ភ្នំពេញ៖ តំណាងសហព័ន្ធសហជីពកម្មករក្នុងប្រទេសកម្ពុជាចំនួន១២ ព្រមានថា នឹងធ្វើបាតុកម្មនៅសប្តាហ៍ក្រោយនេះ ប្រសិនណាបើការទាមទារតម្លើងប្រាក់បៀវត្សរ៍ដល់ក្រុមកម្មករមិនត្រូវបានដោះស្រាយ។ មន្រ្តីរដ្ឋាភិបាលបាននិយាយថា ការទាមទារការតំឡើងប្រាក់បៀវត្សរ៍នេះ មិនត្រឹមត្រូវទេ ហើយប្រសិនណាបើមានបាតុកម្មកើតឡើងមែន គឺជាការខុសច្បាប់។
ក្រុមតំណាងសហព័ន្ធសហជីព សមាគមនិងសហភាពនៅកម្ពជា បានព្រមាននៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងដឹកនាំធ្វើកូដកម្មជាលក្ខណៈទ្រង់ទ្រាយធំនៅតាមបណ្តារោងចក្រទាំងអស់ក្នុងទីក្រុងភ្នំពេញ ប្រសិនណាបើការទាមទារតម្លើងប្រាក់បៀវត្សរ៍ដល់ក្រុមកម្មករមិនត្រូវបានឆ្លើយតប។
កាលពីចុងខែកក្កដាកន្លងទៅនេះ តំណាងសហព័ន្ធ សហជីពចំនួន១២ បានផ្ញើលិខិតចំនួនពីរច្បាប់ ដាច់ដោយឡែកៗពីគ្នា ទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដើម្បីទាមទារតម្លើងប្រាក់ឈ្នួលអប្បរមាពី៧៥ដុល្លារ រហូតដល់៩៣ដុល្លារក្នុងមួយខែ ព្រមទាំងប្រាក់រង្វាន់ទៀងទាត់ចំនួន១០ដុល្លារទៀតក្នុងមួយខែ។
លោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានមានប្រសាសន៍ថា លោកទុករយៈពេលចំនួន ១៥ថ្ងៃ ដើម្បីឲ្យរដ្ឋាភិបាលឆ្លើយតបទៅនឹងលិខិតរបស់លោក។ លោកបានមានប្រសាសន៍ថា ឥឡូវនេះ អស់រយៈពេលចំនួនពីរសប្តាហ៍មកហើយ លោកពុំទាន់បានទទួលលិខិតឆ្លើយតបណាមួយនៅឡើយទេ។
លោកអាត់ ធន់បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ លោកបានប្រមូលស្នាមផ្តិតមេដៃ របស់ក្រុមកម្មករចំនួន៦០០.០០០នាក់ ហើយយើងនិងត្រៀមធ្វើមហាកូដកម្មនៅថ្ងៃទី១៥ខាងមុខនេះ។
«ថ្ងៃទី១៥ យើងកំណត់ថា ធ្វើកូដកម្មនៅរោងចក្រ សហគ្រាស ហើយមានរោងចក្រប្រមាណធ្វើហើយ ធ្វើប៉ុន្មានថ្ងៃ ហើយមានមេដៃ និងប៉ុន្មានដាក់ទៅ GMAC ហើយក្រសួង ហើយនឹងដាក់លិខិតទៅខាងក្រុមហ៊ុននីមួយៗ ធ្វើយ៉ាងម៉េចក្នុងការជូនដំណឹង ធ្វើបច្ចេកទេស»។
លោកជាតិ ខេមរា មន្រ្តីជាន់ខ្ពស់របស់រោងចក្រកាត់ដេរនៅកម្ពុជា បាននិយាយថា លោកបានផ្ញើលិខិតឆ្លើយតបមួយច្បាប់ទៅតំណាងសហព័ន្ធសហជីពទាំងនោះហើយ។
លោកបានមានប្រសាសន៍ទៀតថា រាល់ការតម្លើងប្រាក់បៀវត្សរ៍ដល់ក្រុមកម្មករ គឺក្រុមប្រឹក្សាការងារ ជាអ្នកសម្រេច ហើយប្រសិនណាបើ មានកូដកម្មកើតឡើងមែន នឹងធ្វើឲ្យខូចខាតដល់ឧស្សាហកម្មកាត់ដេរនៅកម្ពុជា។
«ពាក្យថា ផលប៉ះពាល់ គឺទីមួយធ្វើឲ្យមានសកម្មភាពអសកម្មក្នុងរយៈពេលហ្នុង ផលិតកម្មត្រូវស្ទះ ដោយសារមានការរំជើបរំជួល ធ្វើឲ្យអសកម្មភាព»។
លោកអ៊ំ មាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គណៈកម្មការប្រឹក្សាការងារ បានប្រជុំសម្រេចតម្លើងប្រាក់បៀវត្សរ៍បន្ថែមដល់ក្រុមកម្មកររួចហើយ។
លោកបានមានប្រសាសន៍ថា ការធ្វើកូដកម្មមិនមែនជាដំណោះស្រាយទេ។
«គាត់គំរាមធ្វើកូដកម្ម បាតុកម្មបែបនេះ មិនដឹងជាគាត់ត្រូវប្រឈមមុខជាមួយច្បាប់ស្អីខ្លះទេ។ ខ្ញុំអត់មែនជាអ្នកច្បាប់ទេ អញ្ចឹងអាហ្នឹងអាស្រ័យលើគាត់ ហើយនិងអ្នកច្បាប់នៅពេលខាងមុខ»។
កាលពីថ្ងៃទី៨ ខែកក្កដាកន្លងទៅនេះ ក្រុមប្រឹក្សាការងារបានសម្រេចតម្លើងប្រាក់បៀវត្សរ៍ដល់ក្រុម កម្មករចំនួនប្រាំដុល្លារបន្ថែមទៀត និងប្រាក់ឈ្នួលសម្រាប់ទ្រទ្រង់ជីវភាពចំនួនប្រាំមួយដុល្លារជាប្រាក់ខែគោល សរុបក្រុមកម្មករនឹងទទួលបានប្រាក់បៀវត្សរ៍ចំនួន ៦១ដុល្លារក្នុងមួយខែ៕