ពិធី​កាន់​ទុក្ខ​និង​គោរព​វិញ្ញាណក្ខន្ធ​នៅ​ស្ពាន​កោះ​ពេជ្រ

ស្ពាន​ពេជ្រ​ភ្ជាប់​ទៅ​ក្រុង​កោះ​ពេជ្រ ជា​កន្លែង​​កើត​​ឧបទ្ទវហេតុ​ការ​ផ្អើល​ជាន់​គ្នា​កាល​ពី​ថ្ងៃ​បុណ្យ​អុំ​ទូក​ទី​៣។

អ្នក​កាន់​ទុក្ខ​ច្រើន​រាប់​ពាន់​នាក់​មកពី​សាច់ញាតិ​សាកសព​ អ្នក​មាន​សមាណចិត្ត​ មន្ត្រី​ជាន់ខ្ពស់​រាជ​រដ្ឋាភិបាល​ និង​តំណាងរាស្ត្រ​ដែល​មាន​ទឹកមុខ​ក្រៀម​ក្រម​ អារម្មណ៍​ក្តុក​ក្តួល​ និង​សម្រែក​យំ បាន​ចូល​រួម​នៅ​ក្នុង​ទិវា​កាន់​មរណៈ​ទុក្ខ​នៅ​ថ្ងៃព្រហស្បតិ៍ជាមួយនឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដែល​មនុស្ស​៣៤៧​នាក់​បានស្លាប់​ និង​៣៩៥នាក់​បានរងរបួស​ដោយ​ការជាន់លើគ្នា​នៅលើ​កោះ​ពេជ្រ​កាលពី​យប់​ថ្ងៃ​ច័ន្ទទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១០។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​យំ​ក្តុក​ក្តួល​ ខណៈដែល​លោក​បានអុច​ទាន​ ធូប ​និង​ដាក់ផ្កា​មួយ​បាច់​នៅ​គល់​ស្ពាន​កោះ​ពេជ្រ​ដែល​ជាកន្លែង​កើត​មាន​ឧបទ្ទវហេតុ។ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ត្រូវ​បាន​ចូល​រួម​ជាមួយ​ភរិយា​របស់​លោក សមាជិក​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​ តំណាងរាស្ត្រ​ និង​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​នៃ​សង្គម។

សាច់ញាតិ​សាកសព​រាប់​រយ​នាក់​បាននាំយក​បាច់​ផ្កា​តូច​ៗ​ ផ្លែ​ចេក​ ផ្លែ​មាន​ និង​ផ្លែ​ប៉ម​ជាដើម​ ព្រមទាំង​រូបថត​របស់​អ្នក​ស្លាប់​ដាក់​ក្នុង​ចាន​នៅ​តាម​ដង​ទន្លេ​ជាប់​នឹង​ស្ពាន​ ហើយ​ពួក​គេ​បាន​អុច​ធូក​ទាន​ឧទ្ទឹស​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ឱ្យ​មក​ទទួល​យក​ផ្លែឈើ​ និង​របស់​របរ​ផ្សេង​ៗ​ និង​បួន​សួង​ឱ្យ​វិញ្ញាណក្ខន្ធ​អ្នក​ទាំង​នោះ​ទៅ​កាន់​សុគតិភព​ ឱ្យ​ឆាប់​បាន​ចាប់​ជាតិ​ និង​កុំឱ្យ​អារម្មណ៍​វិល​វល់​នៅ​លើ​ស្ពាន​នេះ។​ អ្នក​មាន​សមាណចិត្តរាប់សិប​នាក់​បាន​មក​ចូល​រួម​រំលែក​ទុក្ខ សេចក្តី​ក្រៀម​ក្រម​ ការ​សោក​ស្តាយ ​និង​ការ​អាណិត​អាសូរ​ចំពោះ​អ្នក​ស្លាប់​ទាំង​៣៤៧​នាក់​នៅ​ក្នុង​សោកនាដ​កម្ម​ដ៏​រន្ធត់​នៅ​ស្ពាន​កោះ​ពេជ្រ​នេះ។

អ្នកស្រី ស៊ុំ សុភាព​ អាយុ​៤៧​ឆ្នាំ​ នៅ​ខណ្ឌ​មានជ័យ​ ក្រុង​ភ្នំពេញ​ដែល​មានកូនប្រុស​ម្នាក់​ស្លាប់​នៅ​ក្នុង​ឧបទ្ទវហេតុ​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​នេះ​ បានថ្លែង​យ៉ាង​ដូច្នេះ​ថា៖

«ខ្ញុំមក​អុច​ធូក​គោរព​វិញ្ញាណក្ខន្ធ​កូន​ខ្ញុំ និង​អ្នកមរណៈភាព​ទាំងអស់​សូមឱ្យ​ទៅ​កាន់​សុគតិភព​ និង​ឆាប់​បាន​ចាប់​ជាតិ​គ្រប់​ៗ​គ្នា ​កុំ​ឱ្យ​វិល​វល់​នៅ​ទីនេះ​ និង​សូម​ឱ្យ​អ្នក​ទាំង​អស់​គ្នា​មាន​អាយុ​វែង​នៅ​ជាតិ​ក្រោយ​ៗ​ទៀត»។

អ្នកស្រី អ៊ឹម សារាវី​ អាយុ​៤៣​ឆ្នាំ ​នៅ​សង្កាត់​អូឫស្សី​២ ខណ្ឌ​៧មករា​ ក្នុង​ដៃ​មាន​កាន់​ធូប​ បាន​និយាយ​ថា៖ អ្នក​ស្រី​គ្មាន​សាច់​ញាតិ​ស្លាប់​ទេ ​ប៉ុន្តែ​អ្នក​ស្រី​មក​ទី​នេះ​ ដើម្បី​ចូល​រួម​កាន់​ទុក្ខ​អ្នក​ស្លាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​រន្ធត់​ដែល​អ្នកស្រី​មិន​ដែល​បាន​ជួប​ប្រទះ​ពី​មុន។ អ្នក​ស្រី​មាន​អារម្មណ៍​តក់ស្លត់​ និង​ភ័យខ្លាច​យ៉ាង​ខ្លាំង។

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​សែន​យំ​នៅ​ក្នុងពិធី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់នៅ​ស្ពាន​កោះ​ពេជ្រ​ ក្នុង​ពិធី​កាន់​ទុក្ខ​ជាតិ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​ខែ​វិច្ឆិកា​ឆ្នាំ​២០១០។

លោក អ៊ិន សាក់ ​អាយុ​៣៣​ឆ្នាំ នៅ​ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល​ បាន​នាំ​យក​ផ្កា​មួយ​បាច់​តូច​ ផ្លែ​ចេក​ ផ្លែ​ប៉ម​ ផ្លែ​មាន​ និង​រូប​បង​ជីដូន​មួយ​របស់​លោក​ដែល​បាន​ស្លាប់​មក​ដាក់​បន់​ស្រន់​នៅ​ច្រាំង​ទន្លេ​ក្បែរ​ស្ពាន​កោះពេជ្រ​ ដោយ​ បញ្ជាក់​ថា ស្ពាន​នេះ​គឺជា​ផ្លូវ​ដែល​ប្រជាពលរដ្ឋ​មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​ ពីព្រោះ​មនុស្ស​ជា​ច្រើន​រយ​នាក់​បានស្លាប់។​ លោក​មាន​ការស្អប់​ខ្ពើម​ស្ពាន​នេះ​ណាស់​ ហើយ​លោក​មិន​ចង់​ដើរ​ជាន់​លើ​ស្ពាន​នេះ​ទេ។

លោក​យឹម​ សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សម រង្សី ​បានថ្លែង​នៅ​ស្ពាន​កោះ​ពេជ្រ​នៅ​ថ្ងៃ​ព្រហស្បតិ៍​យ៉ាង​ដូច្នេះ​ថា៖

«យើង​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​បង្កើត​គណៈ​កម្មាធិការ​ឯករាជ្យ​មួយ​ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ហ្មត់​ចត់​ រក​មូលហេតុ​ឱ្យ​បាន​ត្រឹម​ត្រូវ​ និង​រក​កំហុស​ឆ្គង​ប្រាកដ​ប្រជា​ ដើម្បី​ចាត់​វិធានការ​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ។ មនុស្ស​ស្លាប់​ដល់​ទៅ

ជាង​៤០០​នាក់​គឺមិន​អាច​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ​បាន​ទេ​ ហើយ​អ្នក​ទទួល​ខុស​ត្រូវ​នោះ​ គឺ​ជា​អ្នក​ទទួល​បន្ទុក​ក្នុង​ការ​រៀប​ចំ​បុណ្យ​ជាតិ​ ក៏ដូចជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រៀបចំ​សន្តិសុខ​ផងដែរ»។

លោក​កែប​ ជុតិមា​ អភិបាល​ក្រុងភ្នំពេញ​ បានថ្លែង​នៅ​ថ្ងៃព្រហស្បតិ៍នៅ​កន្លែង​កើត​ហេតុ​យ៉ាង​ដូច្នេះ​ថា៖

«នេះ​ជា​មេរៀន​ដ៏​ធំ​មួយ​សម្រាប់​ខ្លួន​ខ្ញុំ​ផង និង​អាជ្ញាធរ​ខ្ញុំ​ផង ក្នុង​ការ​រៀបចំ​ពិធី​ធំ​ៗ​ទៅ​ថ្ងៃ​ខាង​មុខ។ នេះ​ជា​រឿង​ចៃដន្យ​ដែល​យើង​មិន​ចង់​បាន»។

លោក​ឱម ​យិនទៀង​ សមាជិក​នៃ​គណៈកម្មការ​ស៊ើបអង្កេត​ បាន​បញ្ជាក់​ថា មនុស្ស​ជិត​១ម៉ឺន​នាក់​បាន​ឈរ​នៅ​លើ​ស្ពាន់​កោះ​ពេជ្រ​ដែល​តភ្ជាប់​កោះ​និង​ដី​គោក។ លោក​ថ្លែង​ដូច្នេះ​ថា៖

«ស្ពាន​តូច​មាន​មនុស្ស​ឈរ​ជិត​១​ម៉ឺន​នាក់។ ​វា​ហួសហេតុ​ពេក»។

លោក​ឱម​ យិនទៀង​ បានបញ្ជាក់​ថា ការ​ស៊ើបអង្កេត​ជា​ផ្លូវការ​នៅ​ក្នុង​ឧបទ្ទវហេតុ​បន្ត​ជាមួយ​របាយការណ៍​ចុង​ក្រោយ​ នឹង​ត្រូវ​បាន​គ្រោង​ចេញ​ផ្សាយ​នៅ​សប្តាហ៍​ក្រោយ៕