ការ​យល់​ដឹង​របស់​​ពលរដ្ឋ​ខ្មែរ​អំពី​ពាក្យ​លទ្ធកម្ម​មាន​កម្រិត

ស្ត្រី​​និង​កុមារ​ខ្មែរ។

ការសិក្សា​ស្រាវជ្រាវ​មួយ​បាន​រកឃើញ​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​មាន​ការ​យល់​ដឹង​អំពី​ពាក្យ​លទ្ធកម្ម ​នីតិវិធី​ធ្វើ​លទ្ធកម្ម​មិនទាន់​បាន​ទូលំទូលាយ​នៅឡើយ​ទេ។ មន្ត្រី​រដ្ឋាភិបាល​បាន​ទទួល​ស្គាល់​ថា​ការ​យល់ដឹងអំពី​លទ្ធកម្ម​របស់​ប្រជាពលរដ្ឋ​មាន​កម្រិត។

សម្ព័ន្ធ​ដើម្បី​សុចរិតភាពនិង​គណនេយ្យភាព​សង្គម​ បា​ននិយាយ​នៅថ្ងៃពុធនេះ​ថា ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​ស្វាយរៀង​មាន​កម្រិត​យល់ដឹង​អំពី​លទ្ធកម្ម​ក្នុង​ការ​កសាង​ផ្លូវ​និង​មណ្ឌល​សុខភាព​ទាប​ជាង​បណ្តាខេត្ត​មួយ​ចំនួន។

ក្នុង​ការ​ស្រាវជ្រាវ​ប្រព័ន្ធ​លទ្ធកម្ម​សាធារណៈ​នៅ​កម្ពុជា​លើ​វិស័យ​សុខាភិបាល​ និង​វិស័យ​សាធារណៈការ​ និង​ដឹកជញ្ជូន​ដោយ​ក្រុម​អ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ក្នុង​នាម​សម្ព័ន្ធ​ដើម្បី​សុចរិតភាព​ និង​គណនេយ្យភាព​សង្គម​ បាន​សម្ភាសមន្ត្រី​ក្រសួង​ម្នាក់​ មន្ត្រី​ថ្នាក់​ខេត្ត​៨នាក់​ មន្ត្រី​ឃុំ​សង្កាត់​២២នាក់​ និង​ប្រជា​ពលរដ្ឋ​៣៩៦នាក់ ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ ​ខេត្ត​បន្ទាយ​មានជ័យ ​ខេត្ត​កំពត​ ខេត្ត​កំពង់ចាម​ និង​ខេត្ត​ស្វាយ រៀង​ចាប់​ពីខែ​វិច្ឆិកា ​ឆ្នាំ២០១០ ​ដល់​ខែមិនា ​ឆ្នាំ២០១១​។

សេចក្តី​ព្រាង​របាយការណ៍​ស្រាវជ្រាវ​នេះ​ ឲ្យ​ដឹង​ថា​ពាក់ព័ន្ធ​នឹង​ការ​កសាង​ផ្លូវ​ និង​មណ្ឌល​សុខភាព​ ប្រជាពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​ពី​ការ​កសាង​ផ្លូវ​៦៩​ភាគរយ​ ច្រើន​ជាង​ការកសាង​មណ្ឌល​សុខភាព​១៦​ភាគរយ ​ហើយ​ក្រសួង​សុខាភិបាល​មាន​ការ​បិទ​បាំង​ច្រើន​ជាង​ក្រសួង​សាធារណៈ​ការ ​និង​ដឹកជញ្ចូន​។

សេចក្តី​ព្រាង​របាយការណ៍​ស្រាវជ្រាវ​នេះ​ ​បាន​រកឃើញ​ថា ​ប្រជាពលរដ្ឋ​ចូលរួម​ឆ្លើយ​ចំនួន​២៨ភាគរយ​ ក្នុង​ចំណោម​៣៩៦នាក់​នៅ​ខេត្ត​ស្វាយរៀង ​បាន​យល់​ដឹង​ការ​ផ្សព្វផ្សាយ​ពី​លទ្ធកម្ម​ក្នុង​ការ​កសាង​ផ្លូវ​ និង​មណ្ឌល​សុខភាព​ ខណៈ​ដែល​៩៧ភាគរយ​នៅ​ខេត្ត​កំពត​៩៥​ភាគរយ​នៅ​ខេត្ត​កំពង់​ចាម​៦៥​ភាគរយ នៅ​ខេត្ត​បន្ទាយ​មានជ័យ​ និង​៦១​ភាគរយ​នៅ​ទីក្រុង​ភ្នំពេញ។

លោក​ សុខ សំអឿន ​នាយក​ប្រតិបត្តិ​នៃ​ក្រុមអ្នក​ច្បាប់​ការពារសិទ្ឋិ​កម្ពុជា​ បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖

«ក្នុង​ចំណោម​ខេត្ត​ទាំង​អស់​យើង​ឃើងថា​ ខេត្ត​កំពត​យល់ដឹង​អំពី​លទ្ធកម្ម​ច្រើន​ជាង​គេ​ហើយ​ខេត្ត​ស្វាយរៀង​យល់​ដឹង​អំពី​លទ្ធកម្ម​តិច​ជាង​គេ។ បើ​យើង​ឱ្យ​តម្លៃ​ទៅ​លើ​តម្លាភាព​តាម​ការ​ផ្សព្វផ្សាយ​ពី​បញ្ហា​លទ្ធកម្ម​ យើង​ឃើញថា ខេត្ត​កំពត​ច្រើន​ជាង​គេ ​និង​បន្ទាប់​មក​ខេត្ត​កំពង់ចាម»។

សេចក្តី​ព្រាង​របាយការណ៍​ស្រាវជ្រាវ​នេះ ​បាន​បញ្ជាក់ថា​ មន្ត្រី​ឃុំ​សង្កាត់​ចំនួន​៥៥​ភាគរយ​ ស្មើនឹង​១២នាក់​ ក្នុង​ចំណោម​២២នាក់​បាន​យល់ដឹង​ពី​ប្រភព​ច្បាប់​លទ្ធកម្ម​ ហើយ​ក្នុង​ចំណោម​អ្នក​ចូល​រួម​ឆ្លើយ​ចំនួន៣៩៦​នាក់ ​មាន​១៦នាក់ ​ស្មើនឹង​៤ភាគរយ​យល់ដឹង​ច្បាស់​ពី​លទ្ធកម្ម ​២៥៨​នាក់ ​ស្មើនឹង​៦៥​ភាគរយ​ មិន​ដែល​ឮ​ពាក្យ​លទ្ធកម្ម​នេះ​ទាល់តែ​សោះ និង​១២២នាក់​ស្មើនឹង​៣១​ភាគរយ​ធ្លាប់​ឮ​ ឬ​ ធ្លាប់​ស្តាប់​ការ​ពន្យល់​តែនៅ​តែ​មិន​យល់​ពាក្យ​នេះ។

សេចក្តី​ព្រាង​របាយការណ៍​ស្រាវជ្រាវ​នេះ​ បាន​បន្តថា​អ្នក​ចូលរួម​ឆ្លើយ​៩៣​ភាគរយ​យល់ថា រដ្ឋ​ត្រូវ​តែ​ផ្សព្វ​ផ្សាយ​គម្រោង​អភិវឌ្ឍន៍​ដល់​ប្រជាពលរដ្ឋ​ឱ្យដឹង​ជា​មុន ហើយ​មន្ត្រី​រាជការ​ចូល​រួម​ឆ្លើយ​៣២នាក់​ បាន​គាំទ្រ​គំនិត​នេះ។

សេចក្តី​ព្រាង​របាយការណ៍​ស្រាវជ្រាវ​នេះ​បាន​បន្ថែម​ថា អ្នក​ចូល​រួម​ឆ្លើយ​៩៥​ភាគ​រយ​យល់​ថា​ មាន​សារៈសំខាន់​ណាស់​ដែល​ប្រជាពលរដ្ឋ​គួរ​តែ​ដឹង​ពី​ព័ត៌មាន​គម្រោង​អភិវឌ្ឍន៍ ហើ​យ៩២​ភាគរយ​យល់​ថា ការ​ចូល​រួម​សង្កេតការណ៍​របស់​ប្រជាពលរដ្ឋ​ ពេល​ដែល​រដ្ឋ​ធ្វើ​លទ្ធកម្ម​មាន​សារៈសំខាន់​ណាស់។ អ្នក​ឆ្លើយ​តប​ចំនួន​៨៩ភាគរយ​យល់ថា រដ្ឋ​គួរតែ​បើក​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​តាម​អង្កេត​ពិនិត្យ​ នៅ​ពេល​ស្ថាប័ន​អនុវត្ត​គម្រោង​ថវិកា​របស់​ខ្លួន ហើយ​៩០ភាគរយ​ឆ្លើយ​ថា រដ្ឋ​គួរតែ​បើកចំហរ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ប្តឹង​ពីភាព​មិន​ប្រក្រតី​នៃលទ្ធកម្ម​។ បើ​មាន​ការ​បើក​ចំហរ​ឱ្យ​ប្តឹង មានតែ​៤១​ភាគរយ​ ក្នុង​ចំណោម​៣៩៦​នាក់​ឆ្លើយថា ហ៊ាន​ប្តឹង ហើយ​ក្នុង​ចំណោម​អ្នកចូលរួម​ឆ្លើយ​២៣៣នាក់ ​ស្មើនឹង​៥៩​ភាគ​រយ​ឆ្លើយ​ថា​ មិន​ហ៊ានប្តឹង​ រួមមាន​៤៧នាក់​ ស្មើនឹង​២០​ភាគរយ​មិនហ៊ាន​ប្តឹង​ ដោយ​សារ​ខ្លាច​គេ​ប្តឹង​បកវិញ​ នាំឱ្យ​ខ្លួនឯង​ក្លាយ​ទៅជា​ជន​មាន​ទោសវិញ។​ មនុស្ស​៣៩​នាក់​ស្មើនឹង​១៧ភាគរយ​មិន​ហ៊ានប្តឹង​ ដោយសារ​មិន​ជឿ​ជាក់​លើ​តុលាការ ​និង​១០៨​នាក់​ស្មើ​នឹង​៤៦​ភាគរយ​ មិនហ៊ាន​ប្តឹង​ ដោយសារ​ព្រួយ​បារម្ភ​ពី​សន្តិ សុខ​ផ្ទាល់​ខ្លួន។

លោក ​ឈុំ ប៊ុនហេង ​ប្រធាន​អង្គភាព​លទ្ធកម្ម​នៃ​ក្រសួង​សាធារណៈការ ​និង​ដឹកជញ្ជូន​ បាន​ថ្លែង​នៅ​ក្នុង​ សិក្ខាសាលា​ស្តីពី​សេចក្តី​ព្រាង​របាយការណ៍​ស្រាវជ្រាវ​លទ្ធកម្ម​សាធារណៈ​នៅ​កម្ពុជា​ថា ការ​ផ្សព្វ​ផ្សាយ​ ព័ត៌មាន​ពី​លទ្ធកម្ម​នេះ​មិន​បាន​ទូលំ​ទូលាយ​ទេ​ ដោយសារ​វាមិនមាន​ថិវកា​គ្រប់គ្រាន់។ លោក​បាន​យល់ព្រមថា ​ខ្លឹមសារ​នៃ​ការយល់ដឹង​អំពី​លទ្ធកម្ម​របស់​ប្រជាពលរដ្ឋ​ និង​មន្ត្រី​រដ្ឋាភិបាល​នៅ​មាន​កម្រិត។

លោក​អ៊ូ ប៊ុនឡុង ​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​បាន​បញ្ជាក់​នៅក្នុង​សិក្ខាសាលា​ថា​ លោក​នឹង​ទទួល​យក​អនុសាសន៍​ទៅ​កាន់​ក្រសួង​ដើម្បី​ពិភាក្សា​ថា​ តើ​អនុសាសន៍​ណា​មួយ​អាច​ត្រូវ​បាន​សម្រេច​ដាក់​បញ្ចូល​ទៅ​ក្នុង​សេចក្តី​ព្រាងច្បាប់​ស្តីពី​លទ្ធកម្ម​សាធារណៈ​នេះ៕