អាស៊ាន​នៅ​តែ​អាច​ជា​អ្នក​សម្រប​សម្រួល​ជម្លោះ​កម្ពុជា​ថៃ

រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី លោក Marty Natalegawa (កណ្តាល) ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​​នៅ​ក្រោយ​កិច្ច​ប្រជុំ​នៅ​ក្រុង​​ហ្សាការតា​ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​​អង្គារ​ទី​២២​ខែ​កុម្ភៈ​ឆ្នាំ​២០១១។ លោក​ត្រូវ​ឈរ​​អម​ដោយ​​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា

ក្រុម​អ្នក​វិភាគ​នៅ​តែ​រំពឹង​ថា​សមាគម​អាស៊ាន​នៅ​តែ​អាច​រក​ដំណោះស្រាយ​ជម្លោះ​ប្រដាប់​អាវុធ​កម្ពុជា​និង​ថៃ​ ទោះបី​ជា​ខកខាន​ជា​បណ្តោះ​អាសន្ន​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ក៏​ដោយ។

ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​កម្ពុជា​និង​ថៃ​៥ថ្ងៃ​ជាប់ៗ​គ្នា​ ការពារ​បូរណភាព​ដែនដី​ ត្រូវ​គេ​មើល​ឃើញ​ថា​គឺ​ជា​ការ​ខកខាន​របស់​អាស៊ាន​ជា​បណ្តោះ​អាសន្ន​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​សន្តិភាព​ក្នុង​តំបន់​ក៏​ពិត​មែន​ ក៏​ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​ថៃ​និង​កម្ពុជា​អះ​អាង​ថា​តួនាទី​អាស៊ាន​អាច​នៅ​តែ​មាន​ឥទ្ធិពល​នៅ​ឡើយ។

កម្ពុជា​និង​ថៃ​បាន​ព្រម​ព្រៀង​គ្នា​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​និង​សមាគម​អាស៊ាន​ដើម្បី​បញ្ឈប់​ការ​វាយ​ប្រយុទ្ធ​គ្នា​កាល​ពី​ខែ​កុម្ភៈ​ ហើយ​ប្រទេស​ទាំងពីរ​ក៏​បាន​ព្រម​ព្រៀង​គ្នា​ថា​នឹង​បន្ត​ដោះ​ស្រាយ​តាម​យន្តការ​អាស៊ាន​ លើ​បញ្ហា​ជម្លោះ​ព្រំដែន​ដែល​ជា​បញ្ហា​មួយ​ត្រូវ​គេ​គិត​ថា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​កេង​ចំណេញ​ផ្នែក​នយោបាយ​ក្នុង​ប្រទេស​ទាំងពីរ​ផង​ដែរ។​ ក៏ប៉ុន្តែ​កងទ័ព​កម្ពុជា​និង​ថៃ​តាម​ព្រំដែន​បាន​វាយ​ប្រយុទ្ធ​គ្នា​៥​ថ្ងៃ​ជា​ថ្មី​ទៀត​ ចាប់​ពី​ថ្ងៃ​២២​មេសា​មក​ ដោយ​មិន​អើពើ​នឹង​ការ​ទទូច​របស់​សហរដ្ឋ​អាមេរិក​ អង្គការ​សហប្រជាជាតិ​ អាស៊ាន​ និង​សហគមន៍​អន្តរជាតិ​ដែល​អំពាវ​នាវ​ឲ្យ​បញ្ឈប់​ការ​បាញ់​គ្នា​ជា​បន្ទាន់។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ លោក​បណ្ឌិត​ ធិទីណាន ភុងសុធិរ៉ាក់ (Thitinan ​Pongsudhirak) សាស្ត្រាចារ្យ​គោចរ​នៃ​ការ​សិក្សា​អំពី​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​សាកល​វិទ្យាល័យ​ ចនស៍​ ហប់ឃីនស៍ (Johns Hopkins) របស់​សហរដ្ឋ​អាមេរិក ​បាន​អះអាង​ពី​សារៈ​សំខាន់​នៃ​អន្តរាគមន៍​របស់​សមាគម​អាស៊ាន​ដែល​ប្រទេស​ឥណ្ឌូនេស៊ី​ជា​ប្រធាន។ លោក​ថ្លែង​ថា៖

«វីធី​តែ​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​សន្តិភាព​ និង​នាំ​ឲ្យ​មាន​ស្ថាន​ការណ៍​នឹងនរ​តាម​តំបន់​ព្រំប្រទល់​ដែន​នោះ​គឺ​ត្រូវ​ពឹង​ផ្អែក​លើ​ទម្រង់​នយោបាយ​ ការ​សម្រប​សម្រួល​ក្នុង​របៀប​ណា​មួយ​ដោយ​ឥណ្ឌូនេស៊ី​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន។ ថៃ​ត្រូវ​គិត​ឲ្យ​បាន​ហ្មត់​ចត់​អំពី​គោលនយោបាយ​ការ​បរទេស​របស់​ខ្លួន។​ នៅ​ពេល​ជា​មួយ​គ្នា​នេះដែរ ការ​រក​រឿង​ទៅ​វិញ​ទៅ​មក​ ហើយ​នឹង​កំណើន​កាន់តែ​ខ្ពស់​ឡើង​នៃ​ការតទល់​គ្នា ត្រូវ​បាន​បង្ក​ឡើង​ដោយ​កម្ពុជា​ផង​ដែរ។ យើង​មិន​ដឹងច្បាស់​ថា​តើ​អ្នកណា​ចាប់​ផ្តើម​មុន​ទេ​ តែ​ភាគី​ទាំង​ពីរ​ត្រូវ​តែ​ដក​ថយ ហើយ​អំពាវ​នាវ​សុំ​ឲ្យ​មាន​បទឈប់​បាញ់​គ្នា​ជា​បណ្តោះ​អាសន្ន​មួយ​ដើម្បី​បង្កើត​ទម្រង់​សម្រប​សម្រួល​មួយ​ យន្តការ​សម្រប​សម្រួល​មួយ​ ដើម្បី​ផ្តល់​ឲ្យ​មាន​ដំណោះ​ស្រាយ​នយោបាយ​រយៈ​ពេល​វែង​ចំពោះ​ជម្លោះ​នេះ»។

លោក​ ភុងសុធិរ៉ាក់ បាន​ព្រមាន​ថា ​មុខ​មាត់​របស់​អាស៊ាន​អាច​ត្រូវ​បានប៉ះពាល់​ប្រសិន​បើ​តួនាទី​របស់​ឥណ្ឌូនេស៊ី​ជា​ប្រធាន​អាស៊ាន​មិន​ត្រូវ​បាន​ផ្តល់​ក្នុង​ការ​សម្រប​សម្រួល​បញ្ហា​ជម្លោះ​រវាង​កម្ពុជា​និង​ថៃ។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​តាម​ទូរស័ព្ទ​ថា៖

«ប្រសិន​បើ​ដូច្នោះ​ រឿង​នេះ​អាច​ក្លាយជា​រឿង​អាក្រក់​សម្រាប់​ថៃ​ និង​អាស៊ាន។​ បញ្ហា​នេះ​ជា​រឿង​ប្រឈម​មុខ​ដ៏​ធំរួច​ហើយ​ មិន​មែន​សម្រាប់​តែប្រទេស​ទាំង​ពីរទេ​ ក៏​ប៉ុន្តែ​សម្រាប់​ឥណ្ឌូនេស៊ី​ជា​ប្រធាន​អាស៊ាន​ និង​សម្រាប់​អាស៊ាន​ជា​អង្គការ​ក្នុង​តំបន់​ផង​ដែរ។​ រឿងនេះ​ធ្វើ​ឲ្យ​អាស៊ាន​គ្មាន​ប្រសិទ្ធិភាព»។

លោក ​ភុងសុធិរ៉ាក់ ​បាន​ជំរុញ​ឲ្យ​កម្ពុជា និង​ថៃ​ថ្លឹង​ថ្លែង​ដំណោះ​ស្រាយ អាស៊ាន​ និង​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គការ​សហប្រជាជាតិ​ ដោយ​បញ្ជាក់​បន្ថែម​ថា៖

«ភាគី​ទាំងពីរ​ត្រូវ​តែ​គិត​គូរ​ឲ្យ​បាន​ច្បាស់​អំពី​កំណើន​នៃ​ជម្លោះ​នេះ​យ៉ាង​ម៉េច។ គេ មិន​ចង់​ឲ្យ​រឿង​នេះ​កើន​ឡើង​ដោយ​មិន​អាច​គ្រប់​គ្រង​បាន​ ហើយ​ទី​បំផុត​ ធ្វើ​ឲ្យ ខូច​មុខមាត់​អង្គការ​ក្នុង​តំបន់​ ហើយ​ទាត់​ចោល​សមាជិក​ទាំង​អស់​នៃ​សមាគម​ អាស៊ាន​នោះ​ទេ។​ ប្រសិន​បើ​រឿង​នេះ​ចូល​ទៅ​ដល់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ វា​នឹង​មាន​ភាពស្មុគ​ស្មាញ​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​ថៃ​អាច​ស្ថិត​នៅ​ក្នុង​ជំហរ​ដែល​មាន​គុណ​វិបត្តិ​ច្រើន»។

ឥណ្ឌូនេស៊ី​បាន​ព្យាយាម​សុំ​ឲ្យ​ថៃ​និង​កម្ពុជាត្រៀម​ខ្លួន​ទទួល​អ្នក​សង្កេត​ការណ៍​របស់​ខ្លួន​១៥​នាក់ម្ខាង​ តែ​ប្រទេស​ថៃ​ពុំ​បាន​ទទួល​យក​បែបបទ​ការងារ​នោះ​ទេ​ ដោយ​ដាក់​លក្ខខណ្ឌ​ឲ្យ​កម្ពុជា​ដក​ទ័ព​ថយ​ ចេញ​ពី​តំបន់​ប្រទាញ​ប្រទង់​មួយ​ក្បែរ​ប្រាសាទ​ព្រះវិហារ។

ភាគី​ ទាំងពីរ​មិន​ចុះ​សម្រុង​គ្នា​រឿង​ផែនទី​ ដែល​គេ​ប្រើ​ប្រាស់​ដើម្បី​ដណ្តើម​កាន់​កាប់​ទឹក​ដី​ប្រទាញ​ប្រទង់​នោះ។ កម្ពុជា​ដែល​ប្រើ​ប្រាស់​ផែនទី​បារាំង​សៀម​ ដែល​ត្រូវ​បាន​អះអាង​ថា​ ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរ​ជាតិ​នោះ​ បាន​យល់​ព្រម​ទទួល​យក​លក្ខខណ្ឌ​របស់​អាស៊ាន​ ដែល​ដាក់​អ្នក​សង្កេត​ការណ៍​ដើម្បី​ធានា​បទ​ឈប់​បាញ់​គ្នា​នេះ។​ ថៃ​ដែល​ត្រូវ​បាន​ដឹងថា​ ប្រើ​ប្រាស់​ផែនទី​របស់​ខ្លួន​ជា​ឯកតោភាគី​បាន​បដិសេធ​ទទួល​យក​អ្នក​សង្កេតការណ៍​ឥណ្ឌូនេស៊ី។

លោក​បណ្ឌិត​ ឈាង ​វណ្ណារិទ្ធ​ នាយក​ប្រតិបត្តិ​នៃ​វិទ្យា​ស្ថាន​ខ្មែរ​សម្រាប់​ សហប្រតិ​បត្តិការ​និង​សន្តិភាព​នៅ​កម្ពុជា​អះអាង​ថា​ សម្ពាធ​ពី​អន្តរជាតិ​តាមរយៈ​កិច្ចប្រជុំ​អាស៊ាន​នានា​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​អាច​នឹង​រំពឹង​ឲ្យ​ថៃ​ទទួល​យក​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​ដើម្បី​បញ្ឈប់​កិច្ច​ឈប់​បាញ់​គ្នា។ លោក​ វណ្ណារិទ្ធ ថ្លែង​ថា៖

«អ្វី​ដែល​ខ្ញុំ​គិត​ថា​ជា​ដំណោះ​ស្រាយ​នយោ​បាយ​មួយ​បន្ទាន់​ចំពោះ​បញ្ហា​ព្រំដែន​ហ្នឹង​ គឺ​ត្រូវ​តែ​មាន​អ្នក​សង្កេត​ការណ៍​អន្តរជាតិ។ ក្នុង​ន័យ​នេះ​គឺ​អ្នក​សង្កេត​ការណ៍​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​ជា​ប្រធាន​របស់​អាស៊ាន​ ដើម្បី​ចូល​ត្រួត​ពិនិត្យ​មើល​និង​ឃ្លាំ​មើល​បទ​ឈប់​បាញ់​រវាង​ប្រទេស​ទាំងពីរ​នៅ​តាម​ព្រំដែន​ហ្នឹង​តែ​ម្តង»។

លោក​ថ្លែង​ថា​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារជាតិ​ដែល​កម្ពុជា​គួរ​ស្នើ​ឡើង​ចំពោះ​អាស៊ាន​គឺ​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវការបន្ទាន់​មួយ​ ដែល​នេះ​ក៏​ជា​ដំណោះស្រាយ​មួយ​ដែរ ​ដោយសារ​តែ​យោធា​ថៃ​មាន​អំណាច​ខ្លាំង​ក្នុង​នយោបាយ​ផ្ទៃ​ក្នុង​ថៃ។

លោក​បណ្ឌិត​ ឡៅ ​ម៉ុងហៃ​ អតីត​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ី​ ដែល​ចូល​និវត្តន៍​និង​ជា​អ្នក​វិភាគ​ឯករាជ្យ​បាន​ថ្លែង​ថា​ រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​មូលដ្ឋាន​រឹងមាំ​ផ្លូវ​ច្បាប់​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​អន្តរាគមន៍​ចំពោះ​ការ​ឈប់​បាញ់​គ្នា​ជា​បន្ទាន់​នោះ​ ត្រូវ​តែ​សកម្មជាង​មុន​ ហើយមិន​គួរ​ឲ្យ​មាន​ការ​អូស​បន្លាយ​ទេ។

«អាស៊ាន​ជួប​ប្រទះ​នឹង​បរាជ័យ​បណ្តោះ​អាសន្ន​ ម្ល៉ោះ​ហើយ​គឺ​ឡប្ប៊ី​ (Lobby) ទាមទារ​ឲ្យ​អាស៊ាន ​ប្រទេស​ឥណ្ឌូនេស៊ី​ធ្វើ​សកម្មភាព​បន្ថែម​ទៀត។ បើ​មិន​ដូច្នេះ​ទេ យើង​អាច​ទុក​ថា ​ដំណោះស្រាយ​ក្នុង​តំបន់​តាម​រយៈ​ស្ថាប័ន​តំបន់​ហ្នឹង​គឺ​បរាជ័យ​ ហើយ​ត្រូវ​លើក​រឿង​ហ្នឹង​ទៅ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​វិញ»។

កម្ពុជា​បាន​នាំ​យក​បញ្ហា​ជម្លោះ​ព្រំដែន​ទៅ​កាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ កាល​ពី​ខែ​កុម្ភៈ​ ក្រោយ​ពី​មាន​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​រឿង​រំលោភ​បំពាន​ព្រំដែន។​ ក្រុម​ប្រឹក្សា​សន្តិសុខ​បាន​ស្នើ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​ តាម​យន្តការ​អាស៊ាន។​ ប្រទេស​ទាំងពីរ​មាន​បញ្ហា​ព្រំដែន​ជា​មួយ​គ្នា​តាំង​ពី​ឆ្នាំ​២០០៨​ ក្រោយ​ពេល​កម្ពុជា​បាន​ដាក់​ប្រាសាទ​ព្រះវិហារ​របស់​ខ្លួន​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ​ដែល​ថៃ​ធ្លាប់​ជំទាស់​ តែ​ត្រូវ​បរាជ័យ។ ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ហៅ​កាត់​ថា​ អាស៊ាន​ទាំង​១០​ រួម​មាន​ កម្ពុជា​ ឥណ្ឌូនេស៊ី​ ថៃ​ ភូមា ​ឡាវ​ វៀតណាម​ ហ្វ៊ីលីពីន​ សិង្ហបូរី ​ប្រ៊ុយណេ និង ​ម៉ាឡេស៊ី៕