មេដឹក​នាំ​អាស៊ាន​​នឹង​ពិភាក្សា​អំពី​​ជម្លោះ​កម្ពុជា​ថៃ​នៅ​សន្និសីទ​កំពូល

មន្ត្រី​នគរបាល​ឥណ្ឌូនេស៊ី​ម្នាក់​ឈរ​យាម​នៅ​ខាង​ក្រៅ​កន្លែង​ប្រារព្ធ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៨ ​កាល​ពី​ថ្ងៃ​ទី​០៤​ខែ​ឧសភា​ឆ្នាំ​២០១១។ កិច្ច​ប្រជុំ​នេះ​នឹង​​​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៧​ដល់​ទី​៨​ខែ​ឧសភា​ឆ្នាំ​២០១១​ខាង​មុខ​នេះនៅ​​ទី​ក្រុង​ហ្សាការតា​ប

មេដឹកនាំ​ពី​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍​ជួប​ប្រ​ជុំ​គ្នា​នៅ​សប្តាហ៍​នេះ​ក្នុង​រដ្ឋធានីហ្សាការតា​ពីថ្ងៃ​ទី៥ដល់​ថ្ងៃ​ទី​៨ខែ​ឧសភា​ដើម្បី​ពិភាក្សាការអភិវឌ្ឍ​សេដ្ឋកិច្ច​ហើយនឹង​បញ្ហា​សន្តិសុខ​ក្នុង​តំបន់។ ទោះជា​មិន​មាន​ចែង​ជាក់​លាក់​នៅលើ​របៀបវារៈ​ក៏ដោយ ​ការខិតខំ​ប្រឹងប្រែង​របស់​សមាគម​ អាស៊ាន​ ធ្វើ​ការ​សម្រុះ​សម្រួល​បញ្ចប់​ជម្លោះ​ព្រំដែន​កម្ពុជា​ថៃ​ នឹង​ទំនង​ក្លាយ​ជា​ការយក​ចិត្ត​ទុកដាក់​យ៉ាងខ្លាំង​របស់​សន្និសីទ​កំពូល​នេះ។

លោក ​Michael​ Tene ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី​និយាយ​ថា​តួនាទី​ អាស៊ាន ​ក្នុងការ​ព្យាយាម​បញ្ចប់​ជម្លោះ​ព្រំដែន​ដែល​កំពុង​បន្ត​មានឡើង​រវាង​ថៃ​និង​កម្ពុជា ​សឹងតែ​នឹង​ប្រាកដ​ត្រូវលើក​យក​មក​ពិភាក្សា​នៅពេល​ប្រមុខ​រដ្ឋ​ជួបគ្នា​នៅថ្ងៃ​ទី​៧​ ខែ​ឧសភា។

«ព្រឹត្តិការណ៍​ក្នុង​ប្រទេស​ថៃ​ បញ្ហា​ព្រំដែន​ថៃ​និង​កម្ពុជា​ពិតជា​បញ្ហា​ដ៏​សំខាន់​ដែល​បានកើត​ឡើង​នៅក្នុង​តំបន់​របស់​យើង។ ដូច្នេះ ​ខ្ញុំ​ជឿជាក់​ថា​បញ្ហា​បែប​នេះនឹង​ត្រូវ​លើកឡើង​នៅក្នុង​សន្និសីទ​កំពូល»។

ប្រទេស​ឥណ្ឌូណេស៊ី ​ជា​ប្រធាន​សមាគម​ អាស៊ាននៅឆ្នាំ​នេះ​ហើយ​បាន​ធ្វើ​ជា​គោលដៅ​ដើម្បី​ប្រែក្លាយ​ទៅជា​ អង្គការ​មួយ​ដែល​ជា​សមាគម​មាន​ភាពធូ​រលង់​ទៅជា​អង្គការ​មួយ​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​បញ្ហា​សេដ្ឋកិច្ច​និង​សន្តិសុខ​ក្នុង​សាកលលោក។

ក៏​ប៉ុន្តែ​ការ​ប៉ះទង្គិច​កាលពី​ខែ​កុម្ភៈ​បាន​ផ្ទុះ​ឡើង​រវាង​សមាជិក​ អាស៊ាន ​ពីរ​គឺ​ប្រទេស​ថៃ​និង​កម្ពុជា។ កងទ័ព​ប្រទេស​ទាំង​២​បាន​ប្រយុទ្ធ​គ្នា​ចុះ​ឡើង​នៅ​តំបន់​មួយ​ជុំវិញ​ប្រាសាទ​ព្រះវិហា​ររបស់​កម្ពុជា​ ដែល​ជា​កន្លែង​ប្រវត្តិ​សាស្រ្ត​ដែល​ប្រទេស​ទាំងពីរ​បាន​ទាមទារ​ថា​ជា​ផ្នែកមួយ​នៃ​កេរ្ត៍ដំណែល​របស់​ខ្លួន។

ក្នុង​ឋានៈ​ជា​មេដឹកនាំ​ អាស៊ាន​ លោក​ Marty​ Natalegawa​ រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ឥណ្ឌូណេស៊ី​បាន​ចាត់ទុក​ថា​ជម្លោះ​នេះ​ជា​ករណី​នៃ​ការសាក​ល្បង​ចំពោះ​អ្វី​ដែល​មេដឹក​នាំ​អង្គការ​នេះ ​អាច​ធ្វើ​ឲ្យសម្រេច ហើយ​លោក​បាន​ព្យាយាម​យ៉ាងសកម្ម​ដើម្បី​ចរចា​បញ្ចប់​ជម្លោះ​នេះ។ រហូត​មកទល់​ពេលនេះ​ ការខិតខំ​ប្រឹងប្រែង​របស់​លោក​មិន​បាន​ជោគជ័យ​ទេ ​ក៏ប៉ុន្តែ​លោក​ Surin ​Pitsuwan ​អគ្គ​លេ​ខា​ធិការ​សមាគមន៍​ អាស៊ាន​និយាយ​ថា​លោក ​Natalegawa ​គួរតែ​បាន​ទទួលកេរ្តិ៍ឈ្មោះ​ចំពោះ​ការខិតខំ​ខាង​ការទូត​ដែល​មិនធ្លាប់​មាន​កាល​ពីពេល​មុន។

«មិន​ដែល​ធ្លាប់​មាន​ជំនួប​ពិសេស​របស់​រដ្ឋមន្រ្តី​ក្រសួង​ការបទេស​លើ​បញ្ហា​រវាង​រដ្ឋ​និង​រដ្ឋ​កាល​ពីពេល​មុន។ យើង​បាន​ធ្វើ​ឲ្យ​ទៅ​ជា​ប្រវត្តិសាស្រ្ត​នៅ​ក្រោមការ​ដឹក​នាំ​ឥណ្ឌូ​ណេស៊ី។ មិន​ដែល​ធ្លាប់​មាន​ការប៉ុនប៉ង​របស់​ប្រធាន​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​ធានី​របស់​ប្រទេស​ទាំង​ពីរ​ហើយ​កាន់ដៃ​គ្នា​និង​ពិភាក្សា​ហើយ​និង​ព្យាយាម​បញ្ចុះ​បញ្ចូល​ថា​នេះ​ជា​បញ្ហា​ដែល​យើង​ទាំងអស់​គ្នា​នឹង​ត្រូវ​ដោះស្រាយ​ជាមួយ​គ្នា»។

លោក​និយាយ​ទៀត​ថា​ក្រៅពី​ការបន្ត​ដោះស្រាយ​ជម្លោះ​ថៃ​និង​កម្ពុជា​ ពួក​មេ​ដឹក​នាំ​សន្និ​សិទ​កំពូល​ ក៏នឹង​ទំនង​ជា​ពិភាក្សា​ពីរបៀប​ស្ថាបនា​ការខិត​ខំ​ប្រឹង​ប្រែង​របស់​ឥណ្ឌូណេស៊ី​ដើម្បី​ធ្វើឲ្យ​ អាស៊ាន ​ក្លាយ​ជា​សហគមន៍​មាន​សេដ្ឋកិច្ច​និង​នយោបាយ​បញ្ចូល​គ្នា​នៅ​ពេល​អនាគត៕

ប្រែ​សម្រួល​ដោយ​ ជឹង​ ប៉ូជីន