អ្នកនិពន្ធ​សៀវភៅ​ថ្មី៖ ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក​ខ្លាំងក្លា​ជាង​ចិន​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​

រូបឯកសារ៖ ទង់ជាតិ​ចិន (ឆ្វេង) និង​ទង់ជាតិ​សហរដ្ឋ​អាមេរិក​ (ស្ដាំ) ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​សម្រាប់​កិច្ចប្រជុំ​មួយ​រវាង​អតីត​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​សហរដ្ឋ​អាមេរិក ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​ចិន​នៅ​ទីក្រុង​ប៉េកាំង ប្រទេសចិន ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។

សហរដ្ឋ​អាមេរិក​មាន​ឥទ្ធិពល​ខ្លាំងក្លា​ជាង​ចិន​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ នេះ​បើ​យោង​តាម​លោក​សាស្ត្រាចារ្យ David Shambaugh ដែល​ទើប​បោះពុម្ភ​សៀវភៅ​ស្រាវជ្រាវ​ថ្មី​មួយ​ក្បាល​ស្តីពី​ឥទ្ធិពល​របស់​អាមេរិកនិង​ចិន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

​លោក Shambaugh គឺ​ជា​សាស្ត្រាចារ្យ​ផ្នែក​សិក្សា​អំពី​តំបន់​អាស៊ី វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ និង​ជា​នាយក​កម្មវិធី​គោលនយោបាយ​ចិន​នៃ​សាលា​កិច្ចការ​អន្តរជាតិ Elliott នៃ​សាកលវិទ្យាល័យ George Washington ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។

សៀវភៅ​ថ្មី​របស់​លោក Shambaughដែល​មាន​ចំណងជើង​ថា “Where Great Powers Meet: America and China in Southeast Asia” ឬ​ជា​ភាសាខ្មែរ «ទី​ដែល​ប្រទេស​មហាអំណាច​ជួប​គ្នា៖ សហរដ្ឋ​អាមេរិក និង​ចិន​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍» ត្រូវ​បាន​បោះពុម្ពផ្សាយ​កាល​ពី​ខែ​កក្កដា ឆ្នាំ២០២០ កន្លង​ទៅ​នេះ។

​លោក Shambaugh បាន​លើក​ឡើង​ថា មាន​ទស្សនៈ​កាន់​តែ​ច្រើន​យល់​ឃើញ​ថា «ចិន​គឺជា​ប្រទេសដែល​មានអំណាច​កាន់​តែ​ខ្លាំងក្លា ហើយ​ថា សហរដ្ឋ​អាមេរិក​គឺ​ជា​ប្រទេស​ដែល​មាន​អំណាច​ចុះ​ខ្សោយ» ប៉ុន្តែ​លោក​មិន​យល់​ឃើញ​ដូច្នេះ​នោះ​ទេ តាមរយៈ​បទពិសោធន៍​របស់​លោក​នៅ​តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​លោក​បាន​ចំណាយពេល​វេលា​ដើម្បី​ចងក្រង​សៀវភៅ​របស់​លោក។ លោក Shambaugh បាន​លើកឡើង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​កម្មវិធី​ពិភាក្សា​តាម​អនឡាញ​មួយ​អំពី​សៀវភៅ​ថ្មី​របស់​លោក​កាល​ពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដែល​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ Stimson នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ ​

លោក Shambaugh បាន​អះអាងក្នុង​សម្ដី​ដើម​យ៉ាង​ដូច្នេះ​ថា៖

«ខ្ញុំ​បាន​រកឃើញ​ផ្ទុយ​ពី​នេះ។ ខ្ញុំ​បាន​រកឃើញ​ថា មាន​ភាព​អន្ទះអន្ទែង ការ​ប្រទាញ​ប្រទង់ និង​ភាព​មន្ទិលសង្ស័យ​អំពី​ប្រទេស​ចិន​នៅ​គ្រប់​ទីកន្លែង»។

លោក ​Shambaugh បាន​ថ្លែង​ទៀត​ថា៖

«ការ​មិនពេញ​ចិត្ត​កើត​មាន​ឡើង​នៅ​រាល់​ប្រទេស​ទាំងអស់​ដែល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​នៅ​ក្នុង​តំបន់​នោះ [អាស៊ីអាគ្នេយ៍]។ ពួកគេ​ទាំងអស់​មាន​អារម្មណ៍​ប្រទាញ​ប្រទង់​ក្នុង​ចិត្ត​នឹង​ប្រទេស​ចិន​។ ខ្ញុំ​មិន​បាន​ឃើញ​ថា ប្រទេស​ណា​មួយ​ដែល​ឱប​ក្រសោប​ប្រទេស​ចិន​នោះ​ទេ»។ ​

ប្រទេស​ចិន​បាន​ពង្រីក​ដែន​ឥទ្ធិពល​ខាង​ផ្នែក​សេដ្ឋកិច្ច​របស់​ខ្លួន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ តាមរយៈ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​ ឬ Belt and Road Initiative ​ដែល​ហៅ​កាត់​ថា​ BRI ដែល​មាន​ទឹក​ប្រាក់ ​១​ លាន​លាន​ដុល្លារ​អាមេរិក និងតាមរយៈ​ការ​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ឬ Asian Infrastructure Investment Bank ដែល​ហៅ​កាត់​ថា​ AIIB កាល​ពី​ឆ្នាំ​ ២០១៣។

លោក ​Shambaugh បាន​មាន​ប្រសាសន៍​ថា៖

«អ្វី​ដែល​ខ្ញុំ​បាន​រកឃើញ​ទាក់ទិន​នឹង​ប្រទេស​ចិន​ នឹង​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​ ​ (BRI) គឺ​ថា ចិន​ងាក​ទៅ​រក​រដ្ឋ​ជា​សមាជិក​តំបន់​អាស៊ីអាគ្នេយ៍មួយ​ចំនួន​ខ្លាំង​ហួសហេតុ​ពេក ហើយ​ទុកចោល​រដ្ឋ​ជា​សមាជិក​មួយ​ចំនួន​ទៀត»។

លោក​បាន​លើកឡើង​ពី​ប្រទេស​កម្ពុជា​យ៉ាង​ដូច្នេះ​ថា៖

«សូម្បី​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​រដ្ឋ​មួយ​ទទួល​ជំនួយ​យ៉ាង​ច្រើន​ពី​ប្រទេស​ចិន មាន​ការ​មិន​សប្បាយ​ចិត្ត​នឹង​កាស៊ីណូ និង​ការ​ទិញ​ដី​នៅ​ពាសពេញ​ខេត្ត​ព្រះសីហនុ​ ដែល​ជា​ការ​បោះ​ទុន​វិនិយោគ​យ៉ាង​ខ្លាំងក្លា​ទៅ​ក្នុង​ប្រទេស​កម្ពុជា។ ដូច្នេះ​រឿង​នេះ​មាន​ប្រតិកម្ម​ចម្រុះ​គ្នា»។

រូបឯកសារ៖ សំណង់​អគារមួយកំពុង​ស្ថិត​នៅក្នុង​ដំណើរការ​សាងសង់​នៅក្នុង​ខេត្តព្រះសីហនុ ដែល​បានក្លាយជា​តំបន់​ដែល​កំពុង​រីក​លូតលាស់​ដោយ​អគារ​ធំតូច​ស្កឹមស្កៃ ស្រប​ពេល​ដែល​មាន​ការ​ហូរ​ចូល​នៃ​ទំហំ​វិនិយោគ​យ៉ាង​គំហុក​របស់ក្រុមហ៊ុនចិន នៅខេត្តព្រះសីហនុ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក​បាន​ថ្លែង​អំពី​ឥទ្ធិពល​របស់​ចិន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដូច្នេះ​ថា៖

«អ្វី​ដែល​ខ្ញុំ​បាន​ហៅ​នៅ​ក្នុង​សៀវភៅ​របស់​ខ្ញុំ​គឺ​ថា ជ័យជម្នះ​របស់​មីយ៉ាន់ម៉ា ដែល​សំដៅ​ទៅ​ដល់​ការ​ព្យួរ​កិច្ចសន្យា​សាងសង់​ទំនប់​វារី​អគ្គិសនី Myistone ដោយ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា និង​ដក​ខ្លួន​ចេញ​ពី​ប្រទេស​ចិន»។

លោក Shambaugh បាន​និយាយ​អំពី​ប្រទេស​ម៉ាឡេស៊ី​យ៉ាង​ដូច្នេះ​ថា៖

«ខ្ញុំ​ហៅ​ ជ័យជម្នះ​របស់​ម៉ាឡេស៊ី គឺ​សំដៅ​ដល់​អ្វី​ដែល​លោក Mahathir [អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី] បានធ្វើ ក្រោយ​ពី​យក​ឈ្នះ​លើ​លោក Nagib នៅ​ក្នុង​ការ​បោះឆ្នោត​នាយករដ្ឋមន្ត្រី។ លោក​បាន​ដក​ម៉ាឡេស៊ី​ចេញ ​បង្កក​រាល់​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​ទាំងអស់ និង​បាន​ចាប់ផ្ដើម​ចរចា​ឡើងវិញ​លើ​គម្រោង​ជាច្រើន [ជាមួយ​ចិន»]។

នៅ​ឆ្នាំ​ ២០១៨ សហរដ្ឋ​អាមេរិក​បាន​បង្កើត​ធនាគារ​អភិវឌ្ឍ​ថ្មី​មួយ​ឈ្មោះ​ថា ​US International Development Finance Corporation ឬ (DFC) ដែល​មាន​ទឹក​ប្រាក់​ចំនួន ​៦០ ​ពាន់​លាន​ដុល្លារ​ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​ខ្លួន ដើម្បី​ប្រកួតប្រជែង​ជាមួយ​ចិន​នៅ​ជុំវិញ​ពិភពលោក។

លោក Shambaugh បាន​និយាយ​អំពី​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​យ៉ាង​ដូច្នេះ​ថា៖

«​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន ឬ​បណ្ដាញ​សង្គម​ក្នុង​តំបន់ មិនបាន​ចុះផ្សាយ​ឬមួយក៏​បាន​ចុះផ្សាយ​អំពី​សកម្មភាព​របស់​ប្រទេស​អាមេរិក តែ​បន្តិចបន្តួច​ប៉ុណ្ណោះ។ ខ្ញុំ​បាន​រកឃើញ​ភស្តុតាង​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មាន​ការ​លំបាកខាង​វិស័យ​ការទូត​សាធារណៈ​យ៉ាង​ធំ​មួយ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដើម្បី​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ឲ្យ​ដឹង​ពី​អ្វី​ដែល​សហរដ្ឋ​អាមេរិក​ធ្វើ​នៅ​ក្នុង​តំបន់​នេះ»។

រូបឯកសារ៖ ក្រុម​មន្ត្រី​ថតរូប​ក្នុង​ពិធី​បើក​សម្ពោធ​សមយុទ្ធ​យោធា Cobra Gold ប្រចាំឆ្នាំ ដែល​រៀបចំ​ឡើង​ដោយ​ប្រទេស​ថៃ និង​សហរដ្ឋ​អាមេរិក នៅក្នុង​ប្រទេសថៃ ពី​ថ្ងៃទី១៤ ដល់​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក​សាស្ត្រាចារ្យ Shambaugh ក៏​បាន​លើកឡើង​ពី​ទំនាក់ទំនង​ខ្លាំងក្លា​ផ្នែក​យោធា​រវាង​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ផង​ដែរ លើក​លែង​តែ​ប្រទេស​កម្ពុជា ​ប្រទេស​ឡាវ និង​មីយ៉ាន់ម៉ា។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖

«មិន​មាន​សេចក្ដីរាយការណ៍​អំពី​ប្រទេស​ទាំង​នេះ​ទេ ជាពិសេស​អំពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី។ ប្រទេស​ទាំង​នេះ​មិន​ចង់​និយាយ​ពី​អ្វី​ដែល​ពួកគេ​ធ្វើ​ជាមួយ​នឹង​យោធា​សហរដ្ឋ​អាមេរិក​ទេ។ ប៉ុន្តែ​ខ្ញុំ​អាច​ប្រាប់​អ្នក​បាន​ថា ពួកគេ​ធ្វើ​រឿង​ច្រើន​ណាស់​ជាមួយ​នឹង​យោធា​សហរដ្ឋ​អាមេរិក ហើយ​ប្រទេស​ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និង​សូម្បី​តែ​ប៊្រុយណេ ដែល​ជា​ប្រទេស​តូចមួយ​ដែល​ខ្ញុំ​បាន​ទៅ​ ក៏​ដូច្នេះ​ដែរ។ ដូច្នេះ​ជំនួយ​ផ្នែក​សន្ដិសុខ អំណាច​ទន់ និង​ការ​ទាក់ទាញ​របស់​សហរដ្ឋ​អាមេរិក នៅ​តែ​ខ្លាំងក្លា​ណាស់​នៅ​ក្នុង​តំបន់​នេះ...»។

​ចំណែក​ឯ​ផ្នែក​ពាណិជ្ជកម្ម​វិញ លោក Shambaugh ​បាន​លើកឡើង​ថា សហរដ្ឋ​អាមេរិក​បាន​វិនិយោគ​យ៉ាង​ខ្លាំងក្លា​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

«ក្រុមហ៊ុន​អាមេរិក​ចំនួន ៤.២០០ កំពុង​វិនិយោគ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ សហរដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ ២០១៨ ​មាន​ទឹកប្រាក់​វិនិយោគ​ចំនួន ៣៥០ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ជាង​នេះ​ទៅ​ទៀត ការ​វិនិយោគ​បរទេស​ដោយ​ផ្ទាល់​របស់​សហរដ្ឋ​អាមេរិក​មាន​ទឹកប្រាក់​ច្រើន​ជាង​ចិន​ចំនួន​ពីរ​ដង ដោយ​សហរដ្ឋ​អាមេរិក​មានទឹកប្រាក់​ចំនួន ២៤,៩ ពាន់​លាន​ដុល្លារ ចំណែក​ឯ​ចិន​វិញ​មាន​ត្រឹមតែ ១២,៩ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​នៅ​ក្នុង​តំបន់​នេះ​កាល​ពី​ឆ្នាំ២០២១៨»។

លោក Shambaugh បាន​ថ្លែង​ថា៖

«ទំហំ​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក​មាន​វិសាលភាព​ធំធេង​ណាស់​នៅ​ក្នុង​តំបន់​នេះ[អាស៊ីអាគ្នេយ៍] ប៉ុន្តែ​មិន​ត្រូវ​បាន​គេ​រាយការណ៍​នោះ​ទេ។ ហេតុដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ​ថា សហរដ្ឋ​អាមេរិក​គឺ​ជា​មហាអំណាច​ដែល​ត្រូវ​បាន​គេ​មើល​រំលង»៕