បណ្តា​ប្រទេស​អាស៊ាន​សម្លឹង​រក​ភ្ញៀវ​ពី​ប្រទេស​ជិតខាង

អ្នក​ដំណើរ​នៅ​កន្លែង​ឆែក​ឆេរ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្នុង​ទី​ក្រុង​បាងកក។

សមាជិក​ចំនួន​ដប់​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ​ហៅកាត់​ថា ​អាស៊ាន​ បាន​កំណត់​គោលដៅ​ទាក់ទាញ​ទេសចរ​ឲ្យ​បាន​កាន់តែ​ច្រើន​ថែមទៀត​ពី​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ក្នុង​តំបន់​ ចំនួន​បី​ គឺ​ប្រទេស​ចិន កូរ៉េ​ខាងត្បូង ​និង​ប្រទេស​ជប៉ុន។ នេះ​បើយោង​តាម​លោក ​ជេរ៉ូ វ៉ាស៊ីក ​រដ្ឋមន្ដ្រី​ក្រសួង វប្បធម៌​ និង​ទេសចរណ៍​របស់​ប្រទេស​ឥណ្ឌូនេស៊ី​បន្ទាប់ពី​បណ្ដា​ប្រទេស​អាស៊ាន​បាន​បញ្ចប់​កិច្ចប្រជុំ​លើក​ទី១០​ ជាមួយ​រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍​មកពី​ប្រទេស​ចិន​ កូរ៉េ ​និង​ជប៉ុន នៅថ្ងៃ​អង្គារ៍​នេះ​ ក្នុង​ទីក្រុង​ភ្នំពេញ។

លោក​ជេរ៉ូ វ៉ាស៊ីក ​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​ដោយ​ប្រៀបធៀប​យុទ្ធសាស្ដ្រ​ទាក់ទាញ​ទេសចរ ពី​ទ្វីប​អឺរ៉ុប​ដែល​ប្រទេស​មួយ​ចំនួន​ក្នុងទ្វីប​នេះ​កំពុង​ជាប់ផុង​ជាមួយ​វិបត្តិ​សេដ្ឋកិច្ច​នៅ​ឡើយ ដែល​វិបត្តិ​នេះ​បាន​ចាប់ផ្ដើម​ចាប់​តាំងពី​ឆ្នាំ ២០០៨​ មកម្ល៉េះ។

«ឥឡូវ​នេះ​យើង​ផ្ដោត​ទេសចរ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​និង​ដៃគូ​មកពី​ប្រទេស​ជប៉ុន ​កូរ៉េ ​និង ប្រ​ទេស ចិន​ រួមទាំង​ប្រទេស​ឥណ្ឌា​ផងដែរ។ ប្រសិន​បើ​អ្នកទស្សនា​មកពី​ប្រទេស​ទាំងនេះ ​មក​កំសាន្ដ​ក្នុង​បណ្ដា​ប្រទេស​អាស៊ាន​ វានឹង​ផ្ដល់​ផល​ចំណូល ​យើង​ចាត់ទុកថា​ វា​នៅមាន​វិបត្ដិ​សេដ្ឋ​កិច្ច​នៅ​ក្នុង​ទ្វីបអឺរ៉ុប​ នៅ​ឡើយ។ ដូច្នេះ​ហើយ​យើង​ផ្ដោត​លើ​ទេសចរ​អាស៊ាន ​បូក​ជាមួយ​ប្រទេស​ដៃគូ​ចំនួន​បី ​បូក​ជាមួយ​នឹង ប្រទេស​ឥណ្ឌា​មួយ​ទៀត ​ដែល​ជា​ទីផ្សារ​របស់​យើង»។

ប្រទេស​អាស៊ាន​បាន​លើក​ផែន​ការថា​នឹង​បង្កើន​ការស្រូបយក​ទេសចរ​ឲ្យបាន​ចំនួន​យ៉ាងតិច​៨៧លាន​ នាក់​នៅឆ្នាំ​២០១៥​ ខណៈ​ដែល​ប្រទេស​ទាំងដប់​នេះ​ទទួល​បាន​ភ្ញៀវ​ទេសចរ​មកពី​គ្រប់​ជ្រុងជ្រោយ​ពិភព លោក​បាន​ចំនួន​៧០លាន​នាក់ កាលពី​ឆ្នាំ ២០១០​ ក្នុងនោះ​ទេសចរ​ចំនួន​ ១០លាននាក់ មកពី​ប្រទេស ចិន​ កូរ៉េ​ខាងត្បូង ​និង​ប្រទេស​ជប៉ុន។

លោក​ស៊ុនរ៉ាម ពូសប៉ាណាថន​ (Sunram Pushpanathan) ​អគ្គលេខាធិការ​រង​របស់​សមាគម​អាស៊ាន ​មាន ប្រសាសន៍​ថា​ ប្រសិន​បើ​បណ្ដា​ប្រទេស​អាស៊ាន​អាច​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ហេដ្ឋារចនា​សម្ព័ន្ធ​និង​ភាពងាយ​ស្រួល​នានា​អាចនឹង​ទាញ​កំណើន​ទេសចរ​រហូត​ទៅដល់​ជាង៩០លាននាក់​នៅ​ឆ្នាំ២០១៥។​ ក្នុងនោះ​ ប្រទេស​ទាំងអស់​ក្នុង​សមាគម​អាស៊ាន​ត្រូវ​បង្កើត​ផលិតផល​ក្នុង​តំបន់ ​បង្កើត​ទីផ្សារ​រួមគ្នា​បង្កើត​ធនធាន​មនុស្ស​និង​បង្កើន​ល្បឿន​នៃ​ការសម្រួល​ផ្នែក​ពាណិជ្ជកម្ម​ដើម្បី​គាំទ្រ​ដល់​ការផ្សាភ្ជាប់​របស់ អាស៊ាន ​ជាមួយ​ពិភពលោក។

ដោយឡែក​លោក​ ថោង ខុន​ រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍​កម្ពុជា ​មាន​ប្រសាសន៍​ថា​ អាស៊ាន​បានស្នើ​ឲ្យ​មាន​ការហោះហើរ​ត្រង់​កាន់តែ​ច្រើន​ពី​ប្រទេស​មហាសេដ្ឋកិច្ច​ទាំងបី​ក្នុង​ទ្វីប​អាស៊ី​នេះ។

លោក ​ម៉ូ ជុល មីន ​(Mo Chul Min)​ អនុរដ្ឋមន្ដ្រី​ក្រសួង​វប្បធម៌​ កីឡា​ និង​ទេសចរណ៍​របស់​ប្រទេស​ កូរ៉េ​ខាងត្បូង​ក៏បាន​យល់ស្រប​ដូចគ្នា​នេះ​ដែរ។

«ខ្ញុំ​គិតថា​ អ្វី​ដែល​សំខាន់​ជាងនេះ ​គឺ​បង្កើត​ការហោះហើរ​ត្រង់ពី​ទីក្រុង​សំខាន់ៗ​របស់​បណ្ដា​ប្រទេស​អាស៊ាន​មកកាន់​ទីក្រុង​សំខាន់ៗ​របស់​ប្រទេសកូរ៉េ។ វា​នឹង​ជួយ​បង្កើន​ទេសចរ​កាន់តែ​ច្រើន​មក​កាន់​ប្រទេស​អាស៊ាន»។

លោក​ ម៉ូ ជុល មីន​ បញ្ជាក់ថា​ កាលពី​ឆ្នាំ ២០១០​កូរ៉េ​ខាងត្បូង​ទទួល​ទេសចរ​បាន​ចំនួន​មួយលាន​នាក់​ពី​ប្រទេស​ទាំង​ដប់​របស់​អាស៊ាន​ ហើយ​ប្រជាពលរដ្ឋ​កូរ៉េ​ចំនួន​បីលាននាក់​ បាន​ចេញ​ទៅ​ទស្សនា​ប្រទេស អាស៊ាន ​ក្នុងនោះ​ទេសចរ​កូរ៉េ​ចំនួន​២០ម៉ឺននាក់​ បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​តាម​ជើង​ហោះហើរ​ត្រង់ មកកាន់​ខេត្ត​សៀមរាប។

ដោយឡែក​ លោក​ លីន សាន ​អគ្គនាយក​រដ្ឋបាល​ទេសចរណ៍​ចិន ​ក៏បាន​ជំរុញ​ និង​គាំទ្រ​ការប្តូរ​ទេសចរ​ជាមួយ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ផង​ដែរ​ដោយ​លោក​សង្កត់​ធ្ងន់​លើ​ការបង្កើត​ផ្លូវ​សម្រាប់​ការទស្សនា​របស់​ទេសចរ​និង​បរិស្ថាន​ល្អ​សម្រាប់​ទេសចរ៕