ពលរដ្ឋ​អាស៊ី​អាមេរិកាំង​ងាយរងគ្រោះ​ដោយ​សំអប់​ក្នុង​គ្រាវិបត្តិ​សុខភាព​កូវីដ១៩

រូបឯកសារ៖ ពលរដ្ឋតម្រង់ជួរទទួលម្ហូបអាហារនៅកន្លែងផ្តល់ម្ហូបអាហារ ក្នុងគ្រាវិបត្តិរោគរាតត្បាតកូវីដ១៩ នៅទីក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។

កំណត់និពន្ធ៖ ពលរដ្ឋ​អាមេរិកាំង​ដើមកំណើតអាស៊ី​ កាន់តែ​ងាយ​រងគ្រោះ ក្នុងពេល​មាន​វិបត្តិសុខភាព​ដែល​បង្កឡើង​ដោយ​ជំងឺកូវីដ១៩។ ក្រុមការងារ Stop AAPI Hate បាន​ទទួល​សេចក្តី​រាយការណ៍​ជាង​ ១៧០០ ករណី​ ពាក់ព័ន្ធនឹង​ការ​ប្រមាថ​ ការ​ដើរ​គេច​ចេញ និង​ការវាយ​ប្រហារ​លើ​រាងកាយ​លើ​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ ក្នុងរយៈតែ ​៦ សប្តាហ៍​ចាប់ពីចុង​ខែមីនា ដល់​ដើម​ខែឧសភា។ ករណី​ទាំងនោះ​កើត​មាន​ឡើង ​នៅ​រដ្ឋចំនួន ៤៥ ទូទាំង​សហរដ្ឋ​អាមេរិក​ និងរដ្ឋធានី​វ៉ាស៊ីនតោន។ នេះ​បើ​របាយការណ៍​របស់​ក្រុមប្រឹក្សា​ផែនការ និង​គោលនយោបាយ​អាស៊ីប៉ាស៊ីហ្វិក និង​សហគមន៍​ចិន ដើម្បី​ចំណាត់​ការ​វិជ្ជមាន។ លោក​ ភីថឺ កែវ អ្នក​ស្រាវជ្រាវ​និង​អ្នកវិភាគ​កិច្ចការ​សហរដ្ឋអាមេរិក​និង​អាស៊ាន​ នៃ​សាកលវិទ្យាល័យ​រដ្ឋកាលីហ្វញ៉ា​ប្រចាំ​ទីក្រុងឡូស​អាន់ជឺឡេស​ យល់ថា ​ពលរដ្ឋ​អាស៊ី​ត្រូវបាន​គេ​ប្រើ​ជា​លេស ​ដើម្បី​ទម្លាក់​កំហុស​ដាក់​ ក្នុងគ្រា​មាន​ការ​ឆ្លង​ជំងឺកូវីដ​១៩​ ហើយ​នេះ​គឺជា​និន្នាការ​គួរ​ឱ្យ​ព្រួយបារម្ភ។ លោក ម៉ែន គឹមសេង នៃវីអូអេ ​បាន​សម្ភាស​លោក​ ភីថឺ​ កែវ ដូចតទៅ៖

Your browser doesn’t support HTML5

ពលរដ្ឋអាស៊ី​អាមេរិកាំង​ងាយ​រងគ្រោះ​ដោយ​សំអប់​ក្នុងគ្រា​វិបត្តិសុខភាព​កូវីដ១៩



វីអូអេ៖ សូម​អរគុណលោក​ចំពោះការ​ចំណាយ​ពេល​មកពិភាក្សាជាមួយ​នឹង​ VOA។ នា​ពេល​ថ្មីៗ​នេះ មាន​របាយការណ៍​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​កើនឡើង​នៃ​អំពើហិង្សា​ប្រឆាំង​នឹង​ជនជាតិ​អាមេរិកាំង​ដើមកំណើត​អាស៊ី​ ដោយសារ​តែ​ជំងឺ​កូវីដ១៩។ យើង​ឃើញ​ថា ​សហរដ្ឋអាមេរិក​ជា​ប្រទេស​មួយ​យើង​ចាត់​ទុក​ថា ជា​ប្រទេស​មាន​ការ​សណ្តោស​ប្រណី ដោយ​ស្វាគមន៍​មនុស្សម្នា​ជុំវិញ​ពិភពលោក​មកទី​នេះ។ ហើយ​យើង​ថែម​ទាំង​ហៅ​សហរដ្ឋអាមេរិក​ថា ជា​កន្លែង​ដែល​មាន​វប្បធម៌ចម្រុះ ដែល​មិន​ខ្វល់​ពីប្រវត្តិរូប​របស់​អ្នក​ទេ។ ឲ្យ​តែ​អ្នក​មក​ទីនេះ អ្នក​នឹង​អាច​ក្លាយ​ជា​ពលរដ្ឋអាមេរិកាំង។ ប៉ុន្តែ​ថ្មីៗ​នេះ ជំងឺ​កូវីដ​១៩ បាន​កើត​ឡើង ហើយ​មាន​ករណី​ប្រើ​អំពើហិង្សា​ដោយ​កម្លាំង​ ដោយ​ពាក្យ​សម្តី ឬ​ការ​យាយី​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​មក​លើ​ជនជាតិ​អាមេរិកាំង​ដើមកំណើត​អាស៊ី។ ដូច​នេះ តើ​លោក​អាច​ប្រាប់​ខ្ញុំ​បាន​ទេ ហេតុអ្វី​បាន​ជា​យើង​ឈាន​មក​ដល់​ចំណុច​នេះ?

លោក ភីថឺ កែវ៖ ជា​ដំបូង​ សូម​អរគុណ​ចំពោះ​ការ​អញ្ជើញ​ខ្ញុំ​មក​នេះ។

អ្វី​ដែល​កំពុង​កើត​ឡើង​អំឡុងពេល​មាន​ជំងឺ​កូវីដ​១៩​នេះ គឺ​មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ នៅ​ក្នុង​បរិបទ​មួយ​ដែល​យើង​មិន​ធ្លាប់​ដែល​បាន​ឃើញ​ផលប៉ះពាល់​យ៉ាងខ្លាំង​ដូច​នេះ​មក​លើ​វិស័យសុខាភិបាល។ ខ្ញុំ​គិត​ថា វា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង​ណាស់​នៅ​គ្រប់​កម្រិត។ ប៉ុន្តែ​ក្រៅ​ពី​បញ្ហា​នេះ ប្រសិន​បើ​អ្នក​ជា​ជនជាតិ​អាមេរិកាំង​ដើមកំណើត​អាស៊ី​នៅ​សហរដ្ឋ​អាមេរិក​នា​ពេល​នេះ គឺ​នៅ​មាន​បញ្ហា​ផ្សេង​មួយ​ទៀត ដែល​អ្នក​ត្រូវ​ប្រឈម​មុខ។ បញ្ហានោះ​គឺ «ការ​រើសអើង​ពូជសាសន៍» និង​ «ការ​ខ្លាច​ជន​បរទេស»។ ជា​អកុសល ដោយសារ​តែ​ជំងឺ​កូវីដ​១៩ យើង​ចាប់​ផ្តើម​ឃើញ​មាន​ការ​កើនឡើង​នូវ​ករណី​វាយ​ប្រហារ​លើរាងកាយ ឬ​ដោយ​ពាក្យ​សម្តី​ ដែល​ក្នុង​នោះ​រួមមាន​ការ​យាយី​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ផង​ដែរ​ ទៅ​លើ​សហគមន៍​ពលរដ្ឋអាមេរិកាំង​ដើមកំណើត​អាស៊ី ហើយ​ខ្ញុំ​សូម​ជម្រាបផងដែរ​ថា បញ្ហា​នេះ​មិនមែន​ត្រឹមតែ​ជា​បញ្ហា​សម្រាប់​សហរដ្ឋអាមេរិក​នោះ​ទេ។​ ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ ជា​សកល។ ហើយ​ការរើសអើង​ជាតិសាសន៍​អាស៊ី​ គឺ​ជា​លទ្ធផល​នៃ​ការ​រាតត្បាត​ជំងឺ​នេះ។

ប៉ុន្តែ​ ចូរ​យើង​ក្រឡេក​មើលសហរដ្ឋអាមេរិក។ នៅ​សហរដ្ឋអាមេរិក​ យើង​កំពុង​ឃើញ​មាន​ចំនួន​ពលរដ្ឋ​អាស៊ី ឬ​អ្នកដែល​ជាប់​សែស្រឡាយ​អាស៊ី​ដែល​ត្រូវ​ប្រឈម​នឹង​ការ​វាយប្រហារ​លើរាងកាយ ឬ​ពាក្យសម្តី។ ហើយ​ទាំង​នេះ​ជា​របាយការណ៍​ដែល​ចេញ​ពី​ Stop AAPI Hate ដែល​ជា​វេបសាយ​មួយដែល​កំពុង​តាមដាន​បញ្ហា​នេះ និង​ចេញ​ពី​ប្រភព​ព័ត៌មានដែល​បាន​រាយការណ៍​ពី​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​ពលរដ្ឋ​អាស៊ី និង​ពលរដ្ឋអាមេរិក​ដើមកំណើត​អាស៊ី។ ហើយ​អ្វី​ដែល​ពួកគេ​បាន​លើកឡើង​គឺ​ថា ជា​រៀងរាល់​ថ្ងៃ​ យ៉ាងហោច​ណាស់​មាន​ករណី​ថ្មី​ចំនួន ១០០​ ករណី ពាក់ព័ន្ធ​នឹងការប្រើ​អំពើ​ហិង្សា ឬ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្តី​មក​លើ​ពលរដ្ឋអាមេរិកាំង​ដើមកំណើត​អាស៊ី ជាពិសេស​លើ​ស្ត្រី។ ហើយ​យើង​ក៏​ចាប់​ផ្តើម​ឃើញ​មាន​ការ​កើន​ឡើង​នៃ​ករណី​យាយី​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ដែល​បាន​កើន​ឡើង​ប្រមាណ​ ៩០០ ​ភាគរយ​ផងដែរ។ ​

ឥឡូវ​នេះ អ្វី​ដែល​សំខាន់​គឺ​ថា អ្វីៗ​ទាំងអស់​នេះគឺ​ជា លទ្ធផល​នៃ​ជំងឺ​កូវីដ១៩ នៅ​ពេល​ដែល​ទិន្នន័យ​ត្រូវ​បាន​ប្រមូល​ឡើង​កាល​ពី​ពាក់កណ្តាល​ខែ​មីនា​កន្លង​ទៅ​នេះ។ ពេល​នេះនៅ​សហរដ្ឋអាមេរិក វា​ជា​អ្វី​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ ដោយសារ​តែ ទី​មួយ ​រឿង​សំខាន់​សម្រាប់​ឲ្យ​អ្នកស្តាប់​ដឹង​នោះ​ គឺ​ថា ​អ្វី​ដែល​កំពុង​កើត​ឡើង​ចំពោះ​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ គឺ​មិនមែន​ជា​អ្វី​មួយ​ដែល​ថ្មី​នោះ​ទេ។​ ​ហើយ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​សហរដ្ឋអាមេរិក យើង​បាន​ឃើញ​ករណី​ដូចនេះ​ធ្លាប់​បាន​កើត​ឡើង​ ជា​ពិសេស​អំឡុងពេល​មាន​វិបត្តិ​ផ្នែក​សុខាភិបាល ដូច​ជា អ្វី​ដែល​បាន​កើត​ឡើង​មក​លើ​ជនចំណាក​ស្រុក​ចិន ​នៅ​អំឡុង​ឆ្នាំ​១៩០០ និង​នៅ​រដ្ឋ​សាន់ហ្វ្រាន់ស៊ីស្កូ ការ​ចាប់​ជនជាតិ​ជប៉ុនដាក់​ឃុំ​ក្នុង​ជំរំ​អំឡុង​ពេល​សង្រ្គាមលោក​លើក​ទី​ពីរ ហើយ​ចុងក្រោយ​បង្អស់​នេះ​ អំឡុងពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​ នៅ​ឆ្នាំ​២០២០។

ទំនាក់ទំនង​រវាង​ពូជ​សាសន៍ ​និង​ការ​រើសអើង​ពូជសាសន៍ មិនមែន​ត្រឹម​តែ​ជា​បញ្ហា​នៅ​សហរដ្ឋ​អាមេរិក​នោះ​ទេ។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន ​ដែល​ថា​ជា​លក្ខណៈ​ជាក់លាក់​របស់​សហរដ្ឋ​អាមេរិក​នោះ​ គឺ​ថា យើង​គឺ​ជា​ប្រទេស​មួយ​ដែល​ចម្រុះ​ពូជ​អំបូរ​ និងជាតិ​សាសន៍។ ហើយ​នៅ​ពេល​ដែល​អ្នក​ដាក់​បញ្ចូល​សេរីភាព​ នៅ​ក្នុង​ការ​បញ្ចេញ​មតិ​ទៅ​ក្នុង​នោះ​ នោះ​ យើង​នឹង​ឃើញ​មាន​ភាព​ច្របូក​ច្របល់​ ដែល​យើង​ជួប​ប្រទះ​នា​ពេលបច្ចុប្បន្ន។ នេះ​គឺ​ជា​វិបត្តិ​មួយ ​ដែល​យើង​កំពុង​ព្យាយាម​ដោះស្រាយ។ និយាយ​ឲ្យ​ត្រង់​ទៅ ខ្ញុំ​មិនច្បាស់​ថា យើង​នឹង​ត្រូវ​ធ្វើដំណើរ​ទៅ​ទិស​ណា​មួយឲ្យ​ច្បាស់​នោះ​ទេ។ ប៉ុន្តែ​ដូចខ្ញុំ​និយាយ​អីចឹងថា នេះ​មិនមាន​ជា​បញ្ហា​សម្រាប់​តែ​សហរដ្ឋអាមេរិក​នោះ​ទេ។ យើង​ក៏​អាច​ឃើញ​បញ្ហា​នេះ​នៅ​ប្រទេស​ចិន និង​នៅ​អូស្រ្តាលី​ផងដែរ។ គ្រាន់តែ​ថា នៅ​សហរដ្ឋ​អាមេរិក យើង​បាន​ចងក្រង​ជា​ឯកសារ​កំណត់ត្រា​លើ​អ្វីដែល​កំពុង​កើត​ឡើង។ ​ដូច្នេះ វា​ជា​បញ្ហា​ធ្ងន់ធ្ងរ។

វីអូអេ៖ ដូច្នេះ តាម​ការ​សង្កេត​របស់​លោក តើ​មាន​វិធានការ​ខ្លះហើយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ? តើ​យើង​គួរ​តែ​ធ្វើ​អ្វី​ទៀត​ដែរ​ដើម្បី​ឲ្យ​ប្រសើរ​ជាង​នេះ?

លោក​ភីថឺ កែវ គឺជាអ្នកស្រាវជ្រាវ​និងអ្នកវិភាគ​កិច្ចការសហរដ្ឋអាមេរិក​និង​អាស៊ាន​ នៃសាកលវិទ្យាល័យ​រដ្ឋកាលីហ្វញ៉ា​ប្រចាំទីក្រុងឡូសអាន់ជឺឡេស។ (រូបថតដោយ Peter T. Keo)

លោក ភីថឺ កែវ៖ យើង​ឃើញ​មាន​ស្ថាប័ន និង​អង្គការ​តូចៗ​ផ្សេងៗ​ កំពុងតែ​ធ្វើការ​លើ​បញ្ហា​នេះ។ ដូច​ដែល​ខ្ញុំ​បាន​លើកឡើង​ពី​វេបសាយ Stop AAPI Hateដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោកសាស្រ្តាចារ្យ Russel Jeung ពី​សាកលវិទ្យាល័យ​សាន់ហ្វ្រាន់ស៊ីស្កូ និង​មិត្ត​រួម​ការងារ​មួយ​ចំនួន​របស់​លោក។ ហើយ​យើង​ក៏​ឃើញ​មាន​ភ្នាក់ងារ​ព័ត៌មាន​ផ្សេងៗ​ កំពុង​តែ​រាយកាណ៍​ពី​បញ្ហា​នេះ​ផងដែរ។​ បញ្ហា​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ចំណោម​នោះ​ គឺ​យើង​ឃើញ​មិនមាន​សារ​បង្ហាញ​ពី​ភាព​សាមគ្គី​ជា​រួម​នៅ​ទូទាំង​ប្រទេស​ ពាក់ព័ន្ធ​នឹង​ភាពធ្ងន់ធ្ងរ​នៃ​បញ្ហា​នេះ។ ហើយ​ទីពីរ គឺ​មិនត្រូវមាន​ការ​វាយប្រហារ​លើពលរដ្ឋ​ ដែល​មានជាប់​សែស្រឡាយ​អាស៊ីទេ។

របាយកាណ៍​ផ្សេងៗ​កំពុងតែ​លេច​ឡើង​ចេញ​មក​ពី​រដ្ឋ​ផ្សេងៗ​ដូចជា រដ្ឋ California ដែល​មាន​ករណី​រាយការណ៍​ចំនួន​ ៤២​ ភាគរយ និង​នៅ​ក្រុងញូវយ៉ក ដែល​មាន​ករណី​រាយការណ៍​ចំនួន ២០ ភាគរយ​ នៃ​ចំនួន​ករណី​រាយការណ៍​សរុប​ទូទាំងប្រទេស។ យើង​មាន​ថ្នាក់​ដឹកនាំ​ ដូចជា អភិបាល​ក្រុង និង​សមាជិក​ក្រុម​ការងារ​របស់​គាត់​ ផ្សព្វផ្សាយ​នូវ​សារថា ការ​រើសអើង​ប្រឆាំង​នឹង​ជាតិសាសន៍​អាស៊ី​ មិន​ត្រឹមតែជា​កំហុស​មួយ​នោះ​ទេ វា​គឺ​ជា​បទ​ឧក្រិដ្ឋ ហើយ​ចំណាត់ការ​ធ្ងន់ធ្ងរ​នឹង​ត្រូវ​ធ្វើ​ឡើង។​ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​រង្គៀសចិត្ត​ចំពោះ​បញ្ហា​នេះ​ គឺ​ថា សារ​របៀប​នេះ​គឺ​មានតែ​ម្តងម្កាល​ប៉ុណ្ណោះ។ យើង​អាច​និយាយ​ថា គឺ​មក​តែ​មួយ​ពេល​ក៏​ថា​បាន ខណៈ​ដែល​យើង​ត្រូវ​ការ​សារ​ដែល​មាន​មកជា​បន្តបន្ទាប់​ អំឡុងពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ ដោយសារ​តែ​ការ​វាយប្រហារ​នៅ​តែ​កំពុង​កើត​មាន​ឡើង។ ដូច្នេះ​ យើង​ត្រូវ​ការ​មាន​ភាព​ជាប់លាប់​ជាមួយ​នឹង​សារ​របស់​យើង។ ប៉ុន្តែ ​ក្រៅ​ពី​នេះ​យើង​មិន​ឃើញ​មាន​ដំណោះស្រាយ​ជា​ដុំកំភួន​ណា​មួយ​ ដែល​មាន​ពី​ថ្នាក់​ដឹកនាំ​នោះ​ទេ។

វីអូអេ៖ ពលរដ្ឋ​មួយ​ចំនួន​មក​ពី​សហគមន៍​ខ្មែរ ដែល​ខ្ញុំ​បាន​និយាយ​ជាមួយ ហាក់ដូចជា មាន​គំនិត​មួយ​ដែល​ថា នៅ​ពេល​ដែល​មាន​នរណា​ម្នាក់​ចង់​រក​រឿង​អ្នក​ អ្នក​គ្រាន់​តែ​និយាយ​ថា «ទេ ខ្ញុំ​ជា​ជនជាតិ​នេះ​ទេ។ ខ្ញុំ​មិនមែន​ជនជាតិ​ចិន​នោះ​ទេ។ តើ​នេះ​ជា​ដំណោះស្រាយ​មួយ​ដែល​ល្អ​ឬ​ទេ»?

លោក ភីថឺ កែវ៖ ទេ នេះ​មិនមែន​ដំណោះស្រាយ​ល្អ​មួយ​នោះ​ទេ។

ទី​មួយ គឺ​វា​ទម្លាក់​កំហុស​ពីហេតុការណ៍​ដែល​បាន​កើត​ឡើង​ទៅ​លើ​អ្នក​ដទៃ។ ហើយ​នេះ​មិនមែន​ជា​ដំណោះស្រាយ​ដ៏​ល្អ​មួយ​ទេ។ ត្រូវ​ទេ? វា​ជា​កាតព្វកិច្ច​ជា​ប្រជា​ពលរដ្ឋ​របស់​យើង។ វា​ជា​ការ​ទទួល​ខុសត្រូវរបស់​យើង​ជា​ពលរដ្ឋ​អាមេរិកាំង​ល្អ​ម្នាក់ ក្នុង​ការ​មើល​ថែ​គ្នា​ទៅ​វិញ​ទៅ​មក។ ការណ៍​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​យើង​ជា​ប្រទេស​មាន​អំណាច និង​ស្រស់​បំព្រង​មួយ​ ទោះ​បី​ជាមាន​បញ្ហា​ដែល​យើង​កំពុង​ជួប​ប្រទះ​ជា​ពេល​បច្ចុប្បន្ន​ក៏ដោយ។​ យើង​ត្រូវ​មើល​ថែ​គ្នា​ទៅ​វិញ​ទៅ​មក។ វា​មិន​ល្អ​ឥត​ខ្ចោះ​នោះ​ទេ​ ប៉ុន្តែ​យើង​អាច​ធ្វើ​វា​បាន​ក្នុង​កម្រិត​មួយ។ ដូចនេះ ទីមួយ គឺ​បញ្ហា​ដែល​ថា យើង​មិន​ជួយ​មើល​ថែ​ជនរួម​ជាតិ​របស់​យើង។ នេះ​ជា​បញ្ហា​ទី​មួយ។ បញ្ហា​ទី​ពីរ​ គឺ​ថា មាន​គំនិត​មួយ​ដែល​យើង​ហៅ​ថា ការ​ទម្លាក់​កំហុស​លើ​អ្នក​ដទៃ​ ដើម្បី​យក​រួច​ខ្លួន ដោយ​និយាយ​ថា នេះ​ជា​បញ្ហា​របស់​អ្នក​ដទៃ ហើយ​ការណ៍​នេះ​នឹង​ទាញ​កំហុស​ចេញ​ពី​ពួកយើង ទៅ​ដាក់​បុគ្គល​ផ្សេង​ទៀត។ ​បញ្ហា​នេះ​គឺ​អ្វីដែល​កំពុង​តែ​កើត​មាន​អំឡុង​ពេល​មាន​វិបត្តិ​ពាក់ព័ន្ធ​នឹង​ជាតិ​សាសន៍​នៅ​សហរដ្ឋអាមេរិក។ ​

ប្រសិន​បើ​អ្នក​ក្រឡេក​មើល​ហេតុការណ៍​ភេរវកម្ម​នៅ​ ថ្ងៃ​១១ កញ្ញា​វិញ​ និង​ការ​ប្រព្រឹត្ត​ដាក់​មនុស្ស​ដែល​មក​ពី​តំបន់​មជ្ឈិមបូព៌ា ឬ​សូម្បី​តែពី​តំបន់​អាស៊ី​ខាង​ត្បូង​ ដូចជា ជនជាតិ​ឥណ្ឌា​ មកពីរដ្ឋ Punjab ដែល​តែង​ស្លៀក​ពាក់​សម្លៀកបំពាក់​ប្រពៃណី​របស់​ខ្លួន ជនជាតិ​អាមេរិកាំង​ដែល​មិន​បាន​ដឹង ឬ​មិន​ទទួល​បាន​ការ​អប់រំ​អំពី​មនុស្ស​ទាំង​នោះ​នឹង​ធ្វើ​ការ​សន្មត់​ខុសឆ្គង​មក​លើ​ពួកគេ។ ហើយ​អ្នក​អាច​គួប​ផ្សំ​បញ្ហា​នេះ​ជាមួយ​នឹង​ការណ៍​ដែល​ថា មាន​ភាព​តានតឹង​ផ្លូវចិត្ត ដែល​កើត​ចេញ​ពី​ជំងឺ​កូវីដ​១៩ ដោយសារ​តែការ​គិត​ថា ពី​ព្រោះ​តែ​មនុស្ស​ទាំងនោះ​ ទើប​មាន​អ្នក​កើត​ជំងឺ​នេះ មាន​អ្នកស្លាប់ និង​អ្នក​បាត់បង់​ការងារ​ក្នុង​អត្រា​ដ៏ខ្ពស់​មួយ។ អ្នក​អាច​គួប​ផ្សំ​បញ្ហា​នេះ​ជាមួយ​គ្នា។ ហើយ​វា​ជា​ស្ថានភាព​ដ៏​អាក្រក់​មួយ។ ដូច្នេះ សរុប​មក ទី​មួយ អ្នក​ត្រូវ​ចេះ​មើលថែ​គ្នា​ទៅ​វិញ​ទៅ​មក ពីព្រោះ​ថា នេះ​ជា​អ្វី​ដែល​យើង​ធ្វើ​ជា​ទូទៅ។ ហើយ​ទី​ពីរ វា​មិនមែន​ជា​រឿង​ត្រឹមត្រូវ​នៅ​ក្នុង​ការ​ទម្លាក់​កំហុស​ទៅ​លើ​អ្នកដទៃ​ ជាពិសេស​នៅ​ពេល​មាន​កង្វះខាត​ការ​អប់រំ​ទៅ​លើ​ពូជសាសន៍​ និង​ជាតិ​អំបូរ​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​នេះ។

វីអូអេ៖ សូម​វិល​ត្រឡប់វិញ​ទៅ​ចំណុច​ដែលលោក​បាន​និយាយ​ពី​សារ​សាមគ្គី​ជា​រួម។ តើ​មេដឹកនាំ​អាច​មាន​ឥទ្ធិពល​យ៉ាងណា​ទៅ​លើ​បញ្ហា​នេះ? តើ​ពួកគេ​ធ្វើ​ឲ្យ​បញ្ហា​លំបាក​ជាង​មុន ឬ​បាន​ដោះស្រាយ​បញ្ហា​នេះ​ហើយ? ពីព្រោះ​ថា ខ្ញុំ​បាន​ឮ​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ និង​រដ្ឋបាល​របស់​លោក​ បាន​ចេញ​មក​ប្រកាស​គាំទ្រ​ពលរដ្ឋ​អាមេរិកាំង​កាត់​អាស៊ី និង​បាន​លើកឡើង​ថា ពួកគេ​មិនមែន​ជា​បញ្ហា​ ដូចដែល​មនុស្ស​មួយ​ចំនួន​បាន​លើកឡើង​នោះ​ទេ។ តើ​ការណ៍​នេះ​មាន​សារៈសំខាន់​យ៉ាង​ដូចម្តេច​ដែរ?

លោក ភីថឺ កែវ៖ ពិតណាស់ សារ​ពី​ថ្នាក់​ដឹកនាំ​តែងតែ​មានសារៈសំខាន់​សំខាន់​មួយ ជាពិសេស​អំឡុងពេល​មាន​វិបត្តិ​ក្នុង​ការ​គ្រប់គ្រង​ដូចដែល​យើងកំពុង​ជួប​ប្រទះ​នា​ពេល​នេះ។

នៅ​ពេល​ដែល​មាន​វិបត្តិ​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង ពលរដ្ឋ​តែង​តែ​មាន​ការ​ព្រួយបារម្ភ និង​ភ័យខ្លាច។ មាន​ការ​ចោទ​ទម្លាក់​កំហុសនានា​ ដែល​យើង​បាន​ឃើញ។ ហើយ​ហេតុផល​នៅ​ពី​ក្រោយ​ការ​វាយប្រហារ​ជា​ច្រើន​មក​លើ​ពលរដ្ឋអាមេរិកាំង​ដើមកំណើតអាស៊ី​ គឺ​ពីព្រោះ​ថា មាន​ការ​ទម្លាក់​កំហុស​នៃ​ការ​ឆ្លង​វីរុស​នេះ​ទៅ​លើ​ពួកគេ។ ដូច្នេះ​ហើយ​ ទើប​ការ​ផ្សព្វផ្សាយ​អប់រំ​ គឺ​មាន​សារៈសំខាន់។ ការណ៍​ដែល​លោក​ប្រធានាធិបតី​ ត្រាំ ​បាន​ហៅ​វីរុស​កូរ៉ូណា​ថា ជា​វីរុស​ចិន​នោះ គឺ​ជា​រឿង​មួយ​បង្ក​ជា​បញ្ហា​ណាស់ ទោះ​បី​គាត់​មិន​គិត​ដូច្នេះ​ក៏​ដោយ ពី​ព្រោះ​ថា នៅ​ពេល​ដែល​គាត់​បាន​និយាយ​ដូចនេះ​ភ្លាម យើង​ឃើញ​មាន​ការ​កើន​ឡើង​នូវ​ការ​វាយប្រហារ​យ៉ាង​ច្រើន។

ប៉ុន្តែ​អ្វី​ដែល​ល្អ​ គឺ​ថា គាត់​បាន​ត្រឡប់​មក​និយាយ​វិញ​ថា យើង​ត្រូវ​ជួយ​មើល​ពលរដ្ឋអាមេរិកាំង​ដើម​កំណើតអាស៊ី ជនរួម​ជាតិ​ទាំងអស់ និង​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អាស៊ី​នៅ​តំបន់​កោះប៉ាស៊ីហ្វិក។ សម្រាប់​ខ្ញុំ​ នេះ​គឺ​ជា​ជំហាន​ល្អ​មួយ ប៉ុន្តែ​វា​មិន​គ្រប់គ្រាន់​នោះ​ទេ ជាពិសេស​នៅ​ពេល​ដែល​មាន​ការ​ផ្សព្វផ្សាយ​សារអប់រំ​មិន​ស្រុះគ្នា​នៅ​ក្នុង​ប្រទេស។ ហើយ​អភិបាលរដ្ឋ​មួយ​ចំនួន​ក៏​បាន​រិះគន់ពី​កង្វះ​សារ​អប់រំ​ពាក់ព័ន្ធ​នឹង​វិបត្តិ​សុខភាព​នេះ​ផងដែរ។

ដូច្នេះ​យើង​ក៏​បាន​ឃើញ​ថា នេះ​ជា​សញ្ញា​ដំបូង​ដែល​នាំ​ទៅ​រក​វិបត្តិ​ជាតិសាសន៍​នៅ​ក្នុង​ប្រទេស​នេះ។ ហើយ​អ្វី​ដែល​ខ្ញុំ​អាច​បន្ថែម​បាន​គឺ​ថា នៅ​ស្រប​ពេល​នេះ​ការ​សំខាន់​ គឺ​ត្រូវ​មាន​សារ​សាមគ្គីជា​រួម​មួយ​នៅ​អំឡុងពេល​មាន​វិបត្តិ​នេះ។​ ហើយ​មិនមែន​មាន​តែ​ម្តង​ហើយ​ឈប់​នោះ​ទេ។ វា​គួរ​តែ​មាន​ជា​បន្តបន្ទាប់។ ខ្ញុំ​គិត​ថា ការណ៍​នេះ​នឹង​ជួយ​ផ្សព្វផ្សាយ​សារ​យ៉ាង​ច្បាស់​ទៅ​កាន់​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ និង​ថា ការ​វាយប្រហា​មក​លើ​សហគមន៍​ពលរដ្ឋអាមេរិកាំង​ដើមកំណើតអាស៊ី​ គឺ​មិនមែន​ជា​រឿង​ទទួល​យក​បាន​ទេ​ ហើយវា​ខុសច្បាប់។

រូបឯកសារ៖ សមាជិកនៃគណៈកម្មការអាស៊ីអាមេរិកាំងប្រចាំរដ្ឋ Massachusetts ប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅមុខការិយាល័យសមាជិករដ្ឋសភាប្រចាំរដ្ឋ អំពីបញ្ហារើសអើងលើពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី ក្នុងអំឡុងរោគរាតត្បាតកូវីដ១៩ នៅទីក្រុង Boston កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២០។

វីអូអេ៖ ឥឡូវ​នេះ យើង​កំពុង​អនុវត្ត​វិធានការឲ្យ​ពលរដ្ឋ​ស្នាក់​នៅ​ផ្ទះ ហើយ​សាលារៀន​ក៏​បាន​បិទ។ ប៉ុន្តែ​នៅ​ពេល​ដែល​សាលារៀនបើក​ទ្វារ​ឡើង​វិញ​នៅ​ពេល​ខាងមុខ តើ​សហគមន៍​គួរ​ធ្វើ​យ៉ាង​ដូចម្តេច​ដែរ ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ ដើម្បី​កុំ​ឲ្យ​កើត​មាននៅ​តាម​សាលារៀន និង​ស្ថាប័ន​អប់រំ​នានា កន្លែង​ដែល​មាន​គ្រូ​បង្រៀន​ និង​សិស្ស​អាមេរិកាំង​ដើម​កំណើតអាស៊ី?

លោក ភីថឺ កែវ៖ បាទ​ នេះ​ពិត​ជា​សំណួរ​សំខាន់​មួយ។ ហើយ​វា​ជា​សំណួរ​ដែល​ខ្ញុំ​តែង​ចោទសួរម្តងហើយ​ម្តង​ទៀត។

ការ​វាយប្រហារ​មកលើ​ពលរដ្ឋអាមេរិកាំង​ដើមកំណើតអាស៊ី​នៅ​ក្នុង​ទំហំ​នេះ​ គឺ​មានចរិត​លក្ខណៈ​ប្រកបដោយបញ្ហា​មួយ​សម្រាប់​ខ្ញុំ។ ហើយ​នៅ​ពេលគិត​ពិចារណា​ពី​សុខមាលភាព​ និង​សុវត្ថិភាព​របស់​កុមារ សម្រាប់ខ្ញុំ វា​កាន់​តែ​ជា​បញ្ហាធ្ងន់ធ្ងរ​ថែមទៀត។ ការ​ព្រួយបារម្ភ​ធំបង្អស់​របស់​ខ្ញុំ​គឺ​ថា ដោយសារ​តែ​សាលារៀន​មិន​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​បង្កើតជា​បរិស្ថាន​មួយ​ប្រកប​ដោយសុវត្ថិភាព និង​សុខមាលភាព​មួយ​ សម្រាប់​ពលរដ្ឋអាមេរិកាំង​ដើមកំណើតអាស៊ី។

វា​ជាបញ្ហា​ស្មុគស្មាញ​ ដែល​ខ្ញុំ​មិន​ចង់​និយាយ​ច្រើន​ទេ​នៅ​ពេល​នេះ​ទេ។ ប៉ុន្តែ​សាលារៀន​មិន​ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​ជួយ​ទំនុកបម្រុង​សិស្សអាមេរិកាំង​ដើមកំណើតអាស៊ី​នោះទេ។ ​សិស្សដើមកំណើត​អាស៊ី​ត្រូវគេមើល​រំលង មុន​ពេល​មាន​ការ​កើត​ជំងឺ​កូវីដ​១៩​ និង​នៅ​ពេល​កើត​ជំងឺ​កូវីដ១៩។ ការ​ព្រួយបារម្ភ​ធំ​បំផុត​ គឺថា ទាំង​សិស្ស​ និង​គ្រូបង្រៀន​អាមេរិកាំង​ដើមកំណើតអាស៊ី​ នឹង​វិលត្រឡប់​ចូល​ក្នុង​ប្រព័ន្ធ​មួយ​ដែល​មាន​ការ​រើសអើង​ជន​អំបូរអាស៊ី។

យើង​មិន​ច្បាស់​ថា អ្នក​ដែល​រ៉ាប់រង​លើ​រឿង​នេះ ​នឹង​ធ្វើការ​យ៉ាង​ជិតដិត​ប៉ុណ្ណា​នោះ​ទេ។ យើង​មិន​ច្បាស់​ថា តើ​ជន​អាមេរិកាំង​កាត់​អាស៊ីទាំង​នោះ​នឹង​វិល​ត្រឡប់​ចូល​ក្នុង​ប្រព័ន្ធ​សិក្សា​មួយ​ ដែល​នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​មាន​សុវត្ថិភាព​ និង​សុខមាលភាព​នោះ​ទេ។ ហើយ​ចំពោះអ្វី​ដែល​យើង​ត្រូវ​ធ្វើ​គឺ​វា​ដូចគ្នា​នឹង​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​ពាក់ព័ន្ធ​នឹង​ការ​ដឹកនាំ​ថ្នាក់​សហព័ន្ធ ថ្នាក់​រដ្ឋ និង​ថ្នាក់​ជាតិ។ ហើយ​យើង​ត្រូវ​ការ​សារ​ច្បាស់លាស់ និង​ជា​រួម​មួយ​ពី​អភិបាលរដ្ឋ​ ដែល​នៅ​ក្នុង​រដ្ឋ​មួយ​ចំនួន​បាន​ចាត់​តាំងមន្ត្រី​គ្រប់គ្រង​តាម​សង្កាត់​ផ្សេង។ ហើយ​សង្កាត់ផ្សេងៗ​នឹង​គ្រប់គ្រង​លើ​ថ្នាក់​ដឹកនាំ​តាម​សាលារៀន​បន្ត។ ​

យើង​ត្រូវ​ការ​សារ​ជា​រួម​មួយ​ ដើម្បី​បង្ហាញ​ថា ការ​ប្រព្រឹត្ត​ដូចនេះទៅ​លើ​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើតអាស៊ី​ គឺ​មិន​អាច​ទទួល​យក​បាន។ ទីពីរ ប្រសិន​បើ​មាន​ហេតុការណ៍​ដូចនេះកើត​ឡើង យើង​នឹង​ចាត់​វិធានការ​តឹង​រ៉ឹង។ សម្រាប់​ខ្ញុំ នេះ​នឹង​ជា​ចំណុច​ចាប់ផ្តើម​ដ៏​ល្អ​មួយ។ ហើយ​បន្ទាប់​មក មាន​កត្តា​ផ្សេង​ទៀត​ ដែល​ពលរដ្ឋ​អាច​ធ្វើ​បាននៅ​តាម​សាលារៀន ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ពាក់ព័ន្ធ​នឹង​ការ​អប់រំ​អំពី​ការ​លម្អៀង​ផ្នែកជាតិសាសន៍​ និង​ការ​ផ្តល់​ឲ្យ​ថ្នាក់​ដឹកនាំ​និង​គ្រូ​បង្រៀន​ នូវ​ធនធាន​ផ្សេងៗ​ដែល​ពួកគេ​ត្រូវ​ការ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ ប្រសិន​វា​កើត​មាន​នៅ​តាមសាលារៀន។ នេះ​ជា​អ្វី​ដែល​ពលរដ្ឋ​អាច​ធ្វើ​បាន​ ប៉ុន្តែ​ការ​ផ្សព្វផ្សាយ​សារអប់រំ គឺ​ពិត​ជា​សំខាន់​ណាស់៕