ប្រទេសអ្នកមាននៅក្នុងតំបន់អាស៊ាននៅតែបង្កការលំបាកដល់ប្រទេសក្រីក្រដូចជាកម្ពុជាបើទោះបីជាសមាជិកទាំង១០នៃសមាគមនេះបានបង្កើតចេញជាសហគមន៍សេដ្ឋកិច្ចអាស៊ានបានមួយឆ្នាំហើយក៏ដោយ។
Your browser doesn’t support HTML5
លោកបណ្ឌិតឈាង វណ្ណារិទ្ធិ នាយកវិទ្យាស្ថានខ្មែរសម្រាប់ការសិក្សាយុទ្ធសាស្ត្របានបញ្ជាក់នៅក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃព្រហស្បតិ៍ថា៖ «របាំងមិនមែនពន្ធគយនៅតែមានជាពិសេសចំពោះប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងអាស៊ាន»។
របាំងមិនមែនពន្ធគយនេះមានដូចជាអំពើពុករលួយ ភាពមិនប្រក្រតីក្នុងការយកពន្ធ ការរឹតត្បិតលើស្តង់ដាគុណភាពនិងការមិនជួយសម្រួលឱ្យសមាជិកក្រីក្រប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដែលសមាជិកអភិវឌ្ឍន៍មានជាដើម។
លោកឈាង វណ្ណារិទ្ធិបានលើកឧទាហរណ៍ពាក់ព័ន្ធនឹងការរឹតត្បិតលើគុណភាពផលិតផលរបស់ប្រទេសកម្ពុជានិងការមិនជួយសម្រួលច្រកនាំចេញដោយប្រទេសវៀតណាមនិងថៃជាដើម។
លោកបន្ថែមថា៖ «អ្នកនាំចេញកម្ពុជាយើងក៏ជួបប្រទះបញ្ហាដែរទាក់ទឹនទៅនឹងគុណភាពដែលជាឧទាហរណ៍មួយ។ នៅពេលដែលយើងនាំផលិតផលជាពិសេសផលិតផលកសិកម្មហ្នឹងជាដើមទៅបណ្តាប្រទេសក្នុងតំបន់ក៏យើងជួបប្រទះនឹងបញ្ហាគុណភាពហ្នឹងដែរ។ ហើយប្រទេសក្នុងតំបន់ក៏ពុំទាន់បើកទ្វារចំហរឱ្យអស់ដែរ»។
លោកបានលើកឧទាហរណ៍ថាកម្ពុជាបានស្នើសុំឱ្យប្រើប្រាស់កំពង់ផែរបស់ប្រទេសថៃដើម្បីជួយសម្រួលដល់ការនាំចេញផលិតផលកសិកម្មខ្មែរដែលនៅតំបន់ក្បែរព្រំដែនប៉ុន្តែរដ្ឋាភិបាលថៃមិនទាន់បានបង្ហាញការគាំទ្រអ្វីទេ។ រីឯប្រទេសវៀតណាមក៏រឹតត្បិតកម្ពុជាលើផ្នែកគុណភាពនេះដែរ។
មួយឆ្នាំកន្លងមកនៃការអនុវត្តកម្មវិធីសហគមន៍សេដ្ឋកិច្ចអាស៊ាន កម្ពុជាបានខិតខំជំរុញកំណែទម្រង់ជាច្រើនដើម្បីទាញយកផលប្រយោជន៍ពីឱកាសសេដ្ឋកិច្ចថ្មីនេះក្នុងនោះមានដូចជាការជំរុញកំណែទម្រង់ខាងផ្នែកច្រកព្រំដែននិងគយនិងច្រកចេញចូលតែមួយជាដើម។ នេះបើតាមការលើកឡើងរបស់លោកឈាង វណ្ណារិទ្ធ។ ប៉ុន្តែលោកបានបន្ថែមថាអំពើពុករលួយនិងភាពមិនប្រក្រតីនៃពន្ធគយជាពិសេសនៅតាមច្រកព្រំដែនផ្សេងៗបានធ្វើឱ្យរាំងស្ទះដល់ការនាំចេញនិងនាំចូល។
លោកវណ្ណារិទ្ធផ្តល់អនុសាសន៍ថាដើម្បីទាញយកផលប្រយោជន៍ពីសហគមន៍សេដ្ឋកិច្ចអាស៊ានកម្ពុជាដាច់ខាតត្រូវតែធ្វើការកែទម្រង់ផ្នែកអភិបាលកិច្ច។
សក្តានុពលដែលសមាជិកអាស៊ានអាចជួយគ្នាដើម្បីពង្រឹងទីផ្សារនាំចេញគឺផលិតផលអង្ករដែលកម្ពុជា វៀតណាម ថៃនិងភូមាគួរតែចងជាចង្កោមក្នុងការស្វែងរកទីផ្សារនៅសហរដ្ឋអាមេរិក អឺរ៉ុបនិងជប៉ុនជាដើម។ នេះបើតាមការស្នើឡើងរបស់លោកឈាង វណ្ណារិទ្ធ។
ប៉ុន្តែការប្រកួតប្រជែងផ្ទៃក្នុងអាស៊ានក៏នៅមានដែររវាងប្រទេសដែលមានលទ្ធភាពខ្លាំងជាងដែលមិនចង់ចែករំលែកព័ត៌មានទីផ្សារជាមួយនឹងប្រទេសទន់ខ្សោយនិងការខ្វះឆន្ទៈនយោបាយហើយលោកសង្ឃឹមថាប្រទេសថៃនិងវៀតណាមនឹងសហការជាមួយកម្ពុជា ភូមាឡាវជួយពង្រឹងស្ថានភាពនិងជីវភាពរបស់កសិករ។
«ដើម្បីឱ្យមានសហគមន៍ អាស៊ានមួយដែលរឹងមាំយើងត្រូវតែជួយគ្នាទៅវិញទៅមកបើយើងគិតតែពីផលប្រយោជន៍ជាតិគិតតែប្រកួតប្រជែងយកតែឈ្នះឬក៏យកផលប្រយោជន៍តែម្នាក់ឯងខ្ញុំគិតថាវាពិបាកនឹងទៅមុខ។ យើងគ្រាន់តែសង្ឃឹមទៅថ្ងៃអនាគតទៅប្រទេសថៃក៏ដោយប្រទេសវៀតណាមក៏ដោយនឹងសហការជាមួយនឹងកម្ពុជាក៏ដូចជាភូមានិងឡាវដើម្បីធ្វើយ៉ាងណាដើម្បីពង្រឹងនូវស្ថានភាពជីវភាពកសិករនៅក្នុងប្រទេសដែលក្រីក្រដូចជាកម្ពុជាភូមានិងឡាវជាដើម។
សហគមន៍សេដ្ឋកិច្ចអាស៊ានបានចាប់ដំណើរការជាផ្លូវការក្នុងឆ្នាំ២០១៦ដែលទើបតែកន្លងផុតទៅនេះហើយនឹងបន្តរហូតដល់ឆ្នាំ២០២៥មុននឹងក្លាយជាសហគមន៍អាស៊ានមួយ។
បច្ចុប្បន្នអាស៊ានបានក្លាយជាមហាសេដ្ឋកិច្ចទីបីនៅអាស៊ីនិងទី៧នៅលើពិភពលោក៕