រ៉េត សារីតា ប្ដេជ្ញា​បន្ត​តស៊ូ​មតិ​ជួយ​ដល់​យុវជន​ខ្មែរ​ខណៈ​ត្រៀម​ប្រកួត​ដណ្តើម​ម្កុដ​បវរកញ្ញា​ចក្ក​វាឡ​​នៅ​សហរដ្ឋ​អាមេរិក

កញ្ញា រ៉េត សារីតា អាយុ ២៧ឆ្នាំ ជា​បវរកញ្ញា​ចក្កវាឡ​តំណាង​ប្រទេស​កម្ពុជា។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​កញ្ញា រ៉េត សារីតា)

​សក់​ខ្មៅ​ក្រិប​វែង​អន្លាយ​ត្រឹម​ចង្កេះ ចិញ្ចើម​កោង​ខ្វង់ កែវ​ភ្នែក​ទាំង​គូ​ពណ៌​ត្នោត​ ស្នាម​ញញឹម​ស្រស់​ចេញ​ធ្មេញ​ស​ក្បុស​ រាង​ខ្ពស់​ស្រឡូន ជា​មួយ​សម្បុរ​ស្រអែម ជា​ភិនភាគ​របស់​គ្មាន​នរណា​ក្រៅ​ពី​កញ្ញា រ៉េត សារីតា បវរកញ្ញា​ចក្កវាឡតំណាង​ប្រទេស​កម្ពុជា​នោះ​ឡើយ។

កញ្ញា រ៉េត សារីតា ​បាន​ធ្វើ​ដំណើរ​មក​ដល់សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២១ ដើម្បី​ត្រៀម​ខ្លួនចូលរួម​ប្រកួត​ក្នុង​កម្មវិធី​បវរកញ្ញា​ចក្កវាឡ​លើក​ទី​៦៩ ឬ​ Miss Universe ២០២០

ជា​ទូទៅ​កម្មវិធី​ប្រកួត​បវរកញ្ញា​ចក្កវាឡនេះ​ភាគ​ច្រើន​ត្រូវ​បាន​គេ​ប្រារព្ធ​ឡើង​នៅ​ចុង​ឆ្នាំ​នីមួយៗ ឬ​ដើម​ឆ្នាំ​បន្ទាប់ ប៉ុន្តែ​ដោយ​សារ​ការ​រាត​ត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ១៩​ ​កម្មវិធី​ប្រកួត​បវរ​កញ្ញាចក្កវាឡ​លើក​ទី​៦៩ ប្រចាំ​ឆ្នាំ ២០២០​នេះ ត្រូវ​បានគេពន្យារពេល​មក​ធ្វើក្នុង​ត្រី​មាស​ទី​ពីរ​នៃ​ឆ្នាំ ២០២១ ​វិញ។ បើ​យោង​តាម​គេហទំព័រ​របស់​ Miss Universe កម្មវិធី​នេះ​នឹង​ត្រូវប្រារព្ធ​ឡើងនៅ​ថ្ងៃ​អាទិត្យ​ទី ១៦ ខែ​ឧសភា ឆ្នាំ​២០២១​ នៅ​សណ្ឋាគារ Seminole Hard Rock Hotel & Casino Hollywoodក្នុង​ទីក្រុង​ Hollywood រដ្ឋ​ Florida សហរដ្ឋ​អាមេរិក។

«រឿង​ភ័យ​វា​តែង​តែ​មាន​ហើយ​ គេ​ហៅ​ថា​សម្ពាធ​វាមាន​ខ្លះៗ​ហើយ​បង វា​មិន​ដែល​យើង​ទៅ​ប្រកួត​ហើយ យើង​អត់​ភ័យ​អី​សោះ​ទេ។ ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​បាន​ថា ខ្ញុំ​រំភើប​ច្រើន​ជាង ហើយ​វា​ជា​កិត្តិយស។ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​មែន​ទែន ព្រោះ​ជា​ឱកាសមួយ​ដែល​យើង​អត់​មាន​លើក​ទី​ពីរ​ទេ​ ព្រោះ​យើង​អាច​ប្រឡង​ក្នុង​កម្មវិធី​នេះ​បាន​តែ​ម្ដងគត់​ក្នុង​ជីវិត​របស់​យើង។ អញ្ចឹង​ជា​ជាង​យើង​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង ឬ​ភាពតាន​តឹង​លើ​ខ្លួន​ឯង គឺ​បង្វែរ​ការ​គិត​របស់​ខ្លួន​ឯង​ឲ្យ​វា Relax ឲ្យ​វា​ស្ងប់ ពីព្រោះ​នៅ​ពេល​ដែល​យើង​ស្ងប់ យើង​អាច​ផ្ចង់​លើ​អ្វី​មួយ គឺ​យើង​អាច​ធ្វើ​អ្វី​បាន​ទាំង​អស់»។

នេះ​ជា​សម្តី​របស់​កញ្ញា រ៉េត សារីតា រៀបរាប់​ពី​អារម្មណ៍​របស់​កញ្ញា ក្រោយ​បាន​ជួប​ផ្ទាល់​ជា​មួយ​បវរកញ្ញា​ចក្កវាឡតំណាង​ប្រទេសផ្សេងៗ​ទៀត ដែល​សុទ្ធ​សឹង​តែ​មាន​រូប​សម្រស់​ស្រស់​សោភា ក្នុង​ពេល​ហាត់​សម​សម្រាប់​ចូល​រួមប្រកួត​នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា។

កញ្ញា រ៉េត សារីតា អាយុ ២៧ឆ្នាំ បវរកញ្ញា​ចក្កវាឡ​តំណាង​កម្ពុជា ស្លៀក​ឈុត​តំណាង​ជាតិ ដែល​មាន​ឈ្មោះ​ថា«ទេពរួបរួម» ដែល​រចនា​ម៉ូត​ដោយ​លោក គួន មាឃ។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​កញ្ញា រ៉េត សារីតា)

បវរកញ្ញា​ចក្កវាឡតំណាង​ប្រទេស​កម្ពុជា​រូប​នេះ បញ្ចប់​ការ​សិក្សា​ចំណេះ​ដឹង​ទូទៅ​ពី​សាលា Lycée Français René Descartes (LFRD) និង​បញ្ចប់​ការ​សិក្សា​ថ្នាក់បរិញ្ញាប័ត្រ​ផ្នែក​អក្សរ​សាស្ត្រ​នៅ​វិទ្យាស្ថាន​វ៉ាន់ដា និង​សព្វ​ថ្ងៃ​កំពុង​បន្ត​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​នៅសាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។ ក្រៅ​ពី​ភាសា​ខ្មែរ កញ្ញា រ៉េត សារីតា ចេះ​ភាសា​ថៃ អង់គ្លេស និង​បារាំង​យ៉ាង​ស្ទាត់​ជំនាញ។

កញ្ញា​កំព្រាម្ដាយ​តាំង​ពី​អាយុ ៦​ឆ្នាំ ប៉ុន្តែ​ត្រូវ​បាន​ប្តី​ប្រពន្ធ​មួយ​គូ ដែល​ប្ដី​ជា​ជនជាតិ​បារាំង​ និង​ប្រពន្ធ​ជា​ជនជាតិ​ខ្មែរ​កាត់​អាមេរិកាំង​សុំ​នាង​ធ្វើ​ជា​កូន​ចិញ្ចឹម និង​ផ្គត់ផ្គង់ផ្ចុង​ផ្ដើម​ឲ្យ​រៀន​សូត្រ​តាំង​ពី​ពេល​នោះ​មក។ យ៉ាង​ណា​ក៏​ដោយ កញ្ញា រ៉េត​ សារីតា នៅ​តែ​រក្សា​ទំនាក់ទំនង​យ៉ាង​ជិត​ស្និត​ជា​មួយ​ឪពុក​បង្កើត​ជនជាតិ​ខ្មែរ ដែល​សព្វថ្ងៃជា​យោធិន​ចូល​និវត្តន៍​រស់​នៅ​ក្នុង​ខេត្ត​តាកែវ។

ឈ្មោះ «សារីតា» ត្រូវ​បាន​ឪពុក​បង្កើត​របស់​កញ្ញា​ជា​អ្នក​ដាក់​ឲ្យ ដោយ​យក​តាម​ឈ្មោះ​បុគ្គលិក​វីអូអេ​ខ្មែរ​ចូល​និវត្តន៍​ម្នាក់​គឺ​អ្នកស្រី នុច សារីតា ដោយ​សារ​កាល​ណោះ ឪពុក​របស់​កញ្ញា​ ឧស្សាហ៍​ស្ដាប់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក ហើយ​តែង​តែ​ឮ​ឈ្មោះ​របស់​អ្នកស្រី នុច​ សារីតា។ គ្រួសារ​កញ្ញា មិន​ដែល​ស្គាល់​អ្នកស្រី នុច សារីតា ជា​លក្ខណ:​បុគ្គល​ទេ។

ការ​ចូល​រួម​ប្រកួត​កម្មវិធីបវរកញ្ញា​ចក្កវាឡ​មិន​មែន​ជា​រឿង​ចៃដន្យ​សម្រាប់​ កញ្ញា រ៉េត សារីតា​ ឡើយ។ កញ្ញា​បាន​ប្រាប់​វីអូអេ​ថា កញ្ញា​បាន​ត្រៀម​ខ្លួន​មុន​ពីរ​ឆ្នាំ ដើម្បី​ចូល​រួម​ប្រកួត​កម្មវិធី​បវរកញ្ញា​ចក្កវាឡក្នុង​ប្រទេស​កម្ពុជា ហើយ​កញ្ញា​បាន​បញ្ជាក់​ពី​មូល​ហេតុដូច្នេះ​ថា៖

«មូលហេតុ​ចម្បង​ដែល​ខ្ញុំ​ចូល​ប្រកួត​ក្នុង​កម្មវិធី​មួយ​នេះ ដោយសារ​តែ​ទី​មួយ​ខ្ញុំ​មើល​ឃើញ​នូវ​សក្ដានុពល​របស់​វេទិកា​មួយ​ហ្នឹង វា​ជា​វេទិកា​មួយ​ដែល​អាច​ផ្ដល់​ឱកាស​ឲ្យ​ស្ត្រី​ទាំងអស់​រួម​ទាំង​នាង​ខ្ញុំ ឲ្យ​ប្រើ​ប្រាស់​សំឡេង​ខ្លួន​ឯង​ក្នុង​ការ​ឈាន​ដល់​ចំណុច​មួយ យើង​អាច​លើក​ទឹក​ចិត្ត​អ្នក​ផ្សេងៗ​ទៀត​ដែល​គាត់​អត់​ហ៊ាន គាត់​ខ្វះ​ភាព​ក្លាហាន»។​

កញ្ញា​ រ៉េត សារីតា បាន​បន្ថែម​ទៀត​ថា៖

«ខ្ញុំ​ដាក់​ចិត្ត​ថា​ បើ​សិន​ជា​ខ្ញុំទទួល​បាន​ជ័យ​លាភី​តំណាង​ឲ្យ​ប្រទេស​កម្ពុជាឈរ​លើ​ឆាក​អន្តរជាតិ វា​ជា​កិត្តិយស​មួយ​ធំ​ធេង​ខ្លាំង​មែន​ទែន​ ពីព្រោះ​វេទិកា​ហ្នឹង​ជា​វេទិកា​មួយ​ដែល​មាន​ឥទ្ធិពល​ខ្លាំង ហើយ​វា​ជា​ឱកាស​មួយ​ដែល​យើង​អាច​ផ្សព្វផ្សាយប្រទេស​កម្ពុជា​យើង ផ្សព្វផ្សាយ​អ្វីៗ​ផ្សេងៗ​ទៀត​ដែល​យើង​ចង់​ផ្សព្វផ្សាយ​លើ​វេទិកា​មួយ​នេះ»។

មាន​កម្ពស់ ១​ម៉ែត្រ ៦៥ ​សង់​ទីម៉ែត្រ និង​ទម្ងន់ ​៤៨ ​គីឡូក្រាម កញ្ញា​ រ៉េត សារីតា សព្វ​ថ្ងៃ​មាន​អាជីព​ជា​តួ​សម្តែង ក្នុង​ភាពយន្ត​ខ្នាតធំ ស្ពតពាណិជ្ជកម្ម​ និង​វីដេអូ​អប់រំ​សុខភាព​បន្តពូជ (ក្នុង​កម្មវិធី​ស្នេហ៍​៩ ​របស់​ស្ថាប័ន BBC Media Action) ជា​ពិធិការនី និង​អ្នកដឹកនាំ​ការ​ផលិត​មាតិកាផ្សេងៗ (របស់​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន)។

កញ្ញា​បាន​និយាយ​ថា កញ្ញា​អាច​រក​ប្រាក់​ផ្គត់ផ្គង់​ការ​ចាយ​វាយ​ដោយ​ខ្លួន​ឯង​ដោយ​មិន​បាច់​ពឹង​ផ្អែក​លើ​អាណាព្យាបាល​តាំង​ពី​អាយុ ១៧​ ឆ្នាំ​មក​ម៉្លេះ​ តាម​រយ:​ការ​ថត​ភាព​យន្ត និង​ថត​ស្ពត​ពាណិជ្ជកម្ម​ផ្សេងៗ។

កញ្ញា រ៉េត សារីតា (ឆ្វេង) អាយុ ២៧ឆ្នាំ ជា​បវរកញ្ញា​ចក្កវាឡ​តំណាង​កម្ពុជា ថតរូប​ជុំ​គ្នា​ជាមួយ​នឹង​បវរកញ្ញា​តំណាង​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​សណ្ឋាគារ Seminole Hard Rock & Casino Hollywood ក្នុង​ទីក្រុង Hollywood រដ្ឋ Florida សហរដ្ឋអាមេរិក។​ (រូបថត​ផ្ដល់​ឲ្យ​ដោយ​កញ្ញា រ៉េត សារីតា)

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្ប:​បាន​ប្រាប់​វីអូអេ​ថា ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្ប:គាំទ្រ​ការជ្រើសរើស​កញ្ញា​ រ៉េត សារីតា​ជា​បវរកញ្ញា​ចក្កវាឡតំណាង​កម្ពុជា​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​សហរដ្ឋ​អាមេរិក។

លោក​ ឡុង ប៉ុណ្ណាស៊ីរីវត្ថ បាន​មាន​ប្រសាសន៍​ថា៖

«អញ្ចឹងដោយ​សារ​គាត់​ជា​ខ្មែរ ហើយ​ធ្វើ​អញ្ចឹង​ទៅគឺ​ដើម្បីជា​តំណាង​របស់​ខ្មែរ​ ព្រោះ​យើង​គិត​ហើយ​ប្អូន មិន​ថា​ជា​ការ​ប្រឡង​បវរកញ្ញា ឬ​ស្អី​ទេ​ គ្រប់​វិស័យឬ​គ្រប់​ទម្រង់​នៃ​ការ​អភិវឌ្ឍ​សង្គម​ ឲ្យ​តែ​ជា​ខ្មែរ​យើង ទៅ​កន្លែង​ណា​គឺ​យើង​តែង​តែ​មាន​ការ​គាំទ្រ យើង​ជំរុញ​ឲ្យ​គាត់​នឹង​ជា​តំណាង​នៃ​ការ​ផ្សព្វផ្សាយ​របស់​សង្គម ហើយ​វា​ផ្ដល់​ប្រយោជន៍​មក​ឲ្យ​សង្គម​យើង​វិញ»។​

បវរកញ្ញា​ចក្កវាឡតំណាង​ប្រទេស​កម្ពុជា​ ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ពីរដូស​រួចរាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​មុន​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋ​អាមេរិក នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់លោក​ ម៉ែន​ ​និមលរតន៍ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Cambodia International Models ដែល​ជា​ក្រុមហ៊ុន​រៀបចំ​កម្មវិធី​ប្រកួត​បវរកញ្ញា​ចក្កវាឡតំណាង​ប្រទេស​កម្ពុជា។

លោក ម៉ែន និមលរតន៍​ ក៏​បាន​បន្ថែម​ថា ​ដោយ​នឹក​ស្មាន​មិន​ដល់ថា មាន​ការ​ឆ្លង​រាល​ដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ​១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា រហូត​ឈាន​ដល់​ការ​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ ការ​រៀប​ចំ​ឈុត​សម្លៀក​បំពាក់​របស់​កញ្ញា​ រ៉េត​ សារីតា ដើម្បី​ចូល​រួម​ប្រកួត​មាន​ការ​យឺតយ៉ាវ​បន្តិច​បន្តួច ហើយ​កម្មវិធី​ថត​រូប​ជា​មួយអ្នក​ផាត់​មុខ និង​អ្នក​ច្នៃ​ម៉ូត​សម្លៀកបំពាក់​នានា​ក៏​ត្រូវ​បាន​លុប​ចោល។​

ឧបសគ្គខាង​លើ​នេះ​មិន​បាន​ធ្វើ​ឲ្យ​កញ្ញា​ រ៉េត សារី​តា រួញរាក្នុង​ការ​តៀម​ខ្លួនតំណាង​ប្រទេស​កម្ពុជា ​ចូល​ប្រកួត​កម្មវិធី​បវរកញ្ញា​ចក្កវាឡ​លើកទី​៦៩​ ឡើយ។ កញ្ញា​បាន​ប្រាប់​វីអូអេ​ថា កញ្ញានឹង​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​លើក​មុខ​មាត់​ប្រទេស​ជាតិ​លើ​ឆាក​អន្តរជាតិ។

កញ្ញា​ក៏​បាន​បន្ថែម​ថា បើ​ទទួល​បាន​ជ័យ​ជម្នះ ​កញ្ញា​នឹងប្រើ​ឱកាស​នេះ​ពង្រីក​វេទិកា​អប់រំ​សុខភាព​បន្ត​ពូជ និង​ការ​អភិវឌ្ឍ​ខ្លួន​ដល់​យុវជន​ខ្មែរ ហើយ​បើ​កញ្ញា​មិន​ទទួល​បាន​ជ័យ​ជម្នះ កញ្ញា​ក៏​នឹង​បន្ត​ធ្វើ​រឿង​នេះ​តាម​លទ្ធភាព​ដែល​កញ្ញា​មាន​ គឺ​មិន​បោះ​បង់​មហិច្ឆតា​មួយ​នេះ​ចោលឡើយ។

«មូលហេតុ​ដែលខ្ញុំ​ជ្រើសរើស​យក​ការ​តស៊ូ​មតិ​លើ​ប្រធាន​បទ​សុខភាព​បន្ត​ពូជ ដោយ​សារ​ប្រធាន​បទ​នោះ​មិន​ទាន់​ទូលំទូលាយ។ មាន​ស្រ្តី​ជា​ច្រើន​នៅតាម​ជនបទ គាត់​មិន​ទាន់​យល់​ដឹង​ច្បាស់​លាស់​ពី​បញ្ហា​សុខភាព​បន្ត​ពូជ​នេះ ហើយ​ទី​ពីរ​ខ្ញុំ​យល់​ឃើញ​ថា​ ជា​ពិសេស​អ្នក​ដែល​មាន​វ័យ​ប្រហែលៗ​ខ្ញុំ​ហ្នឹង គឺ​គាត់​ជួប​ប្រទះ​បញ្ហា​មួយ​ដែល​គាត់តែង​តែ​ធ្វើ​ការ​ប្រៀបធៀប​អ្វី​ដែល​គាត់​ឃើញ​លើ​បណ្ដាញ​សង្គម អ្វី​ដែល​គាត់​ឃើញ​នៅ​លើ​អេក្រង់​ទូរស័ព្ទ»។

កញ្ញា​បាន​បន្ត​ទៀត​ថា៖

«ខ្ញុំ​យល់​ឃើញ​ថា បញ្ហា​ហ្នឹង​គឺ​គាត់​រវល់​តែ​ផ្ដោត​លើ​អ្នក​ដទៃ គាត់​ភ្លេច​មើល​លើ​គុណ​តម្លៃ​ដែល​គាត់​មាន ពីព្រោះ​មនុស្ស​ម្នាក់ៗ ​គឺ​តែង​តែ​មាន​ចំណុច​ពិសេស​រៀងៗ​ខ្លួន​ ហើយ​បើ​ខ្ញុំ​អាច​មាន​ឱកាស​ ឬ​ដល់​ចំណុច​មួយ​ដែល​សំឡេង​របស់​ខ្ញុំ​មាន​ឥទ្ធិពល​ ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​ពួកគាត់ [យុវជន​ខ្មែរ] ឲ្យ​ពួក​គាត់​ស្រឡាញ់​ខ្លួន​គាត់ ហើយ​កុំ​ខ្វល់​ពី​ការ​រំខានពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន​គាត់​អី ពីព្រោះនៅ​ពេល​ដែល​ពួកគាត់​ផ្ដោត​ធ្វើ​អ្វី​មួយ នៅ​ពេល​ដែល​ពួក​គាត់​ស្រឡាញ់​ខ្លួន​ឯង គាត់​ធ្វើ​អ្វី​ផ្សេងៗ​ទៀត​គឺ​បាន​ជោគ​ជ័យ​ទាំង​អស់»។

នេះ​ជា​លើក​ទី​បួន​ហើយ​ដែល​មាន​តំណាង​ពី​ប្រទេស​កម្ពុជា​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​បវរកញ្ញា​ចក្កវាឡ​ ដោយ​អ្នកនាង ប៊ី សុធារី ជា​បវរកញ្ញា​ចក្កវាឡដំបូង​បំផុត​តំណាង​ប្រទេស​កម្ពុជា​ចូលរួម​ប្រកួត​ក្នុង​ឆ្នាំ ២០១៦ អ្នក​នាង​ រឿន ណាត តំណាង​ប្រទេស​កម្ពុជា​ឆ្នាំ ​២០១៧ និង​កញ្ញា សំណាង អេលីណា តំណាង​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៩។

កញ្ញា រ៉េត សារីតា អាយុ ២៧ឆ្នាំ ជា​បវរកញ្ញា​ចក្កវាឡ​តំណាង​កម្ពុជា ស្ថិត​នៅ​ក្នុង​សណ្ឋាគារ Seminole Hard Rock & Casino Hollywood ក្នុង​ទីក្រុង Hollywood រដ្ឋ Florida សហរដ្ឋអាមេរិក។​ (រូបថត​ផ្ដល់​ឲ្យ​ដោយ​កញ្ញា រ៉េត សារីតា)

ពលរដ្ឋ​ខ្មែរ​អាមេរិកាំងនៅ​រដ្ឋ ​Florida ស្វាគមន៍​វត្តមាន​របស់កញ្ញា រ៉េត សារីតា និង​សុទ្ធ​តែ​សម្ដែង​សុទិដ្ឋិនិយម​ថា កញ្ញា​រ៉េត សារីតា មាន​រូប​សម្បត្តិ លក្ខណ:​សម្បត្តិ និង​ចំណេះ​ដឹង​គ្រប់គ្រាន់ ក្នុង​ការ​ដណ្ដើម​បាន​ម្កុដ​ជ័យ​លាភី​បវរកញ្ញា​ចក្កវាឡ​លើក​ទី​៦៩ ឆ្នាំ ​២០២០ នេះ។

លោក ចិន រដ្ឋា អាយុ ៦៣​ឆ្នាំ ពលរដ្ឋ​ខ្មែរ​ចូល​និវ្តតន៍​ពី​ការ​មើលការខុស​ត្រូវ​ហាង​ចាប់​ហួយ​មួយ​កន្លែង​ រស់​នៅ​ក្នុង​ទីក្រុង Jacksonville រដ្ឋ​ Florida ថា លោក​និង​បង​ប្អូន​ខ្មែរ​មួយ​ចំនួន​ទៀត​នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទីតាំង​ប្រកួត​បវរកញ្ញា​ចក្កវាឡ​លើកទី​៦៩​នេះ ដើម្បី​លើក​ទឹក​ចិត្ត​កញ្ញា​ រ៉េត​ សារីតា ទោះ​បី​មិន​បាន​ចូល​ទស្សនា​ការ​ប្រកួត​ផ្ទាល់​ ដោយ​សារសំបុត្រ​ចូល​ទស្សនា​ត្រូវ​បាន​គេ​លក់​អស់​ទៅ​ហើយ។ នៅ​ពេល​សួរអំពី​រលក្ខណ:​សម្បត្តិរបស់​កញ្ញា រ៉េត សារីតា លោក ចិន រដ្ឋា​បាន​ថ្លែង​ដូច្នេះ​ថា៖

«​យើង​អត់​ដែល​ឃើញ​គាត់​ទេ យើង​ឃើញ​មើល​តាម​ Live Show នៅ​ក្នុង​ប៉ុស្តិ៍​ស្រុក​ខ្មែរ​យើង​ហ្នឹង​ មើល​តាំង​ពី​រូបរាង​គាត់ តាំង​ពី​ថា​ការ​ដែល​គាត់​សម្ដែង​ សព្វ​បែប​យ៉ាង​ដូចថា គាត់​រវៀស គាត់​ឆ្លាត​ ដូច​គេ​គ្រាន់​តែ​បង្ហាត់​គាត់​តែ​បន្តិច​ទេ ដូចជា​នៅ​ Show ណា​ទេ​ខ្ញុំ​មើល​ថ្ងៃ​មុន ដូច​ថា​គេ​បង្ហាត់​ឲ្យ​គាត់​រាំ​របាំ ហាត់​តែ​មួយ​ម៉ោង​កន្លះ​គាត់​អាច​រាំ​បាន។ ភាសា​ក៏​គាត់​និយាយ​បាន​ល្អ ពិត​មែន​ថា​គាត់​នៅ​ស្រុក​ខ្មែរ​ គាត់​រៀន​នៅ​ស្រុក​ខ្មែរ​ គាត់​និយាយ​ បង​មើល​នៅ​តាម Show គាត់​ទាំង​អស់​ លើ​ Page គាត់​ហ្នឹង​ គឺ​ថា​គាត់​និយាយ​បាន​ល្អ។

អ្នក​ស្រី ចាន់ តុប អាយុ ៥៥​ឆ្នាំ ជា​បុគ្គលិក​សេវា​ប្រៃសណីយ៍​សហរដ្ឋ​អាមេរិក រស់​នៅ​ក្នុង​ទីក្រុង​ Jacksonville រដ្ឋ​ Florida បាន​ប្រាប់​វីអូអេ​ថា អ្នក​ស្រី​មាន​ចិត្ត​សប្បាយ​រីករាយ​ និង​រំភើប​ខ្លាំង​ណាស់​ដែល​បាន​ឃើញ​កូន​ខ្មែរ​មាន​ភាព​ក្លាហាន ​ឈរ​លើ​ឆាក​អន្តរជាតិ ដើម្បី​ជួយ​ផ្សព្វផ្សាយ​វប្បធម៌​ អរិយធម៌​ និង​អត្តសញ្ញាណ​ជាតិ​ខ្មែរ​ទៅ​កាន់​បរទេស។

អ្នកស្រី ចាន់ តុប បាន​បន្ថែម​ថា៖​ «នាង​ខ្ញុំ​យល់​ថា​បវរ​កញ្ញា​ខ្មែរ​យើង នឹង​អាច​ទទួល​ម្កុដ ព្រោះ​អី​គាត់​មាន​ចិត្ត​ក្លាហាន ហើយ​គាត់​មាន​សមត្ថភាព​ខ្ពស់ គាត់​អត់​ចាញ់ contestants​[បេក្ខនារី​] ដទៃ​ទៀតទេ»។

ចំណែក​លោក សេក កុសល អាយុ ៤៦​ឆ្នាំ នាយក​គ្រប់គ្រង​អង្គការ IKARE រស់​នៅ​ក្បែរ​ទីក្រុង Minneapolis រដ្ឋ Minnesota បាន​សង្កេត​ឃើញ​ថា​បវរកញ្ញា​ចក្កវាឡតំណាង​ប្រទេស​កម្ពុជា​ឆ្នាំ​នេះ​បាន​ទាំង​សម្រស់ ចំណេះ​ដឹង​ទូទៅ សំនួន​វោហោរ និង​ភាព​ក្លាហាន និយាយ​រួម​ទៅ​គឺ​មួយ​ចប់​តែ​ម្ដង។

«យើង​មើល​ទៅ​ពាក្យ​អង់គ្លេស​ហៅ​ថា Perfect Package កញ្ចប់​ហ្នឹង​វា​អាច​ហ្នឹង មាន​ន័យថា​ យើង​អាច​ជួយ​លើក​តម្កើង​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​យើង​មាន​មោទនភាព​ថា​នេះ​ហើយ​ជា​កញ្ចប់​របស់​បង​ប្អូន​ខ្មែរ​យើង នេះ​ហើយ​គឺ​ជា​ស្នាដៃ ជា​អ្វី​មួយ​ដូច​ថា​យើង​មាន​មោទនភាព​ ដើម្បី​ឲ្យ​យើង​លើក​ទៅ​ប្រកួត​ប្រជែង​លើ​ថ្នាក់​អន្តរជាតិ»។

ក្រៅ​ពី​ជំនាញ​និង​ទេពកោសល្យ​ក្នុង​វិស័យ​សិល្ប: កញ្ញា​ រ៉េត​ សារីតា ក៏​សកម្ម​នៅ​ក្នុង​ផ្នែក​កីឡា​ផង​ដែរ។​ កញ្ញា​ចេះ​ក្បាច់​គុន​ល្បុក្កតោ ចូលចិត្ត​លេង​បាល់ទាត់ (ក្រុម​នារី​) ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍ និង​ហែល​ទឹក​ជា​ប្រចាំ។​ ម្យ៉ាង​ទៀត​ដោយ​សារ​ទីកន្លែង​កម្សាន្ត​ដែល​កញ្ញា​ចូល​ចិត្ត​ជាងគេ​គឺ​សមុទ្រ​ ដូច្នេះ​កញ្ញា​ក៏​ចេះ​បើក​អូប័រ និង​ម៉ូតូ​ទឹក​ដោយ​ខ្លួន​បាន​ដែរ។ ចំពោះ​រឿង​ហាត់​កីឡា​នេះ ​កញ្ញា​ រ៉េត សារីតា ចង់​លើក​ទឹក​ចិត្ត​ស្ត្រីខ្មែរ​ឲ្យ​ហាត់​កីឡា​ឲ្យ​បាន​ច្រើន​ដូច​កញ្ញា​អញ្ចឹង។

«អ្វី​ដែល​ខ្ញុំ​ចង់​ Inspire ហ្នឹង​គឺ​ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​ដល់​ស្ត្រី​ខ្មែរ​យើង ព្រោះ​គាត់​អត់​ចូលចិត្ត​ហាត់​ប្រាណ​ទេ​ព្រោះ​គាត់​ខ្លាច​ថា​ជំា​ដៃ​ជាំ​ជើង។ ខ្ញុំ​យល់ ​សូម្បី​តែ​ខ្ញុំ​ក៏​ចូល​ចិត្ត​ថែ​សម្រស់​អី​ដែរ​ ប៉ុន្តែ​ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​ពួក​គាត់​លេង​កីឡា​ឲ្យ​បាន​ច្រើន ព្រោះ​ពេល​លេង​កីឡា​ មិន​មែន​សម្រាប់​តែ​សុខភាព​ផ្លូវ​កាយ​ទេ ប៉ុន្តែ​វា​ផ្ដល់​សារ:សំខាន់​មែន​ទែន​ដល់​ផ្លូវចិត្ត​ និង​ខួរ​ក្បាល​របស់​យើង ហើយ​ធ្វើ​ឲ្យ​ការ​គិត​របស់​យើង​មាន​ភាព​វិជ្ជមាន។ អញ្ចឹង​ពេល​យើង​ភាព​វិជ្ជមាន​ក្នុង​ការ​គិត​របស់​យើង ធ្វើ​អ្វី​ក៏​យើង​អាច​ធ្វើ​ការ​ងារ​មួយ​ដែល​បាន​លទ្ធផល​ល្អ​ដែរ»។

សមាជិក​ក្នុង​គ្រួសារដែល​កញ្ញា រ៉េត សារីតា ស្ញប់ស្ញែង​និង​ចង់​យក​ធ្វើ​គំរូ​តាម​គឺ​ឪពុក​ចិញ្ចឹម​របស់​កញ្ញា​ ដែល​លោកជា​មនុស្ស​ពោរពេញ​ដោយ​សុទិដ្ឋិនិយមក្នុង​ខ្លួន ពូកែ​ស្ដាប់ និង​ផ្ដល់​ដំបូន្មាន​ល្អៗ​ដល់​កញ្ញា។ ចំណែក​បុគ្គល​ក្រៅ​រង្វង់​គ្រួសារ​ដែល​កញ្ញា​ ស្ញប់ស្ញែង​និង​ចង់​យក​គំរូ​តាម​នោះគឺ​តារា​ភាព​យន្ត​ហូលីវូដ​ អ្នកស្រី Angelina Jolie។

កញ្ញា រ៉េត សារីតា មិន​ទាន់​ចង់​គិត​គូរ​ពី​រឿង​គូស្រករ​ទេ​នៅ​ពេល​នេះ ដោយ​ចង់​ចាំ​ ២​ ឬ​ ៣​ឆ្នាំ​ទៀត​សិន ហើយ​បើ​អាច​ នៅ​ថ្ងៃ​អនាគត​កញ្ញា​ចង់​បាន​កូន​ពីរ​នាក់។​

ពេល​សួរ​ទាក់​ទង​នឹង​រឿងនយោបាយ​វិញ​ កញ្ញា រ៉េត សារីតា បាន​ប្រាប់​វីអូអេ​ថា អ្វី​ក៏​ដោយ​ឲ្យ​តែអាច​ជួយ​សង្គម​ទៅ​រក​ផ្លូវ​វិជ្ជមាន ឬ​ក៏​ទៅ​រក​ផ្លូវ​មួយ​ដែល​ផ្ដល់​នូវ​ភាព​រីកចម្រើន នោះ​កញ្ញា​នឹង​ធ្វើ​ទាំង​អស់ ឲ្យ​តែ​មិន​ប៉ះពាល់​ដល់​អ្នក​ដទៃ ឬ​បុគ្គល​ណា​ម្នាក់៕