តំបន់​ជនបទ​នៃ​ក្រុង Atlanta ដែលកើន​ឡើងភាព​ចម្រុះ​ជាតិ​សាសន៍អាច​សម្រេច​ការត្រួតត្រា​ព្រឹទ្ធសភា​​អាមេរិក

រូបឯកសារ៖ អ្នកបោះឆ្នោតម្នាក់ដែលមានពាក់ម៉ាស់កំពុងបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ នៅក្នុងសង្កាត់ Gwinnett នៅទីក្រុង Atlanta រដ្ឋ Georgia កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។

សង្កាត់ Gwinnett ស្ថិត​នៅ​ចម្ងាយ​ ១៦ ​គីឡូម៉ែត្រ​ភាគ​ឦសាន​ទីក្រុង Atlanta ហើយ​ជា​សង្កាត់​មួយ​ដែល​មាន​ពលរដ្ឋ​ច្រើន​បំផុត​មួយ​ស្ថិត​នៅ​ជាយ​ទីក្រុងដ៍​ធំ​បង្អស់​របស់​រដ្ឋ Georgia នេះ។ កាលពី​ខែ​វិច្ឆិកា​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ បាន​ឈ្នះ​ដោយ​ទទួល​សន្លឹក​ឆ្នោត ៥៨ ​ភាគរយ​ នៅ​ក្នុង​សង្កាត់​នោះ ដែល​ជួយ​ធ្វើ​ឲ្យ​បាន​ឈ្នះ​ស្តួច​ស្តើងបំផុត​នៅ​ក្នុង​រដ្ឋ Georgia ទាំង​មូល។​

ទោះជាយ៉ាងណាក៏ដោយ កាលពី ៣០ ឆ្នាំមុន សង្កាត់ Gwinnett នៃរដ្ឋ Georgia នេះសឹងតែជនបទសុទ្ធសាធ ហើយជាទីតាំងរឹងមាំនិងត្រួតត្រាដោយគណបក្សសាធារណរដ្ឋជាយូរយារមកហើយ។

លោក Nick Masino ជាប្រធាននិងអគ្គនាយកសភាពាណិជ្ជកម្មសង្កាត់ Gwinnett បានប្រាប់ VOA ថា «ទីក្រុង Atlanta មានពលរដ្ឋភាគច្រើនជាជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកហើយបានបោះឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យ។ ក៏ប៉ុន្តែកាលពីអតីតកាលតំបន់ជាយក្រុងជុំវិញទីក្រុង Atlanta ដូចជាផ្នែកផ្សេងទៀតនៃរដ្ឋ Georgia ដែរ ភាគច្រើនជាពលរដ្ឋស្បែកសបោះឆ្នោតឲ្យគណបក្សសាធារណរដ្ឋផ្តាច់មុខ។ ក៏ប៉ុន្តែពេលនេះវាមិនដូចកាលពីពេលមុនទៀតទេ»។

រយ:ពេល ២ ខែបន្ទាប់ពីការប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលគេបានឃើញលោក Biden បានក្លាយជាអ្នកគណបក្សប្រជាធិបតេយ្យទី២ ដែលបានឈ្នះឆ្នោតនៅរដ្ឋ Georgia ចាប់តាំងពីឆ្នាំ ១៩៨០ មកនោះ រដ្ឋនេះនៅតែស្ថិតនៅក្នុងការផ្តោតយកចិត្តទុកដាក់ខាងនយោបាយ នៅពេលដែលពួកអ្នកបោះឆ្នោតត្រឡប់ទៅកាន់មណ្ឌលបោះឆ្នោត នៅថ្ងៃទី៥ ខែមករាដើម្បីសម្រេចការប្រកួតប្រជែងការបោះឆ្នោតទាំង ២ ដែលនឹងកំណត់ថាតើគណបក្សនយោបាយណាត្រួតត្រាព្រឹទ្ធសភាសហរដ្ឋអាមេរិកនោះ។

សមត្ថភាពរបស់លោក Biden ដើម្បីជំរុញរបៀបវារៈសភារបស់លោកអាចស្ថិតក្នុងភាពមិនទៀងទាត់។

Your browser doesn’t support HTML5

តំបន់ជនបទនៃក្រុង Atlanta ដែលកើនឡើងភាពចម្រុះជាតិសាសន៍អាចសម្រេចការត្រួតត្រាព្រឹទ្ធសភាអាមេរិក


សមាជិក​ព្រឹទ្ធសភា​ ២ រូប​ខាង​គណបក្ស​សាធារណរដ្ឋ​គឺ​លោក David Perdue និង​លោក​ស្រី Kelly Loeffler កំពុង​ព្យាយាម​ការពារ​ដ៏​ស្វិតស្វាញ​ទប់ទុល​នឹង​គូប្រជែង​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ ដែល​បាន​ទទួល​បាន​ថវិកា​ដ៏ច្រើន​គឺលោក Jon Ossoff និង​អាចារ្យ Raphael Warnock នៅ​ក្នុង​ការបោះឆ្នោត ​ដែល​គេ​បាន​មើលឃើញ​ថា បាន​ចំណាយ​ប្រាក់​ជាង ​៥ រយ​លាន​ដុល្លារ​រួច​ហើយ។

ប្រសិនបើគណបក្ស​ប្រជាធិបតេយ្យ​កាន់កាប់​អាសនៈ​ទាំង​ ២ ​នេះ​ ព្រឹទ្ធសភា​នឹង​ត្រូវ​បែងចែក ​៥០ ​ទល់​នឹង ​៥០​ រវាង​គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ។ ក៏ប៉ុន្តែ អនុ​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក​ស្រី Kamala Harris ​នឹង​បំបែក​ភាព​ស្មើ​គ្នា​នេះ ដោយ​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ។ ប្រសិនបើលោក Perdue និង​លោក​ស្រី Loeffler មួយ​ណា​ឈ្នះ​ ឬ​ឈ្នះ​ទាំង ២ ​ពួក​គណបក្ស​សាធារណរដ្ឋ​ នឹង​រក្សា​ការត្រួតត្រា​នៅ​ព្រឹទ្ធសភា​ដដែល។

ក៏ប៉ុន្តែ​ក្រៅពី​មាន​ការចាប់​អារម្មណ៍មិន​ធម្មតា​ទៅលើ​រដ្ឋ​នោះ​រួមទាំង​ពិធី​យុទ្ធនាការ​ប្រកួត​ប្រជែង​ដែល​មាន​ការចូលរួម​ដោយ​ប្រធានាធិបតី​ Donald Trump និង​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក ​Joe Biden ​និង​ឥស្សរជន​ល្បីៗ​ជាច្រើន​ទៀត​ នៅ​មាន​ចំណាប់​អារម្មណ៍​ច្រើន​ទៀត​អំពី​រដ្ឋ Georgia និង​អង្គបោះឆ្នោតរបស់​រដ្ឋ​នោះ ដែល​អ្នកក្រៅ​ប្រហែល​មិន​បាន​ដឹង។

លោក Masino បាន​និយាយ​ទៀត​ថា៖ «យើងដឹង​ថា​មាន​មនុស្ស​ជាច្រើន​នៅ​ទូទាំង​ពិភពលោ ក​កំពុង​មើល​យើង​នៅពេល​ឥឡូវ​នេះ។ ក៏ប៉ុន្តែ ខ្ញុំ​មិន​គិត​ថា ពលរដ្ឋ​ដឹង​អំពី​អ្វី​ដែល​បន្ត​កើត​មាន​ឡើង​នៅ​ទី​នេះ​ទេ។ យើងបាន​រីក​លូតលាស់​យ៉ាង​ឆាប់រហ័ស​ជាង​បីបួន​ទសវត្សរ៍​ចុង​ក្រោយ​នេះ នេះ​មិន​មែន​ជា​ប្រជាពលរដ្ឋ​ Georgia ដែល​គិត​ថា ពួកគេ​បាន​ដឹង​ទៀត​ទេ។ យើងមានភាព​ចម្រុះ​ជាតិ​សាសន៍​យ៉ាង​ខ្លាំង មិន​មាន​ទីកន្លែង​ជាច្រើន​នៅ​ក្នុង​ពិភព លោក​ដូច​នេះ​ទេ ហើយ​ការណ៍​នេះ​អាច​មាន​ផលប៉ះពាល់​យ៉ាង​ខ្លាំង​លើ​ការបោះឆ្នោត​នេះ»។

អ្នកស្រី Kelly Loeffler សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Georgia ខាងគណបក្សសាធារណរដ្ឋ ថ្លែងទៅកាន់អ្នកគាំទ្រក្នុងយុទ្ធនាការស្វែងរកសំឡេងគាំទ្រ នៅទីក្រុង Marietta រដ្ឋ Georgia កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

លោក David Perdue សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Georgia ខាងគណបក្សសាធារណរដ្ឋ ថ្លែងទៅកាន់អ្នកគាំទ្រក្នុងយុទ្ធនាការស្វែងរកសំឡេងគាំទ្រ នៅទីក្រុង Milton រដ្ឋ Georgia កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។


ការផ្លាស់ប្តូរ​នយោបាយ

នៅ​ប៉ុន្មាន​គីឡូម៉ែត្រ​ភាគ​ខាង​លិច​សង្កាត់ Gwinnett គឺ​សង្កាត់ Cobb ដែល​ជា​ក្រុង​មួយ​ទៀត​ស្ថិត​នៅ​ជាយទីក្រុង Atlanta។

ប្រជាពលរដ្ឋ​របស់​សង្កាត់​នោះ ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ជាង​ ៧ សែន ​៦ ម៉ឺន​នាក់​នៅ​ឆ្នាំ​ ២០១៩ មាន​ការកើន​ឡើង​ជាង​ ២ ដង​ ចាប់តាំង​ពី​ឆ្នាំ ​១៩៩០ ​មក ហើយ​ដូចជា​ផ្នែក​ផ្សេង​ៗ​ទៀត​ នៅ​ជាយ​ក្រុង Atlanta ដែរ​សង្កាត់​នេះ បាន​ផ្លាស់ប្តូរ​ដែល​មិន​នឹក​ស្រមៃ​ដល់​កាលពី​ ១៥ ​ឆ្នាំ​មុន។

បណ្ឌិត Andrew Pieper ជា​សាស្ត្រាចារ្យ​ជំនួយខាង​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យា​ល័យ​រដ្ឋ Kennesaw បាន​ប្រាប់ VOA ថា៖ «នៅពេល​ដែល​ខ្ញុំ បាន​រើ​ទីលំនៅ​មក​កាន់​សង្កាត់ Cobb មុន​ដំបូង​នៅ​ឆ្នាំ​ ២០១៧ សង្កាត់​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថាជា​ទីកន្លែង​របស់​ពួក​សាធារណរដ្ឋ​អភិរក្ស​និយម»។

ការផ្លាស់ប្តូរ​ខាង​នយោបាយ អាច​ត្រូវ​បាន​គេ​ឃើញ ​ដោយ​ពិនិត្យ​មើលតំបន់​ជាយ​ក្រុង ​Atlanta ដែល​បាន​បោះឆ្នោត​ប្រធានាធិបតី​ជាង​ ២ ទសវត្សរ៍​ចុងក្រោយ​នេះ។ នៅ​ឆ្នាំ២០០៤​ ប្រធានាធិបតីកាន់​តំណែង​ខាងគណបក្ស​សាធារណរដ្ឋ​លោក​ George Bush បាន​ផ្តួល​លោក John Kerry គូ​ប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដោយសំឡេង​ ៣២​ ភាគរយនៅ​ក្នុង​សង្កាត់ Gwinnett។

៨ ឆ្នាំ​ក្រោយ​មក ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Barack Obama បាន​កម្រិត​ការមាន​ប្រៀប​របស់​គូ​ប្រជែង​ខាង​គណបក្ស​សាធារណរដ្ឋ​របស់​លោក​ធ្លាក់មក​នៅ​ត្រឹមតែ​ជាង​ ៩ ភាគរយ ។

ក្នុង​ឆ្នាំ​ ២០១៦​ លោក​ស្រី Hillary Clinton បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ផ្តួល​លោក Trump ដោយសំឡេង​ឆ្នោត​ជិត​ ៦ ភាគ​រយនៅ​ក្នុង​សង្កាត់ Gwinnett ទោះ​យ៉ាង​នោះ​ក៏ដោយ​លោក Trump​ បាន​ឈ្នះ​នៅ​រដ្ឋ Georgia​ ទាំង​មូល​ដោយ​សំឡេងឆ្នោត ​៥ ភាគរយ។

កាល​ពី​ខែ​វិច្ឆិកា​កន្លង​មក​នេះ ​លោក Biden បាន​ផ្តួល​លោក​ Trump ដោយ​បាន​ឈ្នះ​សំឡេង​ឆ្នោត​ ១៨ ​ភាគ​រយ​នៅ​ក្នុង​សង្កាត់​នោះ ហើយ​បាន​ឈ្នះ​នៅ​រដ្ឋ Georgia ទាំង​មូល ​តិចជាង​ ១ ម៉ឺន​ ២ ពាន់​សន្លឹក។ មុននោះ ​លោក Bill Clinton ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ចុងក្រោយ ​ឈ្នះ​ការប្រកួត​ប្រជែង​ការបោះ​ឆ្នោត​ប្រធានា​ធិបតី​នៅ​ក្នុង​រដ្ឋ Georgia នៅ​ឆ្នាំ ​១៩៩២។

វា​មាន​ភាព​ប្រហាក់​ប្រហែលគ្នា​នៅ​ក្នុង​សង្កាត់ Cobb និង​ទូទាំង​តំបន់​ជាយ​ក្រុង Atlanta ។ ក៏ប៉ុន្តែ តើ​មូលហេតុ​អ្វី​ដែល​បណ្តាល​ឲ្យ​មាន​ការផ្លាស់​ប្តូរ​នេះ។ ចម្លើយ​អាច​ត្រូវ​បាន​គេ​រកឃើញ​ដោយ​ការ​ពិនិត្យ​មើល​ការផ្លាស់​ប្តូរ​ប្រជាសាស្ត្រ​របស់​តំបន់​នោះ។​

លោក Jon Ossoff បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យសម្រាប់តំណែងព្រឹទ្ធសភាប្រចាំរដ្ឋ Georgia ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Atlanta កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។

អាចារ្យ Raphael Warnock បេក្ខជនខាងគណបក្សប្រជាធិបតេយ្យសម្រាប់តំណែងព្រឹទ្ធសភាប្រចាំរដ្ឋ Georgia ថ្លែងនៅក្នុងយុទ្ធនាការរកសំឡេងគាំទ្រ នៅទីក្រុង Columbus រដ្ឋ Georgia កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។

បដិវត្តិន៍​នៃ​ប្រជា​សាស្ត្រ

រដ្ឋ Georgia នៅពេល​សព្វថ្ងៃ​នេះ មាន​លក្ខណៈតិចតួច​ដូចជា​រដ្ឋ​ដែល​រក្សា​ប្រព័ន្ធ​ច្បាប់​ការរើស​អើង​ពូជសាសន៍​អស់​រយៈពេល​មួយ​សតវត្សរ៍​ ក្រោយ​សង្គ្រាម​ស៊ីវិល​សហរដ្ឋ​អាមេរិក។ ក៏ប៉ុន្តែ ពលរដ្ឋក្នុងរដ្ឋនេះដឹង​ថា កិត្តិសព្ទ​នេះ បាន​ផ្លាស់ប្តូរ​អស់​ហើយ។

លោក Masino បាន​និយាយ​ទៀត​ថា៖ « ពលរដ្ឋ​គិត​ថា យើង​ជា​អ្នក​ប្រកាន់​ពូជ​សាសន៍​ ក៏ប៉ុន្តែ​នេះ​មិន​មែន​ជាការ​ពិត​ទេ។ យើង​ទាំង​អស់​គ្នា​នៅ​ក្នុង​តំបន់​ទីក្រុង​ Atlanta រស់​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍ចម្រុះ​ជារៀង​រាល់​ថ្ងៃ។ យើង​ទៅ​វិហារ​គ្រិស្ត​សាសនា​ជាមួយគ្នា ទៅ​សាលា​រៀន​ជាមួយ​គ្នា​ហើយ​និងទៅ​ធ្វើ​ការ​ជាមួយ​គ្នា។ អ្វី​ៗ​មាន​លក្ខណៈ​ខុសប្លែក​ជាង​ពួក​គេ​ធ្លាប់​ជួប​ប្រទះ​ កាលពីពេល​មុន ហើយ​ខ្ញុំ​គិត​ថា ពួក​យើង​ភាគ​ច្រើន​ពិតជា​ផ្តល់​តម្លៃ​ដល់​ភាព​ចម្រុះ​ជាតិ​សាសន៍​នេះ»។

តាម​លោក Masino និង​មនុស្ស​ផ្សេង​ទៀត​ថា មាន​ការផ្លាស់ប្តូរ​យ៉ាង​លឿន​នៅពេល​ដែល​ទីក្រុង Atlanta បាន​ប្រុងប្រៀប​ធ្វើ​ជាម្ចាស់ផ្ទះ​រៀបចំ​កីឡា​អូឡាំពិក​ នៅ​ឆ្នាំ ​១៩៩៦។ រដ្ឋ Georgia បាន​ខិតខំ​ធ្វើការ​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​អន្តរជាតិ ហើយ​ការខំ​ប្រឹងប្រែង​នេះ បាន​ទទួល​លទ្ធផល​នៅពេល​ដែល​មាន​ក្រុមហ៊ុន​ពិភពលោក​ចំនួន ​៣ ពាន់​នៅ​ក្នុង​រដ្ឋ​ ​Georgia​ សព្វថ្ងៃ​នេះ។

លោក Masino បាន​ពន្យល់​ថា៖ «ក្រុម​គ្រួសារ​អន្តោប្រវេសន៍​បាន​ចាប់ផ្តើម​កត់​សម្គាល់​ថា មនុស្ស​មកពី​ប្រទេស​កំណើត​របស់​ពួកគេ បាន​រើ​ទី​លំនៅ​មកកាន់​តំបន់​ជាយ​ក្រុង ​Atlanta ហើយ​ថា ពួកគេ​បាន​ទទួល​ការ​ស្វាគមន៍​នៅ​ទីនេះ ហើយ​មាន​ការងារ​គ្រប់​គ្រាន់​ ហើយ​ថា​ប្រព័ន្ធ​សាលា​រៀន​ក៏​ល្អ។ ដូច្នេះ​មនុស្ស​កាន់តែ​ច្រើន​ឡើង​បាន​ចាប់ផ្តើម​មក​ទី​នេះ»។

តំបន់​ទីក្រុង Atlantaសព្វថ្ងៃ​នេះ មាន​ជន​អន្តោប្រវេសន៍​កូរ៉េ​ ៥ ម៉ឺន ​១ ពាន់​នាក់ និង​មនុស្ស​ ៤ ម៉ឺន ​៤ ពាន់​នាក់​ មក​ពី​ប្រទេស​វៀតណាម។ ជនអន្តោប្រវេសន៍​មកពី​ឥណ្ឌា​ និង​ប៉ាគីស្ថាន ​មាន​ចំនួន​ ៣ ម៉ឺន ​១ ពាន់​នាក់ ខណៈដែល​អ្នក​ស្រុក​តំបន់​ទីក្រុង ​Atlanta ចំនួន ​១ ម៉ឺន ​៣ ពាន់ ​៥ រយ​នាក់​មក ពី​ប្រទេស​ចិន។

លោក Masino បាន​និយាយ​ទៀត​ថា៖ «ការគិត​ពី​តំបន់​ក្រុង Atlanta របស់​យើង​ ថា​ជាតំបន់​សុទ្ធតែជន​ស្បែក​ខ្មៅ​និង​ស្បែកស​នោះ ​វាប្រហែល​ជា​ការពិត​កាលពី ​៣០ ឆ្នាំ​មុន ក៏ប៉ុន្តែ វាលែង​មាន​ដូច​នេះ​ទៀត​ហើយ។ យើងមាន​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​កូរ៉េ​ធំជាងគេ​បំផុត​លំដាប់​ទី ៤ ​នៅ​ក្នុង​តំបន់​អាមេរិក​ខាង​ជើង»។

តាម​សភា​ពាណិជ្ជកម្ម​សង្កាត់ Gwitnnett បាន​ប្រាប់​ឲ្យ​ដឹង​ថា​សង្កាត់ Gwinnett ដែល​មាន​ជនជាតិ​ស្បែកស​៩០ភាគរយ​កាលពី​ឆ្នាំ​ ១៩៩០​ សព្វថ្ងៃ​នេះមាន​តែ​ជនជាតិ​ស្បែកស​តែ​ចំនួន​ ៣០ ភាគរយ​ប៉ុណ្ណោះ​ ហើយ​ចំនួនពលរដ្ឋភាគ​ច្រើន​ក្នុង​សង្កាត់នេះ​ គឺកើត​ចេញពី​ជនជាតិ​ភាគ​តិច​ជាច្រើន​ ដូចជា​ជនជាតិ​ស្បែក​ខ្មៅ ​ចំនួន​ ៣២​ ភាគរយ​ Hispanic​ ចំនួន​ ២៦ ភាគរយ​និង​ជនជាតិ​អាស៊ី​ចំនួន​ ១២​ ភាគរយ។ អ្នក​ស្រុក​ម្នាក់​ក្នុង​ចំណោម​ ៤ នាក់​ នៅ​ក្នុង​សង្កាត់​នោះ ​បាន​កើត​នៅ​ខាង​ក្រៅ​សហរដ្ឋ​អាមេរិក។

ហើយ​ភាព​ចម្រុះ​ជាតិសាសន៍​នេះ កំពុង​កើនឡើង​នៅ​ទូទាំង​តំបន់​ទីក្រុង។ សូម្បី​នៅ​ក្នុង​ទីកន្លែង​នានា​ដូចជា​សង្កាត់ Paulding ដែល​កាលពី​ឆ្នាំ​ ២០១៨​ នៅមាន​ជនជាតិ​ស្បែកស​ ចំនួន​ ៧៥ ភាគរយ តែ​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ ចាប់តាំង​ពីដើម​សតវត្សរ៍​ដែល​ពេលនោះ​មាន​ពលរដ្ឋ​ស្បែកស​ក្នុងសង្កាត់​នេះ​ដល់​ទៅ​ចំនួន ​៩១ ​ភាគរយ​។

ចំពោះ​អ្នក​មក​រស់​នៅថ្មី​ជាច្រើន​ក្នុង​តំបន់​នោះ​ ភាព​ចម្រុះ​ជាតិ​សាសន៍​ជា​ផ្នែក​នៃ​ការ​ទាក់ទាញ​ចិត្ត​ដ៏​ខ្លាំង​បំផុតមួយផ្នែក​ចំពោះ​តំបន់​នោះ។ នេះ​ជា​ការពិត​សម្រាប់​អ្នក​ស្រី Liz Neider ដែល​បាន​ផ្លាស់ទី​លំនៅ​មក​កាន់ទីក្រុង Atlanta​រដ្ឋ Georgia​ កាល​ពី​ ៤ ឆ្នាំ​មុន។ ប្តី​របស់​អ្នក​ស្រី ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​បារាំង​ដែល​មាន​ទីស្នាក់ការ​ធំ​នៅ​ប្រទេស​អាល្លឺម៉ង់។

នៅពេល​ដែល​ពួកគេ​បាន​សម្រេច​ចិត្ត​រើ​ទីលំនៅ​មក​កាន់​សហរដ្ឋ​អាមេរិក​ពួកគេ​បាន​មក​រស់​នៅក្នុង​ទីក្រុង Alpharetta ពីព្រោះតែ​ក្រុមហ៊ុន​របស់​លោក​បាន​បើក​ការិយាល័យ​នៅ​ទីក្រុង​ដែល​កំពុង​រីក​លូតលាស់​នេះ ហើយ​ស្ថិតក្នុង​ចម្ងាយ​បើក​រថយន្ត​ប្រហែល​កន្លះ​ម៉ោង​ពី​ទីក្រុង​ Atlanta ​ប៉ុណ្ណោះ។

អ្នក​ស្រី Liz​ គឺ​ជា​កូន​កាត់​កូរ៉េ ក៏ប៉ុន្តែ​បាន​កើត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ អ្នកស្រី​បាន​និយាយ​ថា៖ «នៅពេល​ដែល​យើង​រើ​ទីលំនៅ​មក​កាន់​ទីនេះ​មុន​ដំបូង ខ្ញុំបាន​ចាប់​អារម្មណ៍អ្នក​ជិត​ខាង​ម្នាក់​ដែល​បានរស់​នៅ​ទី​នេះ ២០ ឆ្នាំ​ហើយ ​គាត់​ជាជន​ស្បែកស។

អ្នក​ជិត​ខាង​ម្នាក់​ទៀត​ជា​ជនជាតិ​ហុងឌូរ៉ាស​ម្នាក់​ទៀត​ មក​ពី​ប្រទេស​កូឡុំប៊ី​ ហើយ​ម្ចាស់ដី​របស់​យើង​មកពី​ទីក្រុង​ហុងកុង។ ជា​ការ​ពិត​ជួនកាល ​វា​ពិបាក​ស្វែង​រក​មនុស្ស​ដែល​កើត​នៅ​ទីក្រុង Atlanta ណាស់។

រូបឯកសារ៖ អ្នកបោះឆ្នោតឈរតម្រង់ជួរដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅទីក្រុង Atlanta រដ្ឋ Georgia កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។

ការបោះឆ្នោត

ដោយ​នៅ​សល់​មិន​ដល់​មួយ​សប្តាហ៍​ផង មុន​ទៅ​បោះឆ្នោត​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​និង​ពិភពលោក​កំពុង​រង់ចាំ​មើល​ ថាតើ​រដ្ឋ Georgia ​ដែលគេ​ឃើញថា​ជារដ្ឋ​ចម្រុះជាតិ​សាសន៍ថ្មី​នេះ​ នឹងបង្ហាញ​សំឡេងឆ្នោត​ក្នុង​ការបោះ​ឆ្នោត ​ដែល​នឹង​ជួយ​កំណត់​មាគ៌ានយោបាយ​របស់សហរដ្ឋ​អាមេរិក​យ៉ាង​ដូចម្តេច។

លោក Masino បាន​និយាយ​ទៀត​ថា៖ « មិន​មែន​គ្រប់​ជាតិ​សាសន៍​ទាំងអស់​បោះឆ្នោត​ជា​ក្រុម​តែ​មួយ​នោះ​ទេ ក៏ប៉ុន្តែ ​ជាទូទៅ​ក្រុម​ចម្រុះ​ជាតិ​សាសន៍​នេះ​មាន​និន្នាការ​គាំទ្រ​ពួក​គណបក្ស​ប្រជាធិបតេយ្យ។ តំបន់​ជនបទ​ដែល​មាន​ពហុ​វប្បធម៌​ទាំង​នោះ បាន​ជួយ​លោក Biden ឲ្យ​ឈ្នះ​ឆ្នោត ក៏ប៉ុន្តែ គេ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ ថា​តើ​ពួកគេ​នឹង​ចេញ​មក​បោះឆ្នោត​ក្នុង​ចំនួន​ដ៏​ច្រើន​ សម្រាប់​ការប្រកួត​ប្រជែង​អាសនៈ​ព្រឹទ្ធសភា​លើក​ទី ២​ នេះ​ដែរ​ឬទេ»។​

ដោយ​មិន​មាន​លោក​ប្រធានាធិបតី​ Trump នៅ​លើ​សន្លឹក​ឆ្នោត​លោក Pieper បាន​យល់​ស្រប​ថា ​លទ្ធផល​នៃ​ការបោះឆ្នោត​ខែ​វិច្ឆិកា​ ប្រហែល​មិន​ឆ្លុះ​បញ្ចាំងចំនួន​សរុប​សន្លឹក​ឆ្នោត​មក​ពី​ការ​ប្រកួត​ប្រជែង​ព្រឹទ្ធសភា​នៅ​ថ្ងៃទី៥ ខែមករា​នេះ​ទេ។

ដោយ​ការបោះឆ្នោត​មាន​ការប្រកៀក​ប្រកិត​គ្នា​បំផុត​ អ្នក​ជំនាញ​ភាគ​ច្រើន​យល់ស្រប​ថា​ ការប្រកួត​ប្រជែង​ទំនង​នឹង​ត្រូវ​កំណត់​ពី​ជ័យជម្នះ​ តាមរយ:ការ​ដែល​គណបក្ស​ណា​អាចមាន​លទ្ធភាព​ជំរុញ​អ្នក​បោះឆ្នោត​តាមមូលដ្ឋាន​របស់​ពួកគេ​ ចេញទៅបោះ​ឆ្នោត​ឲ្យ​បាន​ច្រើន។​

លោក Dontayer Carter ជា​ប្រធាន​ផ្នែក​ទំនាក់ទំនង​សម្រាប់​ពួក​គណបក្ស​ប្រជាធិបតេយ្យ​នៅ សង្កាត់ Fulton ដែល​ស្ថិត​នៅ​ខាង​ក្រៅ​ទីក្រុង Atlanta។ កាលពី​សប្តាហ៍​មុន លោក​បាន​និយាយ​ទៅកាន់​ពួក​អ្នក​បោះឆ្នោត នៅឯ​កន្លែងលក់​អាហារ​ដែលមាន​របស់​ក្មេង​លេង​ ដើម្បី​ព្យាយាមធ្វើ​ឲ្យ​ពួក​គណបក្ស​ប្រជាធិបតេយ្យ​មាន​ការរំភើបចិត្ត​អំពី​ការបោះឆ្នោត​លើក​ទី ២​ នេះ។​

លោក Carter ជា​ជនជាតិ​ស្បែក​ខ្មៅ​ហើយ​បានរើ​ទីលំនៅ​ពី​ទីក្រុង Orlando មក​កាន់​តំបន់​នេះ​កាលពី​ ៨ ​ឆ្នាំ​មុន។ លោក​បាន​និយាយ​ថា លោក​សង្ឃឹម​ថា ពលរដ្ឋនឹង​ចេញ​មក​បោះឆ្នោត​ក្នុង​ចំនួន​ដូច​គ្នា​ ដែល​បាន​ជួយ​បោះឆ្នោត​ឲ្យ​លោក Biden​ កាលពី​ប៉ុន្មាន​សប្តាហ៍​មុន។

លោក Carter បាន​និយាយ​ទៀត​ថា៖ «​អ្នក​បោះឆ្នោត​នៅ​ទីនេះ បាន​ជួយ​ដក​ប្រធានាធិបតីនិងរដ្ឋអាជ្ញា​ក្នុងតំបន់​ជាច្រើន​ចេញ​ពី​តំណែង​ ហើយ​ពួកគេ​មាន​ឥទ្ធិពល​នៅ​ក្នុង​ការប្រកួត​ប្រជែង​ផ្សេង​ទៀត។ ខ្ញុំ​គិត​ថា មនុស្ស​នៅ​ក្នុង​សង្កាត់​ទាំង​នេះ កំពុង​ចាប់ផ្តើម​យល់​ដឹង​ ថាតើ​ពួក​គេ​សំខាន់​យ៉ាង​ដូចម្តេច និង​ថាតើ​សំឡេង​របស់​ពួកគេ​មាន​សារៈសំខាន់​យ៉ាងណា​នោះ»៕

ប្រែសម្រួល​ដោយ​លោកជឹង ប៉ូជីន