ពេល​សវនាការ​បឋម​បញ្ចប់​ជនរងគ្រោះ​ទាមទារ​យុត្តិធម៌

អ្នកតាមដាន​សវនាការ​​​​​​​ថា​​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់ខ្ពស់​ទាំង៤នាក់​ពិតជា​មាន​ទោស​ក្នុង​ការ​កាប់​សម្លាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​​រាប់​លាន​នាក់។

ក្រុម​អ្នកតាមដាន​សវនាការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់ខ្ពស់​បួន​នាក់​បាន​និយាយ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ថា​ អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់ខ្ពស់​ទាំងបួន​នាក់​នេះ​ ពិតជា​មាន​ទោស​ក្នុង​ការ​កាប់​សម្លាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រមាណ​១,៧លាន​នាក់​ក្នុង​អំឡុង​ចុង​ទសវត្សរ៍​១៩៧០ បើ​ទោះបី​ជា​មេធាវី​ជន​ត្រូវ​ចោទ​ថា​បាន​ខំ​ប្រឹងប្រែង​លើក​យក​សក្ខីកម្ម​មក​ការពារ​ជន​ត្រូវចោទ​ទាំងបួន​នាក់​នេះ​ឱ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ក៏​ដោយ។

សាលាក្តី​ខ្មែរ​ក្រហម​បាន​បញ្ចប់​សវនាការ​បឋម​លើ​សំណុំរឿង​លេខ​០០២ ​ទាក់ទង​នឹង​នួន ជា ​អតីត​ប្រធាន​រដ្ឋសភា​ ខៀវ សំផន ​អតីត​ប្រធាន​រដ្ឋ ​អៀង សារី​ អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ អៀង ធីរិទ្ធ​ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​អំពី​បទ​ប្រល័យ​ពូជសាសន៍​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ និង​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​នៅក្នុង​របប​វាល​ពិឃាត។

លោក​ប៉ែន សឿន​ អាយុ​៥៦ឆ្នាំ ​មកពី​ខេត្ត​ស្វាយរៀង​ ដែល​បាន​ចូលរួម​នៅក្នុង​សវនាការ​សំណុំ​រឿង​លេខ​០០២ ​ចំនួន​បួន​ថ្ងៃនេះ​ មាន​សាច់ញាតិ​ស្លាប់​ចំនួន​បួននាក់​ក្នុង​របប​ខ្មែរ​ក្រហម​បាន​និយាយ​ថា​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ទាំងបួន​នាក់​នេះ​មិនអាច​គេច​ផុត​ពី​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ទេ​ ​បើ​ទោះបី​ជា​មេធាវី​ជន​ត្រូវចោទ​បាន​យក​សក្ខីកម្ម​និង​បទដ្ឋាន​ច្បាប់​សម្រាប់​ធ្វើ​ជា​អំណះ​អំណាង​ឱ្យកូន​ក្តី​របស់​ខ្លួន​រួច​ទោស​ក៏ដោយ។

«មេធាវី​របស់​ជន​ត្រូវ​ចោទ​មាន​វិជ្ជាជីវៈ​ខ្ពស់​និង​ទឡ្ហីករណ៍​ល្អ​ណាស់​សម្រាប់​ឱ្យ​កូនក្តី​របស់​គេ​គេចវេសន៍​ពី​ការចោទ​ប្រកាន់​របស់​តុលាការ។ ប៉ុន្តែ​ខ្ញុំ​គិតថា​អ្វី​ដែល​ច្បាប់ ​អ្វី​ដែល​ជា​គតិយុត្តិ​នោះ ​ទោះបី​ជា អស់លោក​នោះ​មាន​ហេតុផល​យ៉ាងណា​ក៏ដោយ។ ប៉ុន្តែ​ខ្ញុំ​បាន​សំឡឹង​ឃើញ​មេធាវី​របស់​ខ្ញុំ ​មួយ​ផ្នែក​មាន​ទឡ្ហីករណ៍​ល្អៗ ​ហើយ​មាន​ការប្រុងប្រៀប​បកស្រាយ​តាម​នីតិវិធី​ច្បាប់។ បើ​ការ​ពិចារណា​របស់​ខ្ញុំ ​ហើយ​យើង​មើល​ក្នុង​ការ​ដេញដោល​គ្នា​នេះ ​ខ្ញុំ​គិតថា​អ្នក​ទាំងបួន​នេះ​មិនអាច​គេចផុត​ពី​សំណាញ់​ច្បាប់​ចោទប្រកាន់​បាន​ទេ»។

លោក ​ស៊ុំ រិទ្ធី ​អាយុ៥១​ឆ្នាំ ​នៅ​ទីក្រុងភ្នំ​ពេញ​ ដែល​បាន​ចូលរួម​សវនាការ​សំណុំរឿង​លេខ​០០២​នេះ ​បាន​ថ្លែង​ថា​អតីត​មេដឹកនាំ​ខ្មែរក្រហម​ជាន់ខ្ពស់​ទាំងបួន​នាក់​នេះ​មិនអាច​គេចផុត​ពី​ការទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​អំពី​ការកាប់​សម្លាប់​ក្នុង​អំឡុង​ចុង​ទសវត្សរ៍​១៩៧០។

«មេធាវី​ជន​ត្រូវចោទ​មិនចង់​ឱ្យ​កូនក្តី​របស់​ខ្លួន​ជាប់ទោស​ ប៉ុន្តែ​មិនអាច​រួច​ខ្លួន​ទេ ​ព្រោះ​ភស្តុតាង​មាន​គ្រប់គ្រាន់​ទាំងអស់​ពី​សម័យ​ដែល​គាត់​ដឹកនាំ»។

អ្នកស្រី​ មាស ផល្លី ​អាយុ​៥៤ឆ្នាំ​ មកពី​ខេត្ត​កំពង់ធំ​ ដែល​បាន​ចូលរួម​នៅក្នុង​សវនាការ​សំណុំ​រឿង​លេខ​០០២​ចំនួន​បួន​ថ្ងៃនេះ​ មាន​សាច់​ញាតិ​ស្លាប់​ចំនួន​១០នាក់​ ក្នុង​របប​ខ្មែរ​ក្រហម​ បាន​ថ្លែង​ថា​ អ្នកស្រី​បានមើលឃើញ​ការសួរ​ដេញដោល​គ្នា​យ៉ាង​សកម្ម​នៅក្នុង​សាលាក្តី​ខ្មែរ​ក្រហម​គឺជា​រឿង​ដ៏អស្ចារ្យ​ណាស់​សម្រាប់​អ្នកស្រី។

អ្នកស្រី​បាន​បន្ត​ថា ​អ្នកស្រី​ពេញចិត្ត​ចំពោះ​សវនាការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរ​ជាន់ខ្ពស់​ទាំង​បួន​នាក់​នេះ​របស់​សាលាក្តី​ខ្មែរ​ក្រហម​ បើទោះ​ជា​យុត្តិធម៌​មិនបាន​សម្រេច​ដល់​១០០​ភាគរយ​ក៏ដោយ​ ក៏​អ្នកស្រី​អាច​ទទួល​យក​បាន។

«សវនាការ​ប្រព្រឹត្ត​ទៅបួន​ថ្ងៃ​នេះ​ដូច​ខ្ញុំ​តាមដាន​រហូត​ អ្នកទាំង​បួន​នាក់​ប្រាកដ​ជា​មាន​ទោស​ ព្រោះ​មាន ​សាក្សី ​និង​ដើម​បណ្តឹង​រដ្ឋប្បវេណី​រាប់រយ​រាប់ពាន់​នាក់ ​ហើយ​គាត់​ធ្វើ​បាប​ជាពិសេស​លើ​រូបខ្ញុំ​ផ្ទាល់។ អញ្ចឹង​គាត់​ត្រូវតែ​ទទួល​ទោស។ ខ្ញុំ​សង្ឃឹម​ថា​១០០​ភាគរយ​ អ្នកទាំង​បួន​នាក់​នេះ​ត្រូវតែ​មាន​ទោស»។

របប​ខ្មែរ​ក្រហម​ត្រូវបាន​ស្តីបន្ទោស​អំពី​ការកាប់សម្លាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រមាណ​១,៧​លាន​នាក់ ​រវាង​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩ ​ដោយ​វិធី​បង្អត់​អាហារ ​ការបង្ខំ​ឱ្យ​ធ្វើការ​ជា​ទម្ងន់ ​ការប្រហារ​ជីវិត​ដោយ​ គ្មាន​ការកាត់ទោស​ និង​ជំងឺ​ជាដើម៕