អាជ្ញាធរក្នុងខណ្ឌចំការមនចេញសេចក្តីជូនដំណឹងឲ្យប្រជាពលរដ្ឋរស់នៅក្នុងអគារប៊ូឌីង ឬហៅថា អគារប៊ូឌីងសស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ចាកចេញពីអគារនេះជាបណ្តោះអាសន្ន ដោយផ្តល់ហេតុផលថា អគារនេះចាស់ទ្រុឌទ្រោមអាចបាក់ស្រុតរលំជាយថាហេតុ ខណៈពលរដ្ឋរស់នៅក្នុងអគារប្រវត្តិសាស្រ្តមួយនេះបដិសេធមិនព្រមរើចេញនោះទេ។
អាជ្ញាធរសង្កាត់ទន្លេបាសាក់ ក្នុងខណ្ឌចំការមនបានចេញសេចក្តីជូនដំណឹងលើកដំបូងមួយ ដោយស្នើឲ្យប្រជាពលរដ្ឋរស់នៅក្នុងអគារស ឬអតីតអគារប៊ូឌីងសនេះ ចាកចេញពីអគារនេះ ដោយសារតែភាពចាស់ទ្រុឌទ្រោមរបស់អគារប្រវត្តិសាស្រ្តមួយនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់លោកខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ដែលចេញផ្សាយនៅដើមខែកក្កដានេះ និងប្រជាពលរដ្ឋដែលរស់នៅក្នុងអគារសដែលសង់ក្នុងទសវត្ស១៩៦០។
នៅក្នុងសេចក្តីជូនដំណឹងនោះ លោកខាត់ ណារិទ្ធបានសរសេរថា៖ «សាលាសង្កាត់ទន្លេបាសាក់មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអគារទ្រុឌទ្រោម (អតីតប៊ូឌីងស)ទាំងអស់ឲ្យបានជ្រាបថា៖ តាមការចុះពិនិត្យជាក់ស្តែងរបស់ការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌចំការមននៃទីតាំងរបស់អគារទ្រុឌទ្រោមបច្ចុប្បន្ននេះគឺជាសំណង់ចាស់ស្នាក់នៅច្រើនគ្រួសារ ហើយគ្រួសារនីមួយៗបានជួសជុល និងសាងសង់បន្ថែមទម្ងន់លើបន្ទុកអគារចាស់ដែលខ្លួនរស់នៅ ដោយគ្មានលិខិតអនុញ្ញាត និងគ្មានការថែទាំឲ្យបានល្អផងនោះ សព្វថ្ងៃអគារនេះមានសភាពទ្រុឌទ្រោមគួរឲ្យព្រួយបារម្មណ៍»។
លិខិតនេះបន្តថា៖«ដើម្បីជៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុដែលអាចកើតមានដោយសារការបាក់ស្រុតរលំនៃអគារនេះ សូមបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅលើអគារខាងលើនេះ មេត្តាប្រុងប្រយ័ត្នខ្ពស់ក្នុងការរស់នៅរបស់ខ្លួន ឬចាកចេញពីទីតាំងនេះជាបណ្តោះអាសន្នសិន»។
ការចេញសេចក្តីជូនដំណឹងនេះបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅអគារសមានការព្រួយបារម្ភ ពីព្រោះពួកគេលើកឡើងថា អាជ្ញាធរគ្រាន់តែជូនដំណឹងពីភាពចាស់ទ្រុឌទ្រោមរបស់អគារនេះតែប៉ុណ្ណោះ តែមិនធ្លាប់ត្រូវបានស្នើឲ្យរើចាកចេញនោះទេ។
អ្នកស្រីលុយ សាមៀន ពលរដ្ឋរស់នៅក្នុងអគារប៊ូឌីងតាំងពីឆ្នាំ១៩៧៩បានត្អូញត្អែរថា៖
«ហ៊ឺ...ចាកចេញពីទីតាំងនេះជាបណ្តោះអាសន្នសិន។ នេះខ្លឹមសារគេអ្ហាស់ គេមើលមក។ អញ្ចឹងហើយ យើងគ្រាន់តែពិចារណាជាមួយគ្នាយើងគ្រប់គ្នា។ បើឧបមាគេឲ្យចេញទៅ ទៅនៅត្រង់ណា? វាជាការព្រួយបារម្ភរបស់យើងទាំងអស់គ្នា»។
អ្នកស្រីឲ្យដឹងថា អគារប៊ូឌីងនេះមើលពីក្រៅមកចាស់មែន ប៉ុន្តែគ្រោងឆ្អឹងនិងសំណង់អគារនៅខាងផ្នែកខាងក្នុងគឺនៅរឹងមំានៅឡើយទេ ពីព្រោះអគារនេះត្រូវបានសង់តាមក្បួនខ្នាតបច្ចេកទេសសំណង់ត្រឹមត្រូវ ហើយអ្នកស្រីបញ្ជាក់ថា អ្នកស្រី និងពលរដ្ឋរស់នៅក្នុងអគារនេះមិនយល់ស្របតាមការជូនដំណឹងរបស់អាជ្ញាធរសង្កាត់ទន្លេបាសាក់នោះទេ ដោយពលរដ្ឋត្រូវការស្ទង់មតិគ្នាជាមុនសិន។
«អ្ហេ ខ្ញុំដូចជាមិនទាន់យល់ស្របអីទេ ព្រោះក្នុងនោះយើងមិនអាចយល់ស្របបានទេ។ យើងវាមិននៅតែម្នាក់ឯង។ យើងនៅគ្នាដល់ម៉ាគំនរ យល់ស្របឯណាបាន ទាល់តែមតិទាំងអស់គ្នាណា៎ កូនណា៎»។
លោកហែម សំអាត អាយុ៥០ឆ្នាំ ដែលបានរស់នៅក្នុងអគារប៊ូឌីងនេះតាំងពីឆ្នាំ១៩៧៩មកដែរនោះ សម្តែងក្តីបារម្ភដូចគ្នានឹងអ្នកស្រីលុយ សាមៀនដែរ ហើយលោកបានបន្ថែមថា ដំណោះស្រាយសមរម្យមួយត្រូវតែផ្តល់ជូនដល់ប្រជាពលរដ្ឋ បើសិនជាចង់ឲ្យពលរដ្ឋរើចេញពីអគារសល់ពីសម័យសង្គមរាស្រ្តនិយមមួយនេះ៖
«បាទម្តងពីរម្តងគឺវាមិនអាចរើចេញទេ ទាល់តែមានការដំណោះស្រាយ»។
លោកខាត់ ណារិទ្ធចៅសង្កាត់ទន្លេបាសាក់បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីផែនការទៅថ្ងៃខាងមុខរបស់អាជ្ញាធរដែលស្នើឲ្យប្រជាពលរដ្ឋចាកចេញពីអគារនេះ ដោយពុំទទួលបានការអនុញ្ញាតពីលោកអភិបាលខណ្ឌចំការមននោះទេ។
«បងសួរទៅខណ្ឌសិន បានខ្ញុំអាចសម្ភាសបាន។ ទៅលោកអភិបាលខណ្ឌ បាទ! ឲ្យលោកអភិបាលខណ្ឌឲ្យសម្ភាស នោះខ្ញុំសម្ភាសន។ បើអត់ទេ ខ្ញុំមិនហ៊ានសម្ភាសទេ»។
វីអូអេមិនអាចទំនាក់ទំនងលោកប៉ា សុជាតិវង្ស ចៅហ្វាក្រុងភ្នំពេញបានទេ ដោយទូរស័ព្ទរបស់លោកពុំអាចទំនាក់ទំនងបាន។ រីឯលោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ពុំអាចផ្តល់ការអត្ថាធិប្បាយបានទេ ដោយលោកជាប់ប្រជុំ។
អ្នកជំនាញអង្គការយូណេស្កូធ្លាប់បានបញ្ជាក់ថា អង្គការយូណេស្កូបានធ្វើការជាមួយរដ្ឋាភិបាលក្នុងការរក្សាទុក្ខនូវអគារដែលមានលក្ខណៈជាប្រវត្តិសាស្រ្តដ៏មានសារៈសំខាន់មួយនេះ។
អង្គការពារសិទ្ធិលំនៅដ្ឋានក្នុងស្រុកមួយឈ្មោះសហគមន៍ធាងត្នោត ក៏បានបើកយុទ្ធនាការដើម្បីជួសជុល និងថែទាំអគារនេះផងដែរ៕