អាស៊ាន​នៅតែ​បែកបាក់​​លើ​ភាព​គឃ្លើន​របស់ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង

រូប​ឯកសារ៖ នាវា​ឆ្មាំ​សមុទ្រ​ចិន​រារាំង​នាវា​ឆ្នាំ​សមុទ្រ​ហ្វ៊ីលីពីន​មិន​ឱ្យ​ចូល​តំបន់​កោះ Second Thomas Shoal នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ជា​ច្រក​សមុទ្រ​ដ៏​មមាញឹក​បំផុត​មួយ​ក្នុង​ពិភពលោក។

ប្រធានបទ​នៃ​សកម្មភាព​គឃ្លើនដែល​កំពុង​កើន​ឡើង​នៅ​សមុទ្រ​ចិន​ខាងត្បូងរបស់​ចិន រាប់​តាំង​ពី​ការ​យាយី​លើ​នាវា និង​ការ​កសាងហេដ្ឋារចនាសម្ព័ន្ធ​ រហូត​ដល់​ការ​បញ្ចេញ​ផែនទី​ដែល​បង្ហាញ​ការ​ទាមទារ​ដែន​ទឹក​ស្ទើរតែ​ទាំង​ស្រុង​ មាន​ភាព​លេច​ធ្លោ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ប្រចាំឆ្នាំ នៅ​រដ្ឋធានីហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី ​កាលពីដើមខែ​កញ្ញា។

ប៉ុន្តែ អ្នកជំនាញ​និយាយ​ថា អាស៊ាន​ឬសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍​ទាំង១០ ប្រទេស ដែល ប្រតិបត្តិការ​ផ្អែក​លើ​គោលការណ៍​ជា​ឯកច្ឆន្ទ​ និង​គោលការណ៍​មិន​ជ្រៀតជ្រែក​អធិបតេយ្យភាព នៅ​បន្ត​បែក​បាក់​គ្នា ជុំវិញ​ការដោះស្រាយ​លើ​បញ្ហា​អាកប្បកិរិយា​គឃ្លើន​របស់​ចិន នៅ​ក្នុង​ដែនទឹក​សមុទ្រចិនខាងត្រូង​ដែល​មាន​ជម្លោះ និង​ជុំវិញ​ការ​ស្វែងរក​ការ​គាំទ្រ​ពី​ដៃគូ​មិនមែន​អាស៊ាន។

លោក Carl Thayer សាស្ត្រាចារ្យ​ផ្នែក​នយោបាយ​នៅ​សាកលវិទ្យាល័យ New South Wales Canberra បាន​ប្រាប់ VOA តាម​សារ​អ៊ីមែលថា៖ «ភាព​មិន​ចុះសម្រុង​គ្នា​របស់​អាស៊ាន​លើ​ទង្វើ​គឃ្លើន​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង ត្រូវ​បានគេ​មើល​ឃើញ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ បន្ទាប់​ពី​ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ២០១២ បាន​បដិសេធ​មិន​បញ្ចូល​ការលើកឡើង​អំពី​ចិន នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន​នៅពេលនោះ»។

លោក Thayer បាន​និយាយ​ថា ទោះ​បី​ជា​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​នេះ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ប្រធាន​អាស៊ាន​ថា សមាជិក​អាស៊ាន​មួយ​ចំនួន​បាន​សម្តែង​ការព្រួយបារម្ភ​លើការទាមទារ​ទឹកដីរបស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង សកម្មភាព​យោធា និង​ឧបទ្ទវហេតុធ្ងន់ធ្ងរ​នៅ​នៅក្នុងតំបន់នោះ ក៏​មិន​មាន​អ្វី​អាស៊ានអាច​ធ្វើ​បានរូមគ្នា​ ​ដើម្បី​កែប្រែ អ្វី​ដែល​កំពុងកើតឡើង​ ក្រៅ​ពី​គ្រាន់​តែ​និយាយ​ពី​កំហុស និង​បន្ទោស​ចិន​ប៉ុណ្ណោះ»។

លោក Thayer បាន​បន្ថែម​ថា៖ «ចិន​អាច​ដាក់​សម្ពាធ​យ៉ាង​ងាយ​ស្រួល​លើបណ្តារដ្ឋ​ជា​សមាជិក​អាស៊ាន ដើម្បី​ទប់ស្កាត់​ការ​បង្កើត​ភាពជា​ឯកច្ឆន្ទ ក្នុងការ​ចាត់​វិធានការណ៍​ដោះស្រាយ​ម៉ឺងម៉ាត់។ ប្រទេស​ចិន​អាច​ប្រើប្រាស់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​នឹង​ប្រទេស​អាស៊ាន​ណា​មួយ​ ដែល​ព្យាយាម​ក្រោក​ឈរ​ឡើង​តទល់​នឹង​ប្រទេសចិន»។

លោក Yulius Hermawan សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ Parahyangan Catholic នៅទីក្រុង Bandung ប្រទេស​ឥណ្ឌូណេស៊ី បាន​ប្រាប់ VOA Khmer តាម អ៊ីមែល​ថា វាគួរ​ឱ្យ​បារម្ភ​ដែល​មេដឹកនាំ​អាស៊ាន​បរាជ័យ​ក្នុង​ការ​បង្ហាញ​ការ​ឆ្លើយតប​ជា​ឯកច្ឆន្ទ​មួយ​ទៅ​កាន់​ប្រទេស​ចិន ដែល​ការណ៍​នេះ​អាច​ឆ្លុះ​បញ្ចាំង​ពីកម្រិត​ខ្ពស់​នៃ​សមត្ថភាព​របស់​ប្រទេសចិន​ ក្នុង​ការជះឥទ្ធិពល​លើ​ប្លុក​អាស៊ាន»។

លោក Hermawan បាន​និយាយ​ថា៖ «មេដឹកនាំ​អាស៊ាន​ដែល​ប្រទេស​របស់​ពួកគេ​មិនមានពាក់ព័ន្ធ​ដោយ​ផ្ទាល់​នៅ​ក្នុង​ជម្លោះ រួមទាំង​ប្រទេស​ឥណ្ឌូណេស៊ីផងនោះ ជាក់ស្តែង​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​លើក​ឡើង​អំពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​ការពារ​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​ពួកគេ»។

លោក Hermawan ​បាន​បន្ថែម​ថា៖ «​ពួកគេ​បាន​រក្សា​ភាព​ស្ងៀមស្ងាត់ សូម្បី​តែ​នៅ​ពេល​សមាជិក​អាស៊ាន​ខ្លះរបស់​ពួកគេ ​បាន​លើក​ឡើង​នូវ​ការ​តវ៉ា​ខ្លាំងៗប្រឆាំង​នឹង​សកម្មភាពគឃ្លើនរបស់​ចិន​នៅ​ក្នុង​ទឹកដី​របស់​ពួកគេ»។

ផែនទី​ថ្មី

កាល​ពី​ខែកក្កដា ប្រទេស​ចិន និង​អាស៊ាន​បាន​ព្រមព្រៀង​គ្នា​លើ​គោលការណ៍​ជា​បន្តបន្ទាប់​ដើម្បី​សម្រេច​បង្កើត​កិច្ចព្រមព្រៀង​មិន​ឈ្លានពាន ក្នុង​គោលបំណង​ទប់ស្កាត់​ជម្លោះ​នៅ​ក្នុង​ដែនទឹក​សមុទ្រចិន​ខាងត្បូង​ដែល​មាន​ជម្លោះ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ប្រទេសចិន​បាន​អូស​បន្លាយ​ពេលមិន​គោរពលើ​កិច្ចព្រមព្រៀង ដែល​នឹង​កំណត់​សកម្មភាព​របស់ខ្លួន ដោយ​បង្កើន​សកម្មភាព​គឃ្លើន​នៅ​សមុទ្រចិន​ខាងត្បូង។


កាល​ពី​ថ្ងៃទី២៨ ខែសីហា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បោះពុម្ពផ្សាយ​កំណែ​ថ្មី​នៃ​ផែនទី​ជាតិ​របស់​ខ្លួន ដែល​បញ្ជាក់​ពី​កម្មសិទ្ធិលើ​ផ្ទៃ​ទឹក​ស្ទើរតែ​ទាំងស្រុង​នៅសមុទ្រចិន​ខាងត្បូង ដែល​ការណ៍​នេះ ទាក់ទាញ​ការ​តវ៉ា​យ៉ាងខ្លាំង​ពី​ប្រទេសជិតខាង នេះបើយោងតាម​ទីភ្នាក់​ព័ត៌មាន The Associated Press ។

ប្រទេសចិន​បាន​ច្រាន​ចោល​ការ​តវ៉ា​ទំាង​នោះ។

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក Wang Wenbin បាន​និយាយ​ថា ការ​កែប្រែ​ផែនទី​នេះ​គឺ​ជា «ការ​អនុវត្ត​អធិបតេយ្យភាព​ជា​ប្រចាំ​ ដោយ​អនុលោម​តាម​ច្បាប់»។

លោក Wang Wenbin បាន​និយាយ​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​នៅថ្ងៃទី៣០ ខែសីហា ថា៖ «យើង​សង្ឃឹម​ថា​ភាគី​ពាក់ព័ន្ធ​អាច​រក្សា​គោលដៅ និង​ភាពស្ងប់ស្ងាត់ ហើយ​ចៀសវាង​ការ​បកស្រាយ​ជ្រុល​អំពី​បញ្ហានេះ»។

ការឆ្លើយតប​មិន​ស្រុះគ្នា

អាស៊ាន​នៅ​តែ​មាន​ការមិនស្រុះ​គ្នាលើ​របៀប​ឆ្លើយ​តប​នឹង​ការ​ទាមទារ​ទឹកដី​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង។

ក្នុង​ចំណោម​ប្រទេសជា​សមាជិក​អាស៊ាន​ទាំង​អស់​ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និង​ប្រ៊ុយណេ ជា​ប្រទេស​ទាមទារផ្លូវ​ការ​ប្រឆាំង​នឹង​ប្រទេស​ចិន លើ​ទឹកដី​នៅសមុទ្រចិន​ខាងត្បូង​។

ពួកគេ​បាន​បរាជ័យ​ក្នុង​ការ​នាំសមាជិក​ចំនួន​ប្រាំ​មួយផ្សេងទៀត រួមមាន​ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ មីយ៉ាន់ម៉ា សិង្ហបុរី និងថៃ មករួបរួម​គ្នា​ ដើម្បី​លើកឡើង​ពី​ការ​ដោះស្រាយ​ចំពោះ​ជម្លោះ​នៅសមុទ្រ​ចិន​ខាងត្បូង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ ខណៈ​ដែល​កិច្ចប្រជុំកំពូល​អាស៊ាន​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៧​ ខែកញ្ញា។

មីយ៉ាន់ម៉ា​មិន​ត្រូវ​បាន​អញ្ជើញ ឱ្យ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ចាប់​តាំង​ពី​យោធា​ធ្វើ​រដ្ឋប្រហារដណ្តើម​អំណាច​ក្នុង​ខែកុម្ភៈ ឆ្នាំ២០២១។

រូប​ឯកសារ៖ នាវា​របស់​កង​ជីវពល​ចិន​ត្រូវ​គេ​ឃើញ​នៅ​ក្បែរ​ថ្ម​ប៉ប្រះ​ទឹក​ Whitsun នៅ​សមុទុ្រ​ចិន​ខាង​ត្បូង កាល​ពី​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២៣។

លោក John Ciorciari សាស្ត្រាចារ្យ​រង​ផ្នែក​គោលនយោបាយ​សាធារណៈ​នៅ​សាកលវិទ្យាល័យ Michigan បាន​និយាយ​តាម​សារ​អ៊ីមែល​មក​កាន់ VOA ថា អាស៊ាន​នៅ​តែ​ជា​វេទិកា​ដ៏​សំខាន់​មួយ​សម្រាប់​វិស័យ​ការទូត ប៉ុន្តែ «បើ​គ្មាន​ការ​ឯកភាពគ្នា​លើ​បញ្ហា​ប្រឈម​សំខាន់ៗ​មួយ​ចំនួន​ក្នុង​តំបន់​ទេ វា​មាន​ទម្ងន់​តិចតួច​ណាស់​ក្នុង​នាម​ជា​អង្គការ​សមូហភាព​មួយ»។

លោក Ciorciari ​បាន​មាន​ប្រសាសន៍​ថា៖ «សមាជិក​អាស៊ាន​ដែល​ចង់​ទប់ទល់​នឹង​ការ​ឈ្លាន​ពានរបស់​ប្រទេស​ចិន​នៅ​ដែន​សមុទ្រ​ ត្រូវ​តែ​រក​មើលការ​គាំទ្រ​ពីក្រៅ​តំបន់»។

លោក Ciorciari បាន​និយាយ​ថា ប្រទេស​ជាសមាជិក​អាស៊ាន​ដែល​ទាមទារ​ដែន​កម្មសិទ្ធិ​នៅសមុទ្រ​ចិន​ខាង​ត្បូង​នីមួយៗ អាច​បង្កើត​សម្ព័ន្ធ​ការទូត និង​យុទ្ធសាស្ត្រ​ប្រកប​ដោយ​ភាពស្វា​ហាប់​ជាងមុន ដោយ​ទាក់ទាញ​តួអង្គ​ក្រៅ​តំបន់​ រួមទាំងបណ្តា​ប្រទេស​នៃ​សម្ព័ន្ធ Quad ផងដែរ។

បង្កើត​ឡើង​ដោយ​សហរដ្ឋ​អាមេរិក ឥណ្ឌា អូស្ត្រាលី និងជប៉ុន គោល​បំណង​ចម្បង​មួយ​របស់​សម្ព័ន្ធ Quad គឺ​ដើម្បី​ធ្វើការ​សម្រាប់​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ដែល​មាន​សេរីភាព បើកចំហ វិបុលភាព និងការរួមបញ្ចូល​គ្រប់​ភាគី នេះ​បើ​យោង​តាម សេចក្តី​ថ្លែងការណ៍​រួម​ដែល​ចេញ​ដោយ​ លោក​នាយករដ្ឋមន្ត្រី Anthony Albanese នៃប្រទេសអូស្ត្រាលី លោក​នាយករដ្ឋមន្ត្រី Narendra Modi នៃប្រទេសឥណ្ឌា លោកនាយករដ្ឋមន្ត្រី Fumio Kishida នៃប្រទេសជប៉ុន និងលោក​ប្រធានាធិបតី Joe Biden នៃសហរដ្ឋអាមេរិក ក្នុងខែឧសភា ឆ្នាំ២០២២។

លោក Ciorciari បានថ្លែង​បន្ថែមថា៖ «ការណ៍​នេះ​នាំ​ឱ្យ​មានហានិភ័យ​ច្រើន ប៉ុន្តែ​ជម្រើស​ផ្សេង​ដែល​ពឹង​ផ្អែក​លើ​អាស៊ាន និង​ការទូត​ទ្វេ​ភាគី​ជាមួយ​ចិន គឺ​ច្បាស់ណាស់​ជារូបមន្ត​សម្រាប់​ការ​បន្ត​ការ​ឈ្លានពាន​របស់ចិន»។

«សង្រ្គាមត្រជាក់ថ្មី»

ការទាមទារ​ទឹកដី​ស្ទើរតែ​ទំាងស្រុង​របស់ចិន​នៅ​សមុទ្រចិនខាងត្បូង ដែល​ជា​ដែន​សម្បូរ​ធនធាន និងជា​ច្រក​របៀង​ពាណិជ្ជកម្ម​ពិភពលោក​ដ៏សំខាន់​នោះ បាន​ធ្វើ​ឱ្យ​បណ្តាប្រទេស​ទាមទារ​ដែន​កម្មសិទ្ធិ​ជា​សមាជិក​អាស៊ានទាំងបួន​ខឹងសម្បារ។

នាយករដ្ឋមន្ត្រីចិន លោក Li Qiang បាន​និយាយ​នៅ​ក្នុង​កិច្ចប្រជុំកំពូល​អាស៊ាន​បូកបី​ ដែល​មាន​រដ្ឋ​សមាជិក​អាស៊ាន បូករួមទាំង​ជប៉ុន កូរ៉េខាងត្បូង និងចិន ថា ប្រទេស​នានា​ចាំបាច់​ត្រូវ «ដោះស្រាយ​ភាព​ខុសគ្នា និង​វិវាទ​ឱ្យ​បាន​សមស្រប»។

លោក Li ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ថា៖ «នា​ពេល​បច្ចុប្បន្ន​នេះ វា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ប្រឆាំង​នឹង​ការ​កាន់ជើង​ ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្លុក និង​សង្គ្រាម​ត្រជាក់​ថ្មី​មួយ»។

រូប​ឯកសារ៖ សំណង់​និង​អគារ​ស្ថាបនា​ដោយ​ចិន​លើ​កោះសិប្បនិម្មិតនៅ​តំបន់​ផ្កា​ថ្ម Johnson South Reef នៅ​សមុទ្រ​ចិន​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២២។​

អ្នក​ជំនាញ​និយាយ​ថា វោហាសាស្ត្រ​សង្គ្រាម​ត្រជាក់​ថ្មី​នេះ គឺ​ជា​កិច្ចខិតខំប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្រុងប៉េកាំង ក្នុង​ការ​រារាំង​ប្រទេស​អាស៊ីអាគ្នេយ៍​ពី​ការ​នាំ​យក​តួអង្គ​ក្រៅ​តំបន់​ដ៏​មាន​ឥទ្ធិពល​និង​អំណាច​ចូល​ទៅ​ក្នុង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង។

លោក Thayer និយាយថា៖ «វោហាសាស្ត្រ​អំពីសង្រ្គាម​ត្រជាក់ថ្មី​របស់ចិននេះ មានប្រសិទ្ធភាព​ក្នុងទំនោរ​របស់​បណ្តា​រដ្ឋអាស៊ាន ដែល​ប្រកាន់​យក​គោលនយោបាយ​មិន​ប្រកាន់​បក្ខពួក។ ជាជាង​ប្រឆាំង​ដោយ​បើកចំហរ​ជាមួយប្រទេស​ចិន បណ្តា​រដ្ឋ​អាស៊ាន​ភាគច្រើន​ចង់​ដកខ្លួន​ ហើយ​ជំរុញ​ឱ្យ​មានការ​ពិភាក្សា និង​មធ្យោបាយ​សន្តិភាព​រវាងតួអង្គ​ពាក់ព័ន្ធក្នុង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង»។

លោក Ciorciari បាន​និយាយ​ថា៖ «ការលើកឡើង​របស់​ប្រទេសចិន​អំពី​សង្រ្គាម​ត្រជាក់​ថ្មី​មួយ គឺជា​ការ​គំរាម​កំហែង​យ៉ាង​ជាក់ស្តែង ដោយ​បង្ហាញ​ថា​ បណ្តា​រដ្ឋ​អាស៊ី​អាគ្នេយ៍​នឹង​ត្រូវ​ប្រឈមមុខ​នឹង​ការ​ខាតបង់​ ប្រសិន​បើ​ពួកគេ នៅ​ខាង​សហរដ្ឋអាមេរិក»។

វត្តមាន​អាមេរិក


ដោយ​ដឹង​ពី​លទ្ធភាព​នៃ​ការ​ប្រេះស្រាំ​ និងជម្លោះប្រូកស៊ី (proxy) ជា​ថ្មី​នៅ​ក្នុង​តំបន់ អាស៊ាន​ក៏​បាន​រៀបចំ​ការ​ជួបប្រជុំ​ទូលំទូលាយ​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន លោក Li មេដឹកនាំ​នៃ​ដៃគូ​ក្នុង​តំបន់ រួមមាន​ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងឥណ្ឌា ព្រមទាំង​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក អ្នកស្រី Kamala Harris ផងដែរ។

យោង​តាម​របាយការណ៍​សេតវិមាន អ្នកស្រី Harris បាន​និយាយ​ថា សហរដ្ឋអាមេរិក​ «ប្តេជ្ញា​ចិត្ត​ចំពោះ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក និង​មជ្ឈភាពអាស៊ាន» ហើយ «បាន​សង្កត់​ធ្ងន់​ថា សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍ និង​ការ​ហោះហើរ​ត្រូវតែ​គោរព​រក្សា នៅ​ក្នុង​សមុទ្រ​ចិន​ខាងកើត និង​សមុទ្រ​ចិន​ខាងត្បូង»។

សហរដ្ឋ​អាមេរិក​មិន​មាន​ការ​ទាមទារ​ទឹកដី​នៅ​សមុទ្រចិន​ខាងត្បូង​ដែល​មាន​ជម្លោះ​នោះ​ទេ ប៉ុន្តែ​បាន​អះអាង​ថា សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍ និង​ការហោះហើរ ក៏​ដូច​ជា​ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី គឺ​ស្ថិត​នៅ​ក្នុង​ផលប្រយោជន៍ជាតិ​របស់​ខ្លួន។

មាន​ការ​ប៉ាន់ស្មាន​ថា​មាន​ប្រេងឆៅ​ ១១ ពាន់លាន​បារ៉ែល និង​ឧស្ម័ន​ធម្មជាតិ​ជាង ​៥ លាន​លាន​ម៉ែត្រ​គីប នៅ​ក្រោម​ដែន​ទឹក​នៃ​សមុទ្រចិន​ខាងត្បូង នេះ​បើ​យោង​តាម​រដ្ឋបាល​ព័ត៌មាន​ថាមពល​របស់​សហរដ្ឋ​អាមេរិក។ ទំនិញ​ដែល​មាន​តម្លៃ​ប៉ាន់ស្មាន​ពី ៣ ទៅ ៥ លានលាន​ដុល្លារ​អាមេរិក ត្រូវ​បាន​ដឹក​ជញ្ជូន​ឆ្លង​កាត់​សមុទ្រ​ចិន​ខាងត្បូង​ជា​រៀងរាល់​ឆ្នាំ ដែល​ស្មើ​នឹង​មួយ​ភាគបី​នៃ​ពាណិជ្ជកម្ម​សរុប​បស់​ពិភពលោក នេះ​បើ​យោង​តាម​អង្គការ​សហប្រជាជាតិ និង​ប្រភព​ផ្សេងៗ។ ហើយ​ជាង​ពាក់​កណ្តាល​នៃ​នាវា​នេសាទ​របស់​ពិភពលោក ដំណើរការ​នៅ​ក្នុង​ដែន​ទឹក​ដែល​សម្បូរ​ដោយ​ធនធាន​ទាំងនេះ នេះបើយោងតាម​ទីភ្នាក់ងារ​ព័ត៌មាន BBC៕

លោក ស៊ុន ណារិន ផ្តល់​សេចក្តី​រាយការណ៍​បន្ថែម​ពី​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី។