រូប​ភាព​ជុំវិញ​ពិភពលោក​ ២​ សីហា ២០១៥

ស្រមោល​នៃ​ស្ថានីយ​អវកាស​អន្តរជាតិ​ ត្រូវ​បាន​គេ​ឃើញ​ហោះ​កាត់​ឋាន​ព្រះចន្ទ​ ខណៈ​យាន​ដែល​ផ្ទុក​សមាជិក​៦​នាក់​នោះ​ បាន​ហោះ​កាត់​ក្នុង​ល្បឿន​៥​ម៉ាលយ៍​ក្នុង​មួយ​វិនាទី​ មើល​ពី​​តំបន់​ Woodford រដ្ឋ​ Virginia​ សហរដ្ឋ​អាមេរិក។​

ស្ថានីយ​អវកាស​អន្តរជាតិ​ ត្រូវ​បាន​ឃើញ​នៅ​ក្នុង​រូបថត​មួយ​សន្លឹក​​ដែល​ប្រើ​បច្ចេកទេស​ថតរូប​ក្នុងរយៈពេល​ ៣០​វិនាទី ខណៈ​យាន​នេះ​បាន​ហោះ​កាត់​តំបន់​ទី​ប្រជុំ​ជន​ Elkton រដ្ឋ Virginia សហរដ្ឋ​អាមេរិក​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១​ ខែ​សីហា​ ឆ្នាំ​២០១៥។​ (រូប​ថត​ផ្តល់​ដោយ ៖ NASA/Bill Ingalls)

រូប​ថត​ពី​លើ​អាកាស​បង្ហាញ​ពី​ទឹក​ជំនន់​លិច​ផ្ទះ​និង​ដំណាំ​ជាច្រើន​នៅ​តំបន់​ប្រជុំ​ជន​ Kalay តំបន់​ Sagaing ភាគ​ខាង​លើ​នៃ​ប្រទេស​មីយ៉ាន់ម៉ា​។ ចំនួន​មនុស្ស​ស្លាប់​ត្រូវ​គេ​រំពឹង​ទុក​ថា​នឹង​កើន​ឡើង​ ដោយ​សារ​ទឹក​ជំនន់​ដ៏​គំហុក​និង​ការ​រអិល​បាក់​ដី ​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ នេះ​បើ​យោង​តាម​ការ​​​រំឭក​​ដាស់តឿន​របស់​​អ.ស.ប. ខណៈ​ពេល​ដែល​ភ្លៀង​មូសុង​បាន​​នាំ​ទុក្ខ​វេទនា​ទៅ​កាន់​មនុស្ស​រាប់​ពាន់​នាក់​នៅ​ទូទាំង​តំបន់​។

បាតុករ​ពាក់​អាវ​ទ្រនាប់​នៅ​ក្នុង​បាតុកម្ម​មួយ​ នៅ​ខាង​ក្រៅ​ទីស្នាក់ការ​ប៉ូលីស​ក្នុង​ទីក្រុង​ហុងកុង។ បាតុករ​បាន​ផ្តុំ​គ្នា​ ដើម្បី​គាំទ្រ​ស្រ្តី​ម្នាក់​ដែល​ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៣​ខែ​កន្លះ​ ដោយសារ​ប្រើ​ប្រាស់​ដើម​ទ្រូង​របស់​នាង​បុក​នឹង​ប៉ូលីស​ក្នុង​ពេល​បាតុកម្ម​មួយ។​

អ្នក​ពន្លត់​អគ្គីភ័យ​ដើរ​នៅ​លើ​ផ្លូវ​ហាយវ៉េ​លេខ​២០​ ខណៈ​ដែល​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ភ្នំ​ Rocky នៅ​ក្បែរ​បឹង​ Clear Lake ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​ សហរដ្ឋ​អាមេរិក។ ភ្លើង​ឆេះ​ព្រៃ​បាន​ធ្វើ​ឲ្យ​ឆេះ​ខ្លោច​ដើមឈើ​អស់​២៧.០០០​ហិចតា​ ហើយ​បច្ចុប្បន្ន​ព្រៃ​ឈើ​ដែល​នៅ​សល់​មាន​តែ​៥​ភាគរយ​ប៉ុណ្ណោះ​ក្នុង​តំបន់​នោះ។

អ្នក​បង្ហោះ​ម៉ូតូ​ជន​ជាតិ​អេស្ប៉ាញ​ លោក​​ Maikel Melero បង្ហាញ​ការបង្ហោះ​ម៉ូតូ​នៅ​ក្នុង​កម្មវិធី​បង្ហោះ​ម៉ូតូ​សេរី​ (Malaga Freestyle Motocross show) ​នៅ​ឯ​វាល​ប្រកួត​ Malagueta ក្នុង​ទីក្រុង​ Malaga ភាគ​ខាង​ត្បូង​ប្រទេស​អេស្ប៉ាញ​ កាល​ពី​ថ្ងៃ​ទី​១​ ខែ​សីហា​ ឆ្នាំ​២០១៥។

មនុស្ស​ជា​ច្រើន​បាន​ចូល​លេង​នៅ​សួន​ទឹក​មួយ​ក្នុង​ទីក្រុង​ Nanjing ខេត្ត​ Jiangsu ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​ទី​១​ ខែ​សីហា​ ឆ្នាំ​២០១៥។​ 

រូប​ភាព​ផ្គុំ​គ្នា​បង្ហាញ​ពី​ការចុះ​ចត​យ៉ាង​លំបាក​នៃ​ឧទ្ធម្ភាគចក្រ Mi-28M របស់​​កង​ប៉ូលីស​ពិសេស​ Berkut (ក្រុម​ឥន្ទ្រីយ​ពិសេស)​ ក្នុង​អំឡុង​ពេល​ប្រកួត​យោធា​អាកាស​​ នៅ​កន្លែង​ហាត់​បាញ់ ​Dubrovichi ក្នុង​តំបន់​ Ryazan ប្រទេស​រុស្ស៊ី។ ម៉ាស៊ីន​ខាង​ក្រោយ​នៃ​ឧទ្ធម្ភាគចក្រ​នោះ​បាន​ឈប់​ដំណើរ​ការ​ហើយ​បាន​ធ្លាក់​ចុះ ដោយ​ធ្វើ​ឲ្យ​អ្នក​បើក​ឧទ្ធម្ភាគចក្រ​ម្នាក់​បាន​ស្លាប់​ ក្នុង​ចំណោម​អ្នក​បើកបរ​ទាំង​ពីរ​ នេះ​បើ​យោង​តាម​អ្នក​ថត​រូប​នៃ​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters​ និង​មន្រ្តី​នាំ​ពាក្យ​នៃ​ការប្រកួត​នេះ។

រូបថត​បញ្ចូល​គ្នា​២​សន្លឹក​បង្ហាញ​ពី​ សិល្បករ​អាល្លឺម៉ង់​ម្នាក់​តោង​កុងតឺន័រ​មួយ​ នៅ​ក្នុង​ការសម្តែង​ «Tarzan/Standbein (Tarzan/ជើង​ទម្រ​)» នៅ​ក្នុង​ពិធី​ពិព័រណ៌​បើក​ចំហ​ក្រៅអគារ​មួយ​ឈ្មោះ​ថា​ «ទីក្រុង​គឺ​ជា​តារា,​ សិល្បៈ​នៅ​ឯ​ការដ្ឋាន​សំណង់ (The city is the star, Art at the construction site ក្នុង​ទីក្រុង​​Karlsruhe ភាគ​និរតី​ ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី​១​ ខែ​សីហា​ ឆ្នាំ​២០១៥។

 

កម្អែល​​នៃ​ភ្នំ​ភ្លើង​ Piton de la Fournaise កំពុង​ផុស​ឡើង​​។ ​ភ្នំភ្លើង​នេះ​ស្ថិត​នៅ​​ចំណោម​ភ្នំ​ភ្លើង​សកម្ម​ជាង​គេ​លើ​កោះ​ដែល​គ្រប់​គ្រង​ដោយ​ប្រទេស​​បារាំង​ឈ្មោះ​​ Reunion ក្នុង​មហាសមុទ្រ​ឥណ្ឌា​ កាល​ពី​ថ្ងៃ​ពី​ថ្ងៃ​ទី​១​ ខែ​សីហា​ ឆ្នាំ​២០១៥។​ 

សត្វ​ឆ្កែ​ពូជ​ American Eskimo​ ឈ្មោះ​ Ziggy ផ្ទប់​ខ្លួន​នឹង​រលក​ នៅ​ក្នុង​ការប្រកួត​ជិះ​ក្តារ​រំអិល​លើ​ទឹក​ដោយ​​សត្វ​ឆ្កែ​ប្រចាំ​ឆ្នាំ​លើក​ទី​១០​ រៀបចំដោយ​​ក្រុមហ៊ុន Pecto Unleashed នៅ​ឯ​ឆ្នេរ​សមុទ្រ​ Imperial Beach ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃ​ទី១​ ខែ​សីហា​ ឆ្នាំ​២០១៥។​

រូប​ភាព​នៃ​សត្វ​តោ​ឈ្មោះ​ Cecil ត្រូវ​បាន​បញ្ចាំង​នៅ​លើ​អគារ​ Empire State Building ជា​ផ្នែក​មួយ​នៃ​ការបញ្ចាំង​រូបភាព​សត្វ​ជិត​ផុត​ពូជ​ ដើម្បី​បង្កើន​ការយល់​ដឹង​អំពី​បញ្ហា​នេះ​ នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​ កាល​ពី​ថ្ងៃ​ទី​១​ ខែ​សីហា​ ឆ្នាំ​២០១៥។​ ​​

អ្នក​បង្ហាញ​ម៉ូត​ម្នាក់​បង្ហាញ​ស្នាដៃ​ច្នៃ​ប្រឌិត​ដោយ​សិល្បករ Anita Zmurko-Sieradzka នៅ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូត​​ «Fashionable East - Fashion Week» នៅ​ក្នុង​ទីក្រុង​ Bialystok ភាគ​ខាង​កើត​នៃ​ប្រទេស​ប៉ូឡូញ​ កាល​ពី​ថ្ងៃ​ទី​១​ ខែ​សីហា​ ឆ្នាំ​២០១៥។