ខណៈ​ឥទ្ធិពល​ចិន​បន្ត​កើនឡើង ហ្វីលីពីន​និង​អាមេរិក​ពិភាក្សា​បន្ត​កិច្ចព្រមព្រៀង​ទស្សនកិច្ច​យោធា

  • Ralph Jennings

នាវា​មួយ​គ្រឿង​ឈ្មោះ USS Peleliu បាន​ចូលចត បន្ទាប់ពី​សមយុទ្ធ​រួមគ្នា​នៅ​កំពង់ផែ Alava ក្បែរ​តំបន់ Subic Bay Freeport ភាគពាយព្យ​នៃ​ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ដែល​ជាផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ទស្សនកិច្ច​យោធា។

ក្រុម​អ្នក​ជំនាញ​បាន​ប្រាប់ VOA កាល​ពី​ចុង​ខែ​មេសា​ថា អត្ថាធិប្បាយ​ដោយ​មន្រ្តី​ហ្វីលីពីន​បាន​បង្ហាញ​ថា ខណៈ​ពេល​មាន​ការ​កើនឡើង​នូវ​ការ​គំរាមកំហែង​ពីចិន ឥឡូវ​នេះ​ រដ្ឋាភិបាល​ក្រុង​ម៉ានីល​សង្ឃឹម​ថា កិច្ចព្រមព្រៀងទស្សនកិច្ច​យោធា​ជាមួយ​សហរដ្ឋអាមេរិក ឬ Visiting Forces Agreement ដែល​ហ្វីលីពីន​ធ្លាប់​គ្រោង​ទម្លាក់​ចោល នឹងបន្ត​មាន​សុពលភាព។ ​

កាល​ពី​ឆ្នាំ​មុន ​រដ្ឋមន្រ្តី​ការបរទេស​ហ្វីលីពីន​លោក Teodoro Locsin Jr. បាន​ប្រកាស​ថា ហ្វីលីពីន​បាន​ផ្អាក​ការ​ប្រកាស​ពីការ​លុបចោល​កិច្ចព្រមព្រៀង​ខាង​លើ​នេះ។ កិច្ចព្រមព្រៀង​ទស្សនកិច្ច​យោធា​ ដែល​បាន​ចូល​ជា​ធរមានកាល​ពី​ឆ្នាំ ១៩៩៩ ផ្តោត​ទៅ​លើ​ការ​លក់សព្វាវុធ ការ​ដោះដូរ​ព័ត៌មាន​សម្ងាត់ និង​កិច្ចពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​យោធា។ កិច្ចព្រមព្រៀង​នេះ ​អនុញ្ញាត​ឲ្យ​កងកម្លាំង​សហរដ្ឋអាមេរិក​ចូល​ក្នុង​ទឹកដី​ហ្វីលីពីន​ ដើម្បី​ធ្វើ​សមយុទ្ធក្នុង​បរិបទ​សន្តិសុខ​តំបន់ និង​ការងារ​មនុស្សធម៌។

បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ហ្វីលីពីន​បាន​រាយការណ៍​ថា លោក​ Locsin បាន​លើកឡើង​នៅ​ក្នុង​សារ​មួយ​តាម​បណ្តាញ​សង្គម​ Twitter ថា កិច្ចព្រមព្រៀង​ទស្សនកិច្ច​យោធា​ជិត​នឹង​បញ្ចប់​ហើយ។ ​កិច្ចពិភាក្សា​នានា​បាន​ចាប់ផ្តើម​កាល​ពី​ខែ​កុម្ភៈ និង​ស្រប​ពេល​ជាមួយ​នឹង​ការ​បញ្ជូន​នាវា​នេសាទ​ចំនួន​ ២២០ របស់​ចិន​ទៅ​កាន់តំបន់​ថ្មប៉ប្រះ​ទឹក​មួយ​ដែល​ជាប់ក្នុង​ជម្លោះ​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​រដ្ឋាភិបាល​ក្រុង​ម៉ានីល។ របាយការណ៍​ព័ត៌មាន​បាន​ដកស្រង់​សម្តី​លោក Locsin ថា កិច្ចពិភាក្សា​អាច​នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ។

ក្រសួង​ការបរទស​អាមេរិក​បាន​សសេរ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​ថា កាល​ពី​ថ្ងៃ​ទី១០ ខែ​មេសា រដ្ឋមន្រ្តី​ការពារ​ប្រទេស​អាមេរិក​លោក Lloyd Austin បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្រ្តី​ការពារជាតិ​ហ្វីលីពីន​លោក Delfin Lorenzana ហើយ​លោក​ទាំង​ពីរ «ទទួល​ស្គាល់គុណតម្លៃ» នៃ​កិច្ចព្រមព្រៀង​នេះ។

ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte ដែល​តែង​ជា​អ្នក​មាន​មន្ទិល​ទៅលើ​សហរដ្ឋអាមេរិក​ បាន​ប្រកាស​ពី​ការ​លុបចោល​កិច្ចព្រមព្រៀង​ទស្សនកិច្ច​យោធាកាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ២០២០។ លោក​ បាន​លើ​ប៉ុស្តិ៍​ទូរទស្សន៍ជាតិ​កាល​ពី​ប៉ុន្មាន​ខែ​មុន​ថា លោក​ចង់​ដឹង​ពី​មតិ​របស់​សាធារណជន​លើ​បញ្ហា​នេះ។​ សមាជិក​សភា​មួយ​ចំនួន​ធ្លាប់​បាន​ជំទាស់​នឹង​ការ​លុបចោល​កិច្ចព្រមព្រៀង​នេះ​ ដែល​ធ្លាប់ត្រូវ​បាន​ព្យួរ​ចំនួន​ពីរ​លើក​រួច​មក​ហើយ។

កិច្ចប្រឹងប្រែង​ដើម្បី​រក្សា​កិច្ចព្រមព្រៀង

​ក្រុម​មន្រ្តីហ្វីលីពីន​មិនទាន់​និយាយ​ថា កិច្ចចរចា​នឹង​ជួយ​បន្តរក្សា​នូវ​កិច្ចព្រមព្រៀង​នោះ​ទេ។ ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​និយាយ​ថា ពួកគេ​ជឿ​ថា ការ​លើកឡើង​នានា​ពី​រដ្ឋាភិបាល​ក្រុង​ម៉ានីល​បង្ហាញ​ថា ក្រុម​មន្រ្តី​ហ្វីលីពីន​សង្ឃឹម​ថា កិច្ចព្រមព្រៀង​នេះ​នឹង​នៅ​បន្ត​មាន​សុពលភាព។

លោក Herman Kraft សាស្រ្តាចារ្យ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​នៅ​សាកលវិទ្យាល័យជាតិ​ហ្វីលីពីន Diliman បាន​និយាយ​ថា៖ «មាន​ការ​ព្រមព្រៀង​កំពុង​លេច​ឡើង​នៅ​តាម​អង្គភាព​សំខាន់ៗ ហើយ​ខ្ញុំ​គិត​ថា នេះ​ជា​អ្វី​ដែល​យើង​អាច​ឃើញ​នៅ​ក្នុង​បរិបទ​មតិសាធារណជន​ផង​ដែរ» ដោយ​លោក​បាន​សំដៅ​ទៅ​សេចក្តីអធិប្បាយ​ពី​សំណាក់​មន្រ្តី​ការពារ​ជាតិនិង​ការបរទេស​ហ្វីលីពីន។

បញ្ញវន្តមួយ​រូប​ជិតដិត​នឹង​មន្រ្តី​ការពារជាតិ​ហ្វីលីពីន​បាន​និយាយ​ថា ​ឥឡូវ​នេះ​ រដ្ឋាភិបាល​ហ្វីលីពីន​ចង់​ឲ្យ​កិច្ចព្រមព្រៀង​បញ្ជាក់​ឲ្យ​ច្បាស់​ថា សហរដ្ឋអាមេរិក​នឹង​ចូល​ធ្វើ​អន្តរាគមន៍​ដើម្បី​ជួយការពារ​តំបន់​ដែនកោះ​ ជា​ទី​ដែល​នាវា​ចិន​ទំនង​នឹង​បង្ហាញ​វត្តមាន។

សហរដ្ឋអាមេរិក​ធ្លាប់​គ្រប់គ្រងហ្វីលីពីន​អស់រយៈពេល​ជាង៥​ទសវត្សរ៍ មុន​ពេល​ផ្តល់​ឯករាជ្យ​ឲ្យ​ប្រទេស​នេះ ក្រោយ​សង្រ្គាម​លោក​លើក​ទីពីរ។ សម្រាប់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោននា​ពេល​បច្ចុប្បន្ន ហ្វីលីពីន​តំណាងឲ្យ​សម្ព័ន្ធមិត្ត​មួយ​នៅ​តំបន់​ភាគ​ខាង​លិច​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ដើម្បី​តាមដាន​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន​នៅ​ដែន​ទឹក​នេះ។ អតីត​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​លោក Mark Esper បាន​ហៅ​ការ​លុប​ចោល​កិច្ចព្រមព្រៀង​ទស្សនកិច្ច​យោធា​ថា​ជា «ការ​ងាក​ទៅ​កាន់​ទិសដៅ​ខុសឆ្គង​សម្រាប់​ទំនាក់ទំនង​ដ៏​យូរ​អង្វែង​ដែល​សហរដ្ឋអាមេរិក​មាន​ជាមួយ​ហ្វលីពីន» ដោយ​ផ្នែក​គឺ​ដោយសារ​ទីតាំង​ភូមិសាស្រ្ត​របស់​ប្រទេស​កោះ​មួយ​នេះ។

លោក Eduardo Araral សាស្រ្តាចារ្យ​ជំនួយ​នៅ​មហាវិទ្យាល័យគោលនយោបាយ​សាធារណៈ​នៅ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​បាន​និយាយ​ថា៖ «ជាជាង​រក្សា​ភាព​មិន​ច្បាស់លាស់​ ដែល​នេះ​ជា​ទង្វើ​ធ្លាប់​មាន​ពី​មុន​មក [មន្រ្តី​ហ្វីលីពីន] ចង់​បាន​ភាព​ច្បាស់លាស់​ផ្នែក​យុទ្ធសាស្រ្ត​វិញ​ហើយ»។ ​

ជម្លោះ​ដែន​ទឹក​រវាង​ចិន​និង​ហ្វីលីពីន

ចិន​និង​ហ្វីលីពីនកំពុង​ជាប់​ក្នុង​ជម្លោះទាមទារ​ផ្នែក​មួយ​ចំនួន​នៃ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។

ជម្លោះ​នេះ​បាន​ថមថយ​កាល​ពី​ឆ្នាំ ២០១៦ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ម៉ានីល​បាន​ឈ្នះ​ក្តី​នៅ​តុលាការ​អន្តរជាតិ​តទល់​នឹងរដ្ឋាភិបាល​ក្រុង​ប៉េកាំង ហើយ​លោក Duterte បាន​ស្វះស្វែង​ពង្រឹង​មិត្តភាព​ថ្មី​ជាមួយ​ចិន។ យ៉ាងណាក្តី មន្រ្តីហ្វីលីពីន​ចាប់​ផ្តើម​មាន​ការ​ព្រួយបារម្ភ ​បន្ទាប់​ពី​នាវា​ចិន​ប្រមាណ​ ១០០​គ្រឿង​បាន​បង្ហាញ​វត្តមាន​នៅ​ឆ្នាំ ២០១៩ ជិត​តំបន់​កូនកោះ​កាន់កាប់​ដោយ​ហ្វីលីពីន​ និង​សារជាថ្មីម្តង​ទៀត ជាមួយ​នឹង​ការ​ចូល​សំចត​របស់​នាវា​ចិន​ចំនួន​ ២២០​គ្រឿង​នៅ​តំបន់​ថ្មប៉ប្រះទឹក Whitsun កាល​ពី​ខែ​មីនា។

លោក Aaron Rabena អ្នកស្រាវជ្រាវ​នៅ​មូលនិធិ​មាគ៌ា​អាស៊ីប៉ាស៊ីហ្វិក​ឆ្ពោះ​ទៅ​កាន់​វឌ្ឍនភាព​ ក្នុង​ក្រុង​ម៉ានីល​ បាន​និយាយ​ថា «ភាព​តានតឹង​ជាមួយ​ចិន» ដែល​កំពុង​បន្ត​កើត​មាន​ បាន​ជំរុញ​ចិត្ត​រដ្ឋាភិបាល​ហ្វីលីពីន​ឲ្យ​បន្ត​រក្សា​កិច្ចព្រមព្រៀង​ទស្សនកិច្ច​យោធា។ ​

ចិន​ដែល​មាន​យោធា​ប្រដាប់​អាវុធ​ខ្លាំង​ជាង​គេ​បង្អស់​នៅ​អាស៊ី​បាន​លើកឡើង​នូវ​ឯកសារ​ប្រវត្តិសាស្រ្ត​ដើម្បី​គាំទ្រ​ការ​ទាមទារ​របស់​ខ្លួន​ប្រមាណ៩០​ភាគរយ​នៃ​តំបន់​ដែនទឹក​មាន​ជម្លោះ។ រដ្ឋាភិបាល​ប្រទេស​ចំនួន​បួន​ផ្សេង​ទៀត​បាន​ទាមទារ​ទាំងស្រុង​ ឬ​ដោយ​ផ្នែក​លើ​តំបន់​ដែន​ទឹក​នេះ​ផង​ដែរ។ ចិន​បាន​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​មួយ​ចំនួន​ភ្ញាក់ផ្អើល​នៅ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​តាមរយៈការ​ចាក់បំពេញ​កូនកោះ​តូចៗ ​ដើម្បី​បង្កើត​ជារចនាសម្ព័ន្ធ​យោធា​ផ្សេងៗ។

បណ្តា​ប្រទេស​ទាមទារ​តូចៗ​ស្វាគមន៍​តួនាទី​របស់​សហរដ្ឋអាមេរិក​នៅ​ក្នុង​ជម្លោះ​នេះ ហើយ​សហរដ្ឋអាមេរិក​ដែល​ជា​គូ​ប្រជែង​មហាអំណាច​នឹង​ចិន បាន​បង្កើន​ការ​បញ្ជូន​នាវា​ចម្បាំង​ឆ្លង​កាន់​តំបន់​សមុទ្រ​មាន​ជម្លោះ​នេះ​កាន់​តែ​ច្រើន​ជាង​មុន​នៅ​ឆ្នាំ ២០១៩ ​បើ​ធៀប​នឹង​ឆ្នាំ​២០១៨។ ​

សេចក្តីសម្រេច​ដ៏​សំខាន់

លោកសាស្រ្តាចារ្យ Herman Kraft បាននិយាយថា សេចក្តីសម្រេចនៅក្រុងម៉ានីលដើម្បីរក្សានូវកិច្ចព្រមព្រៀងទស្សនកិច្ចយោធានឹងធ្វើឲ្យចិនមិនសប្បាយចិត្ត ដែលនេះអាចធ្វើឲ្យចិនបញ្ជូននាវាកាន់តែច្រើនចូលទៅតំបន់សមុទ្រមានជម្លោះ។ លោកបានបន្តថា ការណ៍នេះអាចមានរហូតទៅដល់ការដាក់បម្រាមលើប្រតិបត្តិការទូកនេសាទរបស់ហ្វីលីពីន។ តំបន់សមុទ្រមានជម្លោះគឺត្រូវបានចាត់ទុកថា សម្បូរទៅដោយធនធានត្រី និងធនធានប្រេងក្រោមបាតសមុទ្រ។

ក្រុម​អ្នក​ជំនាញ​និយាយ​ថា ទោះបីយ៉ាងណាក៏ដោយ លោក​ Duterte កំពុង​ប្រថុយ​នឹង​ការ​យល់ឃើញ​ថា មាន​ភាព​ទន់ខ្សោយ​នៅ​ក្នុង​ស្រុក ប្រសិន​បើ​លោក​អនុម័ត​នូវ​កិច្ចព្រមព្រៀង​ជាមួយ​នឹង​សហរដ្ឋអាមេរិក​ឡើង​វិញ បន្ទាប់​ពី​លោក​បាន​ឃោសនា​ប្រឆាំង​កិច្ចព្រមព្រៀង​នេះ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ២០២០។ លោក​ Duterte ដែល​តែង​មាន​ទំនោរប្រឆាំង​នឹង​សហរដ្ឋអាមេរិក បាន​បញ្ជា​ឲ្យ​មាន​ការ​បញ្ចប់​កិច្ចព្រមព្រៀង​នេះ​ បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​លុបចោល​ទិដ្ឋាការ​សម្រាប់​សមាជិក​ព្រឹទ្ធសភា និង​អតីត​ស្នងការ​នគរបាល​ ដែល​មាន​ភាព​សកម្ម​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​គ្រឿងញៀន​ដ៏​ប្រល័យ​ ដែល​យុទ្ធនាការ​នេះបាន​បង្ក​មាន​ការ​ខឹងសម្បារ​ពី​អន្តរជាតិ។​

លោក Kraft បាន​បន្តថា លោក Duterte ប្រហែលអនុញ្ញាត​ឲ្យ​រដ្ឋមន្រ្តីការបរទេស និង​រដ្ឋមន្រ្តី​ការពារ​ទទួលបន្ទុក​លើ​ដំណើរ​ការ​កិច្ចព្រមព្រៀង​ទស្សនកិច្ច​យោធា​ទាំង​មូល។ លោក Eduardo Araral បាន​លើកឡើង​ថា ហ្វីលីពីន​អាច​បន្ត​ព្យួរ​ការ​លុបចោល​កិច្ចព្រមព្រៀង​នេះ​រាល់​ ៦ខែ​ម្តង រហូត​ដល់​ពេល​ដែល​អាច​សម្រេច​ថា​នឹង​ធ្វើ​អ្វី​ឲ្យ​ប្រាកដ។

លោក Aaron​ Rabena បាន​និយាយ​ថា រដ្ឋាភិបាល​ហ្វីលីពីន​អាច​បន្ថែម​ពេល​លើ​ដំណើរការ​វាយតម្លៃ​រហូត​ដល់​ពាក់កណ្តាល​ឆ្នាំ​ ២០២២ នៅ​ពេល​លោក Duterte ត្រូវ​ចុះចេញ​ពី​តំណែង ដោយសារ​កាល​កំណត់​លើ​អាណត្តិ​ដឹកនាំ។

​លោក​ Rabena ថ្លែង​ថា៖ «លោក [Duterte] ​មិនចាំបាច់​យល់ស្រប​នឹង​កិច្ចព្រមព្រៀង​នោះ​ទេ។ ពេល​ខ្លះ ​លោកគ្រាន់​តែ​ឲ្យ​សមាជិក​គណៈរដ្ឋមន្រ្តីធ្វើ​ការងារ​របស់​ពួកគេទៅ​បាន​ហើយ»៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា