ពលករចំណាកស្រុកពីប្រទេសថៃ​ប្រឈម​អត់​ការងារ​ធ្វើ​និង​​ជំពាក់​បំណុល​គេ ក្រោយ​វិល​ត្រឡប់​មក​ស្រុក​កំណើត

លោក មិន សារុន និង អ្នកស្រី នាង ចន្ទ្រា ដែលត្រូវជាប្តីប្រពន្ធ ​ព្រួយបារម្ភ​អំពី​ការ​ជំពាក់បំណុល​គេ បន្ទាប់​ពីត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ ​​ដោយ​គ្មាន​ការងារ​ធ្វើ ហើយ​ត្រូវ​នៅ​ដាច់ដោយឡែក​ក្នុង​ស្រុក​បាទី ខេត្ត​តាកែវ ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២០។ (Ananth Baliga/VOA)

លោក មិន ​សារុន​ និង​ អ្នកស្រី នាង​ ចន្ទ្រា​ ដែល​ត្រូវ​ជាប្តី​ប្រពន្ធ ​បាន​មក​ដល់​ច្រក​អន្តរជាតិ​ភូមិ​ឡែម​ ខេត្ត​ចាន់​ថាបូរី ​ប្រទេស​ថៃ ​កាល​ពី​ថ្ងៃ​ទី​២ ​ខែ​មេសា ​ដើម្បី​មក​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ។ ពួក​គាត់​ត្រឡប់​មក​វិញ​ក្នុង​គោល​បំណង​ទៅ​មើល​ម្តាយ​ដែល​កំពុង​សម្រាក​ឈឺ​នៅ​ផ្ទះ ​ ​ប៉ុន្តែ​ពួក​គាត់​មិន​អាច​ឆ្លង​តាម​ច្រក​នេះ​បាន​ទេ ​ ដោយសារ​អាជ្ញាធរ​ថៃ​បាន​បិទ​ច្រក​ព្រំដែន​ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​កូរ៉ូណា។​ដើម្បី​ឆ្លង​មក​បាន​ពួក​គាត់​ត្រូវ​ដើរ​ក្នុង​ព្រៃ​ ប្រហែល​៣​គីឡូម៉ែត្រ ​ហើយ​ត្រូវ​ចំណាយ​ថ្លៃ​ការ​ធ្វើ​ដំណើរ​ជាង​៩០​ដុល្លារ​ដើម្បី​ទៅ​មក​ដល់​ទឹកដី​ខ្មែរ។​

លោក​មិន សារុន ​បាន​ថ្លែង​ប្រាប់​VOA​នៅ​ផ្ទះ​របស់​លោក​ក្នុង​ខេត្ត​តាកែវ​ថា៖ ​«គេ​បិទ​ផ្លូវ ​ ប៉ុន្តែ​ឡាន​គេ​ជូន​មក​តាម​ផ្លូវ ​កាត់។​ អ៊ីចឹង​យើង​ត្រូវ​ចំណាយ​លុយ​ច្រើន​ដែរ។ ​យើង​ដើរ​ប្រហែល​៣​គីឡូម៉ែត្រ​ ចេញ​១៥០០​បាត​ក្នុង​មួយ​នាក់»។​

លោក​បន្ថែម៖​ «ទាហាន​នៅ​ជាយ​ដែន​ពិនិត្យ​ខ្ញុំ​៣​ដង​សរសេរ​ក្រដាស​ពេទ្យ ​ពិនិត្យ​ម៉ាស្អាត​បាន​គេ​ឲ្យ​មក ​ប្រហែល​ជា៣​ម៉ោង ។​ យើង​ជិះឡាន ។ ​ក្មួយ​ទៅ​យក។ ​យើង​ជិះ​៥​នាក់​ទាំង​តៃកុង​អត់​យក​ពីណា​មក​ចូល​ទៀត​ទេ​ សុទ្ធ​តែ​បង​ប្អូន​ឯង»។​

លោក ​មិន​ សារុន ​និង​អ្នកស្រី ​នាង ​ចន្ទ្រា ​ជា​ពលករ​ក្នុង​ចំណោម​ពលករ​ខ្មែរ​ចំណាក​ស្រុក​មក​ពី​ថៃ ​ប្រមាណ​៩​ម៉ឺន​នាក់ ​ដែល​បាន​ប្រញាប់​វិល​មក​ស្រុក​កំណើត​វិញ ​កាល​ពី​ចុង​ខែ​មីនា​ ដើម្បី​ចៀស​វាង​ជាប់​ក្នុង​ប្រទេស​ថៃ ​ដែល​រដ្ឋាភិបាល​ប្រកាស​បិទ​ច្រក​ព្រំដែន​ដើម្បី​ទប់​ស្កាត់​ការ​រាត​ត្បាត​ជំងឺ​កូវីដ​១៩។​

កាល​ពី​ថ្ងៃ​ទី​៧​ខែ​មេសា​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក​ ស ខេង​ បាន​ថ្លែង​ថា​ ​ ពលករ​ខ្មែរ​រាប់​ពាន់​នាក់​បាន​សម្រុក​មក​ប្រទេស​កម្ពុជា​វិញ​ ហើយ​អាជ្ញាធរ​កម្ពុជា​នៅ​តាម​ច្រក​មិន​អាច​ពិនិត្យ​សុខភាព​កម្មករ​ទាំង​អស់​បាន​ទេ។​

ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រមាណ​មួយ​លាន​២០​ម៉ឺន​នាក់​កំពុង​រស់​នៅ​និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ហើយ​រដ្ឋាភិបាល​កម្ពុជា​ប៉ាន់​ប្រមាណ​ថា ពួកគេ​ច្រើន​គួរ​សម​គឺ​ជា​ពលករ​មិន​ស្រប​ច្បាប់។​

របាយ​ការណ៍​របស់​អង្គការ​ទេសន្តរ​ប្រវេសន៍​អន្តរ​ជាតិ​(IOM)​ឆ្នាំ​២០១៩ ​ឲ្យ​បាន​ដឹង​ថាមួយ​ភាគ​បី​នៃ​ពលករ​ចំណាក​ស្រុក​ដែល​ត្រូវ​បាន​គេ​សាកសួរ​ព័ត៌មាន ​គឺ​ពុំមាន​ការងារ​ធ្វើក្នុង​ស្រុក ​ទេ​ មុន​ពេល​ពួក​គេ​ចេញ​ពី​កម្ពុជា ​ហើយ​ជិត​ពាក់​កណ្តាល ​គឺ​គ្មាន​ចំណូល​និង​ប្រហែល​ពីរ​ភាគ​បី​បាន​សម្រេច​ចិត្ត​ទៅ​ប្រទេស​ថៃ​ស្វែង​រក​ការងារ​ ដោយសារ​ពុំ​មាន​ឱកាស​ការងារ​នៅ​ក្នុង​ស្រុក​ និង​ដោយសារ​ចង់​បាន​ចំណូល​ប្រសើរ​ជាង​មុន។ ​ របាយ​ការណ៍​បង្ហាញ​ថា ​ ចំនួន​ពាក់​កណ្តាល​នៃ​អ្នក​ដែល​ត្រូវ​បាន​សម្ភាស​ ​បាន​ផ្ញើ​ប្រាក់​ត្រឡប់​ទៅស្រុក​ដល់ទៅ​១២២៨​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ​ ហើយ​ថា​ប្រាក់​ទាំង​នេះ​ គឺជា​ប្រាក់​ចំណូល​ចម្បង​សម្រាប់​ទំនុក​បម្រុង​គ្រួសារ​នៅ​ប្រទេស​កម្ពុជា​ ឬក៏​ដើម្បី​ប្រើប្រាស់​ធ្វើ​ឲ្យ​ជីវភាព​ប្រសើរ​ឡើង។​

លោក ​មិន ​សារុន​ និង​ អ្នកស្រី ​នាង​ ចន្ទ្រា​កំពុង​អង្គុយ​នៅ​ក្រោម​ផ្ទះ​ពេល​ដែល​អ្នក​សារព័​ត៌មាន​VOA​បានចុះ​សម្ភាសជាមួយ​ពួក​គាត់​នៅ​ក្នុង​ស្រុក​បាទី ​ខេត្ត​តាកែវ​ហើយ​វា​គឺជា​ថ្ងៃ​ទីបី​នៃការ​រស់​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​១៤​ថ្ងៃ​របស់​ពួក​គាត់។​ ប្តី​ប្រពន្ធ​ទាំង​ពីរ​មាន​ផ្ទះ​សមរម្យ​ ផ្ទះ​ពីរ​ទន្ទឹម​គ្នា។ ​ ផ្ទះ​មួយ​ធ្វើ​ពី​ឈើ​ នៅ​ចំកណ្តាល​ដី​ភូមិ។​ ម្តាយ​របស់​ពួក​គាត់​និង​កូន​ប្រុស​របស់​ពួក​គាត់​បាន​ទៅ​រស់​នៅ​ផ្ទះ​សាច់​ញាតិ​បណ្តោះ​អាសន្ន។​ ​ពួក​គាត់​សម្រាក​នៅ​ខាង​ក្រោម​ផ្ទះ​ថ្ម​បែង​ចែក​ដាច់​ពីគ្នា​ដោយ​កំណាត់​វាំង​នន។​

រូបឯកសារ៖ ពលករ​ចំណាកស្រុក​អង្គុយ​ក្នុង​ឡានក្រុង​មក​ដល់​ច្រក​ព្រំដែន​អន្តរជាតិ​កម្ពុជា​ថៃ​នៅ​ក្រុង​ប៉ោយប៉ែត កម្ពុជា។

អ្នក​ស្រី​ នាង ​ចន្ទ្រា ​ប្រាប់​ឲ្យ​ដឹង​ថា ​មន្ត្រី​សុខាភិបាល​បាន​ចុះ​មក​ពិនិត្យ​សុខភាព​នៅ​ផ្ទះ​របស់​គាត់​នៅ​ថ្ងៃ​ដំបូង​ ចំនួន​បី​ដង​ដោយ​មន្ត្រី​បាន​ពិនិត្យ​មើល​ កំដៅ​ឬ​និង​អាការៈ​ទាក់ទង​នឹង​ជំងឺ​កូវីដ១៩​ហើយ​ការណែនាំ​របស់​គេ​សង្កត់​ធ្ងន់​គឺ​ឲ្យ​ពួកគាត់​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា។​

អ្នកស្រី ​នាង​ ចន្ទ្រា ​បន្ត​ថា៖​ «យើង​អត់​បាន​ជួប​គាត់។ ​អ្នក​ភូមិ​គេ​អត់​ហ៊ាន​សួរ​សុខ​ទុក្ខ​យើង»។​

សម្រាប់ ​លោក​ មិន ​សារុន ​ ​ការ​ធ្វើ​ដំណើរ​ដ៏​ប្រថុយ​ប្រថាន ​និង​ការ​ចំណាយ​លើ​ថ្លៃ​ធ្វើ​ដំណើរ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​គឺ​សំខាន់​ ដោយសារ​ត្រូវ​ទៅ​ថែ​ទាំម្តាយ​កំពុង​មាន​ជំងឺ។​

លោក​បញ្ជាក់​ថា៖​ «ខ្ញុំ​គិត​ថា​ ល្អ​ បើ​ខ្ញុំ​នៅ​នោះ​មាន​លុយ​ផ្ញើ​ឲ្យ​គាត់​ គឺ​ល្អ។​ ប៉ុន្តែ​ដោយ​សារ​គាត់​ឈឺ​ គ្មាន​អ្នក​ណា​ថែ​គាត់​ គឺ​មិនល្អ​សម្រាប់​ខ្ញុំ​ទេ។​ម្តាយ​ខ្ញុំ​ឈឺ​នៅ​ផ្ទះ​គ្នាន​អ្នក​ណា​ថែ​គាត់ ​អ៊ីចឹង​ខ្ញុំ​ត្រូវ​តែ​មក​វិញ​ដើម្បី​ថែ​គាត់ ។ទោះ​បី​អត់​លុយ​មាន​លុយ​ក៏​ដោយ​ ខ្ញុំ​ត្រូវ​តែ​មក»។​

ពេល​ធ្វើការ​នៅ​រោងចក្រ​សាច់​មាន់ ​នៅ​ប្រទេស​ថៃ​តាំង​ពី​ចុង​ឆ្នាំ​២០១៧​មក​នោះ ​ប្តី​ប្រពន្ធ​នេះ​រក​ប្រាក់​ចំណូល​បាន ​ប្រមាណ​៤៣០​ដុល្លារ​ក្នុង​មួយ​ខែ។ ​ពួក​គាត់​ត្រូវ​ផ្ញើ​ទៅផ្ទះ​ប្រមាណ​១៥០​ដុល្លារ​ក្នុង​មួយ​ខែ ​និង​បង់ការ​ប្រាក់​៦១​ដុល្លារ​សម្រាប់​បំណុលប្រមាណ​២​ពាន់​ដុល្លារ​ ដែល​ពួក​គាត់​បាន​ខ្ចី​ពី​ឈ្មួញ​ចង​ការ​ប្រាក់​កាល​ពី​ពីរ​បី​ឆ្នាំ​មុន។ ពួក​គាត់​បាន​យក​ប្រាក់​នោះ​ដើម្បី​ចំណាយ​ធ្វើ​លិខិត​ឆ្លង​ដែន​ និង​ការ​ត្រៀម​រៀបចំ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ។​

បើ​ទោះ​បី​ជា​បាន​មក​ដល់​ផ្ទះ​និង​បាន​ជួបជុំ​គ្រួសារ​ក៏​ដោយ ក៏​ពួក​គាត់​ទាំង​ពីរ​នាក់​មាន​ក្តី​សង្ឈឹម​បន្តិច​បន្តួច​ប៉ុណ្ណោះ​សម្រាប់​ពីរ​បី​ខែ​ខាងមុខ​នៅ​ពេល​ពួកគេ​បញ្ចប់​ការ​រស់​នៅ​ដាច់​ដោយ​ឡែក​របស់​ពួក​គេ។​ លោក ​មិន សារុន​ មាន​ក្តី​បារម្ភ​ក្នុង​ការ​ស្វែង​រក​ការងារ​ដែល​ជាមូលហេតុ​ជំរុញ​ឲ្យ​គាត់​ធ្វើ​ចំណាក​ស្រុក តាំង​ពី​ដំបូង​មក។​ លោក​ មិន​ សារុន​បាន​សុំ​ឲ្យ​បង​ប្រុស​របស់​គាត់​ជួយ​បង់​ប្រាក់​ជំពាក់​គេ​ក្នុង​ខែ​មេសា។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ពិបាក​ដោយ​សារ​ពេល​យើង​មក​ផ្ទះ​ វា​អត់ទាន់​មាន​ការងារ​ច្បាស់​លាស់ ​ដែល​យើង​ត្រូវ​ធ្វើ ​ដោះស្រាយ​ទៅ​មុខ​ទៀត​ហើយ​មក​បង្ខាំង​អ៊ីចឹង​ទៀត ​វា​ពិបាក​បណ្តោយ។​ វា​រក​ដំណោះ​ស្រាយ​មិន​ចេញ បើ​ពីរបី​ខែ​ទៀត»។​

ឈ្មួញ​ចង​ការ​ប្រាក់​ឯកជន​ក្នុង​ភូមិ​ ដែល​មិន​បាន​ចុះ​ឈ្មោះ​ផ្លូវការ​ត្រឹមត្រូវ​និង​គ្មាន​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​ច្បាប់ ​គឺ​ជា​ប្រភព​កម្ចី​ដែល​មាន​ការ​ប្រាក់​ខ្ពស់​សម្រាប់​ប្រជា​ជន​កម្ពុជា​បើ​ទោះ​បី​ ​មាន​ការ​រីក​ដុះដាល​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ក៏​ដោយ។​

ខណៈ​ពេល​ដែល​ឈ្មួញ​ចង​ការ​ប្រាក់​ឯកជន​ គឺ​ជា​ប្រភព​កម្ចី​នោះរបាយ​ការណ៍​ឆ្នាំ​២០១៥​របស់​អង្គការ​សហ​ប្រតិបត្តិការ​ហិរញ្ញ​វត្ថុ​អន្តរជាតិ​ បាន​ចង្អុល​បង្ហាញ​ថា​ ប្រហែល​ជា​ប្រជាជន​ទៅ​ខ្ចី​លុយ​ពី​ក្រុម​ឈ្មួញ​ចង​ការ​ប្រាក់​ឯកជន​ដើម្បី​យក​ទៅ​បង់​ការ​ប្រាក់​បន្ថែម​ឲ្យ​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​ ជា​ហេតុ​ធ្វើឲ្យ​ការ​ប្រាក់​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​ស្ថិត​ក្នុង​កម្រិត​ទាប។​

កាល​ពី​ឆ្នាំ​មុន​អង្គការ​លីកាដូ ​និង​សមាគម​ធាង​ត្នោត ​បាន​បញ្ចេញ​របាយ​ការណ៍​ដែល​បាន​ឆ្លុះ​បញ្ចាំង​ការ​រំលោភ​បំពាន​សិទ្ធិ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ ​ជាពិសេស ​សិទិ្ធ​កាន់​កាប់​ដី ​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​បង្ខំ ​និង​ការ​ជួញដូរ​កម្លាំង​ពលកម្ម​កុមារ។​

ករណី​សិក្សា​នៅ​ក្នុង​របាយ​ការណ៍​នេះ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ ពលរដ្ឋ​ដែល​ត្រូវ​បាន​សម្ភាស​បាន​ប្រើប្រាស់​កម្ចី​ពី​ឈ្មួញ​ចងការ​ប្រាក់​ឯកជន ​ដើម្បី​សង​ការ​ប្រាក់​តម្កល់​របស់​មីក្រូ​ហិរញ្ញ​វត្ថុ។​

សត្វមាន់​នៅ​ក្នុង​ទ្រុង​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​សត្វ​មាន់​នៅ​ខេត្តស៊ូផាន់បូរី ប្រទេស​ថៃ។

ត្រឡប់​ទៅ​ស្រុក​បាទី ​ខេត្ត​តាកែវ​វិញ ​ ពលរដ្ឋ​ផ្សេង​ទៀត ​ដូច​ជា​អ្នក​ស្រី សៀង ណារ័ត្ន ​និង​ស្វាមី​ឈ្មោះ​សេង​ វ៉ា ​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ​កាល​ពីថ្ងៃ​២៤ ​ខែ​មីនា​ ចំ​ពេល​ដែល​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ​ខេត្ត​បន្ទាយមានជ័យ​ត្រូវ​បាន​បិទ។​

ពួក​គេ​និង​ពលរដ្ឋ​ខ្មែរ​រាប់រយ​នាក់​ទៀត​ដែល​មាន​បំណង​ត្រឡប់​ទៅ​ស្រុក​កំណើត​បាន​ជាប់​នៅ​ក្នុង​ប្រទេស​ថៃ។ ​ ក្រោយ​ពី​ការ​ពិនិត្យ​សុខភាព​ជា​ច្រើន​សារ​របស់​អាជ្ញាធរ​ថៃ និង​កម្ពុជា ​ ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​បាន​ឆ្លងផុត​ព្រំប្រទល់​ចូល​មក​កម្ពុជា​ ហើយ​បាន​ជួល​រថយន្ត​ឈ្នួល​ជិះ​ទៅ​ផ្ទះ​ភ្លាមៗ។​

មក​ដល់​ផ្ទះ​ អ្នក​ស្រី​សៀង ណារ័តុ្ន ​បាន​និយាយ​ថា ​ ប៉ូលិស​រួមមាន​ប្រធាន​ភូមិ ​និង​បុគ្គលិក​សុខាភិបាល​បាន​ចុះ​មក​ចាំ​ដល់​ផ្ទះ​របស់​ស្រី​ធ្វើ​ឲ្យ​អ្នកភូមិ​មាន​ការ​ភ្ញាក់​ផ្អើល។

អ្នក​ស្រី​បញ្ជាក់​ថា៖ ​«យើង​មក​ដល់​ផ្ទះ​ប្រហែល​ម៉ោង​៧។ ​គ្រាន់តែ​មកដល់​ ទាំង​ប៉ូលិស​ទាំង​ប្រធាន​ភូមិ​ អី​ គេមក​ពិនិត្យ​យើង។​ ពេល​ព្រលឹម​ឡើង​គេ​មក​ភ្លាម​ចូល​ផ្អើល​ពេញ​ភូមិ។ ​គេ​ផ្អើល​គេ​ខ្លាច​យើង។ ​គេ​ផ្អើល​ថា ​ ខាង​ថៃ​ ​គេ​កើត​ច្រើន»។​

ទើប​តែ​បញ្ចប់​ការ​រស់​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​១៤​ថ្ងៃ ​ អ្នក​ស្រី សេង ណារ័ត្ន ​បាន​ប្រាប់​ថា​គាត់​និង​ស្វាមី ​មិន​មែន​ត្រឡប់​មក ​ដោយ​សារ​ការ​ខ្លាច​វីរុស​កូរ៉ូណា​នោះ​ទេ។ ពួក​គេ​មាន​បំណង​មក​លេង​កូន​ប្រុស​និង​មកលេង​ស្រុក​កំណើត ​មុន​ចូល​ឆ្នាំ​ខ្មែរ​ និង​ជួបជុំ​ក្រុម​គ្រួសារ​ មុន​ពេល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ ​នា​ចុង​ខែ​មេសា។​

អ្នកស្រី​ធ្លាប់​ធ្វើ​ការងារ​រោងចក្រ​កាត់ដេរ​ក្នុង​ប្រទេស​កម្ពុជា ​មុន​ពេល​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ ​ដោយទទួល​បាន​ប្រាក់​ខែ ​ប្រហែល​២០០​ដុល្លារ។ ​ អ្នកស្រី ​សៀង ណារ័ត្ន ​ចង់​បាន​ជីវិត​ប្រសើរ​ឲ្យ​កូន​ប្រុស​អាយុ​បី​ឆ្នាំ​របស់​គាត់ ​ ​ហេតុ​នេះ​ហើយ​បានជា​អ្នកស្រី​បាន​សម្រេច​ចិត្ត​ខ្ចី​លុយ​ពី​ឈ្មួញ​ចង​ការ​ ដើម្បី​ចំណាយ​ថ្លៃ​ឯកសារ​ និង​ថ្លៃ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ។ ​ កម្ចី​នេះ ​អ្នកស្រី​អាច​យក​បាន​ដោយ​មិន​ចាំ​បាច់ដាក់​ប្លង់​ដី​នោះ​ទេ។​

នៅ​ក្នុងប្រទេស​ថៃ​ អ្នក​ស្រី ​សៀង ណារ័ត្ននិង​ស្វាមី ​អាច​រក​ចំណូល​រួម​គ្នា ​បាន​ប្រហែល​៩២០​ដុល្លារ​ក្នុង​មួយ​ខែ​ ប៉ុន្តែ​ត្រូវ​ផ្ញើ​ទៅ​ផ្ទះ​សង​លុយ​គេ​ប្រហែល​១០០​ដុល្លារ​ក្នុង​មួយ​ខែ ។​

ស្វាមី​របស់​អ្នកស្រី ​គឺ​លោក​ សេង វ៉ា ​ក៏​បាន​ប្រាប់​ថា​ ពួក​គេ​បាន​បង់​សង​គេ​រយៈ​ពេល​ជិត​ពីរ​ឆ្នាំ​មក​ហើយ ​ និង​នៅ​ជំពាក់​ប្រាក់​ឈ្មួញ​ប្រហែល​១០០០​ដុល្លារ​ទៀត។ ​ ការ​ត្រឡប់​មក​ជួប​កូន​និង​គ្រួសារ​ក្នុង​ ឱកាស​ចូល​ឆ្នាំ ​បាន​ធ្វើឲ្យ​ប្តី​ប្រពន្ធ​ទាំង​ពីរ ​ត្រូវ​ជួប​នូវ​សុបិន​អាក្រក់ ​ទាក់ទង​នឹង​បញ្ហា​ថវិកា។​

លោក​បញ្ជាក់​ថា៖​ «យើង​ពិបាក។​យើង​មកដល់​នេះ​ យើង​ទៅ​រក​ការងារ​ធ្វើ ​ ក៏​វា​ពិបាក។​យើង​មក​ដល់​នេះ ​ អ្នក​ភូមិ​គេ​មិន​ហ៊ាន​មក​ក្បែរ​យើង។​ អត់​ទាន់​ដឹង​ថា….ព្រោះ​អត់​មាន​ការងារ​ធ្វើ​ផង​ ថា​ទៅ​វិញ​ហ្នឹង​ ថា ធ្វើការ​បាន​ផ្ញើ​លុយ​ទៅ​ឲ្យ​គេ ​… មាន​លុយ​បង់​ឲ្យ​គេ​…. ​ព្រោះ​តែ​អត់​មាន​ការងារ​ធ្វើ​ យើង​បារម្ភ»។​

ដោយ​មាន​ទឹក​មុខ​ក្រៀមក្រំ ​ដោយ​មិន​បាន​នៅ​ស្និទ្ធ​ស្នាល​ជាមួយ​កូន​ប្រុស​រយៈ​ពេល​១៤​ថ្ងៃ អ្នកស្រី ​សៀង ណារ័ត្ន ​មាន​ប្រសាសន៍​ថា៖​« គ្រាន់​ចុះ​មក​វិញ ​បាញ់​អាល់កុល ​ហើយ​លាងដៃ ​លាង​ជើង​ ហើយ​ឱប​កូន​ភ្លាម​ហ្មង»។

ពលករ​ចំណាកស្រុក អ្នក​ស្រី សៀង ណារ័ត្ន ​និង​ស្វាមី​ឈ្មោះ​សេង​ វ៉ា ​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ​កាល​ពីថ្ងៃ​២៤ ​ខែ​មីនា​ ចំ​ពេល​ដែល​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ​ខេត្ត​បន្ទាយមានជ័យ​ត្រូវ​បាន​បិទ ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២០។ (Ananth Baliga/VOA)

លោក ​ឃុន ​ថារ៉ូ ​មន្ត្រី​សម្រប​សម្រួល​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ព័នភាព​ការងារ ​និង​សិទ្ធិ​មនុស្ស​(CENTRAL)​បាន​និយាយ​ថា​ ដោយសារ​តែ​ ប្រឈម​មុខ​នឹង​បំណុល​ដ៏​ច្រើន ​ពលករ​ខ្មែរ​ចំណាក​ស្រុក​ ពិត​ជា​ងាយ​រងគ្រោះ ​ អំឡុង​ពេល​ស្ថានភាព​សេដ្ឋកិច្ច​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ដោយ​សារ​វីរុស​កូរ៉ូណា។

លោក​បាន​ថ្លែង​ប្រាប់​VOA​ថា ​នេះ​គឺ​ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែ​អាក្រក់​ដោយ​សារ​រដ្ឋាភិបាល​អសមត្ថភាព​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​សារ​ពើពន្ធ ​គោល​នយោយ​បាយ​គាំទ្រ​សង្គម ​ដូចជា​ទទួល​បាន​អត្ថ​ប្រយោជន៍​ពេល​កម្មករ​អត់​ការងារ ​ដើម្បី​ប៉ះប៉ូវ​ក្នុង​គ្រា​មាន​ផល​ប៉ះពាល់​ដោយ​សេដ្ឋកិច្ច​ដែល​កម្មករ​ជួប​នៅ​អំឡុង​ប៉ុន្មានខែ​ខាង​មុខ​នេះ។​

លោក​បន្ថែម​ថា៖ «ពលករ​ចំណាក​ស្រុក​កម្ពុជា​ដែល​បាន​ត្រឡប់​មក​សហគមន៍​របស់​ពួក​គេ​វិញ​ ឬ​ក៏​មាន​គម្រោង​នឹង​ត្រឡប់​មក​វិញ ​ពួកគាត់​ គឺ​មានភាព​ងាយ​រងគ្រោះ​ខ្លួន​ឯង​ផ្ទាល់​ប៉ះពាល់​គ្រួសារ​គាត់​ និង​សហគមន៍​ ហើយ​អត់​មាន​សេវា​សង្គម​ដើម្បី​ជួយ​ពួក​គេ​ទេ»។​

លោក​ អ៊ូច ភា​ អភិបាល​ខេត្ត​តាកែវ​ មាន​ប្រសាសន៍​ថា​ រដ្ឋបាល​ខេត្ត​បាន​ជួយ​សម្រួល​ប្រជា​ពលរដ្ឋខ្មែរ​ត្រឡប់​មកពី​ថៃ ​ហើយ​បានចុះ​អប់រំ​ពលរដ្ឋ។​

លោក​មាន​ប្រសាសន៍​ថា៖​ «យើង​មាន​ការ​បារម្ភ ​ដូច្នេះ​ហើយ​បាន​យើង​ចុះ​អប់រំ​បងប្អូន​កម្មករ​តាម​រយៈ​ការ​ប្រើប្រាស់​ផ្ទាំង​រូបភាពសារ​ ការ​អប់រំ ប្រើប្រាស់​វិទ្យុ​ និង​ការ​ប្រើប្រាស់​ឧបករណ៍​មេក្រូ​ចល័ត​ចាក់ ​ដោយ​សារ​យើង​ឃើញ​ថា​ គាត់​នៅ​តែ​បន្ត​ត្រឡប់​មក​ពី​ថៃវិ​ញ»។​

ត្រឡប់​មក​លោក​ មិន​ សារុន​ នៅ​ផ្ទះ​របស់​គាត់​នៅស្រុក​បាទី ខេត្ត​តាកែវ ។​ ពួក​គាត់​កំពុង​ទន្ទឹង​រង់ចាំ​ការ​បញ្ចប់​ការ​ដាក់​រស់​នៅ​ដាច់​ដោយ​ឡែក ​ដើម្បី​បាន​រស់​នៅ​ជុំ​ជាមួយ​គ្រួសារ​ និង​កូន ​ហើយ​ទោះ​បី​ជាយ៉ាង​ណា​ពួកគេ​រីករាយ​ត្រឡប់​មក​រស់​នៅ​ជុំ​គ្នា​វិញ​ទោះបី​មាន​ការ​រំខាន​ក្តី។ ​ទោះជា​យ៉ាងណា​ លោក​ មិន សារុន ​នៅតែ​បារម្ភ​ពុំ​មាន​ប្រាក់​៦១​ដុល្លារ​សម្រាប់​សង​គេ​ ដែល​វា​ក៏​អាច​ផ្តល់​ការ​លំបាក​ដល់​គ្រួសារ​គាត់​ផង​ដែរ។​

លោក​បញ្ជាក់​ថា៖​«តិចច្រើន​សំខាន់​បាន​នៅ​ជិត​កូន​ នៅ​នេះ​ក៏ល្អ​ម្យ៉ាង។ ​សំខាន់​យើង​មាន​ការងារ​ចិញ្ចឹម​កូន​យើង​បាន។​យើង​នៅ​នេះ​វិញ​ ល្អ​ជាង​តែ​បើ​សិន​ខ្ញុំ​នៅ​នេះ ​រក​ការងារ​អត់​បាន….»។​

លោក​បន្ថែម​ថា៖ ​«ឈប់​ទៅ​ហើយ! ម៉ែ​ពិបាក​អ៊ីចឹងព្រោះ​ថា​ ម៉ែ​កាន់​តែ​ចាស់ ។ ​ហើយ​កូន​គាត់​អត់​មាន​អ្នក​មើល»៕​