ប្រទេសបង់ក្លាដែសមិនទាន់បានប្រកាសជាសាធារណៈពីការវិវត្តនៃការស៊ើបអង្កេតលើឃាតកម្មលោក Roy ឬអ្នកសរសេរប្លុក អ្នកនិពន្ធ និងអ្នកផ្សាយដែលមិនមានសាសនារាប់សិបនាក់ផ្សេងទៀតដែលត្រូវបានសម្លាប់ក្នុងចន្លោះឆ្នាំ២០១៣ និង២០១៥ ហើយការភ័យខ្លាចចំពោះការគំរាមកំហែងពីក្រុមឥស្លាមនេះបានបញ្ឈប់ការបោះពុម្ភផ្សាយសៀវភៅសំខាន់ពីសាសនាផ្សេងៗ និងមូលដ្ឋានគ្រឹះសាសនាដទៃទៀតនៅក្នុងប្រទេសបង់ក្លាដែស។
«(ក្នុងករណីឃាតកម្មរបស់លោក Roy) បើទោះបីជា រយៈពេលពីរឆ្នាំបានកន្លងផុតទៅ ស្ថាប័ន [រដ្ឋាភិបាល] មិនទាន់បានដាក់បណ្តឹងចោទប្រកាន់ទៅតុលាការនៅឡើយនោះទេ។
ពួកគេបានពន្យារកាលបរិច្ឆេទនៃការដាក់ពាក្យបណ្តឹងយ៉ាងហោចណាស់ចំនួន១៦ដងមកហើយ។ មនុស្សចំនួនប្រាំបីនាក់ត្រូវបានចាប់ខ្លួនប៉ុន្តែមិនមានការចោទប្រកាន់ត្រូវបានធ្វើឡើងទៅលើពួកគេនោះទេ។
លោក Imran H.Sarker ដែលដឹកនាំឱ្យបណ្តាញសកម្មជន និងអ្នកសរសេរប្លុកតាមអ៊ីនធឺណិតនៅក្នុងប្រទេសបង់ក្លាដែស (Blogger and Online Activist Network) បាននិយាយថា ឥឡូវនេះពួកគេកំពុងនិយាយថា ពួកគេបានកំណត់អត្តសញ្ញាណបុរសប្រាំនាក់ថាជាឃាតកពិត ប៉ុន្តែបុរសទាំងនោះមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ»។
លោកបានបន្ថែមថា៖ «យើងបានកត់សម្គាល់ឃើញថា រដ្ឋាភិបាលកំពុងលាក់បាំងឃាតក និងមិនចាប់អារម្មណ៍នឹងការចាប់ខ្លួនពួកគេ»។
ប៉ូលិសបង់ក្លាដែសបាននិយាយថា ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមក្នុងតំបន់ Ansarullah Bangla Team (ABT) នៅពីក្រោយការសម្លាប់ទាំងអស់។ ទោះយ៉ាងណាក៏ដោយ គ្មានឃាតកម្មណាមួយរួមទាំងឃាតកម្មលោក Roy ផងនោះត្រូវបានដោះស្រាយនៅឡើយទេ។
ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន
ប៉ុន្តែអគ្គលេខាធិការផ្នែកអធិការកិច្ចនៃនគរបាលជាតិ (IGP) បង់ក្លាដែស លោក AKM Shahidul Hoque បាននិយាយថា ការចោទប្រកាន់ថា ប៉ូលិសកំពុងធ្វើការងារមិនល្អលើការស៊ើបអង្កេតករណីនៃការសម្លាប់អ្នកសរសេរប្លុកនេះគឺមិនមានមូលដ្ឋាននោះទេ។
លោកបាននិយាយថា ប៉ូលិសនឹងដាក់ពាក្យបណ្តឹងចោទប្រកាន់ករណីនៃការសម្លាប់លោក Roy ក្នុងពេល «ឆាប់ៗ» នេះ។
លោក Hasanul Haq Inu រដ្ឋមន្ត្រីក្រសួងព័ត៌មានបង់ក្លាដែសបានឱ្យដឹងថាការស៊ើបអង្កេតនានាទៅលើការសម្លាប់អ្នកសរសេរប្លុកទាំងអស់នេះកំពុងដំណើរការយ៉ាងល្អ។
លោក Inu ប្រាប់ VOA ថា៖ «ការធ្វើការរបស់ប៉ូលិសរបស់យើងគឺអាចសរសើរបាននៅក្នុងការស៊ើបអង្កេតទាំងអស់ទៅលើឃាតកម្មអ្នកសរសេរប្លុកទាំងអស់គ្នា។ យើងជិតដោះស្រាយករណីទាំងនោះបានអស់ហើយ។ នៅក្នុងករណី លោក Avijit យើងបានដឹងទីតាំងឃាតករួចទៅហើយ»។
«ក្រុមដែលគេហៅថា ក្រុមឥស្លាមជ្រុលនិយមមិនទាន់ស្ថិតក្នុងលទ្ធភាពដែលអាចប្រព្រឹត្តអំពើហិង្សាណាមួយនោះឡើយ។ យើងបានធ្វើឲ្យពួកគេមានភាពអព្យាក្រិតរួចរាល់ហើយ»។
ការភ័យខ្លាចកើតចេញពីការបោះពុម្ពផ្សាយ
ជាច្រើនខែបន្ទាប់ពីលោក Roy ត្រូវបានគេសម្លាប់នៅក្នុងខែកុម្ភៈឆ្នាំ ២០១៥ លោក Faisal Arefin Dipan ដែលជាអ្នកបោះពុម្ពផ្សាយរបស់លោក Roy ម្នាក់ត្រូវបានគេកាប់ឲ្យស្លាប់ដែរនៅក្នុងក្រុងដាក្កា។
លោក Robin Ahsan ចាងហ្វាងរោងពុម្ព Shrabon Prokashoni ដែលមានទីតាំងនៅក្នុងទីក្រុងដាក្កា និងដែលបានចូលរួមក្នុងការតាំងពិព័រណ៍សៀវភៅជាតិនៅក្នុងទីក្រុងដាក្កាបាននិយាយថា៖ «ការសម្លាប់អ្នកនិពន្ធ និងចាងហ្វាងផ្សាយរបស់លោក Roy បានបង្កឱ្យមានបរិយាកាសភ័យខ្លាចខ្លាំងនៅក្នុងសង្គម។ ហើយការភ័យខ្លាចនោះមានឥទ្ធិពលខ្លាំងលើឧស្សាហកម្មបោះពុម្ពផ្សាយនៅក្នុងប្រទេសនេះ»។
ជាងមួយទសវត្សរ៍កន្លងផុតទៅ អ្នកនិពន្ធបង់ក្លាដែសមួយចំនួនដែលបានធ្វើបទបង្ហាញរបស់ពួកគេប្រឆាំងនឹងសាសនាឥស្លាម និងការជឿលើសាសនាផ្សេងទៀតនៅលើបណ្ដាញអ៊ីនធឺណិត ត្រូវបានគេស្គាល់ថាជា «អ្នកសរសេរប្លុកមិនជឿសាសនា»។
អ្នកសរសេរប្លុក លោក Mohiuddin Sharif ដែលប្រឈមនឹងការគំរាមកំហែងអាយុជីវិតនិងបានចាកចេញពីប្រទេសបង់ក្លាដែសក្នុងឆ្នាំ២០១៥ បានឱ្យដឹងថា អត្ថបទថ្មីៗដែលសរសេរស៊ីជម្រៅអំពីសាសនា សង្គម និងរដ្ឋបានបាត់បង់នៅក្នុងពីរបីឆ្នាំចុងក្រោយនេះភាគច្រើនដោយសាររដ្ឋាភិបាលបានប្រកាន់យក «ជំហរទន់ភ្លន់ » ប្រឆាំងនឹងក្រុមរដ្ឋឥស្លាមនេះ។
លោក Sharif ដែលបានសុំសិទ្ធិជ្រកកោននៅអាស៊ីខាងត្បូងជាមួយនឹងក្រុមគ្រួសាររបស់លោក បាននិយាយថា៖ «នៅពេលក្រុមរដ្ឋឥស្លាមបានចាប់ផ្តើមផ្តោតគោលដៅលើអ្នកសរសេរប្លុក រដ្ឋាភិបាលមិនបានផ្តល់សុវត្ថិភាពដល់ពួកគេនោះទេ។ ផ្ទុយទៅវិញ រដ្ឋាភិបាលបែរជាស្តីបន្ទោសពួកគេដែលបណ្ដោយឲ្យខ្លួនឯងសរសេរអត្ថបទដែលនាំឲ្យមានរឿង។
អ្នកសរសេរប្លុកបានកត់សម្គាល់ថា ក្នុងពេលកន្លងមក សៀវភៅជាច្រើនសរសេរដោយអ្នកនិពន្ធដែលមិនជឿសាសនាជាច្រើនធ្លាប់បានបោះពុម្ពផ្សាយនៅក្នុងអំឡុងពេលពិព័រណ៍សៀវភៅក្រុងដាក្កាប្រចាំឆ្នាំ។
លោកបាននិយាយថា៖«ប៉ុន្តែនៅឆ្នាំនេះមិនមានសៀវភៅសូម្បីតែមួយក្បាលអំពីការគិតដោយសេរី ត្រូវបានគេបោះពុម្ពក្នុងការពិព័រណ៍នេះ។ គ្មានតូបក្នុងពិធីតាំងពិព័រណ៍ណាមួយដាក់បង្ហាញសូម្បីតែសៀវភៅចាស់ណាមួយរបស់លោក Avijit Roy នៅឆ្នាំនេះ» ។
ច្បាប់សារគមនាគមន៍
អ្នកសរសេរប្លុក អ្នកនិពន្ធ និងអ្នកបោះពុម្ពផ្សាយនិយាយថា ជាមួយនឹងការគំរាមកំហែងពីក្រុមឥស្លាមនិយម មាត្រា៥៧នៃច្បាប់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ឬ Information and Communications Technology (ICT) Act របស់ប្រទេសបង់ក្លាដែសគឺជាកត្តាមួយរួមចំណែកក្នុងការបាត់បង់ការសរសេរស៊ីជម្រៅអំពីសាសនា រដ្ឋាភិបាល និងសង្គម។
នៅក្រោមច្បាប់ដ៏ចម្រូងចម្រាសនេះ មនុស្សម្នាក់អាចប្រឈមមុខជាប់ពន្ធនាគាររយៈពេល១៤ឆ្នាំសម្រាប់ការ «ប៉ះពាល់ដល់ជំនឿសាសនា» និង «ការផ្សាយព័ត៌មានបរិហាកេរ្តិ៍ ឬក្លែងក្លាយ ឬមិនច្បាស់លាស់ក្នុងទម្រង់អេឡិចត្រូនិច» ឬព័ត៌មានដែលធ្វើឲ្យ «មានការរើសអើងនៃកិត្តិនាមរដ្ឋ ឬបុគ្គលណាម្នាក់»។
លោក Mahbub Leelen សហស្ថាបនិកគ្រឹះស្ថានបោះពុម្ព Shuddhashar Publishing ដែលបានបោះពុម្ភសៀវភៅជាច្រើនសរសេរដោយលោក Avijit Roy បាននិយាយថាដោយប្រើប្រាស់ច្បាប់ «ដ៏សាហាវមួយនេះ» រដ្ឋាភិបាលបានដាក់សម្ពាធយ៉ាងខ្លាំងលើអ្នកនិពន្ធ និងចាងហ្វាងបោះពុម្ពផ្សាយ។
លោក Leelen ដែលបានគេចខ្លួនទៅសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០១៥ តែប៉ុន្មានសប្តាហ៍បន្ទាប់ពីលោក Ahmedur Rashid Chowdhury Tutul ដែលជាចាងហ្វាងរួម នៅរោងពុម្ព Shuddhashar ត្រូវបានជនសង្ស័យឥស្លាមនិយមវាយប្រហារនៅក្នុងក្រុងដាក្កាបានថ្លែងប្រាប់ VOA ថា៖ «ច្បាប់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ និងសេចក្តីថ្លែងការណ៍ពាក់ព័ន្ធផ្សេងទៀតរបស់រដ្ឋាភិបាលគាំទ្រដោយផ្ទាល់ទៅលើទស្សនៈរបស់ក្រុមអ្នកជឿសាសនាទាមទារ។ ក្នុងនាមជាបុគ្គល អ្នកនិពន្ធ ឬចាងហ្វាងបោះពុម្ពផ្សាយមិនមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងកម្លាំងរួបរួមរបស់អ្នកប្រកាន់ខ្ជាប់សាសនា និងរដ្ឋាភិបាលនោះទេ»។
រោងពុម្ព Shuddhashar ត្រូវបានបិទនៅទីក្រុងដាក្កា បន្ទាប់ពីការវាយប្រហារ ហើយលោក Leelen និង លោក Tutul ដែលរស់នៅក្នុងប្រទេសន័រវែសក្នុងពេលបច្ចុប្បន្ននេះកំពុងធ្វើការលើគម្រោងមួយដើម្បីរៀបចំរោងបោះពុម្ភផ្សាយនៅបរទេស ជាមួយនឹងការបោះពុម្ពផ្សាយសៀវភៅអេឡិចត្រូនិចមួយចំនួន៕
ប្រែសម្រួលដោយ ផន បុប្ផា