ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបានរំឭកឲ្យធនាគារនានានៅក្នុងប្រទេសកម្ពុជា បង្កើនដើមទុនជាបន្ថែមទៀតរហូតដល់ដំណាច់ឆ្នាំ២០១០នេះ។ បទបញ្ជានេះត្រូវគេមើលឃើញថា ជាជំហានមួយដើម្បីពង្រឹងស្ថាប័នហិរញ្ញវត្ថុនៅក្នុងប្រទេសនេះឲ្យបានរឹងមាំថែមទៀត។
ធនាគារជាតិនៃកម្ពុជាបានដាក់កំហិតឲ្យធនាគារទាំងអស់នៅក្នុងប្រទេសកម្ពុជា បង្ហាញយុទ្ធសាស្ដ្រស្ដីពីការបង្កើនដើមទុនរបស់ខ្លួន យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា ខាងមុខ ស្របពេលដែលឱសានវាទនៃការបង្កើនដើមទុនអប្បបរមាសម្រាប់ធនាគារនិមួយៗ នឹងមកដល់នៅដំណាច់ឆ្នាំ២០១០នេះដែរ។
កាលពីឆ្នាំ ២០០៨ ធនាគារជាតិបានបញ្ជាឲ្យធនាគារទាំងអស់ ដែលមានចំនួនសរុប៣០ធនាគារត្រូវបង្កើនដើមទុនអប្បបរមារបស់ខ្លួនពីជាង១២លានដុល្លារអាមេរិក រហូតដល់ជាង៣៦ លានដុល្លារនៅដំណាច់ឆ្នាំនេះ។ ហើយនៅក្នុងខណៈនេះពុំទាន់មានធនាគារណាមួយ បង្ហាញពីគោលការណ៍នៃការបន្ថែមទុននោះនៅឡើយ។
នៅក្នុងសារាចរណែនាំស្តីពីការកំណត់ចំណាត់ថ្នាក់វិនិយោគ ចុះថ្ងៃទី៧ ខែកក្កដា ផ្ញើជូនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានាដែល VOA សម្លេងសហរដ្ឋអាមេរិក ទើបទទួលបានកាលពីថ្ងៃ ព្រហស្បតិ៍នោះ ធនាគារជាតិបានតម្រូវឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់បង្កើនទុនរបស់ខ្លួន និងបង្ហាញអំពីយុទ្ធសាស្រ្ដសម្រាប់ការវិនិយោគរយៈពេលវែងលើកលែងតែធនាគារណាដែលទទួលបានចំណាត់ថ្នាក់ថា ជាធនាគារដែលមានសុវត្ថិភាពគ្រប់គ្រាន់ដែលទទួលបានការទទួលស្គាល់យ៉ាងហោចណាស់ពីភ្នាក់ងារមួយក្នុងចំណោមភ្នាក់ងារអន្តរជាតិចំនួនបីសម្រាប់ វាយតម្លៃស្ដីពីគុណភាពការវិនិយោគ គឺ Moody’s Asia Pacific ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង, Standard & Poor’s Corporation នៅសហរដ្ឋអាមេរិក និងភ្នាក់ងារចំណាត់ថ្នាក់ Fitch ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
មួយវិញទៀត ធនាគារដែលមានដើមទុនច្រើនស្រាប់នឹងមិនតម្រូវឲ្យបន្ថែមដើមទុននោះទេ ដូចជាធនាគារធំជាងគេទាំងបួន ដែលគ្រប់គ្រងទីផ្សារជាង៩០ភាគរយ នៅក្នុងប្រទេសកម្ពុជា គឺធនាគារ ANZ Royal របស់អូស្ត្រាលី ធនាគារកម្ពុជាសាធារណៈរបស់ម៉ាឡេស៊ី និងធនាគារក្នុងស្រុក កាណាឌីយ៉ា និងអេស៊ីលីដាជាដើម។ ចំណែកធនាគារដែលមានដើមទុនតិចតួច ដូចជាធនាគារដែលប្រតិបត្តិការដោយវិនិយោគគិនកូរ៉េ ជប៉ុន ឥណ្ឌា កាហ្សាក់ស្ថាន និងវិនិយោគគិនក្នុងស្រុកមួយចំនួនត្រូវបង្កើនដើមទុន។
លោកស្រីតាល់ ណៃអ៊ីម អគ្គនាយកធនាគារជាតិនៃកម្ពុជា បានប្រាប់ VOA សម្លេងសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រថា វិធានការដែលកំហិតឲ្យធនាគារនៅក្នុងប្រទេសបង្កើនដើមទុនរបស់ខ្លួន និងការរៀបចំយុទ្ធសាស្រ្ដវិនិយោគរបស់ខ្លួនឲ្យបានច្បាស់លាស់នេះ គឺជាវិធានការមួយ ដើម្បីធានាបាននូវភាពរឹងមាំក្នុងប្រព័ន្ធធនាគាររបស់កម្ពុជា។
«ឥឡូវយើងកំពុងតែឲ្យគេធ្វើផែនការ ហើយយើងកំពុងតែតាមដាន ដើម្បីឲ្យយើងដឹងថា ធនាគារណាគេមានផែនការយ៉ាងម៉េចខ្លះក្នុងការបង់ដើមទុន ព្រោះការតម្លើងហ្នឹងដើម្បីឲ្យធនាគារមានមូលដ្ឋានដើមទុនរឹងមាំ បើសិនជាធនាគារណាគេគ្មានលទ្ធភាពបង់ គេអាចនឹងបញ្ចូលគ្នា ឬក៏អាច Take Over ដោយធនាគារណាធំផ្សេង»។
លោកស្រី តាល់ ណៃអ៊ីម មានប្រសាសន៍បន្ថែមថា មានធនាគារមួយចំនួនកំពុងបង្កើនដើមទុនរបស់ខ្លួនជាបណ្តើរៗហើយ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានធនាគារណាមួយ បង្ហាញសញ្ញាច្របាច់បញ្ចូលគ្នា ឬក៏ប្រកាសក្ស័យធននៅឡើយទេ។
ធនាគារប៊ូយ៉ុងខ្មែររបស់កូរ៉េខាងត្បូង បានដាក់ទុនវិនិយោគចំនួន១៨លានដុល្លារ កាលពី២០០៨ ប៉ុន្តែធនាគារនេះមាន សកម្មភាពអាជីវកម្មតិចតួចបំផុត។ យ៉ាងណាក៏ដោយ លោក Cho Chae Wan ប្រធាននាយកប្រតិបត្តិនៃធនាគារនេះ បាននិយាយថា នៅពេលនេះធនាគាររបស់លោកកំពុងធ្វើពង្រាងលើផែនការយុទ្ធសាស្ត្រស្តីពីគម្រោងធ្វើអាជីវកម្មរយៈពេលវែងដើម្បីផ្ញើឲ្យធនាគារជាតិ។ ហើយជាមួយគ្នានេះ ភាគទុនិករបស់លោកដែលជាក្រុមហ៊ុនសំណង់ ប៊ូយ៉ុង បានសម្រេចជាផ្លូវការថា បង្កើនដើមទុនរហូតដល់ជាង៣៦លានដុល្លារ។
«ធនាគាររបស់យើងនឹងបង្កើនដើមទុនគ្រប់ចំនួន។ បន្ទាប់ពីយើងតម្កល់មូលធនរួចហើយ យើងត្រូវតែបង្កើនសកម្មភាពរបស់យើង។ ពេលនេះ យើងកំពុងរៀបចំផែនការផ្តល់កម្ចីសម្រាប់លំនៅដ្ឋាន។ ហើយមួយជំហានម្តង យើងនឹងបង្កើនសេវាកម្មផ្សេងទៀត។ ខ្ញុំគិតថា វាពោរពេញដោយក្តីសង្ឃឹម ពីព្រោះយើងជឿថា ទីផ្សារទៅថ្ងៃអនាគតគឺល្អ។ ដូច្នេះ គោលបំណងរបស់យើងគឺយើងនឹងអាចក្លាយជាធនាគារធំមួយ ក្នុងរយៈពេល៥ឆ្នាំទៅមុខ»។
ដូចគ្នាដែរ មន្ត្រីផ្លូវការរបស់ធនាគារ ម៉ារ៉ូហាន់ ជប៉ុន ដែលដំណើរការដោយមានដើមទុន ២៥លានដុល្លារ បានឲ្យដឹងថា ធនាគារជប៉ុនមួយនេះក៏បានសម្រេចបង្កើនដើមទុនតាមការកំណត់របស់ធនាគារជាតិដែរ។
ដោយឡែកលោក Yun Chang Ho អ្នកគ្រប់គ្រងជាន់ខ្ពស់នៃធនាគារភ្នំពេញពាណិជ្ជ ដែលជាធនាគារមួយទៀតរបស់កូរ៉េខាងត្បូង បាននិយាយថា ធនាគាររបស់លោកក៏ត្រៀមខ្លួនសម្រាប់ការតម្លើងដើមទុនពី១៦លានដុល្លារទៅជាង៣៦លានដុល្លារដែរ។
ក៏ប៉ុន្តែមន្ត្រីនៃធនាគារមួយចំនួនទៀត ដែល VOA បានទាក់ទង ហាក់ដូចជានៅស្ទាក់ស្ទើរនៅឡើយ។ ពួកគេលើកឡើងស្រដៀងគ្នាថា ការបង្កើនដើមទុនមិនមែនជាបញ្ហាចោទសម្រាប់ពួកគេនោះទេ ប៉ុន្តែកត្តាទីផ្សាររបស់កម្ពុជាគឺជាក្តីកង្វល់ដ៏ចម្បងមួយ ពោលគឺ ពួកគេប្រហែលជាពិបាកនឹងរកទីផ្សារបញ្ចេញប្រាក់កម្ចី នៅពេលដែលពួកគេមានសាច់ប្រាក់ក្នុងដៃកាន់តែច្រើនផង ហើយទីផ្សារធនាគារក៏កាន់តែប្រកួតប្រជែងគ្នាផង។
តំណាងធនាគារដែលសុំមិនបញ្ចេញឈ្មោះទំាងនោះព្រួយបារម្ភថា ពួកគេមិនប្រាកដថា អាចឈរជើងរឹងមាំនាពេលអនាគតនោះទេ នៅពេលដែលមានតម្រូវការបង្កើនដើមទុនបន្ថែមនេះ។
កម្ពុជា គឺជាប្រទេសដែលមានមូលដ្ឋានសេដ្ឋកិច្ចតូចចង្អៀតនៅឡើយ ហើយប្រព័ន្ធធនាគារក៏នៅទន់ជ្រាយ។
កាលពីឆ្នាំ ២០០០ មានធនាគារចំនួន២៣បានបិទទ្វារ បន្ទាប់ពីធនាគារជាតិតម្រូវឲ្យគ្រឹះស្ថានធនាគារបង្កើនដើមទុនវិនិយោគ ពី៥លានមកជាង១២លានដុល្លារ។
លោក Stephen Higgins ប្រធាននាយកប្រតិបត្តិនៃធនាគារ ANZ Royal បានសរសេរក្នុងសារអេឡិចត្រូនិចថា ប្រទេសកម្ពុជាគួរតែមានធនាគារតិចជាង១០ប៉ុណ្ណោះ។ ប៉ុន្តែ ធនាគាររបស់លោកគ្មានគម្រោងទិញយកធនាគារណាទេ។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា បានបន្ថែមថា ការទិញធនាគារបែបនេះប្រៀបដូចជានាំបញ្ហាដាក់ខ្លួនយ៉ាងដូច្នេះដែរ ត្បិតពួកគេជាធនាគារដែលទន់ខ្សោយ។
យ៉ាងណាក៏ដោយ លោកសំ ឃង្ទី សាស្ត្រាចារ្យធនាគារ និងហិរញ្ញវត្ថុ និងជាសមាជិកនៃគណៈកម្មាការមូលប័ត្រកម្ពុជាមានប្រសាសន៍ថា ការប្រកាសក្ស័យធន ឬក៏ការច្របាច់បញ្ចូលគ្នារបស់ធនាគារដែលគ្មានលទ្ធភាពបង្កើនដើមទុន មិនមែនជាសញ្ញាអាក្រក់ឡើយ។ ផ្ទុយទៅវិញ វានឹងបង្កើនទំនុកចិត្តលើប្រព័ន្ធធនាគារ ស្របពេលដែលកម្ពុជាគ្មានមូលនិធិធានារ៉ាប់រ៉ង លើការបាត់បង់របស់អតិថិជន។
«នៅក្នុងប្រព័ន្ធមួយដែលយើងអត់មានការធានារ៉ាប់រងទៅលើប្រាក់សន្និច្ច័យរបស់ប្រជាពលរដ្ឋ ដូចជាប្រទេសដទៃទៀត ខ្ញុំលើកយកសហរដ្ឋអាមេរិក ដែលគេមានការធានារ៉ាប់រងទៅលើគណនេយ្យនិមួយៗដែលប្រាក់សន្និច្ច័យដាក់ចូលមកក្នុងប្រព័ន្ធធនាគារ បើកាលណា ដូចខ្ញុំដាក់២០ម៉ឺន ធនាគារហ្នឹងរលំ គឺមូលនិធិហ្នឹងសងខ្ញុំ២០ម៉ឺនដុល្លារតែម្តង។ ដល់ប្រទេសកម្ពុជាយើងដោយយើងពុំទាន់អាចបង្កើតប្រាក់ធានារ៉ាប់រងនេះ ការពង្រឹងទុនរបស់ធនាគារជាការចំាបាច់ណាស់ គឺថា មានការអ្ហីឲ្យភាគទុនិករបស់គាត់ទទួលខុសត្រូវ។
លោក សំ ឃង្ទី បន្ថែមថា ធនាគារដែលនៅបន្តប្រតិបត្តិការបន្ទាប់ពីពួកគេមានដើមទុនរឹងមាំ នឹងមិនជួបបញ្ហាប្រឈមក្នុងការផ្តល់ឥណទាននោះទេ ប្រសិនបើសេដ្ឋកិច្ចរបស់កម្ពុជាមានសន្ទុះរីកចម្រើនខ្លំាង៕