សាលាក្តី​ត្រៀម​បញ្ចប់​ដោយ​មិន​គិតពី​តម្រូវការ​«សេវា​ថែទាំ​សុខភាព​របស់​អ្នក​រួច​ជីវិត»​ឲ្យបាន​ទូលំទូលាយ

រូបឯកសារ៖ ស្ត្រីម្នាក់ស្រក់ទឹកភ្នែកក្នុងពេលចូលរួមពិធីរំឭកវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះនៃរបបខ្មែរក្រហម នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក រាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៦។

ភ្នំពេញ — ដូច​ពលរដ្ឋ​កម្ពុជា​វ័យ​ចំណាស់​មួយ​ចំនួន​ដទៃ​ទៀត អ្នកស្រី​ នឹម ឌីណាត បាន​ជួប​ប្រទះ​រឿងរ៉ាវ​ដ៏​តក់ស្លុតនៅ​ក្នុង​របប​ខ្មែរ​ក្រហម និង​ការ​លំបាក​ជា​ច្រើន​ទសវត្សរ៍បន្ត​មក ដើម្បី​បំភ្លេច​រឿងរ៉ាវ​ទាំង​នោះ។ ការ​សម្លាប់​ស្វាមី​របស់​អ្នកស្រី និង​ការ​បង្ខំ​ឲ្យ​រៀបការ​ជាមួយ​បុរស​ម្នាក់​ទៀត ដែល​អ្នកស្រី​មិន​បាន​ស្គាល់ បាន​បង្ក​ជា​ស្នាម​របួស​ផ្លូវ​ចិត្ត​ដ៏​ជ្រៅមួយ។​

​ដូចនឹង​ជនរងគ្រោះភាគច្រើន​ពី​របប​កាន់កាប់​ក្នុង​ទសវត្សរ៍ ១៩៧០​ នេះ អ្នកស្រី​ត្រូវប្រឈម​នឹង​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរតែ​ខ្លួន​ឯង ដោយ​មាន​ការ​ផ្តល់​ជំនួយ​ពី​ខាង​ក្រៅ​តិចតួច​តែ​ប៉ុណ្ណោះ។ អ្នកស្រី​ នឹម ឌីណាត់ អាយុ ៧៨ ​ឆ្នាំ និយាយ​ថា៖ «យើង​ធ្វើ​បុណ្យ​ធ្វើ​ទៀន ដាក់បាយ រាប់បាត្ររាប់អី​ចឹង​ទៅ។​ ព្រះ​សង្ឃនិមន្ត​មក​អ៊ីចឹងទៅ យើង​ដាក់បាត្រ​ទៅ។ មានអី ចេះ​តែកាត់​បន្ថយ [បញ្ហា​ផ្លូវចិត្ត​] ​ខ្លួន​ឯង​អ៊ីចឹង​ទៅ»។

​បន្ទាប់​ពី​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ អ្នកស្រី​បាន​ចាកចេញ​ពី​ចំណងអាពាហ៌ពិពាហ៍​ក្រោម​ការ​ចាប់​បង្ខំ និង​បាន​ចិញ្ចឹម​កូន​ដោយ​ខ្លួន​ឯង​នៅផ្ទះ​ ក្នុង​ភូមិ​ផ្សារសាមគ្គី ក្នុង​ស្រុកកណ្តោលដុំ ខេត្ត​កំពង់ស្ពឺ ជា​ទី​ដែល​មាន​សេវា​សង្គម​តិចតួចប៉ុណ្ណោះ កុំ​ថា​ឡើយ​គ្លីនិក​ផ្តល់​សេវាថែទាំ​ផ្នែកសុខភាព​ផ្លូវ​ចិត្ត។

​រហូត​ដល់​ឆ្នាំ ២០១៦ ទើប​អ្នកស្រី ​ឌីណាត​ មានឱកាស​ទទួល​បាន​សេវា​ប្រឹក្សាផ្លូវ​ចិត្ត​ ដែល​ត្រូវ​បាន​រៀបចំ​ដោយ​អង្គការចិត្តសង្គម​អន្តរវប្បធម៌​ (TPO)។ អង្គការ​នេះ​ផ្តល់​ជំនួយ​ដល់​ជនរងគ្រោះ​ចំនួន​ ៣.៨៦៥​ នាក់ ដែល​ត្រូវ​បាន​ចុះ​ឈ្មោះ​ជា ដើម​បណ្តឹង​រដ្ឋប្បវេណី ដើម្បី​ចូលរូម​ក្នុង​ដំណើរការ​សាលាក្តី​ខ្មែរ​ក្រហម។ ​

អ្នកស្រី​ នឹម ឌីណាត់ បាន​ប្រាប់​វីអូអេ​ថា៖ «គាត់​ឱ្យ​យើង​ជួប​ជុំ​គ្នា ឆ្លើយ​សំណួរ​បន្តិច​បន្តួច​អ៊ីចឹង គាត់​នាំលេង​សប្បាយ ឱ្យ​បាយ​ហូប​ ​នាំយើងចូលហាង​ចូលអី​អ៊ីចឹង»។

ដើម្បី​បណ្តឹង​រដ្ឋប្បវេណី​មួយរូប​ទៀត អ្នកស្រី​ គឹម សាវៃ អាយុ ៥៥ ​ឆ្នាំ មក​ពី​ខេត្ត​បន្ទាយមានជ័យ បាន​និយាយ​ថា អ្នកស្រី «មិន​ដែល​ទទួល​បាន» សេវាប្រឹក្សា​ផ្នែក​ផ្លូវ​ចិត្ត​ណា​មួយ​អំឡុងពេល​ដំណើរការ​សាលាក្តី​ខ្មែរ​ក្រហម​នោះ​ទេ​ ដោយ​បន្ថែម​ថា៖ «ទោះ​បី​ខ្ញុំ​ត្រូវ​ការ ក៏​មិន​ដឹង​ធ្វើ​ម៉េច មាននរណា​ជួយ»។

ស្ថានភាព​ស្រ្តី​របស់ទាំង​ពីរ​នាក់​នេះ​សបញ្ជាក់​ពីកង្វះខាត​ការ​ទទួលសេវាកម្ម​ថែទាំ​សុខភាព​ផ្លូវ​ចិត្ត បើ​ទោះ​បី​ជា​ពួកគេមាន​បញ្ហា​ជំងឺ​បាក់ស្បាត​ក៏​ដោយ។

រូបឯកសារ៖ ព្រះសង្ឃនិមន្តចូលរួមដំណើរសវនាការកាត់ក្តីរបស់សាលាក្តីខ្មែរក្រហម នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨។

រូបឯកសារ៖ ស្ត្រីវ័យចំណាស់បានចូលរួមដំណើរការសវនាការរបស់សាលាក្តីខ្មែរក្រហម នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៦។

ពលរដ្ឋ​មាន​ជំងឺ​បាក់ស្បាត​មិន​ទទួល​បាន​ការ​ព្យាបាល


ចាប់តាំង​ពី​កម្ពុជា​ងើបរើ​ចេញ​ពី​សង្រ្គាម​ស៊ីវិល​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ ​មក ប្រទេស​ក្រីក្រ​មួយ​នេះ​បាន​ប្រឈម​នឹង​ការ​លំបាក​ដើម្បី​បំពេញ​តម្រូវការ​ថែទាំ​សុខភាព​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​នៅ​ក្នុង​សង្គម​មួយ ដែល​បាន​បាត់បង់​ពលរដ្ឋ​ប្រមាណ ២​ លាន​នាក់ ដោយសារ​ការ​កាប់​សម្លាប់ និង​ការ​បង្អត់​អាហារ អំឡុងពេល​ការ​ដឹកនាំ​ដោយ​ពួកខ្មែរក្រហម​រវាង​ឆ្នាំ ១៩៧៥ និង​ ១៩៧៩។ ​

ទោះបីរដ្ឋាភិបាល​កម្ពុជា​ដំបូង​ឡើយ​បាន​ប្រឹងប្រែង​ដើម្បី​រក្សា​ទុក​ និង​សាងសង់​កន្លែង​ជា​និមិត្តរូប​រំឮក​មួយ​ចំនួន​ ដូចជា ចេតិយ និង​សារមន្ទីរ ដើម្បី​ផ្តល់​នូវ​ការ​ព្យាបាល​មួយ​កម្រិត​ដល់​សាធារណជន ក៏ដោយ ក៏​ការ​បំពេញ​តម្រូវ​ការ​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត​ចំពោះ​ជនរងគ្រោះ​ ត្រូវ​បានធ្លាក់បន្ទុកនេះទៅជា​ការងារចម្បង​របស់​អង្គការ​ផ្សេងៗ​ ដូចជា អង្គការ TPO ទៅវិញ។ ​

តុលាការ​ខ្មែរ​ក្រហម​ ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​ អ.ស.ប​ បាន​ផ្តល់​យុត្តិធម៌​មួយ​កម្រិត​ដល់​ជនរងគ្រោះ និង​បាន​ជំរុញ​ឲ្យ​មាន​ការ​ពិភាក្សា​ផ្សេងៗ​ពី​ឧក្រិដ្ឋកម្ម​របស់​របប​ខ្មែរ​ក្រហម។ ប៉ុន្តែ​តុលាការ​ដែល​បាន​ប្រើពេលវេលា​ដ៏​យូរ​អង្វែងមួយ​នេះ​មិនបាន​បំពេញ​សេចក្តី​សង្ឃឹម​កាល​ពី​ដើម​ឡើយ​ ដែល​ថា​ នឹង​ផ្តល់​ជំនួយ​ផ្សះផ្សា​ផ្សេងៗ​ដល់​ជនរងគ្រោះ​នោះ​ទេ ដូចជា សេវា​ថែទាំសុខភាព​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត ដើម្បី​ព្យាបាល​ការ​ឈឺចាប់​របស់​ពួកគេ។ ​

ខណៈ​សាលាក្តី​ខ្មែរកំពុង​ខិត​ទៅ​រក​ការ​បញ្ចប់​ ​អ្នកគាំទ្រ​ជនរងគ្រោះ​មួយ​ចំនួនកំពុង​កោះហៅ​ឲ្យ​មាន​កិច្ចប្រឹងប្រែង​សាជាថ្មី​ ដើម្បី​ផ្តល់​សេវាកម្ម​ថែទាំ​សុខភាព​ប្រសើរជាង​មុន​សម្រាប់​ក្រុម​អ្នក​នៅ​រស់រាន​មាន​ជីវិត​ ដែល​កំពុង​មាន​វ័យ​ជរា​ និង​ទ្រុឌទ្រោម។

អ្នកស្រី​ សូ ហ្វារីណា នាយិការង​មជ្ឈមណ្ឌលឯកសារ​កម្ពុជា (DC-Cam) ជា​ទី​ដែល​អ្នកស្រី​ដឹកនាំ​គម្រោង​មួយ​ដើម្បី​ជំរុញ​ផ្នែក​សិទ្ធិ និង​ស្ថានភាព​សុខភាព​របស់​អ្នក​រួច​ជីវិត​ពី​របប​ខ្មែរ​ក្រហម ​បាន​និយាយ​ថា៖ «មិនមាន​ពេលវលា​ណា​ប្រសើរ​ជាង​ពេល​នេះ​នោះ​ទេ ដើម្បី​ស្វែងរក​មធ្យោបាយ​ផ្សេងៗ​ដើម្បី​ជួយ​ជនរងគ្រោះ​ពី​របប​ប្រល័យ​ពូជសាសន៍... ការ​ផ្តល់​សេវា​សុខាភបាល​គឺ​ជា វិធី​មួយ​ដែល​យើង​អាច​ផ្តល់​កិត្តិយស និង​ភាព​ជា​មនុស្សជាតិ​ឡើង​វិញ​ចំពោះ​ជនរងគ្រោះ»។

​អ្នកស្រី​បាន​ប្រាប់​វីអូអេ​តាម​សារអ៊ីម៉ែល​ក្នុង​ន័យ​ដើម​ថា៖ «ដោយ​សហការ​ជាមួយ​រដ្ឋាភិបាល អង្គការ​សង្គមស៊ីវិល​គួរតែ​ដឹកនាំ​គម្រោង​សម្របសម្រួល​ផ្សេងៗ​ ដែល​ផ្តល់​ជា​កម្លាំង​មួយ​ដល់​អ្នក​រស់រាន​មាន​ជីវិត។ ការ​ផ្តល់​ជា​កម្លាំង​នេះ​សម្រាប់​ផ្នែក​សុខភាព​និង​សុខមាលភាព​របស់​ពួកគេ​មិនចាំបាច់​ត្រូវ​តែ​ចំណាយ​ច្រើន ដើម្បី​មាន​ប្រសិទ្ធភាព​នោះ​ទេ»។

«ចន្លោះ​ប្រហោង​ដ៏​ធំ​នៅ​ក្នុង​ផ្នែក​ផ្តល់​ជំនួយ»

​អ្នកស្រី​ សូ ហ្វារីណា បាន​បន្ថែមថា សេវាកម្ម​ថែទាំ​សុខភាព​ផ្លូវចិត្ត​ «គឺ​មិនមានច្រើន» ​នោះ​ទេ សម្រាប់ជនរងគ្រោះ​ ទោះ​បី​ជា​មាន​កម្មវិធី​ផ្សេងៗ​ជា​យូរ​មក​ហើយបង្កើត​ឡើង​ដោយ​អង្គការ TPO។ អ្នកស្រីបាន​លើកឡើង​ថា អង្គការ​នេះ «បាន​ធ្វើ​ការងារ​យ៉ាង​ធំធេង​នៅ​ក្នុង​ការ​ជួយ​ជនរង​គ្រោះ​ក្នុង​ផ្នែក​នេះ... ប៉ុន្តែ​នៅ​តែ​មាន​ចន្លោះ​ប្រហោង​ដ៏​ធំ​នៅ​ក្នុង​ផ្នែក​ផ្តល់​ជំនួយ»។

អ្នកស្រី​បាន​ថ្លែង​ថា៖ «នេះ​ជា​កាលៈទេសៈ​មួយ​ដែល​ត្រូវ​ផ្លាស់ប្តូរ ដោយសារ​តែ​ផលប៉ះពាល់​នៃ​អំពើ​ប្រល័យពូជសាសន៍​មិន​ត្រឹម​មាន​តែ​លើ​អ្នក​រួច​ជីវិត​ប៉ុណ្ណោះ​ទេ។ ជា​ការ​ពិត ការ​ខកខាន​នៅ​ក្នុង​ការ​ផ្តល់​សេវា​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត​នៅ​ក្នុង​សង្គម​មួយ ​ក្រោយពេល​មាន​សង្រ្គាមគឺ​បាន​ជះឥទ្ធិពល​អវិជ្ជមាន​ជា​បន្តបន្ទាប់​នៅ​ក្នុង​សង្គម ដោយ​បង្ក​ការ​ប៉ះពាល់​មិនត្រឹម​តែ​ទៅ​លើ​គ្រួសារ និង​សហគមន៍​ប៉ុណ្ណោះ គឺ​ថែមទាំង​មនុស្សជំនាន់ក្រោយ​ផង​ដែរ»។

​អ្នកស្រី​បាន​បន្ថែម​ថា គម្រោង​ផ្តួចផ្តើម​ថ្មីមួយ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា មាន​គោលដៅ​លើក​កម្ពស់​សុខមាលភាព​របស់​ជនរងគ្រោះ តាមរយៈ​ការ​លើកកម្ពស់​ការ​យល់ដឹង​ពី​សុខភាព​សាធារណៈ​ និង​សម្របសម្រួល​ការ​ទទួល​បាន​សេវា​ថែទាំ​សុខភាព​តាម​សហគមន៍​នានា​នៅ​កម្ពុជា។ ​

​ស្រប​ពេល​ប្រព័ន្ធ​សុខាភិបាល​ដែល​ត្រូវ​បាន​បំផ្លាញ​នៅ​ក្នុង​ប្រទេស​ត្រូវ​បាន​ពង្រឹង​ឡើង​វិញ​សន្សឹមៗ​ចាប់​តាំង​ពី​ទសវត្សរ៍ ១៩៩០​ មក លោក​វេជ្ជបណ្ឌិត​ យឹម សុបុត្រា ​ឯកទេសវិកលវិទ្យា និង​ជា​ប្រធានផ្នែក​សុខភាព​ផ្លូវ​ចិត្ត​ និង​ការ​បំពាន​គ្រឿង​ញៀន​ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ ក្នុង​រាជធានី​ភ្នំពេញ បាន​និយាយ​ថា រដ្ឋាភិបាល​ខ្វះខាត​សេវា​ថែទាំ​ផ្នែក​សុខភាព​ផ្លូវចិត្ត ដើម្បី​បំពេញ​តម្រូវការ​ប្រជាពលរដ្ឋ​ទូទៅ និង​គ្មាន​កម្មវិធី​ផ្តោត​ជាក់លាក់​ណា​មួយ​សម្រាប់​ជនរងគ្រោះ​ពី​សម័យ​របបប៉ុលពត​នោះ​ទេ។

លោក​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «ការដែល​ទទួល​រង​ទារុណ​កម្ម​ក្នុង​ពេល​ខ្មែរក្រហម ដែល​បងប្អូន​ប្រជាពលរដ្ឋ​យើងទទួល​ទុក្ខលំបាក​វេទនា​សព្វបែបយ៉ាង បែកបាក់​គ្រួសារ​ដោយ​ការ​កាប់​សម្លាប់សព្វសារពើ​ហ្នឹង គឺវាអាច​នឹង​មាន​បញ្ហា​ជំងឺ Post-traumatic stress disorder (PTSD)។ រឿងហ្នឹង​វាមានលក្ខណៈពិសេស​មួយ​ដែល​អាចត្រូវការអ្នក​ជំនាញស៊ីជម្រៅ​ផ្នែក​ PTSD ដើម្បី​ព្យាបាល​ជនរងគ្រោះទាំងនោះ​ដាច់​ដោយ​ឡែក»។


រូបឯកសារ៖ ស្ត្រីវ័យចំណាស់ម្នាក់បន់ស្រន់ក្នុងពេលចូលរួមពិធីរំឭកវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះនៃរបបខ្មែរក្រហម នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក រាជធានីភ្នំពេញ កាលពីថ្ងសទី ២០ ខែឧសភា ឆ្នាំ ២០១៨។

ការ​សិក្សា​មួយ​នៅ​ក្នុង​របាយការណ៍​ស្រាវជ្រាវសមាគម​វេជ្ជសាស្រ្ត​អាមេរិកាំង (Journal of the American Medical Association) កាល​ពី​ឆ្នាំ​ ២០០៩ បាន​ប៉ានប្រមាណ​ថា ​ប្រហែល ១៤ ​ភាគរយ​នៃ​ពលរដ្ឋ​កម្ពុជា ដែល​មាន​អាយុ​យ៉ាងហោចណាស់ ៣​ ឆ្នាំ​ អំឡុងពេល​របប​ខ្មែរ​ក្រហម​ បាន​ប្រឈម​នឹង​ជំងឺ​បាក់ស្បាត​ ស្របពេល​ដែល​មួយ​ភាគ​បួន​នៃ​ពលរដ្ឋ​ក្នុង​ក្រុម​នេះ​ក៏​ត្រូវ​បាន​រាយការណ៍​ថា បាន​រង​ពិការភាព​ផ្លូវចិត្តក្នុង​កម្រិត​មួយផង​ដែរ។ ​

អង្គការ TPO គឺ​ជា អង្គការ​ផ្តល់​សេវាកម្ម​ថែទាំ​សុខភាព​ផ្លូវ​ចិត្ត​ចម្បង​មួយ​នៅ​កម្ពុជា និង​មាន​កម្មវិធី​ក្រោមជំនួយ​ពី​បរទេស​ដែល​បាន​ផ្តល់​ទៅ​ឲ្យ​អ្នក​រួច​ជីវិត​ពី​របប​ខ្មែរ​ក្រហម។ ការ​គាំទ្រ​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត​របស់​អង្គការ TPO រួម​មាន​ ការ​រៀបចំ​ជាក្រុម​មនុស្ស​ក្នុង​គោលដៅ​ជួយ​ខ្លួនឯង ការ​ប្រឹក្សា​យោបល់​តាម​ទូរសព្ទ និង «ការ​ព្យាបាល​តាម​សក្ខីកម្ម»។

«ការព្យាបាល​តាម​សក្ខីកម្ម» គឺ​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ឲ្យ​ជនរងគ្រោះ​សរសេររៀបរាប់តាម​ការចងចាំ​ពី​ការ​ឈឺចាប់​ផ្សេងៗ​ ក្រោម​ជំនួយ​ពី​អ្នក​ប្រឹក្សា​យោបល់ ដែល​បន្ទាប់​មក​សំណេរ​នោះ​ត្រូវ​បាន​ព្រះសង្ឃយក​ទៅ​អាន​ឲ្យ​ឮៗ អំឡុងពេល​ពិធី​មួយ​ ដែល​មាន​ការ​ចូលរួម​ពី​អ្នក​រួច​ជីវិត និង​សហគមន៍​ ជា​កិច្ចប្រឹងប្រែង​មួយ​ដើម្បី​ទទួល​ស្គាល់​ជា​សាធារណៈ​នូវ​ការ​ឈឺចាប់ ការ​លុបបំបាត់​នូវ​ការ​ដិតដាន​ផ្សេងៗ និង​ផ្តល់​កិត្តិយស​ឡើង​វិញ​ដល់​ជនរងគ្រោះ។ នេះ​បើ​យោង​ទៅ​តាមវេបសាយ​របស់​អង្គការ TPO។

នាយកប្រតិបត្តិអង្គការ TPO លោក​វេជ្ជបណ្ឌិត​ ឈឹម សុធារ៉ា បាន​ប្រាប់​វីអូអេ​ថា អ្នក​រួច​ជីវិត​ពី​របប​ខ្មែរ​ក្រហម​កំពុង​តែ​មាន​វ័យជរា ហើយ​ដូច្នេះ​តម្រូវ​ការ​របស់​ពួកគេ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កាន់​តែ​ផ្តោត​ទៅ​លើ​ «ជំងឺ​ជា​ទូទៅ​ជាជាង​សុខភាព​ផ្លូវ​ចិត្ត​របស់​ពួកគេ»។​

ការគាំទ្រ​របស់​អង្គការ TPO ចំពោះ​អ្នក​រួច​ជីវិត​ពី​របប​ខ្មែរ​ក្រហម​រួម​មាន​គម្រោង​ផ្សេងៗ​សម្រាប់​ជនរងគ្រោះ​ពី​ការ​ធ្វើ​ទារុណកម្ម និង​អំពើហិង្សា​ផ្អែក​លើ​យេនឌឺ ក៏ដូចជា​ គម្រោង​ផ្សេងៗ​ ដើម្បី​ផ្តល់​ការ​ប្រឹក្សា​ដល់​ជនរងគ្រោះ​រាប់រយ​នាក់ ដែល​ជា​ដើមបណ្តឹង​រដ្ឋប្បវេណី ឬ​សាក្សី​នៅ​សាលាក្តី​ខ្មែរក្រហម។

គ្មាន​ការ​ផ្តល់ជំនួយ​ផ្នែក​សេវាសុខាភិបាល​ពី​សាលាក្តី​ខ្មែរ​ក្រហម


សាលាក្តី​ខ្មែរ​ក្រហម​គឺ​ជា តុលាការ​ចម្រុះ​រវាង​កម្ពុជា​និង​អន្តរជាតិ ហើយ​តុលាការ​នេះ​រួម​បញ្ចូល​នូវ​ការ​ច្នៃ​ប្រឌិត​ផ្នែក​ផ្លូវ​ច្បាប់​មួយ​ ដែល​ផ្តល់​ឲ្យ​ជនរងគ្រោះ​នូវ​ការ​ទទួល​ស្គាល់​តាមរយៈ​តួនាទី​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​ក្នុង​ដំណើរការ​សវនាការ ដែល​ក្នុង​នោះ​ពួកគេ​ទទួល​បាន​សិទ្ធិ​ទូលំទូលាយ​ស្រដៀងនឹង​ព្រះរាជ​អាជ្ញា​ និង​មេធាវី។ ជនរងគ្រោះ​សរុប​ ៣.៨៦៥​ នាក់ ត្រូវ​បាន​ចុះ​បញ្ជី​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី និង​ត្រូវ​បាន​តំណាង​ឲ្យ​ដោយ​ក្រុមមេធាវី​ជាតិ​ និង​អន្តរជាតិ​ចំនួន​ ២០ ​នាក់។

បន្ទាប់​ពី​ការ​បង្កើត​សាលាក្តីខ្មែរក្រហម​កាល​ពី​ឆ្នាំ ២០០៦ មាន​ក្តី​សង្ឃឹម​ថា ការណ៍​នេះ​នឹង​អនុញ្ញាត​ឲ្យ​ជនរងគ្រោះ​ចូលរួម​ប្រកប​ដោយ​ខ្លឹមសារ​នៅ​ក្នុង​សវនាការ។ ស្រប​ពេល​ដែល​ដើម​បណ្តឹង​រដ្ឋប្បវេណី​ចំនួន​រាប់​រយ​នាក់​បាន​ចូលរួម​ក្នុង​សវនាការ​មួយ​ចំនួន មាន​ការ​ផ្តល់​មូលនិធិ​តិចតួច​ប៉ុណ្ណោះ​សម្រាប់​ការ​រៀបចំ​ជំនួប​ផ្សេងៗ​រវាង​ដើមបណ្តឹង​រដ្ឋប្បវេណី និង​មេធាវី​របស់​ពួកគេ ហើយ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​គឺ បាន​ខកខាន​ភាគច្រើន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

ភាគី​ដើមបណ្តឹង​រដ្ឋប្បវេណី​ដំបូង​ឡើយ​ក៏​បានរំពឹង​ថា នឹង​ស្នើ​សុំ​តុលាការ​ដើម្បី​ឲ្យ​មាន​ការ​ផ្តល់​ជំនួយ​ផ្សេងៗ​ជារួម​សម្រាប់​ជនរងគ្រោះ​ផង​ដែរ ហើយ​ពួកគេ​បាន​ធ្វើ​សំណើ​ដូចគ្នានេះ​ក្នុង​សំណុំ​រឿង​លេខ​ ០០១ ប្រឆាំង​នឹង​ប្រធាន​មន្ទីរ​ធ្វើ​ទារុណកម្មស ២១ គឺ​លោក កាំង ហ្គិចអ៊ាវ ហៅ​ «សមមិត្ត​ឌុច»។

ផ្នែក​ចម្បង​នៅ​ក្នុង​សំណើ​ខាង​លើ​គឺ​ថា តុលាការ​គួរ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ឲ្យ​ជនរងគ្រោះ​នូវ​សេវាកម្ម​ថែទាំ​សុខភាព​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​ដោយ​ឥត​គិតថ្លៃ ការ​ដឹកជញ្ជូន​ទៅកាន់​មណ្ឌល​សុខភាព ការ​ផ្តល់​ការ​គាំទ្រ​ផ្នែក​ថវិកា​សម្រាប់​ការ​អប់រំ​អំពី​ខ្មែរ​ក្រហម ក៏ដូចជា សាងសង់ស្តូបរំឭកវិញ្ញាណក្ខន្ធនិង​របង​វត្តអារាម​នៅ​មន្ទីរ​ស ២១។ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​ស្រាវជ្រាវ​មួយ​រៀបរៀង​ដោយ​លោក Michael Karnavas អតីត​មេធាវី​ការពារ​ក្តីផ្នែក​ព្រហ្មទណ្ឌ​នៅ​សាលាក្តី​ខ្មែរ​ក្រហម។

ប៉ុន្តែលោក Karnavas បាន​សរសេរ​ថា តុលាការ​ខ្មែរ​ក្រហម​បាន​ច្រាន​ចោល​សំណើ​ខាង​លើ និង​មិនបាន​ផ្តល់​ការ​គាំទ្រ​ផ្នែក​សុខាភិបាល​នោះ​ទេ ដោយ​អះអាង​ថា «ខ្លួន​មិន​អាច​បង្គាប់​កាតព្វកិច្ច​ផ្លូវ​ច្បាប់​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា និង​ថា តុលាការ​ខ្វះ​ធនធានដើម្បី​បំពេញ​កាតព្វកិច្ច​ទាំង​នោះ»។

រូបឯកសារ៖ ដំណើរការសវនាការមួយរបស់សាលាក្តីខ្មែរក្រហម នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៣។

តុលាការ​ខ្មែរ​ក្រហម​បាន​ចំណាយ​ទឹកប្រាក់​អស់​ជាង ៣០០ ​លាន​ដុល្លារ និង​បាន​ផ្តន្ទាទោសចុងចោទ​ចំនួន​បី​នាក់​ រួម​មាន​ «សមមិត្ត​ឌុច​» ក្នុង​ឆ្នាំ ២០១០ និង​មេដឹកនាំ​ជាន់ខ្ពស់​របប​ខ្មែរ​ក្រោម​លោក នួន ជា និង​លោក​ ខៀវ សំផន ក្នុង​ឆ្នាំ ២០១៨ ឲ្យ​ជាប់​ពន្ធនាគារពេញ​មួយ​ជីវិត​ចំពោះ​ឧក្រិដ្ឋកម្ម​សង្រ្គាម អំពើ​ប្រល័យ​ពូជសាសន៍ ការ​ធ្វើ​ទារុណកម្ម និង​ឧក្រិដ្ឋកម្ម​ដទៃ​ទៀត។ មាន​តែ​លោក​ ខៀវ​ សំផន ​តែ​ប៉ុណ្ណោះ​ ដែល​កំពុង​នៅ​រស់ ហើយ​ការ​បង្ហាញ​ខ្លួន​ចុង​ក្រោយ​របស់​លោក​នៅ​តុលាការ​គឺ​នឹង​ធ្វើ​ឡើង​នៅ​ខែ​កញ្ញា​ឆ្នាំ​នេះ។

ដោយ​បាន​ពិនិត្យ​មើល​ការ​ស៊ើបអង្កេត​របស់​តុលាការ​កម្ពុជា​និង​អន្តរជាតិលើ​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​នានា លោក Karnavas បាន​សន្និដ្ឋាន​ថា​ គម្រោង​ផ្តួចផ្តើម​ផ្នែក​យុត្តិធម៌​ធំ​ទូលាយ​ជាង​នេះ​ ជាជាង​ដំណើរការ​តាម​ប្រព័ន្ធ​តុលាការ​ ដែល​ល្អ​បំផុត​គឺ រួម​មាន​ការ​ផ្តល់ការព្យាបាល​ផ្នែក​សុខភាព​ដល់​ជនរងគ្រោះ។ លោក​បាន​ណែនាំ​ថា គម្រោង​ផ្តួចផ្តើម​ក្នុង​ទម្រង់បែបបទ​នេះ​គួរ​តែ​មាន​នៅ​កម្ពុជា តាមរយៈ​ការ​សហការគ្នា​រវាងអង្គការ​ក្រៅរដ្ឋាភិបាល​ រដ្ឋាភិបាល​ និង​ក្រុម​ផ្តល់​ជំនួយ​អន្តរជាតិ។

អ្នកស្រី​ នឹម ឌីណាត ដែល​ជា​អ្នករួច​ជីវិត​មួយ​រូប​ក្នុង​របប​ខ្មែរ​ក្រហម បាន​និយាយ​ថា អ្នកស្រី​មិន​មាន​ក្តី​សង្ឃឹម​ខ្ពស់​ទេ​ថា រដ្ឋាភិបាល​ ឬ​តុលាការ​នឹង​ផ្តល់​សំណង​ជា​ប្រាក់​ ឬ​សេវា​ថែទាំ​សុខភាព​ដោយ​ឥត​គិត​ថ្លៃ​នា​ពេល​ខាង​មុខ។ អ្នកស្រីបាន​បន្ត​ថា បំណង​ចុងក្រោយ​គឺ​ អ្នកស្រី​ចង់​ឃើញ​មាន​កន្លែង​រំឮកវិញ្ញាណក្ខន្ធមួយ​សាងសង់​ឡើង​នៅ​ក្នុង​សហគមន៍​របស់​អ្នកស្រី ដោយ​មាន​ការ​សូត្រ​មន្ត​សម្ពោធ​តាម​ពិធី​ពុទ្ធសាសនា ដើម្បី​រំឮក​ទៅ​ដល់ជន​រងគ្រោះ​គ្រប់រូប។ ​

អ្នកស្រី​បាន​ថ្លែង​ថា៖ «ធ្វើ​ជា​របស់​មួយ​សម្រាប់​ដាក់ធាតុ​អ្នកដែល​គេ​វាយ​ចោល វាយ​អី​ហ្នឹង ប្រមូល​មកដាក់ ហើយ​ធ្វើ​ដូចជា​វិហារ ឬធ្វើឱ្យ​ធំជាង​ចេតិយ ដើម្បី​ដាក់​រូបភាព​ការ​កាប់​សម្លាប់​ និង​ការវេទនា​ ដូចថា​ធ្វើ​ទារុណ​កម្ម​ឱ្យ​រែក​ដី ច្រូត​កាត់ បោកបែនយប់​អាធ្រាត អត់​ឱ្យ​សម្រាក​អត់​ឱ្យ​អីហ្នឹង»៕