អ្នក​ជំនួញ​ថា​អាស៊ាន​មាន​ឱកាស​វិនិយោគទុន​ច្រើន​ក្នុង​គ្រា​មាន​វិបត្តិ​សុខភាព

ការដ្ឋាន​សាងសង់​អំឡុង​ពេល​មាន​ជំងឺរាតត្បាត​ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ២០២០។(ទុំ ម្លិះ/VOA)

អ្នកវិនិយោគទុន​នៅ​អាស៊ាន​មើល​ឃើញ​ថា​ជំងឺ​កូវីដ១៩​និង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​សហរដ្ឋ​អាមេរិកគឺ​ជា​ក្តីព្រួយបារម្ភ​ ប៉ុន្តែ​វាបានផ្តល់​នូវ​ឱកាស​វិនិយោគ​«មាស»​សម្រាប់​តំបន់​នេះ​និង​បាន​អំពាវនាវ​ឱ្យ​អ្នកវិនិយោគទុន​បរទេស​ពិចារណា​ក្តាប់​យក​ឱកាស​នេះ។​

នៅក្នុង​ការពិភាក្សា​មួយ​ដែល​រៀបចំ​ដោយ​សមាគម​សភា​ពាណិជ្ជកម្ម​អាស៊ាន​ដើម្បី​ពន្យល់​ពី​ចំណុច​វិជ្ជមាន​នៃ​ឱកាស​ធ្វើជំនួញ​នៅ​ប្រទេស​កម្ពុជា​និង​បណ្តា​ប្រទេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន​ ក្រុម​ពាណិជ្ជករ​អះអាង​ថា ​ភាព​ទាក់ទាញ​របស់​អាស៊ានមាន​កាន់តែ​ច្រើន​បើទោះបី​ជា​កំពុងតែ​មាន​វិបត្តិ​សុខភាព​ពិភពលោក​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា​ក៏ដោយ។

លោកតាន់ មុន្នីវណ្ណអគ្គនាយករង​នៃ​ក្រុមហ៊ុន ​ម៉ុង ឬទ្ធីគ្រុប ​បាន​បញ្ជាក់​នៅក្នុង​វេទិកា​អនឡាញ​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​ថា ​ឆ្លង​តាម​រយៈ​បទពិសោធន៍​ពី​ជំងឺ​កូវីដ១៩​ ដែល​បាន​នាំ​ឱ្យ​ប្រទេស​ជិត​ខាង​កម្ពុជា​ក៏ដូចជា​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​បិទ​ព្រំដែន ​ដូច្នេះពេល​នេះ​គឺ​ជា​វេលា​សមស្រប​ដើម្បី​វិនិយោគទុន​នៅ​កម្ពុជា​ដោយសារ​តែ​រដ្ឋាភិបាលកំពុង​ខិតខំ​ប្រឹងប្រែង​ជំរុញ​ផលិតផលសម្រាប់បំពេញ​តម្រូវការ​ក្នុងស្រុក​។

លោកតាន់ មុន្នីវណ្ណ​បាន​បន្ថែមថា៖​

«មនុស្ស​គ្រប់គ្នា​មាន​ការព្រួយ​បារម្ភ​នៅពេល​ដែល​យើង​បិទ​ព្រំដែន​បិទ​ជើងយន្តហោះ​ និង​បិទ​អ្វីៗ​គ្រប់​យ៉ាង​ គឺ​យើងមិនមាន​សម្ភារៈ​គ្រប់​គ្រាន់​ដើម្បី​គាំទ្រ​ដល់​ខាង​ក្នុង​ប្រទេស​ទេ។ រដ្ឋាភិបាល​របស់​យើង​ខិតខំ​សម្រប​សម្រួល​និង​ខិតខំ​ជួយគាំទ្រ​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ដំណើរការ​ផលិតកម្ម។ ដូច្នេះ​នេះ​គឺជា​ឱកាស​ដ៏​ល្អ​ហើយ»។

លោក​តាន់ មុន្នីវណ្ណ ​ដែល​មាន​តួនាទី​ជា​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​បាន​បន្ថែម​ថា​រដ្ឋាភិបាលកម្ពុជា​គាំទ្រ​សហគ្រាសខ្នាតតូចនិងមធ្យម​ដោយ​បាន​រៀបចំ​ផែនការ​ផ្តល់​ហិរញ្ញវត្ថុ​តាម​រយៈការ​ផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាបត្រឹមកម្រិត​៥​ភាគរយ​ដើម្បី​អាច​ជួយ​ដល់​វិនិយោគិន​ក៏​ដូចជា​ការធានា​ផ្តល់​ឥណទាន​ជាដើម។

លោកបន្ថែម​ថា៖

«តាមពិត​ទៅតាំង​ពី​មុន​ពេល​មាន​ជំងឺ​កូវីដ១៩​គឺ​រដ្ឋាភិបាល​តែងតែ​គាំទ្រ​សហគ្រាស​ខ្នាតតូច​និង​មធ្យម​ក្នុង​ប្រទេស​កម្ពុជា ​ជាពិសេស​គាំទ្រ​ដល់​ឧស្សាហកម្ម​ផលិត​ស្បៀង​អាហារ​ពីព្រោះ​ដូច​យើង​ដឹង​ហើយ​ថា​យើង​នាំ​ចូល​ផលិតផល​អាហារ​ពី​៧០​ទៅ​៨០​ភាគរយ​ពី​បរទេស​។ ភាគច្រើន​យើងនាំ​លុយ​ចេញ​ទៅ​បរទេស​ គឺ​យើងនាំ​ចូល​ផលិតផល​និង​នាំ​លុយ​ចេញ​ក្រៅ»។​

លោក តាន់ មុន្នីវណ្ណ ជា​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជានិង​ជា​អគ្គនាយករង​នៃ​ក្រុមហ៊ុន ​ម៉ុង ឬទ្ធីគ្រុប។ (រូបថត​ស្រង់​ពី​ហ្វេសប៊ុក Tan Monivann)

ប្រទេស​កម្ពុជា​មានអ្នកឆ្លងវីរុស​កូរ៉ូណា​ចំនួន​១២៥​នាក់​ដែល​សុទ្ធតែ​ជា​ករណី​ឆ្លង​ពី​ក្រៅ​ប្រទេស​ដោយ​មិន​មាន​ការឆ្លង​កម្រិត​សហគមន៍​ទេ​ក្នុង​ពេល​ដែល​ប្រទេស​សមាជិក​អាស៊ាន​ដទៃ​ទៀត​ដូចជា​សិង្ហបុរី​ ឥណ្ឌូនេស៊ី ​និង​ហ្វីលីពីន​បាន​ឆ្លង​និង​ស្លាប់​ជាច្រើន​នាក់។​ រដ្ឋាភិបាល​មិន​បាន​បិទច្រក​ព្រំដែន​ទេ​ដោយសារ​ប្រទេស​ជិត​ខាង​និង​ប្រទេស​ជាច្រើន​បាន​បិទព្រំដែន​របស់​ពួកគេ​ស្រាប់​ហើយ។ ប៉ុន្តែ​កម្ពុជា​បាន​ហាមឃាត់​ពលរដ្ឋ​ខ្លួន​មួយ​ចំនួន​ដែល​ចង់​ធ្វើ​ដំណើរ​ពី​ប្រទេស​ដែល​មាន​ការឆ្លង​ច្រើន​មិន​ឲ្យ​ចូល​ក្នុង​នោះ​មាន​សហរដ្ឋ​អាមេរិក​ហើយ​បាន​បិទ​ចរាចរណ៍​ឆ្លង​ខេត្ត​តែ​ក្នុង​រយៈពេល​ខ្លី​នៅពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។​

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បានព្យាករណ៍​ថា​សេដ្ឋកិច្ចកម្ពុជានឹងរីកចម្រើនបានតែ​២,៣​ភាគរយ​ប៉ុណ្ណោះ​ក្នុងឆ្នាំ​២០២០​ដោយ​ធ្លាក់ចុះ​ពី​ចំនួន​៧,១​ភាគរយ​ក្នុងឆ្នាំ​២០១៩​ ប៉ុន្តែ​នឹង​កើនឡើង​វិញ​ដល់​៥,៧​ភាគរយ​ក្នុងឆ្នាំ​២០២១។

លោកដាតូ តូនីឡយ ​ប្រធាន​ក្រុមហ៊ុន​សំណង់​បានលីហ៊ីនគ្រុប ​(Ban Lee Hin Group)​ នៃ​ប្រទេស​ម៉ាឡេស៊ី​អះអាង​ថា​ជំងឺ​កូវីដ​១៩​នឹង​មិន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ម៉ាឡេស៊ី​ប៉ះពាល់​ខ្លាំង​ទេ​ហើយ​វា​នឹង​ងើប​ឡើង​វិញ​មក​ដូច​ដើម​វិញ​យ៉ាង​ឆាប់រហ័ស។ ទន្ទឹមគ្នា​នោះ​ដែរប្រទេស​សមាជិក​ចាស់​របស់​អាស៊ាន​មួយ​នេះ​មាន​សក្តានុពល​កាន់តែ​ប្រសើរ​សម្រាប់​វិនិយោគិន។

លោកដាតូ តូនីឡយបាន​បន្ថែម​ថា៖

«ក្នុង​អំឡុងពេល​សង្គ្រាម​ពាណិជ្ជកម្ម​រវាងចិន​និង​សហរដ្ឋ​អាមេរិក​ គឺ​មាន​ជនជាតិ​ចិន​ជាច្រើន​បាន​មក​បង្កើត​ក្រុមហ៊ុន​និងរោងចក្រ​នៅម៉ាឡេស៊ី​ពីព្រោះពួកគេ​អា​ច​នាំចេញ​ដោយផ្ទាល់​មិន​បាច់​ឆ្លងកាត់​ប្រទេស​ចិន​ទេ។ ឥឡូវនេះយើងក៏ឃើញ​ក្រុមហ៊ុន​សំណង់ជាច្រើន​មក​ប្រទេស​ម៉ាឡេស៊ី​។ ដោយ​ហេតុនេះ​ហើយ​ខ្ញុំគិតថា​វា​ជាឱកាសមាស​សម្រាប់​មនុស្សគ្រប់គ្នាមកពិនិត្យមើល។ រដ្ឋាភិបាល​ក៏បាន​បង្កើត​កម្មវិធី​ជួយទំនុកបំរុង​ឧបត្ថម្ភទុន​ដល់​វិនិយោគិន​ផងដែរ»។​

ឱកាស​វិនិយោគ​ដែល​ម៉ាឡេស៊ី​ផ្តល់​ឲ្យ​គឺ​មាន​លើ​វិស័យ​សំណង់ ​អចលនទ្រព្យ​ វិស័យ​កម្មន្តសាល​និង​ជាពិសេស​ ផលិតកម្ម​ស្បៀងអាហារ​ដែល​អាចផ្តល់ម្ហូបបួសដល់​ពលរដ្ឋ​ឥស្លាម​ទូទាំង​ពិភពលោក​ចំនួន​ជាង​១,៦​ពាន់​លាន​នាក់។​ នេះ​បើ​តាម​ការលើកឡើង​របស់​លោកដាតូ តូនីឡយ។

ប្រទេស​ម៉ាឡេស៊ី​មាន​អ្នកឆ្លង​ជំងឺ​កូវីដ១៩​ចំនួន​ជិត៨.០០០​នាក់​ដោយ​មាន​អ្នកស្លាប់​ចំនួន​១១៥​នាក់​បើ​ប្រៀបធៀប​នឹង​ប្រទេស​ហ្វីលីពីន​ដែល​មាន​អ្នកឆ្លងជិត​២០.០០០​នាក់​និង​ស្លាប់​ជិត​១.០០០នាក់​និង​ឥណ្ឌូនេស៊ី​មាន​អ្នកឆ្លង​ជាង​២៨.០០០​នាក់​និង​អ្នកស្លាប់​ជាង​១.៧០០នាក់។​ធនាគារ​ជាតិ​បាន​វាយតម្លៃ​ថា​សេដ្ឋកិច្ច​ម៉ាឡេស៊ី​នឹង​ធ្លាក់​ចុះ​ប្រហែល​២ភាគរយ​ក្នុង​ឆ្នាំ​២០២០នេះ​ដែល​ជា​ផលប៉ះពាល់​ដ៏ធំ​ក្នុង​រយៈពេល​ជាង​១ទសវត្សរ៍នេះ។

មន្ត្រី​ម្នាក់​ពាក់​ឧបករណ៍​ការពារ​ខ្លួន​ដើម្បី​ត្រួតពិនិត្យ​សីតុណ្ហភាព​ក្នុង​ខ្លួន​របស់​ពលករ​ចំណាកស្រុក​មក​ពី​ឥណ្ឌូណេស៊ី​ម្នាក់​ដែល​មក​ដល់​ប្រទេស​ម៉ាឡេស៊ី ក្នុង​អំឡុងពេល​ដែល​មាន​ការ​ផ្ទុះ​រាតត្បាត​ជំងឺ​កូវីដ១៩៕

វាគ្មិនបាន​បង្ហាញ​ថាវិស័យសំណង់ និង​ដីធ្លី ​ក៏​មាន​លក្ខណៈ​ទាក់ទាញ​វិនិយោគទុន​បរទេស​ឲ្យ​ទៅ​តំបន់​អាស៊ាន​ផង​ដែរ។

លោកឧកញ៉ា​កុយ លីសាន ប្រធាន​សមាគម​សភា​ពាណិជ្ជកម្ម​អាស៊ាន​បាន​បញ្ជាក់​ថា​តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅ​មាន​ឱកាស​រកចំណេញ​បាន​ច្រើន​ដោយ​តម្លៃដីធ្លី​នៅតំបន់​ដែលល្អបំផុតនៅក្រោម៧.០០០​ដុល្លារ​ក្នុង​មួយម៉ែត្រ​ការ៉េ​ហើយ​ ក៏កំពុង​តែ​ឡើងតាមបណ្តាប្រទេស​ដទៃ​ទៀត​នៅ​អាស៊ាន​ផងដែរ។ នេះ​ជា​តម្លៃ​ថោក​បើប្រៀបធៀប​នឹង​ប្រទេស​ម៉ាឡេស៊ី​ដែល​មាន​កន្លែង​ខ្លះ​តម្លៃ​ខ្ពស់​ជាង​កម្ពុជា​ដល់​ទៅ​ប្រាំ​ដង។

បើទោះបីជា​មើល​ឃើញ​ឱកាស​វិនិយោគ​ដែល​ជា​លទ្ធផល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទី១​និង​ទី២​លើ​ពិភពលោក ​ក៏​អ្នកវិនិយោគទុន​ទាំងនោះ​សម្តែង​ការព្រួយបារម្ភ​ខ្លាច​ទំនាស់​នេះ​រីករាលដាល​កាន់តែធំ។

លោកតាន់ មុន្នីវណ្ណ​បាន​បន្ថែម​ថា៖

​«អ្វី​ដែល​យើង​ព្រួយ​បារម្ភ​ក្រោយ​ពី​មានជំងឺ​កូវីដ​១៩​គឺប្រហែល​ជា​សង្គ្រាមពាណិជ្ជកម្ម​រវាងចិន​និង​សហរដ្ឋ​អាមេរិក​ក៏​ដូច​ជានៅ​សហភាព​អឺរ៉ុប​។ យើង​មិនដឹង​ថា​នឹង​មាន​អ្វី​កើត​មាន​ឡើង​នៅពេល​នោះ​ទេ​ពីព្រោះ​ឥឡូវនេះ​ពួកគេ​ព្យាយាម​ប្រើ​ពាក្យ​សម្តី​ដាក់គ្នា​រវាងចិន​និង​សហរដ្ឋ​អាមេរិក។ ខ្ញុំគិតថា​វា​ហួស​ពីអ្វី​ដែល​យើ​ង​អាច​គ្រប់​គ្រងបាន​។ វាហួសពីសមត្ថភាព​ដែល​យើង​អាច​គ្រប់គ្រង​បាន​ប៉ុន្តែ​វា​ក៏​ប្រហែល​ជា​នឹង​មាន​ផលប៉ះពាល់​ដល់​បណ្តា​ប្រទេស​អាស៊ាន​ផងដែរ»។

លោក​នីកូឡាស តាង ​ប្រធាន​ក្រុមហ៊ុន​ស្រាវជ្រាវ​ការវិនិយោគ​និង​គ្រប់គ្រង​អចលនទ្រព្យមកពី​ហុងកុង​បាន​ពន្យល់​ថា​ផលប៉ះពាល់​សេដ្ឋកិច្ច​គឺ​មិនអាច​ស្តារ​ឡើង​វិញ​ភ្លាមៗ​ទេបើទោះ​បីជាស្ថានភាព​វីរុស​កូរ៉ូណា​នឹង​ត្រឡប់​ទៅ​ស្ថានភាព​ធម្មតា​វិញ​ដោយសារតែ​វា​អាស្រ័យ​លើ​ជម្លោះ​សេដ្ឋកិច្ច​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក។

លោកនីកូឡាស​បន្ថែម​ថា​វីរុស​កូរ៉ូណា​បាន​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ដុនដាប។ ជាពិសេស​នៅមុន​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ខែវិច្ឆិកា​ ដោយ​លោក​ប្រធានាធិបតី​ដូណាល់​ ត្រាំ​បាន​ស្តី​បន្ទោស​ចិន​ថា​មិន​បាន​ផ្តល់​ព័ត៌មាន​ឲ្យ​ពិភពលោក​បាន​ដឹង​គ្រប់គ្រាន់​ពី​គ្រោះថ្នាក់​នៃ​វីរុស​ដ៏​សាហាវ​នេះ​។​

ទេសចរ​ថតរូប​ទុក​ជា​អនុស្សាវរីយ៍​នៅ​មុខ​អគារ​ភ្លោះ Petronas ក្នុង​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦។

ក៏ប៉ុន្តែ​លោកនីកូឡាស ​យល់​ថា​ការវិនិយោគទុន​ដោយ​ផ្ទាល់​នឹង​កើន​ឡើង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដោយសារ​មហាអំណាច​ទាំងពីរ​នឹង​ខិតខំ​ស្វែងរក​សម្ព័ន្ធមិត្ត​នៅ​ថ្នាក់​តំបន់​ហើយ​ ​អ្វី​ដែល​ជា​គោលដៅ​ដែលគួរ​យកចិត្ត​ទុកដាក់​វិនិយោគ​គឺ​លើ​វិស័យ​អចលនទ្រព្យ ​និង​គម្រោង​អភិវឌ្ឍន៍​នានា។

«នៅពេល​ដែល​បញ្ចប់​ការបិទ​ប្រទេស​ពួកគេ​នឹង​បង្កើន​ប្រាក់​លើ​ការវិនិយោគ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​និង​ប្រទេស​របស់​ពួកគេ​ដើម្បី​ បង្កើន​អំណាច​ដល់ថ្នាក់តំបន់​។ ដូច្នេះ​ហើយ​ការវិនិយោគទុន​ដោយ​ផ្ទាល់​ប្រហែល​ជា​នឹង​កើនឡើង​ក្នុង​អំឡុងពេល​នោះ»។

ប្លុក​អាស៊ាន​មាន​កម្ពុជា​ ឡា​វ វៀតណាម​ ថៃ​ ភូមា ​ម៉ាឡេស៊ី​ ហ្វីលីពីន​ ឥណ្ឌូនេស៊ី ​សិង្ហបុរី​ និង​ប៊្រុយណេ​និង​មាន​ពលរដ្ឋ​៦៧០​លាន​នាក់។ បណ្តា​ប្រទេស​ទាំងនេះ​មាន​សក្តានុពល​និង​ទំហំ​សេដ្ឋកិច្ច​មិន​ដូចគ្នា​ទេ​ហើយ​ធនធាន​មនុស្ស​ក៏​មិន​ដូចគ្នា​ដែរ។ សិង្ហបុរី​ ម៉ាឡេស៊ី​និង​ថៃ​គឺជា​ប្រទេ​ស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​ជាងគេ។

លោក ឆេង គឹមឡុង​ ប្រធាន​ផ្នែក​អភិបាលកិច្ច​នវានុវត្តន៍និង​ប្រជាធិបតេយ្យ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«ក្នុង​តំបន់​អាស៊ាន​ទាំងមូល​មាន​លក្ខណៈ​ខ្លាំង​គឺ​ការទាក់ទាញ​ការវិនិយោគ​ពី​ក្រៅ​ស្រុក​តាម​រយៈ​កម្លាំង​ពលកម្ម​របស់​ខ្លួន​។ ទន្ទឹមគ្នា​នេះ​ដែរ​យើង​មើល​លើ​វិស័យ​កសិកម្ម​ តំបន់​អាស៊ាន​ទាំងមូល​ជា​រោងចក្រ​ផ្គត់ផ្គង់​ស្បៀង​អាហារ​ទាំង​ក្នុង​តំបន់​និង​ពិភពលោក​។ និយាយ​រួម​មាន​វៀតណាម ​ថៃ​និង​វៀតណាម​ជាប្រទេស​បី​ធំ​ជាងគេ​ក្នុង​ការផលិត​ស្រូវ​អង្ករ​រួមទាំង​ផលិតផល​កសិកម្ម​មួយ​ចំនួន​ទៀត​ដែល​បើយើង​បូក​ទៅ​រួម​ទាំង​ស្វាយចន្ទី​ទៀត​គឺ​ច្រើន​ណាស់»។

​អ្នកជំនាញ​មើល​ឃើញ​ថា​អាស៊ាន​ក៏​កំពុងស្រូប​ទាញ​ការផលិត​គ្រឿង​អេឡិកត្រូនិក​និង​កំពុង​ពង្រីក​ខ្លួន​បើ​ទោះបីជា​មិនទាន់​ធំ​ដូចជា​នៅ​ប្រទេស​ចិន​ក៏ដោយ។ រីឯ​ក្រុមហ៊ុនអនឡាញកំពុង​ផុសឡើង​ច្រើន​ផងដែរ​។

អ្នកវិភាគ​នានា​បាន​វាយតម្លៃថា​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ១៩​លើ​អាស៊ាន​គឺ​មាន​ទំហំ​ធំ​ជាង​វិបត្តិ​សេដ្ឋកិច្ច​អាស៊ី​ក្នុងឆ្នាំ​១៩៩៧​និង​១៩៩៨ ​ហើយដរាប​ណា​សេដ្ឋកិច្ច​ពិភពលោក​មិនទាន់​ងើប​ឡើង​វិញ​ទេ ​លទ្ធភាព​នៃ​ការរីកចម្រើន​របស់​អាស៊ាន​ក៏​ពិបាក​ផង​ដែរ៕