សមាជិក​អាស៊ាន​​បង្ហាញ​សមត្ថភាព​ខុសៗគ្នា​ក្នុងការ​ដោះស្រាយ​ជំងឺ​កូវីដ​១៩

រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី (កណ្តាល) ថ្លែងនៅក្នុងកិច្ចប្រជុំអាស៊ានស្តីអំពីជំងឺកូវីដ១៩ តាមប្រព័ន្ធអ៊ីនធើណិត កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។

បណ្តា​ប្រទេស​សមាជិក​ប្លុក​អាស៊ាន​បង្ហាញ​សមត្ថភាព​ និង​ការត្រៀម​រៀបចំ​ខុសៗ​គ្នា ​ក្នុង​ការឆ្លើយតប​នឹង​ជំងឺ​កូវីដ​១៩ ​ខណៈពេល​ដែល​វីរុស​ដ៏​ប្រល័យ​នេះ​នៅ​បន្ត​ឆ្លង​នៅ​ក្នុង​តំបន់​ ហើយ​អាច​នឹង​មាន​ផលប៉ះពាល់​កាន់តែ​ខ្លាំង​ទាំងលើ​ផ្នែក​សុខាភិបាល​ និង​សេដ្ឋកិច្ច។

ក្នុង​រយៈពេល​តែមួយ​ខែ ​ចាប់ពី​ដើម​ខែ​មេសា​ដល់​ដើម​ខែឧសភា ​ប្រទេស​សិង្ហបុរី​មាន​អ្នកឆ្លង​វីរុស​កូរ៉ូណា​កើន​ឡើង​១៥​ដង ក្រោយ​ពីបាន​រក្សា​តួលេខ​ឱ្យនៅកម្រិត​ទាប ​ចាប់តាំង​ពី​ការផ្ទុះ​ការឆ្លង​ក្នុង​ខែមករា។

នៅថ្ងៃ​ទី៥ ​ខែមេសា ​សិង្ហបុរី​មាន​អ្នកឆ្លង​ចំនួន ​១.៣០៩ នាក់​ ប៉ុន្តែ​មក​ដល់​ថ្ងៃទី​៥ ​ខែឧសភា ​ចំនួន​អ្នកឆ្លង​បាន​ឡើង​ដល់ ១៩.៤១០​ នាក់​ ដោយ​មាន​អ្នកឆ្លង​ថ្មី​ប្រចាំថ្ងៃ ​ក្នុង​រយៈពេល​នេះ ​មាន​ចំនួន​ពី​ជាង​៥០០​ នាក់​ដល់​ចំនួន​ខ្ពស់​បំផុត​ជាង ​១.៤០០ នាក់។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​សិង្ហបុរី។

ចំណែក​ឯ​ប្រទេស​ហ្វីលីពីន​វិញ​ ​ក្រសួង​សុខាភិបាល​ បាន​រាយការណ៍​ពីការ​កើនឡើងពី​ ៣.២៤៦ នាក់​ដល់​ ៩.៦៨៤ ​នាក់​ក្នុង​រយៈពេល​មួយខែ​នេះ ​ដែល​ជា​ការកើនឡើង​ចំនួនបីដង។

រីឯ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ឆ្លង​កើន​ឡើង​ជាង ​៥​ដង ​ក្នុង​រយៈពេល​ដូចគ្នា​នេះ​ ដោយ​កើនឡើង​ពី​ ២.២៧៣ ​នាក់​រហូតដល់​ ១២.០៧១ ​នាក់។

លោកប៊ីឡាហារី កូស៊ីខាន់ ​(Bilahari Kausikan) ​អតីតលេខា​អចិន្ត្រៃយ៍​នៃ​ក្រសួង​ការបរទេស​សិង្ហបុរី​ បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី​ពិភាក្សា​មួយ ​រៀបចំ​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ Stimson​ ដែល​មាន​ស្នាក់ការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​កាលពី​សប្តាហ៍​មុន​ថា​ សិង្ហបុរី​មាន​ការត្រៀម​លក្ខណៈ​បាន​ល្អ​ជាង​ការវាយ​ប្រហារ​ដោយ​ជំងឺសារ​ កាលពី​ ១៧ ​ឆ្នាំ​មុន។ ប៉ុន្តែ ​អ្វី​ដែល​ខ្វះខាត​គឺ​ការធ្វើតេស្ត​លើ​ពលករ​ចំណាក​ស្រុក។

លោក ប៊ីឡាហារី កូស៊ី​ខាន់​ បាន​បញ្ជាក់​ថា៖

«ពី​ដំបូង ​យើង​ប្រហែល​ជា​មិន​បាន​ធ្វើ​តេស្ត​គ្រប់គ្រាន់​ តែ​ជា​ពិសេស​ពលករ​បរទេស​ ពីព្រោះ​យើង​ប្រាប់​ពលរដ្ឋ​សិង្ហបុរី ​និង​ពលករ​បរទេស​ថា​ បើសិនជា​ពួកគេ​មាន​រោគសញ្ញា ​សូម​មក​ធ្វើ​តេស្ត​។ ពេលនោះ​គ្មាន​អ្នកណា​ដឹង​ថា​ ពួកគេ​មិនមាន​រោគ​សញ្ញា​ ហើយ​អាច​ចម្លង​បាន​ទេ ​ប៉ុន្តែ​នៅពេល​ដែល​យើង​បាន​ដឹង​ ទើប​យើង​បង្កើន​ការធ្វើតេស្ត​ ហើយ​ដាក់​ពលរដ្ឋ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ភ្លាមៗ»។

ចំនួន​អ្នកឆ្លង​ភាគច្រើន​នៅ​សិង្ហបុរី គឺ​ស្ថិតនៅ​ក្នុង​ចំណោម​ពលករ​ចំណាកស្រុក ​ដែល​ស្នាក់នៅក្នុង​អន្តេវាសិកដ្ឋាន​ និង​មិនមាន​ការឆ្លង​នៅក្នុង​សហគមន៍​ទេ ​ហើយ​រដ្ឋាភិបាល​បាន​រក្សា​ពួកគេ​នៅ​មួយ​កន្លែង​ មិន​ឱ្យ​ធ្វើការ​ ប៉ុន្តែ​បាន​ផ្តល់​ប្រាក់ខែ​ធម្មតា។

លោក កូស៊ីខាន់ ​បាន​បន្ថែម​ថា៖

«នេះ​គឺជា​ការធានា​ដែល​លោកនាយក​រដ្ឋមន្ត្រី​របស់​យើង​បាន​ធ្វើ​ឡើង​ជា​សាធារណៈ​ ថា​យើង​នឹង​ថែរក្សា​ពួកគេ ចិញ្ចឹម​គេ ​ឱ្យ​បាន​ល្អ ​ទាំង​ផ្លូវកាយ​និង​ចិត្ត​ និង​ផ្តល់ប្រាក់ខែ​ដល់​ពួកគេ។ ខ្ញុំ​មិន​គិត​ថា​ មាន​មេដឹកនាំ​ណា​ដែល​មិន​ត្រឹមតែ​នៅ​អាស៊ី​អាគ្នេយ៍ ​ឬ​នៅទីណា​ឡើយ​ ដែល​ក្លាហាន​ធ្វើការ​សន្យា​ដូចនេះ​ទេ»។​

លោក​បន្ថែម​ទៀត​ថា ​ក្រុមពលករ​មួយ​ចំនួន​ទៀត​ដែល​មិន​រស់នៅ​ក្នុង​អន្តេវាសិកដ្ឋាន ​ក៏​ត្រូវ​បាន​យកចិត្ត​ទុក​ដាក់​ដែរ​ ក៏​ប៉ុន្តែ​ពួកគេ​មិន​មាន​ការឆ្លង​ច្រើន​ទេ។

រូបឯកសារ៖ ពលរដ្ឋសិង្ហបុរី ដែលមានពាក់ម៉ាស ឈរតម្រង់ជួររង់ចាំចូលទៅក្នុងផ្សារ Geylang Serai ដើម្បីទិញឥវ៉ាន់ នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។

រហូត​មកដល់​ពេល​នេះ​ សិង្ហបុរី​មាន​អ្នកស្លាប់​តែ​ ១៨ ​នាក់​ប៉ុណ្ណោះ ​ក្នុង​ពេល​ដែល​ប្រទេស​ឥណ្ឌូនេស៊ី​ ដែល​មាន​ចំនួន​អ្នក​ឆ្លង​តិច​ជាង ​ប៉ុន្តែ​មាន​អ្នកស្លាប់​រហូត​ដល់​ ៨៧២​ នាក់ ​ដែល​ត្រូវជា​ ៨​ ទៅ ​៩​ ភាគរយ​ ហើយ​ស្ថិត​នៅក្នុង​ចំណោម​ប្រទេស​ដែល​មាន​អ្នកស្លាប់​ខ្ពស់​ជាង​គេ​បំផុត​លើ​ពិភពលោក។

ទន្ទឹមគ្នា​នេះ​ដែរ​ ​អ្នកតាមដាន​សភាពការណ៍​មើល​ឃើញ​ថា ​តួលេខ​ផ្លូវការ​របស់​ឥណ្ឌូនេស៊ី​មិនគួរឱ្យ​ជឿជាក់​បាន​ទេ។

លោក រ៉ូប៊ឺត ប្លេក ​នាយក​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ម៉ាក់ឡាធី ​បាន​ដកស្រង់​សេចក្តី​រាយការណ៍​របស់​ក្រុមគ្រូពេទ្យ ​ដែល​បាន​ធ្វើការ​សិក្សា​លើ​ករណី​អ្នកស្លាប់​ថា ​ចំនួន​អ្នកស្លាប់​អាច​ច្រើន​ជាង​នេះ​បីដង​ ប៉ុន្តែ​មិន​ត្រូវបាន​រាយការណ៍​ទេ។

លោក​ ប្លេក​ បាន​លើកឡើង​ថា ឥណ្ឌូនេស៊ី​ខ្វះខាត​ឧបករណ៍​ធ្វើ​តេស្ត ​សម្ភារៈ​ការពារ​សម្រាប់​ក្រុមគ្រូពេទ្យ ដោយ​ពេទ្យ​ខ្លះ​ត្រូវ​កែច្នៃ​ដោយ​ខ្លួនឯង​ ហើយមន្ទីរពេទ្យ​ក៏​មិនមាន​គ្រប់គ្រាន់។ ស្របពេល​នេះ​ដែរ ពលរដ្ឋ​ក៏បាន​រិះគន់​រដ្ឋាភិបាល ​ដែល​មើល​ស្រាល​ និង​មិន​បាន​ត្រៀម​លក្ខណៈ​ទុក​ជាមុន។

លោក ប្លេក បាន​បន្ថែម​ថា៖ «ជាទូទៅ​ប្រទេស​ឥណ្ឌូនេស៊ី​ពិតជាមិនបាន​ត្រៀមខ្លួនទេ ​ហើយ​ការឆ្លើយតប​ក៏ខ្វះខាត។ នៅពេល​ថ្មីៗ​នេះ ​ពួកគេ​បាន​ខិតខំ​បង្កើន​សេវា​យ៉ាងច្រើន ​ហើយអ្វីៗ​បាន​ប្រសើរឡើង ​ប៉ុន្តែ​កង្វះការធ្វើតេស្តនៅតែ​ជា​បញ្ហា​ដ៏​សំខាន់»។​

លោក ប្លេក​ បាន​បញ្ជាក់​ថា​ បញ្ហា​ប្រឈម​បន្ថែម​ គឺ​ពលរដ្ឋ​មាន​ជំងឺ​ស្រាប់​ដែល​ធ្វើ​ឱ្យ​ពួកគេ​ងាយឆ្លងវីរុស។ ឥណ្ឌូនេស៊ី​មាន​បុរស ​ដែល​ជក់​បារី​ដល់​ទៅ​ ៧៥ ​ភាគរយ​ដែល​ធ្វើ​ឱ្យ​ងាយរងគ្រោះ​នឹង​ជំងឺ​ដែល​វាយ​ប្រហារ​សួត​ ដូច​កូវីដ១៩។ ជំងឺ​ផ្សេង​ទៀត​ គឺ​បេះដូង​និង​ជំងឺ​ទឹកនោម​ផ្អែម​ជាដើម។

រីឯ​នៅ​ហ្វីលីពីន ​អ្នកតាមដានត្អូញត្អែរ​ថា​ ទិន្នន័យ​ដែល​រដ្ឋ​បាន​កត់ត្រាមិន​សុក្រិត​ទេ ​និង​មិនមាន​ការធ្វើ​តេស្ត​គ្រប់គ្រាន់​នៅឡើយ។ ប៉ុន្តែ​រដ្ឋាភិបាល​បាន​ដាក់​ការរឹតត្បិត ​ដែល​បាន​ចូលជា​ធរមាន​តាំងពី​ពាក់កណ្តាល​ខែមីនា ​និង​ការដាក់​នៅ​ដោយឡែក ​ដែល​អាច​ជួយ​កាត់​បន្ថយ​បាន​ខ្លះ។ មាន​សេចក្តី​រាយការណ៍ថា​ សហគមន៍​ក្រីក្រ​បាន​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ។

លោក ​រ៉េនី មីលី (Rene “Butch” Meily) ប្រធាន​មូលនិធិ​តស៊ូ​នឹង​គ្រោះមហន្តរាយ​ហ្វីលីពីន​ បាន​បញ្ជាក់​បន្ថែម​ថា​ បើទោះបី​ជា​មាន​ការឆ្លើយតប​ពី​វិស័យ​ឯកជន​សកម្ម​ខ្លាំងក្លា​ ក៏​ក្រុម​គ្រូពេទ្យ​នៅ​ខ្វះខាត​ប្រដាប់​ការពារ​ខ្លួន​ ហើយ​ក្រុមគ្រូពេទ្យ​បាន​ឆ្លងវីរុស​ជាច្រើន។

លោក រ៉េនី មីលី​ បាន​បន្ថែម​ថា៖ «ដូច្នេះ​យើង​កំពុង​ធ្វើអ្វី​តាម​លទ្ធភាព​ ប៉ុន្តែ​យើង​ឆ្លើយតប​យឺតយ៉ាវ​បន្តិច​ ហើយ​សង្ឃឹម​ថា​ យើង​នឹង​ចាកចេញ​ផុត​វិញ​នៅ​ខែ​ក្រោយ»។

ក្នុងពេល​ដែល​ប្រទេស​សមាជិក​ចាស់​នៃសមាគម​អាស៊ាន​ជួប​ប្រទះ​ការលំបាក ​វៀតណាម​ដែល​ជា​សមាជិក​ថ្មី​របស់​ប្លុក​នេះ​ ហាក់​ទទួល​បាន​ជោគជ័យ​ក្នុង​ការទប់ស្កាត់​រលក​នៃ​ការឆ្លង​ចំនួន​ពីរដង ​គឺ​នៅ​ដើម​ខែមករា ​និង​ដើម​ខែមីនា។ រហូតមក​ដល់​ពេលនេះ ​ប្រទេស​កុម្មុយនីស្ត​នេះ​រាយការណ៍​ថា​ មាន​អ្នកឆ្លងតែ ​២៧១ ​នាក់​ និង​ឆ្លង​ថ្មី​តែ ​៣១ នាក់ ​ប៉ុណ្ណោះ​ក្នុង​រយៈពេល​មួយ​ខែ​ចុងក្រោយ​នេះ​ ហើយ​មិនមាន​អ្នក​ស្លាប់​បាត់បង់​ជីវិត​ទេ។​

លោក ចន លីចតឺហ្វែល (John Lichtefeld) អនុប្រធាន​ក្រុមអាស៊ី​នៃ​មជ្ឈមណ្ឌលស្ទីមសុន​ បាន​បញ្ជាក់ថា៖

«បើមើល​និន្នាការ​នេះ ​ខ្ញុំ​គិតថា ​រដ្ឋាភិបាល​មាន​អារម្មណ៍​ស្រួល​ខ្លាំង​ណាស់​ដែល​អាច​គ្រប់គ្រង​ករណី​ទាំងនេះ​ ប៉ុន្តែ​ដូច​ខ្ញុំ​បាន​លើក​ពី​ខាងដើម ​គឺ​ពួកគេ​ត្រូវតែ​ប្រយ័ត្នប្រយែង​ឱ្យ​មែនទែន ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា ​ពួកគេ​មិន​រង​គ្រោះ​ពី​រលក​ទី៣និងទី៤​ទេ ​នៅ​ពេលដែល​មាន​មនុស្សចូលទៅ​វៀតណាម​ថែមទៀត​ និង​ពេលដែល​បើកដំណើរការ​អាជីវកម្ម​វិញ»។​

ប្រទេស​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​មាន​ ប្រ៊ុយណេ ​កម្ពុជា​ ឡាវ​ ភូមា​ វៀតណាម​ ថៃ ​សិង្ហបុរី ​ម៉ាឡេស៊ី​ ហ្វីលីពីន​ និង​ឥណ្ឌូនេស៊ី។

ប្រទេស​កម្ពុជា​មាន​អ្នកឆ្លង​ចំនួន ​១២២ ​នាក់ ​និងមិនមាន​ការឆ្លង​ថ្មី​ថែម​ទៀត​ទេ ​ក្នុង​រយៈពេល​បីសប្តាហ៍​ចុងក្រោយ​នេះ​ ហើយ​ក៏​មិនមាន​អ្នកស្លាប់​បាត់បង់​ជីវិត​ដែរ។ នេះ​បើ​តាម​ក្រសួង​សុខាភិបាល។ កម្ពុជា​បាន​ធ្វើ​តេស្ត​លើមនុស្ស​តែជាង ​១២.៤០០ នាក់ ​ប៉ុណ្ណោះ​ និង​មិន​បាន​ចាត់វិធានការ​ដាក់​ប្រទេស​ក្នុងគ្រាមានអាសន្ន​ទេ​ ដោយគ្រាន់តែ​បាន​រឹតត្បិត​ការធ្វើ​ដំណើរ​ខ្លះ​កាលពី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ កាលពី​ពាក់កណ្តាល​ខែមេសា។​

​យ៉ាងណាក៏ដោយ លោក រ៉ូប៊ឺត ប្លេក​ យល់ឃើញ​ថា ​អាស៊ាន​ធ្វើសកម្មភាព​បាន​ល្អ​ជាង​អ្វី​ដែល​គេមើលឃើញ​ ជាពិសេស​នៅ​ក្នុង​យុគសម័យ​ឌីជីថល​នេះ ​បើទោះបីជា​សមត្ថភាព​របស់​សមាជិកនៃ​ប្លុក​នេះ​មិន​ស្មើគ្នា​ក៏ដោយ​ ជាពិសេស​ពួកគេ​នៅ​បន្ត​ទំនាក់ទំនង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។​

ប៉ុន្តែ​ វិបត្តិ​សុខភាព​ដែល​បង្ក​ដោយ​ជំងឺរាតត្បាត​កូវីដ១៩​ នឹង​មាន​ផលប៉ះពាល់​អាក្រក់​លើ​សេដ្ឋកិច្ច​បណ្តា​ប្រទេស​ក្នុង​តំបន់​ធំ​ ជាង​វិបត្តិ​សេដ្ឋ​កិច្ច​ពិភពលោក​ឆ្នាំ​ ២០០៨ ​និង​វិបត្តិ​សេដ្ឋកិច្ច​អាស៊ី​ឆ្នាំ ១៩៩៧​ ហើយ​ប្រទេស​នៅ​តំបន់​នេះ​នឹង​មិន​អាចងើប​ឡើង​វិញ​ ទាល់តែ​សេដ្ឋកិច្ច​ពិភពលោក​ងើបឡើង​វិញ​ដែរ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​វាគ្មិន។

លោក ប៊ីឡាហារី ខូស៊ីខាន់ ​បញ្ជាក់​ថា​ សិង្ហបុរី​ត្រូវតែ​ថ្លឹងថ្លែង​រវាង​កត្តា​សេដ្ឋកិច្ច​ និង​សុខាភិបាល។ បើទោះបីជា​ឥឡូវនេះ​សិង្ហបុរី​ផ្តល់​អាទិភាព​ខ្លាំង​លើ​ផ្នែក​សុខាភិបាល​ក៏ដោយ ក៏ប្រទេសនេះនឹង​ត្រូវ​ផ្តោត​លើ​ផ្នែក​សេដ្ឋកិច្ច​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាងមុខ​ ដើម្បីជៀសវាង​ផលប៉ះពាល់​លើ​ការរីកចម្រើន​សេដ្ឋកិច្ច។

រីឯ​សេដ្ឋកិច្ច​ហ្វីលីពីន​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា ​នឹង​ធ្លាក់​ចុះ​ចំនួន​ ២​ ភាគរយ។ ប្រាក់​ដែល​ពលករ​ចំណាក​ស្រុក​ផ្ញើ​ទៅ​ប្រទេស​វិញ​ ក៏​នឹង​ប៉ះពាល់​ដែរ។ ហ្វីលីពីន​ពឹងផ្អែក​ខ្លាំង​លើ​ប្រាក់​បញ្ញើ​ពី​ក្រៅ​ស្រុក​នេះ​ផង​ដែរ។ ក្នុង​ឆ្នាំ២០១៩​ ពលករ​ហ្វីលីពីន​ផ្ញើ​ប្រាក់​ជាង ​៣៥ ​ពាន់​លាន​ដុល្លារ​ ទៅ​ប្រទេស​វិញ។

លោក ​រ៉េនី មីលី វាយ​តម្លៃ​ថា ​ក្នុង​ពេល​កន្លង​មក​ នៅ​គ្រា​ដែល​មាន​វិបត្តិ​ គឺ​ពលរដ្ឋ​ហ្វីលីពីន​តែងតែ​បង្កើន​ប្រាក់​បញ្ញើ​ដើម្បី​ជួយ​គ្រួសារ​ក្នុង​ស្រុក​ ប៉ុន្តែ​វិបត្តិ​លើក​នេះ​ គឺ​ប្រាកដ​ជាប៉ះពាល់​ខ្លាំង​ដោយសារ​ពលករ​ទាំងនោះ​ក៏​បាត់បង់​ការងារ​ដែរ។

នៅប្រទេស​កម្ពុជា ​កម្មករ​រោងចក្រ​កាត់ដេរ​ជិត​ ២០០.០០០​ នាក់​ត្រូវ​ព្យួរ​ការងារ ​រីឯ​១០០.០០០​នាក់​ទៀត​ក៏​នឹង​ត្រូវ​ផ្អាក​ជា​បន្តបន្ទាប់៕