តំបន់អាស៊ី​បន្ត​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់

ប្រទេសភូមា

វ៉ាស៊ីនតោន៖ តំបន់​អាស៊ី​នឹង​មាន​សេដ្ឋកិច្ច​កាន់​តែ​ប្រសើរ​ឡើង​សម្រាប់​ឆ្នាំ​នេះ​និងឆ្នាំ២០១៤ដោយ​មាន​កម្រិត​លើស​ពី​៦ភាគរយក្នុង​មួយឆ្នាំៗ ប៉ុន្តែ​ក្រុម​អ្នក​សេដ្ឋកិច្ច​ព្រមាន​ដោយ​ប្រយ័ត្ន​ប្រយែង​ថា​ឧបសគ្គ​នៅ មាន​នៅឡើយ​ទេ​។

បើ​តាម​របាយការណ៍​ចក្ចុ​វិស័យ​សម្រាប់​ឆ្នាំ​២០១៣​របស់​ធនាគារ​អភិឌ្ឍន៍​អាស៊ី ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​កន្លង​មកព្យាករណ៍​ថា​កំណើន​សេដ្ឋ​កិច្ច​នៅ​ឆ្នាំ​២០១៣​នឹង​មាន​ចំនួន​៦,៦ភាគរយ​ហើយ​នៅ​ឆ្នាំ​២០១៤​នឹង​មាន​៦,៧ភាគរយ​ដែល​មាន​ការ​កើនឡើង​ច្រើន​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១២​ដែល​មាន​តែ​៦,១ប៉ុណ្ណោះ។​

លោក​ឆាងយុង រី​ អ្នក​សេដ្ឋកិច្ច​នាំ​មុខ​នៃ​ធនាគា​រអភិវឌ្ឍន៍​អាស៊ីបាន​បញ្ជាក់​ប្រាប់​អ្នក​ចូលរួម​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ថា៖
«ការរីកចម្រើន​សេដ្ឋកិច្ច​នេះ​នាំ​មុខ​ដោយ​ការងើប​ឡើង​វិញ​នៃ​ប្រទេស​ចិន​និង​ភាព​ស៊ូទ្រាំ​បាន​របស់​បណ្តាប្រទេស​អាស៊ាន ហើយ​សេដ្ឋកិច្ច​របស់​ចិន​និង​អាស៊ាន​នេះ​កំពុង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋ​កិច្ច​អាស៊ីឱ្យ​កាន់​តែ​ងើបឡើង»។

មាន​កត្តា​មួយ​ចំនួន​ដែល​ជំរុញ​ដល់​សេដ្ឋកិច្ច​នេះ​ក្នុង​នោះ មាន​ការវិនិយោគ​ ការប្រើប្រាស់​នៅ​ក្នុង​ស្រុក និង​ការធ្វើ​ពាណិជ្ជកម្មជាមួយ​ប្រទេស​ជិតខាង​គ្នា​ឯង​និង​ក្នុងតំបន់។

យ៉ាងណា​ក៏ដោយ​អ្នក​សេដ្ឋកិច្ច​ខ្លះ​ក៏​បាន​ព្រមាន​ថា​ការរីក​ចម្រើននៅមិន​ទាន់​ខ្លាំង​នៅឡើយ​ទេ ហើយ​ការដែល​ប្រទេស​ទាំង​នោះ​មាន​គោល​នយោបាយ​មិន​មាំទាំ​អាច​បង្ក​ជា​បញ្ហា​នៅ​ពេល​ក្រោយ។ គេសង្កេត​ឃើញ​ថាបណ្តា​ប្រទេស​នៅ​អាស៊ី​ជាប់​ញៀន​នឹង​ការបញ្ចូល​ថវិកា​បន្ថែម​ចូល​ក្នុង​វិស័យវិនិយោគទុន​ដើម្បីជួយឱ្យ​សេដ្ឋ​កិច្ច​នៅ​បន្ត​រីកលូតលាស់​ដែល​នេះ​អាច​ជា​គ្រោះថ្នាក់សម្រាប់​តំបន់​ផងដែរ។

លោក​ លោក​អែនឌ្រូ ប៊ឺន (Andrew Burns) ​សេដ្ឋវិទូនៃ​ធនាគារ​ពិភពលោកដែល​បាន​ចូលរួម​ក្នុងពិធី ចេញ​ផ្សាយ​របាយការណ៍​នោះ​ដែរបានលើក​យក​ឧទាហរណ៍​ប្រទេស​ចិន​ដែល​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​ចុងក្រោយ​បាន​រីក​ចម្រើន​សេដ្ឋកិច្ច​ក្នុង​កម្រិត១០​ភាគរយ​ជារៀងរាល់​ឆ្នាំតែ​កម្រិត​នៃ​ការវិនិយោគ មាន​ត្រឹម​តែ​៣០​ភាគ​រយ​នៃ​ផលិតផល​សរុបក្នុង​ស្រុកតែ​ប៉ុណ្ណោះ​ ដែល​ខុសពី​រយៈ​ពេល​១០​ឆ្នាំ​ចុងក្រោយ​នេះ​សមាមាត្រ​នៃ​ការ​វិនិយោគ​របស់​ចិន​ឡើង​ដល់​៤៥ភាគរយ​ធៀប​នឹង​ផលិតផលសរុប​ក្នុង​ស្រុក​។ នេះ​ដោយសារ​តែ​គេ​ប្រើ​ប្រាស់​ការវិនិយោគ​នេះ​មក​ទប់​ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ចដើម្បី រក្សា​កម្រិត​នៃ​ការ​លូតលាស់​ឱ្យ​នៅ​ខ្ពស់​ដដែល។​

លោក​អែនឌ្រូ​បាន​បន្ថែម​ថា៖
«ការវិនិយោគ​នេះ​ត្រូវ​តែ​បញ្ចុះ​មក​វិញ​ព្រោះ​វា​មិន​មាន​ចីរភាព​ទេក្នុង​កម្រិត​នេះ។ វា​អាច​នឹង​នាំ​ឱ្យ​មាន​ប្រាក់​កម្ចី​ដែល​មិន​ល្អ និង​វិបត្តិ​ធនាគារ​ដូច​ដែល​យើង​បាន​ឃើញ​នៅ​កន្លែង​ដទៃ​ទៀត​ឬ​ក៏​អាច​នាំ​ឱ្យ​មិនសម្រេច​តាម​ផែនការ​ដែល​ចង់​បានព្រម​ទាំង​ភាព​តាន​តឹង​ខាង​ផ្នែក​ម៉ាក្រូ​សេដ្ឋកិច្ច​ដែល​នឹង​ពិបាក​ដោះស្រាយ»។​ ​

នាពេល​បច្ចុប្បន្ន​នេះ​ផលិតផល​សរុបក្នុង​ស្រុករបស់​តំបន់​អាស៊ី​ចូលរួម​ចំណែក​បានមិន​ដល់​មួយ​ភាគបី​នៃ​ផលិតផលសរុបក្នុង​ស្រុករបស់​ពិភព​លោក​ទេ​ប៉ុន្តែ​បើ​និន្នាការ​នៃការ​រីក​ចម្រើន​នៅ​បន្តអ្នក​សេដ្ឋកិច្ច​ព្យាករណ៍​ថា​ក្នុង​ឆ្នាំ​២០៣៥​សេដ្ឋកិច្ច​តំបន់អាស៊ី នឹង​ឡើង​ដល់​ជិត​ពាក់​កណ្តាល​នៃ​ផលិតផលសរុបក្នុង​ស្រុកនៅ​ទូទាំង​ពិភពលោក។ រីឯ​តម្រូវ​ការ​ឋាម​ពល​ដែល​តំបន់​នេះ​ប្រើ​ប្រាស់​តែ​មួយ​ភាគ បី​នាពេល​បច្ចុប្បន្ន​នឹង​ឡើង​ដល់ចំនួនលើស​ពី​ពាក់​កណ្តាល​នៃកម្រិត​ពិភពលោកទាំង​មូល។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។​

លោក​បណ្ឌិត ឆាងយុង​ រី​ បាន​ផ្តល់​អនុសាសន៍​ថា​ដើម្បី​ជៀសវាង​បញ្ហា​លំបាក​ក្នុង​ពេល​អនាគត​ខាងផ្នែក​ឋាម​ពល​នេះ​ប្រទេស​នៅ​អាស៊ីគួរ​តែ​បង្កើត​នូវ​ទីផ្សា​រ​ឋាម​ពល​អាស៊ី​មួយ​នៅ ត្រឹម​ឆ្នាំ​២០៣០ ដោយ​បង្កើត​ក្រុម​ការងារ​ថ្នាក់​រដ្ឋ​មន្ត្រី​ឱ្យ​មក​សិក្សា​ពី គំរូ​របស់​សហភាព​អឺរ៉ុប​និង​កំហិត​ឱ្យ​បាន​នូវ​តម្រូវ​ការ​និង​ពង្រីក​នូវ​ឋាម​ពល​ដែល​ស្អាត​និង​ងាយស្រួល​ប្រើ​ប្រាស់​បាន។

លោក​ឆាងយុង រី​បញ្ជាក់ថាសម្រាប់​ប្រទេស​តូចៗ​ដូច​ជាកម្ពុជា​ វៀតណាម​ និងឡាវ​ដែល​កំពុង​តែ​ប្រឈម​មុខ​គ្នា​នឹង​ការសាងសង់​ទំបន់​អគ្គិសនី​នៅ​តាម​ដង​ទន្លេ​មេគង្គ​ដើម្បី​ជា​ប្រភព​ឋាម​ពល​គួរ​តែ​គិត​គូរ​ស្វែង​រក​ដំណោះស្រាយ​ពីពេល​ឥឡូវ​នេះ​ទៅ៖​

«ប្រសិន​បើ​បណ្តា​ប្រទេស​ទាំង​នោះ​មាន​ទីផ្សារ​រួម​គ្នា​មួយ​ដូច្នេះ​ប្រទេស​និមួយៗអាច​ធ្វើការ​បែងចែក​កម្លាំង​ពលកម្ម​បាន។ ប្រទេស​ដែល​មាន​ធន​ធាន​ទឹក​ច្រើន​អាច​ផ្តោត​លើ​ឋាម​ពល​វារី​អគ្គិសនីហើយ​ម៉្យាង​ទៀត​ប្រទេស​ដែល​មាន​សក្តានុពល​ខាង​ឋាម​ពល​ព្រះ​អាទិត្យពួកគេ​អាច​ផ្តោត​លើ​ឋាម​ពល​ព្រះ​អាទិត្យ​ហើយ​អាច​ដោះដូរ​គ្នា​បាន»។​
លោក​បាន​បន្ថែម​ថា​ប្រទេស​ទាំងនោះ​ត្រូវ​មាន​គោល​នយោបាយ​ដែល​សម្រប​សម្រួល​គ្នា​មួយ​ដែល​អាច​នឹង​ជួយ​ពួកគេ​ជៀស​វាង​បាន​នូវ​ជម្លោះ​ខាង​ផ្នែក​នយោបាយ។​