ក្រសួងរ៉ែនិងថាមពលបង្រ្កាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យនៅខេត្តត្បូងឃ្មុំ

រូបផ្គុំដែលចេញផ្សាយដោយ​ក្រសួង​រ៉ែនិងថាមពល​បង្ហាញ​ពី​ទីតាំង​នៃ​ការ​ជីក​រ៉ែមាស​ខុសច្បាប់​នៅ​ស្រុក​មេមត់ ខេត្តត្បូងឃ្មូំ។ (Facebook/Ministry of Mines and Energy Cambodia)

អាជ្ញាធរ​កម្ពុជា​ជា​បន្ត​បន្ទាប់បាន​បង្កើន​ការ​បង្ក្រាប​លើ​អាជីវកម្ម​រ៉ែ​មាស​អនាធិបតេយ្យ ជា​ពិសេស​ការ​បង្រ្កាប​ថ្មីៗ​នេះ​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​អាជីវ​កម្មរ៉ែ​មាស​នៅ​ឃុំ​ជាំ​តាម៉ៅ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​ក្រសួង​រ៉ែ និង​ថាមពល​ ចុះ​ថ្ងៃ​ទី ១៧​ ខែមករា​ ឆ្នាំ​ ២០២៤។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន អាជ្ញាធរ​បាន​ចុះ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​លើ​ទីតាំង​អាជីវកម្មរ៉ែ​មាស​អនាធិបតេយ្យ​នៅ​ភូមិ​សំពៅ​លូន ឃុំជាំតាម៉ៅ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ កាល​ពីថ្ងៃ​ទី​ ១០ ខែមករា។ គិត​ត្រឹមថ្ងៃទី​១ ៦ ខែមករា អាជ្ញាធរ​បាន​រក​ឃើញ​ទីតាំង​អាជីវ​កម្ម​រ៉ែ​មាស​ខុស​ច្បាប់​លួច​លាក់​ចំ​នួន​៣​បន្ថែម​ទៀត នៅ​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។

បើ​តាម​ក្រសួងរ៉ែ និង​ថាមពល ក្រសួង​បាន​អប់រំ​ដល់​ម្ចាស់​ទីតាំង​រ៉ែមាស​អនាធិបតេយ្យ​ទាំង​នោះ​អំពី​នីតិវិធី​ ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​លើ​សុវត្ថិ​ភាព​ សុខ​ភាព និងបរិស្ថាន​ នៅ​អំឡុង​ពេល​ក្រសួង​ចុះ​ពិនិត្យ​និង​ទប់​ស្កាត់។ ក្រសួង​បញ្ជាក់​ថា ​ប្រជា​ពលរដ្ឋ​ទាំង​នោះ​ក៏​បាន​ស្ម័គ្រចិត្ត​រុះរើ និង​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​សកម្មភាព​អាជីវកម្ម​រ៉ែមាស​ខុស​ច្បាប់​របស់​ខ្លួន​ផង​ដែរ។

ក្រសួង​បញ្ជាក់​ថា​៖ «ជា​ថ្មីម្តង​ទៀត​ ក្រសួង​រ៉ែ​និង​ថាមពល​នឹង​បន្ត​ប្តេជ្ញា​បញ្ចប់​នូវ​រាល់​សកម្មភា​ព​រ៉ែ​អនាធិបតេយ្យ និង​ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ស្រប​ច្បាប់​ ដែល​នាំ​មក​នូវ​ផល​ប្រយោជន៍​ជាតិ​ជា​ច្រើន​មាន​ជាអាទិ៍​ការ​បង្កើត​ឱ្យ​មាន​ឱកាស​ការងារ​នៅ​នឹង​កន្លែង​និង​ប្រយោល​ការ​ចូលរួម​ចំណែក​ដល់​ការ​បង្កើត​ប្រភព​ចំណូល​ថវិកា​ជាតិ​បន្ថែម​ និង​ការ​បំបាត់​នូវ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​និង​សង្គម​ ព្រម​ទាំង​ចូលរួម​ចំណែក​អភិវឌ្ឍ​សហគមន៍​មូលដ្ឋាន​តាម​រយៈ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ ប្រកប​ដោយចីរភាព​ ដោយ​មាន​ការ​គាំទ្រ​និង​ការ​ការ​ពារ​ពី​ច្បាប់​»។

​នៅក្នុង​ពិធី​ធ្វើ​បទ​បង្ហាញ​ស្តីពី​«គោល​នយោបាយ​រ៉ែ និង​ថាមពល»​ កាល​ពី​ថ្ងៃ​ទី​ ២១ ខែវិច្ឆិកា​ ឆ្នាំ​ ២០២៣ លោក កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួងរ៉ែ និង​ថាម​ពល ដែល​ឡើង​កាន់​តំណែង​បាន​ជិត​ ៥​ខែ​មក​ហើយ លើក​ឡើង​ថា​ ក្រសួង​នឹង​ចាត់​វិធាន​ការ​ទៅ​លើ​អាជីវកម្មរ៉ែ​មាស​អនា​ធិបតេយ្យ​នានា​ដែល​លោកថា​ អាជីវកម្មរ៉ែ​មាស​អនា​ធិបតេយ្យ​នាំ​ឱ្យ​បាត់​ចំណូល​ជាតិ ឱកាស​សម្រាប់​ក្រុមហ៊ុន​វិនិយោគ​ធំ​ៗ​ បំផ្លាញ​បរិស្ថាន ជាពិសេស​ប៉ះពាល់​កម្លាំង​ពលកម្ម។

លោក​ថ្លែង​ថា៖ «រឿងទី ​៣​ ការការពារ​ពលកម្ម។ បើ​សិន​ជា​គាត់​មិន​នៅ​ក្រោម​សំណាញ់​ច្បាប់ ច្បាប់​ក៏​អត់​អាច​ការពារ​បាន។ អ៊ីចឹង​បើ​មាន​ពលកម្ម​កុមារ​ បើ​មាន​ការ​ធ្វើ​អាជីវកម្ម​លើ​ពលកម្ម​គ្រប់​ប្រភេទ​ យើ​ង​អត់​ដឹង​ថា​ការពារ​បង​ប្អូន​កម្មករ​យ៉ាង​ម៉េច​ទេ ដោយ​គាត់​លាក់​បាំង​ គាត់​ធ្វើ​ខុស​ច្បាប់។ ក្នុង​គោល​ដៅ​ទាំង​អស់​នេះ​ហើយ​ដែល​ក្រសួង​រ៉ែ និង​ថាមពល​នឹង​បន្ត​ចា​ត់​ការទប់​ស្កាត់​នូវ​អនា​ធិប​តេយ្យ​រ៉ែ»។

បើ​តាម​រដ្ឋមន្ត្រី​រូបនេះ​ ប្រជាពល​រដ្ឋ​អាច​ធ្វើ​អាជីវ​កម្មរ៉ែ​ជា​សហគមន៍​បាន ដើម្បី​ចិញ្ចឹម​ជីវិត ប៉ុន្តែ​លោក​ក៏​ព្រមាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​អាជីវកម្ម​រ៉ែ​អនាធិបតេយ្យ​និង​សហគមន៍​ផង​ដែរ​ ដែល​លោក​ថា ​ជា​ការ​កេងប្រវ័ញ្ច​កម្លាំង​ប្រជាពល​រដ្ឋ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធានរ៉ែ និង​ជា​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​បាន​នៅ​ឡើយ​ទេ។

លោក ជុំ ហុន មេឃុំជាំតាម៉ៅ ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ​ក្រោយ​អាជ្ញាធរ​ចុះ​ទៅ​ពិនិត្យ​នៅ​ទីតាំង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ប្រជា​ពល​រដ្ឋ​ទាំង​នោះ​ក៏​នាំ​គ្នារុះ​រើ​ទីតាំង​ធ្វើ​អាជីវ​កម្ម​រ៉ែ ហើយ​អាជ្ញាធរ​ក៏​បាន​អប់រំ​ប្រជាពលរដ្ឋ​ទាំង​នោះ។

លោក​ថ្លែង​ថា៖ «គេ​អប់រំ​ណែនាំ​ពួក​គាត់ អប់រំ​ណែនាំ​ឱ្យ​គាត់​រើ​សម្ភាររបស់​គាត់​ចេញ​ពី​តំបន់​នោះ»។

បើ​តាម​មេឃុំ​រូបនេះ អ្នក​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ភាគ​ច្រើន​មក​ពី​ខេត្ត​ក្រចេះ មិន​មែន​ជា​អ្នក​នៅ​ក្នុង​ឃុំ​ជាំ​តាម៉ៅ​ឡើយ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រ៉ែ និង​ថាមពល ចុះ​ថ្ងៃ​ទី ១០ ខែ​មករា ឆ្នាំ​ ២០២៤ សកម្ម​ភាព​អាជីវកម្ម​រ៉ែ​មាស​នៅ​ក្នុង​ស្រុក​មេមត់ មាន​ការ​ប្រើប្រាស់​ឧបករណ៍​ទំនើប សារធាតុ​គីមី និងរំសេវ​ជាតិ​ផ្ទុះ ការបំបែក​ថ្ម និង​ការជីក​លុង​អណ្តូង​រ៉ែ​មាស​ក្រោម​ដី​ប្រកប​ដោយ​គ្រោះ​ថ្នាក់​បំផុត។

ប្រធាន​ប្រតិបត្តិ​សមាគម​បណ្តាញយុវជន​កម្ពុជា លោក ហេង គឹមហុង ប្រាប់​វីអូអេ​ថា​លោក​សាទរ​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល ហើយ​ទន្ទឹម​នឹង​នោះ លោក​ក៏ជំរុញ​ឱ្យ​មាន​ការ​បង្ក្រាប ក៏ដូច​ជា​ទប់​ស្កាត់​ឱ្យ​បាន​ទៀង​ទាត់ ជាពិសេស​រក​អ្នក​នៅ​ពីក្រោ​យ​នៃ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ទាំង​នោះ។

លោក​ថ្លែង​ថា៖ «អ៊ីចឹងការ​ស្រាវជ្រាវ​ប្រភព​ និង​ការ​ស្វែង​រក​ប្រភព​ពាក់ព័ន្ធ​ជាមួយ​អំពើ​ពុក​រលួយនិង​ការធ្វើ​អាជីវកម្ម​រ៉ែ​នេះ គឺជា​រឿង​សំខាន់​មែន​ទែន។ទន្ទឹម​នឹង​គ្នា​នោះ​ដែរ យើង​ក៏មាន​ការ​ព្រួយ​បារម្ភ​បើ​សិន​មិន​មាន​ការអនុវត្ត​ទាន់​ពេល​វេលា​ឬក៏​អនុវត្ត​មួយ​ឆាវៗ អត់​មាន​ទៅ​តាម​គោលការណ៍​ច្បាប់​ តាម​អី​ ខ្ញុំ​គិត​ថា ​វាជា​រឿង​មួយ​ដែល​យើង​បារម្ភ​ បារម្ភ​ពី​និរន្តរ​ភាព បារម្ភ​ពី​ចីរភាព​នៃ​ធនធាន​រ៉ែ​របស់​ប្រទេស​កម្ពុជា»។

បើ​តាម​ប្រធាន​សមាគម​រូប​នេះ អាជីវកម្ម​រ៉ែ​ទាំង​នោះ​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ធ្វើ​អាជីវកម្ម ដោយ​សារ​តែ​ការ​បា​ក់ដី និងការ​ខូត​ខាត​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ផង​ដែរ៕