​បន្ត​ថា​ លោក​បាន​ជួប​អ្នក​ជំងឺ​គ្រុន​ចាញ់​មួយ​ចំនួន​ ដែល​សង្ស័យ​ថា​មាន​ពាក់ព័ន្ធ​នឹង​ប៉ារ៉ាស៊ីត​កម្រ​នេះ​ ដែល​លោក​មិន​អាច​មិន​ឃើញ​តាម​រយៈ​ការ​ធ្វើ​តេស្ត​រហ័ស។​

លោក​ប្រាប់​វីអូអេ៖​ «ត្រូវរួសរាន់!​ មើ! ខ្ញុំ​ជួប​ម្នាក់​នោះ​គាត់​ឈឺ​តែមួយ​ថ្ងៃ​ទេ។​ វា​ញាក់​តែ​មួយ​ថ្ងៃ​ទេ​ណា៎​ ស្រាប់​តែ​មក​ដល់​ខ្ញុំ​ឃើញ​ស្លេក​ប៉ឹម​បាត់​ហើយ​ហ្នឹង។​ ទុក​តែ​មួយ​យប់​ទៀត ​គឺ​ត្រូវ​តែ​ទៅ​ហ្មង!​ បែក​គ្រាប់​ឈាម​ស្លាប់។​ លឿន​មែនទែន​ហ្មង!​ គឺ​ថា​ ឈឺ​ក្បាល​ចង់​ផ្ទុះ។​ មក​ជួស​ទៅ!​ មើល​អត់​ឃើញ។​ខ្ញុំ​បញ្ជូន​ទៅ ​[មណ្ឌល​សុខភាព​] ភ្លាម»។​

លោក​ឲ្យ​ដឹង​ថា ​អ្នកភូមិ​ផ្សេង​ទៀត​ដែល​ត្រឡប់​មក​វិញ​ពី​តំបន់ ​ដូច​គ្នា​នៅ​ជើង​ភ្នំ​ត្រងោល ​ប្រមាណ​ ៤​គីឡូ​ម៉ែត្រ​ពី​ភូមិ​ ត្រូវ​សង្ស័យ​ថា​ មាន​មេរោគ​គ្រុនចាញ់​ប្រភេទ​ប្លាស្មូដ្យូម​ណូឡេស៊ី​នេះ។​

ការ​រីក​រាល​ដាល​នៃ​កូវីដ១៩​ នៅ​ឆ្នាំ​នេះ ​បាន​ជំរុញ​ឱ្យ​អ្នក​ភូមិ​ដូចជា​ លោក​ ទៀក ណាង​ និង​កុមារា​ សៅ លីហេង សម្រេច​ចិត្ត​ចូល​ទៅ​ក្នុង​ព្រៃ​ទៅ​ជាមួយ​អ្នក​ភូមិ​ផ្សេង​ទៀត​ បើ​ទោះ​បី​ពួក​គេ​មិន​ធ្លាប់​ចូល​ព្រៃ​ពី​មុន​ក៏​ដោយ។​

លោក​ ទៀក ណាង ​វ័យ​២៥​ឆ្នាំ​ ជា​ឪពុក​មាន​កូនស្រី​តូចៗ​ ២​ នាក់​ ប្រាប់​វីអូអេ​ថា​ លោក​មិន​អាច​រក​ចំណូល​បាន​ពី​ចម្ការ​សណ្តែក ​និង​ពោត​របស់​លោក​ទេ​ ហេតុនេះ​ហើយ​បាន​ជា​លោក​ទៅ​ស៊ី​ឈ្នួល​កាប់​ឆ្ការ​ដី​ព្រៃ​នៅ​តំបន់​ភ្នំ​ត្រងោល ​ដើម្បី​រក​កម្រៃ​កាល​ពី​ចុង​ខែ​មីនា។​

លោក​និយាយ​ថា៖ ​«ដាំ​មិន​សូវ​បាន​ទេ។ ​វា​រាំង។​ ហើយ​ឥឡូវ​ឆៃថាវ​ដង្កូវ​ស៊ី​អស់​ទៀត​ហើយ»។​

លោក ទៀក ណាង អាយុ ២៥ អ្នកជំងឺដែលឆ្លងមេរោគគ្រុនចាញ់ដែលគេសង្ស័យថាជាប្រភេទ P. Knowlesi ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/វីអូអេ)

ចំណែក​កុមារ ​សៅ លីហេង​ វ័យ ​១៤ ​ឆ្នាំ​ ត្រូវ​ផ្អាក​ការ​សិក្សា​ដោយ​សារ​សាលា​រៀន​បិទ​ទ្វារ​ទូទាំង​ប្រទេស​ អនុវត្ត​តាម​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ១៩។​

កុមារ សៅ លីហេង ​ជា​សិស្ស​ថ្នាក់​ទី​៧ ​នៃ​វិទ្យាល័យ​សាមគ្គី​ បាន​ទៅ​ព្រៃ​ជាមួយ​បង​ប្អូន​ ដើម្បី​ជួយ​អ្នក​ជិត​ខាង​ប្រវាស​ដៃ​ដាំ​រមៀត។ ​ក្រោយ​មក​ ពួក​គេ​ចូល​ទៅ​ព្រៃ​តំបន់​ភ្នំ​ត្រងោល ​ដើម្បី​បេះផ្លែ​សម្រង។​

អ្នក​ទាំង​ពីរ​បាន​បង្ហាញ​អាការៈ រងារ​ញ័រញាក់​ និង​គ្រុន​ក្តៅ​ កាល​ពី​អំឡុង​ខែ​មេសា។​

កុមារ​ សៅ លីហេង ​និយាយ​ថា៖​« [ខ្ញុំ] ​ខ្លាច​កូរ៉ូណា​ [ជាង]​ ពីព្រោះ​ខ្ញុំ​អត់​ធ្លាប់​គិត​ថា ​ខ្ញុំ​មាន​ជំងឺ​គ្រុនចាញ់​ផង»។​

លោក​ ហ៊ុយ រ៉េកុល​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​គ្រុនចាញ់​ ឲ្យ​ដឹង​ថា ​ករណី​សង្ស័យ​មេរោគ​បង្ក​ជំងឺ​គ្រុន​ចាញ់​ប្រភេទ​ប្លាស្មូដ្យូម​ណូឡេស៊ី​នេះ​ «មិន​មាន​អ្វី​ជា​ការ​បារម្ភ​ច្រើន​នោះ​ទេ»។​

លោក​បន្ត​ថា៖​ «ហេតុអី​បាន​ថា​អត់​សូវ​បារម្ភ?​ ព្រោះ​ថា​គ្រុនចាញ់​ហ្នឹង​ វា​ប្រភេទ​ដដែល​ហ្នឹង​ទេ គ្រាន់​តែ​ថាប្រភព​ចម្លង​វា​មក​ពី​សត្វ​ស្វា​ [ម្យ៉ាង]​ ហើយ​បើ​សត្វ​ស្វា​ហ្នឹង ​វា​នៅ​ក្នុង​ព្រៃ​ភ្នំ​មូស​ហ្នឹង ​វា​នៅ​ក្នុង​ព្រៃ​ភ្នំ​ វា​មិន​ខុស​អី​ពី​មូស​ផ្សេង​ទៀត​ នៅ​ក្នុង​ព្រៃ​ភ្នំ​ហ្នឹង​ទេ។​ ទោះ​បី​ជា​មូស​ផ្សេង​ទៀត​ ក៏​វា​ខាំ​តែ​ទៅ​លើ​សត្វ​ទៅ​លើ​អី​ដែរ​ បើ​កាល​ណា​វា​អត់​មាន​មនុស្ស​[សម្រាប់​ឲ្យ]​បឺត​ឈាម»។

ការ​លេច​ចេញ​នៃ​មេរោគ​គ្រុនចាញ់​ប្រភេទ​ប៉ារ៉ាស៊ីត​ប្លាស្មូដ្យូម​ណូឡេស៊ី​ បង្ក​ជា​ការ​ប្រឈម​ដ៏​សំខាន់​មួយ​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​លុប​បំបាត់​ជំងឺ​គ្រុនចាញ់​ នៅ​អាស៊ី​អាគ្នេយ៍​ និង​ពិភពលោក។​ នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​សាកល​វិទ្យាល័យ​គ្រប់គ្រង​និង​វិទ្យាសាស្ត្រ​ នៅ​ប្រទេស​ម៉ាឡេស៊ី៕​