នៅក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ តាំងពីឆ្នាំ ១៩៩៨ មក គឺនៅពេលដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលហៅកាត់ថាអាស៊ានមានប្រទេស ១០ ជាសមាជិក សមាគមនេះមិនអាចរក្សាស្មារតីដើមរបស់ខ្លួនបាននោះទេ ដែលនោះគឺការមូលមតិគ្នាក្នុងចំណោមសមាជិកទាំងអស់របស់ខ្លួន។
«ប្រទេសទាំង ១០ មិនអាចរួបរួមគ្នាបាន ដោយសារតែអាស៊ានប្រតិបត្តិតាមគោលការណ៍ឯកភាពគ្នាជារួម»។ នេះបើតាមការបញ្ជាក់របស់លោក Ja Ian Chong សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យជាតិសិង្ហបុរី នៅក្នុងការថ្លែងរបស់លោកនៅឯសិក្ខាសាលាអំពី «តើយើងចេញដំណើរទៅទីណា? អាស៊ីអាគ្នេយ៍នៅផ្លូវបំបែក» ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៧ ខែកុម្ភៈកន្លងទៅនេះ។
ប្រទេសទាំង ១០ មិនអាចរួបរួមគ្នាបាន ដោយសារតែអាស៊ានប្រតិបត្តិតាមគោលការណ៍ឯកភាពគ្នាជារួម
ប្រទេសជាសមាជិកទាំង ១០ របស់អាស៊ានមាន ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឡាវ ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។
អ្នកសិក្សាស្រាវជ្រាវនានាជឿថា ដោយសារតែឥទ្ធិពលកើនឡើងដែលមិនអាចបញ្ឈប់បានរបស់ចិន គោលជំហរមិនច្បាស់លាស់របស់សហរដ្ឋអាមេរិកចំពោះតំបន់អាស៊ីអាគ្នេយ៍ និងអសមត្ថភាពរបស់អាស៊ាននៅក្នុងការរួមគ្នាជាធ្លុងមួយ និងនៅក្នុងការអនុវត្តនូវស្វ័យភាពរបស់ខ្លួន បណ្ដាប្រទេសសមាជិកអាស៊ានកំពុងឈានទៅរកការបែកបាក់គ្នា។
អស់រយៈពេលរាប់ទសវត្សរ៍មកហើយ ប្រទេសចិន និងសហរដ្ឋអាមេរិកបានប្រកួតប្រជែងគ្នាដើម្បីជះឥទ្ធិពលលើតំបន់អាស៊ីអាគ្នេយ៍។ ប៉ុន្តែ នៅក្នុងរយៈពេលប៉ុន្មានឆ្មាំថ្មីៗនេះ ប្រទេសចិនបានបង្កើនឥទ្ធិពលរបស់ខ្លួនក្នុងល្បឿនមួយយ៉ាងលឿន ចំណែកឯសហរដ្ឋអាមេរិកនៅក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី Donald Trump វិញ បានរំកិលខ្លួនចេញពីតំបន់នេះ។
រដ្ឋាភិបាលចិនបានបង្កើតគំនិតផ្ដួចផ្ដើមថ្មីៗមួយចំនួន ដែលគំនិតផ្ដួចផ្ដើមចម្បងៗមានដូចជា គម្រោងក្រវាត់ផ្លូវ (BRI) ដែលបង្ហាញឡើងដោយលោកប្រធានាធិបតី Xi Jinping កាលពី ៥ ឆ្នាំមុន និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលបានបង្កើតឡើងកាលពីឆ្នាំ ២០១៤ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសចិននៅទូទាំងទ្វីបអឺរ៉ុប អាហ្វ្រិក និងអាស៊ី ដែលក្នុងនោះមានទាំងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
គំនិតផ្ដួចផ្ដើមទាំងនេះរបស់ចិនត្រូវបានគេមើលឃើញថា បានបង្កើនធ្វើឡើងស្របពេលមានដំណើរថយក្រោយរបស់សហរដ្ឋអាមេរិក។ រដ្ឋាភិបាលអាមេរិកបច្ចុប្បន្នទំនងជាងាកចេញពីយុទ្ធសាស្ត្រឆ្ពោះទៅកាន់ទ្វីបអាស៊ីរបស់អតីតប្រធានាធិបតី Barack Obama។ យុទ្ធសាស្ត្រសន្តិសុខជាតិរបស់រដ្ឋបាលលោក Trump ដែលបានផ្សព្វផ្សាយកាលពីចុងឆ្នាំមុន បានបញ្ជាក់បន្តិចបន្តួចប៉ុណ្ណោះអំពីតំបន់អាស៊ីអាគ្នេយ៍នៅក្រោមផ្នែក «តំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។
បន្ទាប់ពីបានស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែមករា ឆ្នាំមុនមក លោក Trump មិនបង្អែបង្អង់យូរបានដកសហរដ្ឋអាមេរិកចេញពីគម្រោងផ្ដួចផ្ដើមសេដ្ឋកិច្ចតែមួយគត់របស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលនោះគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ដែលហៅកាត់ថា TPP។ ប្រទេសចំនួន ៤ នៅក្នុងសមាគមអាស៊ាន ដែលមានប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី សិង្ហបុរី និងវៀតណាម គឺជាសមាជិករបស់កិច្ចព្រមព្រៀង TPP នេះ។ ការដកខ្លួនចេញនេះបានបណ្ដាលឲ្យបណ្ដាប្រទេសសមាគមអាស៊ានមានមន្ទិលសង្ស័យចំពោះតួនាទីរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។
លោក David Denoon សាស្ត្រាចារ្យនយោបាយ និងសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលទំនាក់ទំនងអាមេរិក និងចិន នៃសាកលវិទ្យាល័យ New York បានបញ្ជាក់ប្រាប់ VOA ក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗនេះថា៖
«ប្រទេសចិនកំពុងព្យាយាមបំបែកបណ្ដាប្រទេសអាស៊ានជាពីរក្រុម។ ក្រុមមួយគឺមានទំនោរទៅរកចិន ដែលក្នុងនោះមានប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ និងកម្ពុជា និងក្រុមមួយទៀតមានទំនោរម្ចាស់ការខ្លួនឯងជាងក្រុមដទៃទៀត ដែលក្នុងនោះមានប្រទេសវៀតណាម ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី និងប្រ៊ុយណេ។ ចំណែកឯប្រទេសហ្វីលីពីនវិញគឺជាករណីពិសេសមួយ។ បើយើងមើលទៅ ហ្វីលីពីនដូចជាព្យាយាមងាកកាន់តែកៀកជាងមុនទៅរកប្រទេសចិន ប៉ុន្តែតាមពិត ហ្វីលីពីននៅតែមានកិច្ចព្រមព្រៀងយោធាជាមួយនឹងសហរដ្ឋអាមេរិកដដែល»។
ឥទ្ធិពលរបស់ចិន
អ្នកវិភាគនានាបានកត់សម្គាល់ឃើញថា ប្រសិនបើអាស៊ានមិនមានលទ្ធភាពរួមគ្នាជាធ្លុងមួយនោះទេ នោះវានឹងងាយរងគ្រោះចំពោះឥទ្ធិពលពីខាងក្រៅ។
លោក Chong បាននិយាយថា៖ «ប្រសិនបើអាស៊ាន ឬក៏តំបន់អាស៊ីអាគ្នេយ៍ខ្វះលទ្ធភាពធ្វើការជាមួយគ្នា ឬក៏រួបរួមគ្នា នោះមានន័យថា ប្រទេសមហាអំណាចមានឱកាសច្រើនបន្ថែមទៀតក្នុងការប្រកួតប្រជែងគ្នានៅក្នុងតំបន់»។
លោកបានបន្ថែមថា បន្ទាប់ពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា ឡាវ និងវៀតណាមបានក្លាយជាសមាជិករបស់អាស៊ានមក អាស៊ាន «កាន់តែមានការពិបាកក្នុងការឯកភាពគ្នាចំពោះបញ្ហាមួយចំនួន» ដោយសារតែបណ្ដាប្រទេសកំពុងអភិវឌ្ឍទាំងនេះត្រូវការការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។ ហេតុដូច្នេះហើយ បានជាគម្រោងក្រវាត់ផ្លូវរបស់ចិនអាចដើរតួនាទីសំខាន់មួយនៅក្នុងរឿងនេះ។
លោក Chong បានសង្កត់ធ្ងន់ថា ប្រទេសចិនបានប្រើគម្រោងក្រវាត់ផ្លូវនេះដើម្បី «ដាក់សម្ពាធលើអាស៊ានក្នុងនាមជាអង្គការមួយ និងដាក់សម្ពាធលើសមត្ថភាពរបស់រដ្ឋាភិបាលបណ្ដាប្រទេសអាស៊ីអាគ្នេយ៍នានាមិនឲ្យធ្វើការរួមគ្នាជាធ្លុងមួយ»។
ជាងនេះទៅទៀត អ្នកជំនាញនានាជឿថា ចិនពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយៈធនាគារ AIIBដែលទើបតែបង្កើតថ្មីរបស់ខ្លួន។
សមាជិកអាស៊ានទាំង ១០ ប្រទេសគឺជាក្រុមដំបូងដែលបានចូលជាសមាជិករបស់ធនាគារអភិវឌ្ឍពហុភាគីនេះ តាំងពីពេលដែលធនាគារនេះបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៤។
នៅឯវេទិកាសេដ្ឋកិច្ចពិភពលោករយៈពេល ៣ ថ្ងៃ ដែលផ្ដោតលើតំបន់អាស៊ាន ដែលបានធ្វើឡើងនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជាកាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៧ លោក Jin Liqun នាយកធនាគារ AIIB នេះ បាននិយាយថា វិទ្យាស្ថានហិរញ្ញវត្ថុពហុភាគីមួយនេះគាំទ្រយ៉ាងខ្លាំងក្លាចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក Jin ត្រូវបានទីភ្នាក់ងារព័ត៌មាន Xinhua របស់ចិនដកស្រង់សម្ដីយ៉ាងដូច្នេះថា៖ «ធនាគារ AIIB គាំទ្រយ៉ាងខ្លាំងចំពោះដំណើរវិវឌ្ឍទៅមុខនៃសេដ្ឋកិច្ច និងសង្គមនៅក្នុងបណ្ដាប្រទេសអាស៊ាន។ ធនាគារ AIIB ប្ដេជ្ញាផ្ដល់ការគាំទ្រខ្លាំងក្លាទាំងផ្នែកហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេសចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយធនាគារនេះក៏ប្ដេជ្ញាខ្លាំងក្លាផងដែរដើម្បីធ្វើការមិនត្រឹមតែជាមួយនឹងរដ្ឋាភិបាលនានានោះទេ ប៉ុន្តែជាមួយនឹងវិស័យឯកជនផងដែរ»។
លោក Denoon បានកត់សម្គាល់ឃើញថា ឥទ្ធិពលរបស់ចិននៅតំបន់អាស៊ីអាគ្នេយ៍មានលក្ខណៈ «វិជ្ជមាន» សម្រាប់ផ្នែកសេដ្ឋកិច្ច ប៉ុន្តែមានលក្ខណៈ «អវិជ្ជមាន» សម្រាប់ផ្នែកយោធា។
សារវិជ្ជមានគឺផ្នែកសេដ្ឋកិច្ច រីឯសារអវិជ្ជមានវិញគឺផ្នែកយោធា
លោក Denoon បានថ្លែងយ៉ាងដូច្នេះថា៖«ប្រទេសចិនមានឥទ្ធិពលទាំងវិជ្ជមាន និងអវិជ្ជមាន។ ឥទ្ធិពលវិជ្ជមានគឺពាណិជ្ជកម្មដែលតំបន់អាស៊ីអាគ្នេយ៍បាននាំចេញទំនិញជាច្រើនទៅកាន់ប្រទេសចិន ប៉ុន្តែស្របពេលជាមួយគ្នានេះដែរ នាពេលបច្ចុប្បន្ននេះ ប្រទេសចិន កំពុងដាក់សម្ពាធលើតំបន់អាស៊ីអាគ្នេយ៍ចំពោះតម្រូវការផ្នែកយោធារបស់ខ្លួន ហើយករណីនេះមានន័យថា បណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍កំពុងទទួលបានសារចម្រុះ។ សារវិជ្ជមានគឺផ្នែកសេដ្ឋកិច្ច រីឯសារអវិជ្ជមានវិញគឺផ្នែកយោធា»។
បើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Xinhua កាលពីខែកក្កដា ឆ្នាំមុន លោក Qian Keming អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បានថ្លែងថា៖ «ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ាន ហើយអាស៊ានគឺជាដៃគូពាណិជ្ជកម្មធំបំផុតទី ៣ របស់ចិន ក៏ដូចជាទីផ្សារនាំចេញធំបំផុតទី ៤ និងជាប្រភពនាំចូលធំបំផុតទី ២ របស់ចិន»។
ចំពោះឥទ្ធិពលយោធារបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ លោក ឈាង វណ្ណារិទ្ធ អ្នកស្រាវជ្រាវនៃវិទ្យាស្ថាន ISEAS-Yusof Ishak របស់ប្រទេសសិង្ហបុរី បានប្រាប់ VOA កាលពីពេលថ្មីៗនេះថា «ការកសាងកោះសិប្បនិម្មិតរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង» គឺជាការរំខានសម្រាប់បណ្ដាប្រទេសអាស៊ានមួយចំនួន ដែលជាអ្នកទាមទារកាន់កាប់ដែនទឹកនៅក្នុងសមុទ្រដែលមានជម្លោះនោះ។
ការប្ដូរផ្ដាច់របស់សហរដ្ឋអាមេរិក
ទោះបីជាគោលនយោបាយការបរទេសរបស់រដ្ឋបាលលោក Trump ចំពោះតំបន់អាស៊ីអាគ្នេយ៍ មិនត្រូវបានបង្ហាញច្បាស់លាស់ក៏ដោយ ក៏លោក Denoon បានអះអាងយ៉ាងម៉ឺងម៉ាត់ថា «សហរដ្ឋអាមេរិកនៅតែប្ដូរផ្ដាច់ចំពោះតំបន់អាស៊ាន» ដោយសារតែតំបន់នេះគឺមានសារៈសំខាន់ «ខ្លាំងណាស់» សម្រាប់សហរដ្ឋអាមេរិក។
លោក Denoon បាននិយាយថា៖ «តំបន់អាស៊ីអាគ្នេយ៍គឺមានសារៈសំខាន់ផ្នែកយុទ្ធសាស្ត្រខ្លាំងណាស់សម្រាប់សហរដ្ឋអាមេរិក ដោយសារតែការគ្រប់គ្រងច្រកសមុទ្រម៉ាឡាកា មានន័យថាគ្រប់គ្រងការធ្វើនាវាចរណ៍ពីមហាសមុទ្រប៉ាស៊ីហ្វិកទៅកាន់មហាសមុទ្រឥណ្ឌា។ ហើយប្រសិនបើប្រទេសចិនអាចគ្រប់គ្រងផ្នែកទាំងសងខាងនៃច្រកសមុទ្រម៉ាឡាកា ដែលមានន័យថា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីងាកកាន់តែជិតទៅកាន់ប្រទេសចិន នោះវាប្រាកដជាមិនល្អទេសម្រាប់សហរដ្ឋអាមេរិក»។
លោក Denoon បានបន្ថែមថា៖ «សហរដ្ឋអាមេរិកមិនមានបំណងគ្រប់គ្រងដែនដីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នោះទេ ប៉ុន្តែសហរដ្ឋអាមេរិកចង់បានសេរីភាពធ្វើនាវាចរណ៍នៅក្នុងសមុទ្រ»។
ប៉ុន្តែ លោក វណ្ណារិទ្ធមិនរំពឹងថា រដ្ឋបាលលោក Trump មានតួនាទីសកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នោះទេ ប៉ុន្តែលោកជឿជាក់ថា រដ្ឋាភិបាលអាមេរិកអាណត្តិក្រោយនឹងងាកមកកាន់តំបន់នេះវិញដើម្បី «ប្រជែង» ជាមួយនឹងចិន។
លោក វណ្ណារិទ្ធបានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងឃើញថា អាមេរិកដក ប៉ុន្តែក្រោយពី Donald Trump យើងមិនប្រាកដទេ ពីព្រោះថា នយោបាយរបស់សហរដ្ឋអាមេរិកមិនមែនស្ថិតនៅតែលើ Donald Trump មួយទេ ក៏ប៉ុន្តែ បន្ទាប់ពី Donald Trump នឹងអាចមានថ្នាក់ដឹកនាំថ្មី រដ្ឋាភិបាលថ្មីនៅអាមេរិក ដូច្នេះអាមេរិកអាចត្រឡប់មកតំបន់យើងនេះវិញ ដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួនក្នុងការប្រកួតប្រជែងជាមួយចិន។ ខ្ញុំគិតថា អាមេរិកមិនបោះបង់ចោលតំបន់អាស៊ីអាគ្នេយ៍ទេ»។
ជម្រើសរបស់អាស៊ាន
លោក Chong បានបញ្ជាក់ថា ប្រសិនបើបណ្ដាប្រទេសអាស៊ានមិនមានបំណងទទួលយកឥទ្ធិពលរបស់ចិននោះទេ ពួកគេជាពិសេសប្រទេសដែលមានទំនោរម្ចាស់ការដោយខ្លួនឯង ដូចជា «ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងវៀតណាម» ជាដើម អាចងាកចេញពីអាស៊ាន និងស្វែងរកដៃគូថ្មីនៅក្រៅតំបន់អាស៊ីអាគ្នេយ៍ បើទោះបីជាពួកគេនៅតែរក្សាសមាជិកភាពរបស់ខ្លួនជាមួយនឹងអាស៊ានក៏ដោយ។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ប្រទេសដែលមានសមត្ថភាពខ្ពស់អាចស្វែងរកដៃគូផ្សេងទៀតក្រៅពីអាស៊ាន។ អាស៊ានប្រហែលជានៅដដែល ប៉ុន្តែសកម្មភាពភាគច្រើនគួរតែធ្វើនៅកន្លែងផ្សេង។ ប្រទេសទាំងនោះអាចស្វែងរកគម្រោងដែលមានលក្ខណៈប្រសើរនានាជាមួយនឹងដៃគូណាដែលមិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។
បើតាមការបញ្ជាក់របស់លោក គម្រោងដែលលោកចង់សំដៅទៅលើនោះគឺកិច្ចព្រមព្រៀង TPP និងក្រុមសន្ទនាសន្តិសុខ ៤ ភាគី ដែលគេស្គាល់ជាទូទៅថា «the Quad» ដែលមានសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលីជាសមាជិក។
កិច្ចព្រមព្រៀង TPP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមានអាយុកាលជាងមួយទសវត្សរ៍មួយនេះ ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៦ ដោយប្រទេសចំនួន ១២ ដែលស្ថិតនៅផ្នែកទាំងសងខាងនៃមហាសមុទ្រប៉ាស៊ីហ្វិក។ សហរដ្ឋអាមេរិកបានលះបង់ចោលកិច្ចព្រមព្រៀងនេះកាលពីដើមឆ្នាំមុន។
ក្រោយពីសហរដ្ឋអាមេរិកបានដកខ្លួនចេញទៅ ប្រទេសទាំង ១១ ផ្សេងទៀតនៃកិច្ចព្រមព្រៀងនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រវត្តិសាស្ត្រថ្មីមួយ ដែលនោះគឺកិច្ចព្រមព្រៀងទូលំទូលាយ និងវិវឌ្ឍទៅមុខនៃភាពជាដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ដែលហៅកាត់ថា CPTPP ដោយមិនមានវត្តមានរបស់សហរដ្ឋអាមេរិកចូលរួម។
ក្នុងចំណោមប្រទេសទាំង ១១ នោះ មានសមាជិកអាស៊ានចំនួន ៤ ផងដែរ ដែលនោះគឺប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី សិង្ហបុរី និងវៀតណាម។ ប្រទេសទាំង ៤ នេះត្រូវបានអ្នកវិភាគនានាជឿថាជាប្រទេសដែលមានភាព «ម្ចាស់ការខ្លួនឯង» ក្នុងចំណោមសមាជិកអាស៊ានដទៃទៀត។
រីឯក្រុមសន្ទនាសន្តិសុខ ៤ ភាគី ដែលហៅថា «the Quad» នេះ គឺជាក្រុមដៃគូសន្ទនាយុទ្ធសាស្ត្រ ដែលត្រូវបានផ្ដួចផ្ដើមឡើងដោយនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe កាលពីឆ្នាំ ២០០៧។
ក្រុម «the Quad» នេះ ត្រូវបានគេមើលឃើញជាទូទៅថាជាការឆ្លើយតបចំពោះការបង្កើនឥទ្ធិពលសេដ្ឋកិច្ច និងយោធារបស់ចិននៅក្នុងតំបន់។ ក្រុមនេះក៏បានជំរុញផងដែរនូវយុទ្ធសាស្ត្រ «ឥណ្ឌូប៉ាស៊ីហ្វិក» ដែលជាយុទ្ធសាស្ត្រមួយដែលគេជឿថា អាចជួយបង្កើនតួនាទីរបស់ឥណ្ឌាឲ្យបានខ្លាំងក្លាជាងមុននៅក្នុងតំបន់។
ទោះបីជាលោក Denoon អះអាងថា មិនមាន «ជម្រើសពិតប្រាកដ» ណាមួយ ដែលអាចជំនួសសហរដ្ឋអាមេរិក ប្រសិនបើបណ្ដាប្រទេសអាស៊ានចង់ធ្វើឲ្យមាន «តុល្យភាពជាមួយនឹងឥទ្ធិពលទាក់ទាញ» របស់ចិនក៏ដោយ ក៏លោកបានឯកភាពថា ប្រទេសឥណ្ឌាអាចធ្វើជាតួអង្គថ្មីមួយដើម្បីជួយ «បំពេញ» និង «ធ្វើការ» ជាមួយនឹងសហរដ្ឋអាមេរិក ដើម្បីផ្ដល់នូវការការពារផ្នែកសន្តិសុខទប់ទល់នឹងអំណាចកើនឡើងរបស់ចិននៅក្នុងតំបន់។
លោក Denoon បានថ្លែងយ៉ាងដូច្នេះថា៖ «ឥឡូវនេះ ឥណ្ឌាកាន់តែមានសារៈសំខាន់ ដោយសារតែឥណ្ឌាឥឡូវនេះមានកប៉ាល់ដឹកយន្តហោះចម្បាំងពីរគ្រឿង មានទ័ពអាកាសខ្លាំងក្លា ហើយមានការព្រួយបារម្ភចំពោះឥទ្ធិពលកើនឡើងរបស់ចិន។ ប្រសិនបើបណ្ដាប្រទេសអាស៊ីអាគ្នេយ៍មានឆន្ទៈបង្កើនទំនាក់ទំនងសហប្រតិបត្តិការជាមួយនឹងឥណ្ឌា នោះវាអាចទៅរួចដែលថា ឥណ្ឌាអាចជួយបំពេញ និងធ្វើការជាមួយនឹងសហរដ្ឋអាមេរិកបាន»។
អ្នកសិក្សាស្រាវជ្រាវនានាជឿថា ដោយសារតែបណ្ដាប្រទេសអាស៊ានមានតម្រូវការផ្សេងគ្នា ហើយពួកគេមិនចង់ «បង្កជម្លោះជាមួយនឹងចិន» ទាក់ទិននឹងផលប្រយោជន៍សេដ្ឋកិច្ច បណ្ដាប្រទេសទាំងនោះគួរតែរក្សានូវស្មារតីដើមរបស់ពួកគេដើម្បី «សាមគ្គីភាព» ដែលនោះគឺ «ភាពម្ចាស់ការដោយខ្លួនឯង»។
ដូចដែលលោក Denoon បានសង្កត់ធ្ងន់ដូច្នេះដែរ «ភាពម្ចាស់ការដោយខ្លួនឯង» នេះ គឺជា «ជម្រើសរយៈពេលវែងដ៏ល្អបំផុតសម្រាប់តំបន់អាស៊ីអាគ្នេយ៍»។ ប៉ុន្តែ លោកបានកត់សម្គាល់ឃើញថា អាស៊ានគឺមិនងាយសម្រេចបាននូវគោលបំណងនេះនោះទេ ដោយសារតែបទពិសោធន៍កន្លងមករបស់ខ្លួន ដែល «មិនមានលទ្ធភាពបង្កើតភាពរួមគ្នាជាធ្លុងមួយដែលពួកគេធ្លាប់សង្ឃឹមថានឹងសម្រេចឲ្យបាន» នោះ។
លោក Denoon បានបន្ថែមថា៖ «ប្រសិនបើប្រទេសហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ីចង់បានភាពម្ចាស់ការខ្លួនឯងជាងនេះ នោះសំណួរសួរថា តើបណ្ដាប្រទេសអាស៊ានអាចនៅរួមគ្នាជាក្រុមមួយបានដែរឬទេ ឬក៏អាស៊ានត្រូវបំបែកជាពីរក្រុម? នេះគឺជាចម្ងល់ដ៏ស្រពិចស្រពិលមួយសម្រាប់ពេលអនាគត»៕