រូបភាព​ជុំ​វិញ​ពិភពលោក ២៤ សីហា ២០១៨

រូបថត​​ដែល​ថត​ពី​លើ​អាកាស​ បង្ហាញ​ទិដ្ឋភាព​នៃ​ឆ្នេរ​ Wucaitan ឬ​​គេ​ហៅ​ម្យ៉ាង​ទៀត​ថា ឆ្នេរ​ឥន្ទធនូ នៅ​ស្រុក Burqin ក្នុង​តំបន់ Xinjiang ប្រទេស​ចិន។

ក្មេង​​ប្រុស​ជន​ជាតិ​ភាគតិច Maasai កំពុង​ខាំ​បេះដូង​គោ​ ក្នុង​ពិធី​មួយ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ពេល​ពួក​គេ​ឈានដល់​វ័យ​បន្ទាប់ នៅ​ស្រុក Kajiado ប្រទេស​កេនយ៉ា។

តារា​សម្តែង​ជន​ជាតិ​បារាំង Vincent Cassel (ឆ្វេង) និង​តារា​បង្ហាញ​ម៉ូដ​ជន​ជា​តិ​បារាំង​ដូច​គ្នា Tina Kunakey កំពុង​ចាក​ចេញ​ពី​ពិធី​អាពាហ៍ពិពាហ៍​របស់​ពួក​គេ នៅ​​សាលា​ក្រុង Bidart នៅភាគ​និរតី​នៃ​ប្រទេស​បារាំង។

ជន​ជាតិ​ប៉ាឡេស្ទីន​ប្រឡាក់​ខ្លួន​ពួក​គេ​ទៅ​ដោយ​ភក់​ នៅ​ក្បែរ​ច្រាំង​សមុទ្រ Dead Sea នៅ​ក្នុង​តំបន់​ West Bank នៅ​ខាង​ត្បូង​ទីក្រុង​ Jericho របស់​ប៉ាឡេស្ទីន ក្នុង​ថ្ងៃ​បុណ្យ Eid al-Adha។

បង​ប្អូន​ដែល​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ថ្មីកំពុង​ឈរ​នៅ​ជិត​ទោង នៅ​កន្លែង​ក្មេង​លេង​មួយ​ក្នុង​សហគមន៍​​អ្នក​មាន​ប្រាក់​ចំណូល​តិច នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​បុណ្យ Eid al-Adha ក្នុង​ទីក្រុង​ការ៉ាជី ប្រទេស​ប៉ាគីស្ថាន។

រូបភាព​ផ្គុំ​បញ្ចូល​គ្នា​នៃ​ក្មេង​ស្រី​ជន​ជាតិ​រ៉ូហ៊ីងយ៉ា ដែល​ថត​ជាមួយ​នឹង​សម្លៀក​បំពាក់​ថ្មីៗ​របស់ពួក​គេ​ក្នុង​​ថ្ងៃ​បុណ្យ Eid al-Adha នៅ​ជំរំ​ជនភៀស​ខ្លួន Balukhali ក្នុង​ស្រុក Ukhia ក្បែរ​ក្រុង Cox's Bazar។ អ្នក​កាន់​សាសនា​ឥស្លាម​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ជិត​មួយ​លាន​នាក់​ បាន​ប្រារព្ធ​ពិធី​បុណ្យ​ Eid al-Adha កាល​ពី​ថ្ងៃទី​២២ ខែ​សីហា នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ធំ​ជាង​គេ​នៅ​លើ​ពិភព​លោក មួយ​ឆ្នាំ​បន្ទាប់​ពី​មាន​ការ​បង្ក្រាប​​នៅ​ប្រទេស​ភូមា ដែល​ធ្វើ​ឲ្យ​ចំនួន​ជន​ភៀស​ខ្លួន​កើន​ឡើង​ក្នុង​ចំនួន​ច្រើន​ដូច​នេះ។

បុរស​​ម្នាក់​កំពុង​ដើរ​កាត់​ផ្លូវ​ជន់​លិច​ជាមួយ​នឹង​ជ្រូក​២​ក្បាល បន្ទាប់​ពី​មាន​ព្យុះ​ទីហ្វុង Rumbia នៅ​ភូមិ​​មួយ ក្នុង​ក្រុង Shouguang ខេត្ត Shandong ប្រទេស​ចិន។

តារា​សម្តែង​​ភាពយន្ត​បូលីវូដ Sushmita Sen កំពុង​ដើរ​​នៅ​លើ​កម្រាល​ដើម្បី​បង្ហាញ​ស្នាដៃ​នៃ​អ្នក​ច្នៃ​ម៉ូដ Sunita Shanker ក្នុង​ការ​បង្ហាញ​ម៉ូដ​រដូវ​រងា​ឆ្នាំ ២០១៨ ក្នុង​ទីក្រុង​ Mumbai ប្រទេស​ឥណ្ឌា។