កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍បានជំរុញឱ្យមានការបញ្ចប់ជម្លោះបង្ហូរឈាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានបង្ហាញសាមគ្គីភាពនៅក្នុងការគាំទ្រឱ្យមានផែនការសន្តិភាពថ្នាក់តំបន់មួយនិង«ដំណោះស្រាយដែលកើតចេញនិងដឹកនាំដោយមីយ៉ាន់ម៉ាផ្ទាល់» ចំពោះវិបត្តិនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
បន្ទាប់ពីកិច្ចប្រជុំចង្អៀតអាស៊ាន (ASEAN's AMM Retreat) នេះបានបញ្ចប់ទៅ បណ្ដារដ្ឋមន្ត្រីការបរទេសទាំងនោះបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយដោយផ្ដល់ការគាំទ្រចំពោះកិច្ចប្រឹងប្រែងរបស់បេសកជនពិសេសថ្មីរបស់អាស៊ានមកពីប្រទេសឡាវដែលទទួលបន្ទុកកិច្ចការវិបត្តិនេះ ដែលបាន «ប្រឹងប្រែងទាក់ទងភាគីពាក់ព័ន្ធនានា»។
ជាងនេះទៀត បណ្ដារដ្ឋមន្ត្រីការបរទេសទាំងនោះក៏បានសម្ដែងការទុកចិត្តចំពោះការតាំងចិត្តរបស់បេសកជនរូបនេះនៅក្នុងការជួយប្រជាពលរដ្ឋមីយ៉ាន់ម៉ាផងដែរ។
ប្រទេសមីយ៉ាន់ម៉ាបានជាប់គាំងនៅក្នុងជម្លោះតាំងពីពេលដែលយោធាបានដណ្ដើមកាន់អំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ មក។ រដ្ឋប្រហារនេះបានបង្កឱ្យមានភាពចលាចលនៅទូទាំងប្រទេសនិងបានធ្វើឱ្យលទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចីនិងកំណែទម្រង់សេដ្ឋកិច្ចអាយុកាលមួយទសវត្សរ៍របស់មីយ៉ាន់ម៉ាផុតរលត់ភ្លាមៗ។
លោក Alounkeo Kittikhoun ដែលជាបេសកជនពិសេសថ្មីរបស់អាស៊ាន បានជួបជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាក្នុងអំឡុងទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីដើមខែមករា។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់មីយ៉ាន់ម៉ា។
ទាំងអាស៊ាននិងឡាវសុទ្ធតែមិនទាន់ប្រកាសអំពីដំណើរទស្សនកិច្ចនេះ ហើយគេនៅមិនទាន់ច្បាស់នោះទេថាតើលោក Kittikhoun បានជួបជាមួយក្រុមប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ាណាមួយឬក៏អត់។
សេចក្ដីថ្លែងការណ៍របស់បណ្ដារដ្ឋមន្ត្រីអាស៊ានបានលើកឡើងថា៖ «យើងអះអាងជាថ្មីអំពីការតាំងចិត្តរបស់អាស៊ាននៅក្នុងការជួយជ្រោមជ្រែងមីយ៉ាន់ម៉ាស្វែងរកដំណោះស្រាយមួយដោយសន្តិវិធី គ្រប់ជ្រុងជ្រោយ និងឋិតថេរចំពោះវិបត្តិកំពុងបន្តនេះ ដោយសារតែមីយ៉ាន់ម៉ានៅតែជាផ្នែកដ៏សំខាន់មួយរបស់អាស៊ាន»។
សេចក្ដីថ្លែងការណ៍នោះបានបញ្ជាក់បន្ថែមថា៖ «យើងអះអាងជាថ្មីអំពីសាមគ្គីភាពអាស៊ាននិងបញ្ជាក់ឡើងវិញថាកិច្ចប្រឹងប្រែងណាមួយក៏ដោយគឺគួរតែគាំទ្រតាម [ផែនការសន្តិភាព] និងធ្វើឡើងដោយមានការសម្របសម្រួលជាមួយនឹងប្រធានអាស៊ាន»។
សេចក្ដីថ្លែងការណ៍នេះបានជំរុញឱ្យមានការបញ្ចប់អំពើហិង្សានិងការអត់ធ្មត់ដើម្បីអនុញ្ញាតឱ្យមានការបញ្ជូនជំនួយមនុស្សធម៌ចូលទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
អាស៊ានបានប្រឈមនឹងការមិនចុះសម្រុងគ្នាផ្ទៃក្នុងទាក់ទិននឹងវិធីដោះស្រាយវិបត្តិនេះ។
ការប្រយុទ្ធនៅសមរភូមិមុខជាច្រើន
របបយោធាមីយ៉ាន់ម៉ាបានប្រយុទ្ធនៅសមរភូមិមុខជាច្រើនដើម្បីបង្ក្រាបការបះបោររបស់កងជីវពលគាំទ្រលទ្ធិប្រជាធិបតេយ្យដែលមានសម្ព័ន្ធភាពជាមួយនឹងរដ្ឋាភិបាលស្រមោលនិងយោធារបស់ក្រុមជាតិសាសន៍ភាគតិច។ របបយោធានេះបានហៅក្រុមទាំងនោះថាជា «ភេរវករ» និងបានបដិសេធមិនព្រមចរចាជាមួយពួកគេ។ ជម្លោះនេះបានធ្វើឱ្យមនុស្សជាង ២ លាននាក់ត្រូវបង្ខំខ្លួនគេចចេញពីផ្ទះសម្បែង។
ប្រទេសឥណ្ឌូណេស៊ីដែលជាប្រធានអាស៊ានពីមុនបានផ្ដួចផ្ដើមនូវការទូតបែបស្ងប់ស្ងៀមមួយរយៈខ្លីដើម្បីលើកទឹកចិត្តឱ្យមានការសន្ទនាគ្នារវាងភាគីជម្លោះនានារបស់មីយ៉ាន់ម៉ា។ ប៉ុន្តែ អ្នកវិភាគមួយចំនួននៅមិនច្បាស់ថា តើប្រទេសឡាវដែលជាប្រធានអាស៊ានថ្មីមានឥទ្ធិពលប៉ុណ្ណាឬក៏ជំរុញទៅមុខនូវការទូតនេះតាមរបៀបណា។
ប្រទេសមីយ៉ាន់ម៉ាបានបញ្ជូនមន្ត្រីការិយាធិបតេយ្យម្នាក់ទៅចូលរួមនៅក្នុងកិច្ចប្រជុំចង្អៀតអាស៊ានកាលពីថ្ងៃចន្ទ ដោយខ្លួនបានទទួលយកជាលើកដំបូងបង្អស់នូវការអញ្ជើញរបស់អាស៊ានឱ្យបញ្ជូនអ្នកតំណាង «មិនមែននយោបាយ» ទៅចូលរួមនៅក្នុងកិច្ចប្រជុំនេះ។
អាស៊ានបានហាមឃាត់ថ្នាក់ដឹកនាំយោធាកំពូលៗរបស់របបយោធាមីយ៉ាន់ម៉ាមិនឱ្យចូលរួមនៅក្នុងកិច្ចប្រជុំរបស់ខ្លួន ដោយសារតែរបបយោធានេះបានបរាជ័យនៅក្នុងការអនុវត្តផែនការសន្តិភាពដែលខ្លួនបានយល់ព្រមជាមួយអាស៊ានក្នុងពេលពីរខែក្រោយមកបន្ទាប់ពីរដ្ឋប្រហារកាលពីឆ្នាំ ២០២១។
របបយោធាមីយ៉ាន់ម៉ាមានការក្ដៅក្រហាយយ៉ាងខ្លាំងចំពោះអ្វីដែលខ្លួនហៅថាជាការជ្រៀតជ្រែករបស់អាស៊ាននៅក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីអ្នកស្រី Retno Marsudi បានបញ្ជាក់នៅក្នុងសារជាអក្សរដល់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា វត្តមានចូលរួមរបស់រដ្ឋលេខាធិការអចិន្ត្រៃយ៍ស្ដីទីនៃក្រសួងការបរទេសមីយ៉ាន់ម៉ាអ្នកស្រី Malar Than Htike នៅក្នុងកិច្ចប្រជុំចង្អៀតអាស៊ានកាលពីថ្ងៃចន្ទគឺមិនធ្វើឱ្យមានការប្រែប្រួលណាមួយដល់គោលនយោបាយរបស់អាស៊ាននោះទេ។
អ្នកស្រី Marsudi បាននិយាយថា៖ «មីយ៉ាន់ម៉ានឹងមិនប៉ះពាល់ដល់ការធ្វើសេចក្ដីសម្រេចចិត្តរបស់អាស៊ាននោះឡើយ»។
បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានអំពាវនាវផងដែរឱ្យមានការអត់ធ្មត់និងឱ្យមានសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង និងបានជំរុញឱ្យមានបរិយាកាសអំណោយផលសម្រាប់ការពិភាក្សាបន្ថែមទៀតដើម្បីសម្រេចឱ្យបាននូវក្រមប្រតិបត្តិមួយរវាងអាស៊ាននិងចិន៕
ប្រែសម្រួលដោយលោក ភី សុភាដា