សហរដ្ឋអាមេរិកបានដាក់បម្រាមស្មុំកូនកម្ពុជាកាលពីខែធ្នូឆ្នាំ២០០១។ ចាប់តាំងពីឆ្នាំ ២០០៩ កម្ពុជាព្យាយាមធ្វើឲ្យដំណើរការស្មុំកូនឈានទៅដល់បទដ្ឋានអន្តរជាតិ។ ប៉ុន្តែ មន្ត្រីសហរដ្ឋអាមេរិក និងក្រុមការពារសិទ្ធិកុមារឲ្យដឹងថា គោលនយោបាយស្មុំកូនរបស់កម្ពុជាមិនទាន់ល្អគ្រប់គ្រាន់នៅឡើយ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ស៊ូសាន ដ្យេខបស៍ (Susan Jacobs) ទទួលបន្ទុកកិច្ចការការពារកុមារ បានមកទស្សនកិច្ចប្រទេសកម្ពុជានាពេលថ្មីៗនេះ ដើម្បីស្វែងយល់អំពីថា តើគោលនយោបាយរបស់កម្ពុជាក្នុងការការពារកុមារល្អល្មមគ្រប់គ្រាន់ដើម្បីឲ្យសហរដ្ឋអាមេរិកបើកដំណើរការស្មុំកូនកម្ពុជាឡើងវិញបានហើយឬនៅ។
ក្នុងដំណើរទស្សនកិច្ចនោះ លោកស្រីបានជួបជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល ស្ថានទូត និងមន្ត្រីរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែនៅក្នុងបទសម្ភាសមួយជាមួយវីអូអេខ្មែរ លោកស្រីឯកអគ្គរដ្ឋទូត ស៊ូសាន ដ្យេខបស៍ មានប្រសាសន៍ថា សហរដ្ឋអាមេរិកមិនទាន់អនុញ្ញាតឲ្យប្រជាពលរដ្ឋរបស់ខ្លួនចូលមកសុំកូនកម្ពុជាបានទេ។ លោកស្រីបន្តថា រដ្ឋាភិបាលនៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ។
«គេពិតជាកំពុងធ្វើការតាមគន្លងត្រឹមត្រូវហើយ។ ពួកគេធ្វើកិច្ចការនេះដោយយកចិត្តទុកដាក់ និងពិតជាចង់ធ្វើកិច្ចការត្រឹមត្រូវ។ កិច្ចខិតខំប្រឹងប្រែងនោះនឹងអាចសម្រេចបានផលល្អ»។
ស្មុំកូនអន្តរជាតិអាចមានរឿងចម្រូងចម្រាសច្រើន។ ការសុំកូនចិញ្ចឹមដោយឪពុកម្តាយនៅប្រទេសអ្នកមានអាចបង្កឲ្យមានការជួញដូរកុមារដោយឪពុកម្តាយដែលប្រកបដោយបញ្ហានៅប្រទេសក្រីក្រ។ មុនឆ្នាំ២០០១ កុមារកម្ពុជារាប់ពាន់នាក់ត្រូវបានសុំចិញ្ចឹមដោយឪពុកម្តាយនៅអាមេរិក ប៉ុន្តែសហរដ្ឋអាមេរិកបានដាក់ការហាមប្រាមបន្ទាប់ពីមានការព្រួយបារម្ភថា កុមារត្រូវបានជួញដូរ និងចាប់ពង្រាត់ ហើយដំណើរការស្មុំកូនចិញ្ចឹមនៅកម្ពុជាមិនមានភាពត្រឹមត្រូវ។
កម្ពុជាបានអនុម័តច្បាប់ស្មុំកូនអន្តរប្រទេសនៅឆ្នាំ ២០០៩។ ច្បាប់មានទិសដៅបង្កើតដំណើរការស្មុំកូនចិញ្ចឹម ឲ្យត្រូវនឹងបទដ្ឋានដែលត្រូវបានកំណត់ដោយអនុសញ្ញាក្រុងឡាអេ ហើយធានាថា ការសុំកូនចិញ្ចឹមត្រូវបានទទួលស្គាល់ស្របច្បាប់។ ប៉ុន្តែរហូតមកដល់ពេលនេះ ការអនុវត្តច្បាប់នៅខ្វះខាត់នៅឡើយ។
លោក លឹម អែល ឌ្យូរ៉ាដូ អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា ក្រសួងកំពុងធ្វើសេចក្តីព្រាងប្រកាស និងអនុក្រឹត្យមួយចំនួនដើម្បីធ្វើឲ្យដំណើរការស្មុំកូនប្រកបដោយសុវត្ថិភាព។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាត្រូវការជំនួយពីអន្តរជាតិដើម្បីធ្វើឲ្យប្រាកដថា សេចក្តីព្រាងប្រកាស និងអនុក្រឹត្យទាំងនោះត្រូវបានសរសេរត្រឹមត្រូវ។
ប៉ុន្តែលោកស្រីឯកអគ្គរដ្ឋទូតដ្យេខបស៍ មានប្រសាសន៍ថា ច្បាប់នោះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ មានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើដើម្បីធានានូវភាពស្របច្បាប់នៃដំណើរការស្មុំកូនចិញ្ចឹមនេះ។ ជាអាទិ៍ វាជាការលំបាកក្នុងការចែកឲ្យដាច់រវាង ក្មេងកំព្រាពិតប្រាកដ និងក្មេងដែលមានឪពុកម្តាយនៅរស់។ លោកស្រីបន្តថា៖
«ដូច្នេះ គេត្រូវមានប្រព័ន្ធទិន្នន័យមួយ ដែលមានព័ត៌មានអំពីរឿងនោះ។ ពេលនេះ បើតាមការយល់របស់ខ្ញុំគឺថា នៅក្នុងប្រទេសកម្ពុជា គ្មានប្រព័ន្ធផ្ទុកព័ត៌មានអំពីការបំបរបង់ក្មេងផ្លួវការទេ ហើយនោះគឺជាអ្វីដែលត្រូវបញ្ចូលទៅក្នុងច្បាប់ថ្មី»។
លោក ម៉ាក វើរហ្ការ៉ា (Marc Vergara) អ្នកនាំពាក្យអង្គការយូនីសេហ្វ (UNICEF) និយាយថា កម្ពុជាមិនទាន់រៀបចំខ្លួនរួចរាល់នៅឡើយទេ។
«យើងជឿថា យន្តការត្រឹមត្រូវមិនទាន់មាន ហើយប្រព័ន្ធដែលមានស្រាប់មិនទាន់គ្រប់គ្រាន់ ហើយឧបករណ៍ច្បាប់ទាំងនេះនៅពេលនេះមិនទាន់ល្អគ្រប់គ្រាន់ក្នុងការដំណើរការឡើងវិញនូវការសុំកូនចិញ្ចឹមចិញ្ចឹមនៅកម្ពុជាទេ»។
មន្ត្រីកម្ពុជានៅតែធ្វើការកែលម្អប្រព័ន្ធដែលមានស្រាប់ឡើងវិញ។ ប៉ុន្តែសម្រាប់ពេលនេះ សហរដ្ឋអាមេរិកឲ្យដឹងថា ខ្លួនមិនទាន់អនុញ្ញាតឲ្យមានការសុំកូនចិញ្ចឹមពីកម្ពុជាឡើងវិញទេ ហើយឲ្យដឹងទៀតថា មិនដឹងជាពេលណាទើបស្មុំកូននេះនឹងត្រូវបានអនុញ្ញាតឡើងវិញនោះទេ៕