ការផ្ទុះគ្រាប់បែកនៅជិតសារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង នៅយប់ថ្ងៃអង្គារនេះ បានធ្វើឲ្យមនុស្សយ៉ាងតិច៣នាក់រងរបួស។
លោកជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ហើយនឹងក្រុមអាជ្ញាធរមានសមត្ថកិច្ចមិនទាន់អាចធ្វើការសន្និដ្ឋានអំពីមូលហេតុនៃការផ្ទុះគ្រាប់បែកនេះនៅឡើយទេ ព្រោះប៉ូលិសកំពុងធ្វើការស៊ើបអង្កេតនៅឡើយ។
ប៉ូលិសបានបិទកន្លែងកើតហេតុមិនឲ្យមានការចេញចូល ដែលអាចរំខានដល់ការស៊ើបអង្កេត។ ឡានពេទ្យជួយសង្គ្រោះបន្ទាន់បានទៅកន្លែងកើតហេតុដឹកអ្នករបួសទៅមន្ទីរពេទ្យ។ VOA មិនទាន់មានព័ត៌មានលម្អិតអំពីស្ថានភាពអ្នករងរបួសនោះទេ។
ក្រៅពីបង្កឲ្យមានមនុស្សរងរបួស គ្រាប់បែកដែលបានផ្ទុះនៅម៉ោង៧និង៤០នាទីយប់ថ្ងៃអង្គារនៅសង្កាត់បឹងកេងកងបី ខណ្ឌចំការមន រាជធានីភ្នំពេញនេះ ក៏បានធ្វើឲ្យខូចខាតរថយន្តមួយចំនួនដែរ។
Your browser doesn’t support HTML5
ការផ្ទុះគ្រាប់បែកនេះកើតមានឡើងនៅពេលស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជាមានភាពតានតឹង ដូចជាការបិទផ្លូវដង្ហែញត្តិរបស់គណបក្សសង្គ្រោះជាតិ ការឡោមព័ទ្ធទីស្នាក់ការគណបក្សនេះ និងការកោះហៅមេដឹកនាំគណបក្សប្រឆាំងឡើងតុលាការទាក់ទងនឹងរឿងសញ្ចារកម្មដែលជាបញ្ហានយោបាយគួរឲ្យសង្ស័យ។
គ្រាប់បែកនេះបានផ្ទុះ ក្រោយពីមានឃាតកម្មសម្លាប់លោកកែម ឡី អ្នកវិភាគនយោបាយដ៏ល្បីដែលត្រូវគេបាញ់សម្លាប់ក្នុង ខណ្ឌចំការមននេះដែរ កាលពីថ្ងៃទី១០ខែកក្កដា៕