ប្រជាពលរដ្ឋប្រមាណ១៨៤គ្រួសាររស់នៅបឹងត្របែកខាងត្បូងបានចោទប្រកាន់អាជ្ញាធរខណ្ឌចំការមន ពីការប៉ុនប៉ងរំលោភយកដីចំនួនជាង៩ហិកតាកណ្តាលក្រុង ភ្នំពេញទៅលក់ឲ្យក្រុមហ៊ុនឯកជន។
ការចោទប្រកាន់នេះបានធ្វើឡើងក្រោយពីអាជ្ញាធរខណ្ឌចំការមន ដែលដឹកនាំដោយអភិបាលរងខណ្ឌ ព្រំ សំខាន់ បាននាំកម្លាំងប៉ូលីស និងមន្រ្តីកងរាជអាវុធហស្ថប្រដាប់ដោយអាវុធចុះទៅពិនិត្យ មើលការជីកប្រឡាយបង្ហូរទឹកមួយនៅតំបន់បឹងត្របែកកាលពីថ្ងៃចន្ទ័។
លោកឃុត ប៊ុនឋាន អាយុ៦៨ឆ្នាំ ប្រជាពលរដ្ឋរស់នៅតំបន់បឹងត្របែកខាងត្បូង បាននិយាយថា ការជីកប្រឡាយរបស់អាជ្ញាធរខណ្ឌចំការមន បានហ៊ុំពទ័្ឋយកផ្ទៃបឹង ដែលជាកម្មសិទ្ឋរបស់អ្នកស្រុកចំនួនប្រាំភូមិ ដែលពួកគេបានកាន់កាប់តាំងពីឆ្នាំ១៩៨០មកម៉្លេះ។
លោកបានមានប្រសាសន៍ថា អាជ្ញាធរបានគំរាមកំហែងចាប់ខ្លួនប្រជាពលរដ្ឋដែលហ៊ានតវ៉ា ប្រឆាំងនឹងគម្រោងជីកប្រឡាយនេះ។ លោកថ្លែងថា៖
«ប្រឡាយធំរបស់រដ្ឋហ្នឹង គឺបុកទៅស្ថានីយបូមទឹកមានមួយហើយ ប៉ុន្តែគេកាយនេះ គេកាយចូលមកដីប្រជាជនប៉ែកខាងលិចវិញ។ ចូលមកខាងលិច រហូតមកដល់របងថ្មផ្ទះគេហ្នឹង ហើយបុកមកជើង បានន័យថា គេកាយព័ទ្ឋយកដីប្រជាជនក្នុងបឹងទាំងអស់»។
អាជ្ញាធរខណ្ឌចំការមន បានចាប់ផ្តើមស្តាប្រឡាយមេមួយ ដែលមានបណ្តោយប្រវែងប្រមាណ ជាង២០០ម៉ែត្រ និងទទឹងចំនួន១៥ម៉ែត្រ រយៈពេលជាងពីរខែមកហើយ ដើម្បីរំដោះទឹកចេញពីទីក្រុង ភ្នំពេញ ។
លោកអ៊ីន សុខុន អាយុ៥៦ ឆ្នាំ រស់នៅក្នុងភូមិ២ សង្កាត់ផ្សារដើមថ្កូវ បាននិយាយថា គម្រោង ស្តាប្រឡាយរបស់អាជ្ញាធរហាក់បីដូចជាមានអ្វីបិទបាំង ដោយមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលទៅ មើលដីរបស់ខ្លួន។ លោកបន្តថា៖
«ខ្ញុំនៅខាងក្នុងគេទេ ប៉ុន្តែការហ៊ុមព័ទ្ធរបងកំពុងតែកាយ វាព័ទ្ឋដេញប្រជាពលរដ្ឋដែលរស់នៅរួមគ្នាចេញ គេព័ទ្ឋជុំវិញ គេកាយព័ទ្ឋជុំវិញមិនដឹងគេមានគោលបំណអ្វីនៅក្នុងហ្នឹង មិនដឹងដល់ ទៅសួរគេ គេកំណត់ថាជារបស់រដ្ឋ»។
លោកព្រំ សំខាន់ អភិបាលរងខណ្ឌចំការមន ដែលបានដឹកនាំកម្លាំងសមត្ថកិច្ចទៅចុះពិនិត្យ មើលការជីកប្រឡាយកាលពីថ្ងៃច័ន្ទនោះ បានបដិសេធក្នុងការធ្វើអត្ថាធិប្បាយអំពីរឿងនេះដោយបានថ្លែងដូច្នេះថា៖
«ខ្ញុំជាប់រាយការណ៍ឲ្យមេ ចាំបន្តិចទៀតៗណាស់»។
ចំណែកលោកប៉ា សុជាតិវង្ស អភិបាលរងក្រុងភ្នំពេញ បាននិយាយថា លោកកំពុងជាប់រវល់ ហើយលោកបានបង្វែរសំណួរនេះឲ្យទៅសួរមន្រ្តីខណ្ឌចំការមនវិញ។ លោកមានប្រសាសន៍ដូច្នេះថា៖
«យកល្អ ជួបជាមួយខណ្ឌចំការមនជាក់ស្តែងជាង ឥឡូវខ្ញុំនៅឆ្ងាយសេវាស្តាប់មិនសូវបាន»។
ប្រជាពលរដ្ឋរងគ្រោះចំនួន១៨៤គ្រួសារ ដែលរស់នៅក្នុងតំបន់បឹងត្របែកខាងត្បូងនេះ បានព្យាយាមដាក់ពាក្យបណ្តឹងទៅគ្រប់ស្ថាប័ន សមត្ថកិច្ចទាំងអស់ តែរហូតមកដល់ពេលនេះនៅពុំទាន់មានដំណោះស្រាយនៅឡើយ។