ពេល​ត្រឡប់​ពី​ម៉ាឡេស៊ី​វិញ ពលការិនី​ប្រកែក​ថាមិន​មាន​ការរំលោភ​ទេ

មាន​ពលការិនី​កម្ពុជា​ដែល​កំពុងតែ​បម្រើ​នៅ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​ យ៉ាងតិច​ចំនួន ៣០.០០០ នាក់​នៅក្នុង​ពេល​បច្ចុប្បន្ន​នេះ។

អតីត​ពលការិនី​នៅ​ប្រទេស​ម៉ាឡេស៊ី​បាន​ច្រានចោល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នូវ​ការអះអាង​ របស់​ខ្លួន​កាលពី​លើកមុន​ថា​ខ្លួន​បាន​ទទួល​រង​ការរំលោភ​បំពាន​ផ្លូវភេទ​នៅក្នុង​ពេល​ដែល​កំពុង​បម្រើការ​នៅ​ក្រៅ​ប្រទេស។

ការបកស្រាយ​ឡើងវិញ​បាន​ធ្វើ​ឲ្យ​មន្រ្តី​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​មនុស្ស​មាន​ការភ្ញាក់​ផ្អើល ហើយ​មន្រ្តី​គណបក្ស​ជំទាស់​ចាត់ទុក​ថា ​ពលការិនី​រូប​នេះ​ទទួល​រង​នូវការ​កៀបសង្កត់។

អ្នកស្រី​អ៊ុក សេង​ អាយុ​២៧ឆ្នាំ ​មកពី​ខេត្ត​ស្វាយរៀង​ ត្រូវម្តាយ​របស់​នាង​អះអាង​ថាបាន​ទទួល រងការ​រំលោភ​បំពាន​ផ្លូវភេទ​ចំនួន​ពីរដង​ កាលពី​ខែ​មីនា​ឆ្នាំ២០១១​ ដោយ​ថៅកែ​របស់​នាង​នៅ​ប្រទេស ម៉ាឡេស៊ី។

ម្តាយ​របស់​នាង ​គឺ​អ្នកស្រី ​ស្រី សុផល ​បាន​ប្រាប់​ក្រុម​អ្នកកាសែត​ដែល​រៀបចំ​ដោយ​លោកស្រី​ មូរ សុខហួរ ​តំណាងរាស្រ្ត​គណបក្ស​ជំទាស់​សម រង្ស៊ី ​កាលពី​ដើមខែ​មេសា ថា​ កូនស្រី​របស់​អ្នកស្រី​ បាន​ទូរស័ព្ទ​មកពី​ប្រទេស​ម៉ាឡេស៊ី​ស្វែងរក​ជំនួយ ​លាយឡំ​ជាមួយ ​នឹង​ការយំសោក​ប្រកប​ទៅដោយ​ ការភ័យខ្លាច​អ្នកស្រី​អះអាង​ថា ​កូន​របស់​អ្នកស្រី​ទទួល​រង​ការធ្វើទារុណកម្ម ​និង​ខ្វះ​អាហារ​គ្រប់គ្រាន់។

នៅក្នុង​សន្និសីទ​កាសែត​ ក្នុង​ទីក្រុង​ភ្នំពេញ ​ដែល​រៀបចំ​ដោយ​ប៉ូលីស​ក្រសួង​មហាផ្ទៃ ​អ្នកស្រី​ អ៊ុក សេង ​ដែល​ទើប​មកពី​ប្រទេស​ម៉ាឡេស៊ី ​បាន​ច្រានចោល​សេចក្តី​អះអាង​ខាង​លើ​ទាំងស្រុង។

អ្នកស្រី​និយាយថា​ អ្នកស្រី​ និង​ម្តាយ​របស់​អ្នកស្រី​ បាន​ព្រមព្រៀង​គ្នា​ធ្វើការ​ភូតកុហក​ប្រឌិត​នូវ​ព័ត៌មាន​អំពី​ការចាប់រំលោភ​និង​ការធ្វើ​ទារុណកម្ម ដោយសារ​អ្នកស្រី​នឹក​កូន​និង​ចង់​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជាវិញ។

«ខ្ញុំសូម​ជម្រាប​ជូន​ថា​ អត់មាន​អ្នកណា​ចាប់​រំលោភ​ខ្ញុំទេ។ គឺជា​ពាក្យ​មិនពិត»។

សូមបញ្ជាក់​ថា​ម្តាយ​របស់​អ្នក​ស្រីអ៊ុក​ សេង​ គឺ​អ្នកស្រី​ ស្រី សុផល ​ធ្លាប់​បាន​ប្រកាស​ប្រាប់​ក្រុមអ្នកកាសែត​យ៉ាង​រឹងមំាំ​ថា​ កូន​របស់​អ្នកស្រី​ពិតជា​ទទួលរង​នូវ​ការរំលោភ​ដោយ​ថៅកែ​របស់​នាង​មែន។ លោកស្រី​បាន​ប្រកាស​នាពេល​នោះ​ថា៖

«សូម​មេត្តា​ជួយ​រំដោះ​កូនខ្ញុំ​ឲ្យ​បាន​មក​ស្រុកខ្មែរ​វិញ​ក្នុង​ពេល​ឆាប់ៗ​ពីព្រោះ​កូនខ្ញុំ​ភ័យ​ណាស់។ យំ ស្រែក​មក​គឺ​មាន​ការលំបាក​ភ័យ​ហើយ​ខ្លាច​អ្នក​ដែល​ចាប់រំលោភ​វា​យកថ្នាំ​មក​ឲ្យ​លេប ថា​មិនដឹង​ ថ្នាំអ្វី​មិនស្គាល់។ ខ្លា​ចវា​ឲ្យ​លេប​ថ្នាំញៀន​ ថ្នាំអ្វី​ទៅ​វង្វេង ​វង្វាន់​មិនដឹង​អ្វី ភ័យ​ឮ​សំឡេង​កូន​ស្រែក ទ្រហោ​យំ​មក​ ខ្ញុំ​សឹង​សន្លប់​ហើយ​។ ឮ​ពេញ​ពិភព​លោក​អស់​ទៅហើយ​នៅ​តែ​ក្រុមហ៊ុន​ពី​ម្សិលមិញ​ គំរាម​ខ្ញុំ​ថា​ប្រយ័ត្ន​តែ​រឿង​ហ្នឹង​មិនពិត​គេ​ប្តឹង​បកវិញ»។

ក៏ប៉ុន្តែ​ក្រោយ​មក​អ្នកស្រី​ ស្រី សុផល ​បាន​លើក​ឡើងថា ​អ្នកស្រី​បាន​ស្តាប់​ច្រឡំ​នៅក្នុង​ការ និយាយ​ទូរស័ព្ទ​ជាមួយ​កូនស្រី​របស់​អ្នកស្រី​ពី​ប្រទេស​ម៉ាឡេស៊ី។

សេចក្តី​អះអាងនោះ​ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​កាសែត​ ដែល​រៀបចំ​ដោយ​ប៉ូលីស​ក្រសួង មហាផ្ទៃ​នៅមុន​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ។

នៅថ្ងៃ​នេះដែរ​ អ្នកស្រី​ ស្រី សុផល ​ដែល​មាន​វត្តមាន​នៅក្នុង​សន្និសីទ​កាសែត​រៀបចំ​ដោយ ប៉ូលីស​ក្រសួង​មហាផ្ទៃ​ជា​លើកទី២​នេះ​ដែរ​បាន​និយាយ​ច្រានចោល​សេចក្តី​អះអាង​អំពី​ការរំលោភ​ ផ្លូវភេទ​ទៅលើ​កូនស្រី​របស់​អ្នកស្រី​ជាថ្មី​ម្តងទៀត។

លោកស្រី​មូរ សុខហួរ ​តំណាងរាស្រ្ត​គណបក្ស​សម រង្ស៊ី ​ជឿថា​ម្តាយ​និង​កូន​ដែល​ជា​អតីត​ពល ការិនី​កម្ពុជា​នៅ​ប្រទេសម៉ាឡេស៊ី ​បាន​ទទួល​រង​ការកៀប​សង្កត់។

«ចំពោះ​ខ្ញុំ ​គឺមាន​ការរំលោភ​កើតឡើង​ ហើយ​មាន​ការបង្ខំ​មិន​ឲ្យ​ជនរងគ្រោះ​និយាយ​ការណ៍ពិត»។

ជាមួយគ្នា​នេះដែរ ​លោក​អំ សំអាត ​ប្រធាន​ការិយាល័យ​គ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​របស់ អង្គការ​ការពារ​សិទ្ធិមនុស្ស​ LICADHO​ ចាត់​ទុកថា ​ការបដិសេធ​របស់​អ្នកបម្រើ​នៅតាម​ផ្ទះ​នៅ​ប្រទេស ម៉ាឡេស៊ី ​គឺជា​ប្រការ​គួរឲ្យ​សង្ស័យ។

«បើសិន​ជា ​មិនមាន​រឿងរ៉ាវ​កើតឡើង​ទេ ​សំណួរ ​ដែល​ឆ្ងល់​ ហេតុអ្វី​ បាន​ជាគេ​ឲ្យ​កូន​គាត់​ត្រឡប់​ មក​វិញ»។

ដោយឡែក​លោក​ ជាវ ផល្លី ​អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស ​និង​ការពារ​អនីតិ ជន​របស់​ក្រសួង​មហាផ្ទៃ ​មាន​ប្រសាសន៍​ថា ​លោកនឹង​បន្ត​ធ្វើការ​ស៊ើបអង្កេត​ទៅលើ​ករណី​នេះជា បន្ថែម​ទៀត។

លោក​ប៊ុន ហាក់ ​ប្រធាន​ភ្នាក់ងារ​សមាគម​ជ្រើសរើស​ពលករ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ជំនួស ឲ្យ​ក្រុម​ហ៊ុន​ចំប៉ា​មែន​ផូវ័រ ​ដែល​ជា​ក្រុមហ៊ុន​ជ្រើសរើស​អ្នកស្រី​អ៊ុក សេង ​ទៅធ្វើការ​នៅ​ប្រទេស​ម៉ាឡេ ស៊ី នោះ ​ថា​ក្រុមហ៊ុន ​នឹង​មិនធ្វើ​ការប្តឹង​ផ្តល់​ប្រឆាំង​ទៅ​ និង​អ្នកស្រី​អ៊ុក សេង​ ទេ​ ទោះបី​ជា​មានការ​អះ អាង​អំពី​ការបំភ្លៃ​ភូតកុហក​នេះ​ក៏ដោយ។

មាន​ពលការិនី​កម្ពុជា​ដែល​កំពុងតែ​បម្រើ​នៅ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​ យ៉ាងតិច​ចំនួន ៣០.០០០ នាក់​នៅក្នុង​ពេល​បច្ចុប្បន្ន​នេះ។

សេចក្តី​រាយការណ៍​ជាច្រើន ​បាន​លើក​អំពី​ការរំលោភ​បំពាន​ទៅលើ​ពួកគេ​នៅទីនោះ​ ហើយ យ៉ាង​ហោចណាស់​ មាន​ពលការិនី​ចំនួន​ពីរនាក់​ បាន​ស្លាប់​នៅ​មណ្ឌល​របស់​ក្រុមហ៊ុន​ជ្រើសរើស​ពល ករ​នៅ​ដើម​ឆ្នាំ២០១១​នេះ ​មុននឹង​ពួកគេ​ចេញ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី៕