មន្ត្រីចុះពិនិត្យក្រុមហ៊ុនឧកញ៉ា អ៊ុត ធី ដែលត្រូវចោទរឿងបំផ្លាញទឹកធ្លាក់រូងប្រចៀវ

រូបថតដកស្រង់ចេញពីវីដេអូរបស់ Mother Nature Cambodia តាមបណ្តាញហ្វេសប៊ុកបង្ហាញ​ទិដ្ឋភាពនៃ​តំបន់ទឹកធ្លាក់ក្នុងតំបន់ការពារធម្មជាតិ និងឧទ្យានជាតិក្រវ៉ាញខាងត្បូងនៃខេត្តកោះកុង។ (Facebook Screenshot)

ក្រសួង​បរិស្ថាន​បាន​ឱ្យ​មន្ត្រី​ចុះ​ពិនិត្យ​នៅ​ទី​តាំង​ដែលមាន​ការ​ផ្សព្វ​ផ្សាយ​ថា ​រោងចក្រ​រក​ស៊ី​ថ្ម​របស់​ឧកញ៉ា ​អ៊ុត ធី ​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់តំបន់​ទេសចរណ៍​ធម្មជាតិ​ទឹក​ធ្លាក់​រូង​ប្រចៀវ​ តាម​រយៈការ​បំផ្ទុះ​ និង​កិន​ថ្ម​ក្បែរ​នោះ។​

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​ លោក ​ខ្វៃ អាទិត្យា​ ប្រាប់​វីអូអេជា​សារ​តាម​បណ្តាញ​សង្គម​តេឡេក្រាម ​នៅ​ថ្ងៃ​ពុធ​ថា ​ក្រុមហ៊ុន​ អ៊ុត ធី អ៊ី & ស៊ី ខូ អិលធីឌី ​បាន​ធ្វើ​អាជីវកម្ម​ថ្ម​សំណង់ ​ស្ថិត​នៅ​តំបន់​អូរស្ប័ត ​ក្នុង​ភូមិ​សាស្រ្ត​ភូមិ​ជីខ ​ឃុំ​ជីខ​លើ ​ស្រុក​ស្រែ​អំបិល​ ខេត្តកោះកុង ​លើ​ផ្ទៃដី​ទំហំ​ ៥,៧៤ ​ហិកតា។ ​លោក​ថា ​ទីតាំង​គម្រោង​អាជីវ​កម្ម​ថ្ម​សំណង់​នេះ​មិន​ស្ថិត​ក្នុង​តំបន់​ការពារ​ធម្មជាតិ ​និង​ឧទ្យានជាតិ​ក្រវ៉ាញ​ខាង​ត្បូង​នោះ​ទេ។ ​

ទោះ​យ៉ាង​ណា​លោក​ថា ​មន្រ្តីរបស់​ក្រសួង​កំពុង​ចុះ​ទៅ​ពិនិត្យនៅទីតាំង​នោះ។​

លោក​បញ្ជាក់ថា៖ ​«យើង​បាន​ចុះ​ពិនិត្យ​ជាក់ស្តែង​និង​នាំ​យក​មក​មន្ទីរ​ពិសោធន៍​ ប្រសិន​បើ​មាន​ការ​សង្ស័យ។ ​ការ​ពិនិត្យ​ត្រូវ​ការ​ពេល​វេលា ​និង​វិភាគ។ ​មាន​ព័ត៌មាន​បន្ថែម​នឹង​ជូន​តាម​ក្រោយ»។​

វីអូអេ​មិន​អាចសុំ​ការ​អត្ថាធិប្បាយ​ពី​ក្រុមហ៊ុន​របស់​ឧកញ៉ា​ អ៊ុត ធី ​បាន​នៅ​ឡើយ​ទេ។​

វីដេអូ​របស់​ក្រុម​យុវជន​មាតា​ធម្មជាតិផ្សាយ​កាល​ពីថ្ងៃទី ​២១ ​ខែ​កុម្ភៈ ​ឆ្នាំ ​២០២៤​ បាន​បង្ហាញ​អំពី​រូបភាពទឹក​ធ្លាក់​រូង​ប្រចៀវ​ពី​មុន​ដែល​មាន​ទឹក​ថ្លា ​និង​រូបភាព​នៃ​ការ​ធ្វើ​អាជីវ​កម្ម​ថ្ម​ និង​ការដឹក​ជញ្ជូន​ថ្ម​បណ្តាល​ឱ្យ​មាន​ទឹក​កខ្វក់​ហូរ​ទៅ​កន្លែង​ទឹក​ធ្លាក់​ បណ្តាលឱ្យ​មានពណ៌​ល្អក់។

វីដេអូ​នោះ​មាន​ការ​រៀបរាប់ថា​ ក្រុមហ៊ុន​ឧកញ៉ា​ អ៊ុត ធី ​បាន​បំផ្លាញ​តំបន់​អេកូ​ទេសចរណ៍ជីផាត​ ទឹក​ធ្លាក់​រូង​ប្រចៀវ​ បណ្តាល​ឱ្យ​មាន​ទឹក​ល្អក់​ខ្លាំង​ និង​រមាស់​ដល់​អ្នក​លេង​ទឹក​ផង​ដែរ។​

ក្នុង​វីដេអូ​ដែល​មាន​រយៈ​ពេល​ពីរ​នាទី​នោះ​ ​ក្រុម​មាតា​ធម្មជាតិ​បញ្ជាក់ថា៖ ​«ទឹក​ធ្លាក់​អូរ​ស្ប័ត ​ឬ​រូង​ប្រចៀវ​ធ្លាប់​តែ​ស្ងប់ស្ងាត់​ ហ៊ុំ​ព័ទ្ធ​ដោយ​ដើមឈើ​ពណ៌​បៃតង​ មាន​ទឹក​ថ្លា​ឆ្វង់​គួរ​ឱ្យ​ចង់​លេង​កម្សាន្ត​ ប្រែ​ក្លាយ​ជា​កន្លែង​មាន​សំឡេង​បំផ្ទុះ​ថ្ម​ គ្រឿង​ចក្រ​កិន​ថ្ម​លាន់​រំខាន​ ឡាន​ធំៗ​ដឹក​ជញ្ជូន​ដី​ហុយ​ទ្រលោម​ចុះឡើង​ ធ្វើ​ឱ្យ​ទឹក​ប្រែ​ក្លាយ​ពណ៌​ក្រហម​ល្អក់ ​មិន​ស្រស់​ស្អាត​ និង​គ្មាន​ភ្ញៀវ​ទេសចរ​ចង់​ទៅ​លេង​ដូច​ពី​មុន»។​

វីដេអូ​ដដែល​ឱ្យដឹង​បន្ថែម​ថា​៖ «ការ​ខិតខំ​របស់ប្រជាជន​មូលដ្ឋាន​ ​ក្រសួង​បរិស្ថាន​ និង​ក្រសួងទេស​ចរណ៍​ តាំង​ពី​ឆ្នាំ​ ២០១១ ​ក្នុង​ការ​ធ្វើ​ឱ្យ​តំបន់​នោះក្លាយ​ជា​តំបន់​អេកូ​ទេសចរណ៍​ប្រែ​ជា​ឥត​ន័យ​ ដោយសារក្រសួង​បរិស្ថាន ​និង​ក្រសួងរ៉ែ ​និង​ថាមពល​បើក​ដៃ​ឱ្យ​មាន​ការ​បំផ្លាញ​ទៅវិញ»។​

អភិបាល​រង​ខេត្ត​កោះកុង​ លោក ​អន សុធារិទ្ធ​ ច្រាន​ចោល​ព័ត៌មាន​ដែល​ផ្សព្វ​ផ្សាយ​ដោយ​ក្រុម​មាតា​ធម្ម​ជាតិ។ លោកថា​ ទឹក​ធ្លាក់​រូង​ប្រចៀវ​មិន​មាន​ទឹក​នោះ​ទេ ក្នុង​ខែ​ប្រាំង។​

លោក​បញ្ជាក់​ថា៖ ​«ឥឡូវ​ក្នុង​ខែប្រាំង​ទេ​ អត់​មាន​ទឹក​ទេ។​ ចុះ​ទៅ​រីង​ស្ងួត​ទាំង​អស់​ ហើយ​បាទ។ ​ប្រជាជន​មាន​ទឹក​ឯ​ណា​ងូត?​ ខ្ញុំ​សួរ​អញ្ចេះ? ​ហើ​យ​ថា ​ប្រជាជន​ងូត​ទឹក​រមាស់ ​មាន​ទឹក​មក​ពី​ណា?»​

បើ​តាម​អភិបាល​រង​រូប​នេះ​ ក្រុមហ៊ុន​រោងចក្រ​រក​ស៊ី​ថ្ម​របស់​ឧកញ៉ា ​អ៊ុត ធី ​មាន​អាជ្ញា​បណ្ណ​ត្រឹមត្រូវ​ដែល​ចេញ​ដោយ​ក្រសួង​ពា​ក់ព័ន្ធ។​

ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​តាម​ប្រព័ន្ធ​តេឡេក្រាម​ កញ្ញា ​ភួង កែវរស្មី​ សកម្មជន​ក្រុម​មាតា​ធម្មជាតិ ​លើក​ឡើង​ថា ​ក្រុមហ៊ុន​បាន​ចាប់​ផ្តើម​ធ្វើ​អាជីវ​កម្ម​តាំងពី​ខែ​កញ្ញា​ ឆ្នាំ​ ២០២៣​ ដែល​ជា​ខែ​វស្សា ​ទឹកធ្លាក់​ពេញស្អាត។ ​កញ្ញា​ថា ​ទឹក​ដែល​ធ្លាក់​ដែល​មាន​ពណ៌​ល្អក់​ដូច​ក្នុង​វីដេអូ ​គឺ​ថត​ក្នុង​អំឡុង​ខែ​កញ្ញា ​ដែល​ជា​ខែ​មាន​ទឹក​ធ្លាក់។​

កញ្ញា​ ភួង កែវរស្មី​ ជំរុញ​ឱ្យ​ក្រសួងមាន​សមត្ថកិច្ច​ដក​អាជ្ញាបណ្ណ ​ឬ​បញ្ឈប់​អាជីវ​កម្ម​របស់​ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​អាជីវកម្មនោះ​ដើម្បី​ការពារ​តំបន់​ទេសចរណ៍​សម្រាប់​ជាសម្បត្តិ​រួម៕