ពលរដ្ឋ​កម្ពុជា​ខ្លះ​រង់​ចាំ​វ៉ាក់​សាំង​កូវីដ​១៩ ប៉ុន្តែ​បារម្ភ​​​ពី​ប្រភព​និង​ប្រសិទ្ធ​ភាព

លោក ឃឹម វន អាយុ ៤៣ឆ្នាំ អ្នករត់រម៉កកង់បី ថ្លែងប្រាប់ VOA នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។ (ណឹម សុភ័ក្ត្របញ្ញា/វីអូអេ)

ភ្នំពេញ — ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ​មួយ​ចំនួន​បាន​បង្ហាញ​ការ​សាទរ​ចំពោះ​វ៉ាក់សាំង​បង្ការជំងឺ​កូវីដ​១៩ ដែល​កម្ពុជា​នឹង​ទទួល​បាន​នៅ​ពេល​ខាង​មុខ។ ប៉ុន្តែ​ពួកគេ​បង្ហាញ​ក្តី​បារម្ភ​អំពី​ប្រភព​និង​ប្រសិទ្ធ​ភាព​នៃ​វ៉ាក់សាំង ខណៈ​បច្ចុប្បន្ន​នេះ មាន​វ៉ាក់​សាំង​ផលិត​ដោយ​ប្រទេស​មួយ​ចំនួន ហើយ​មិន​ទាន់​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក ​(WHO)​ នៅ​ឡើយ។

ពលរដ្ឋ​កម្ពុជា​មួយ​ចំនួននៅ​រាជធានី​ភ្នំពេញ ដែល​ VOA​ បាន​សាក​សួរ​លើក​ឡើង​ថា ​ពួកគេទន្ទឹង​រង់​ចាំ​វ៉ាក់​សាំង​បង្ការ​ជំងឺ​នេះ ប៉ុន្តែ​បង្ហាញ​ពី​មន្ទិល​លើ​ប្រភព​និង​ប្រសិទ្ធភាព​វ៉ាក់​សាំង។ ពួកគេ​ក៏ព្រួយ​បារម្ភ​ពី​ប្រតិកម្ម​ផ្សេងៗ នៅ​ពេល​ចាក់​វ៉ាក់សាំងចូល​ក្នុង​ខ្លួន​ផង​ដែរ។

ជា​អ្នក​រត់រម៉ក​កង់បី​នៅ​រាជធានីភ្នំពេញ ជាង ​១០ ​ឆ្នាំ​មក​ហើយ លោក​ ឃឹម វន អាយុ​ ៤៣ ​ឆ្នាំ មាន​ប្រសាសន៍​ថា​ ការ​មាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ សម្រាប់​ចាក់​ឲ្យ​ពលរដ្ឋ​កម្ពុជា​ជា​រឿង​ល្អ​មួយ។

លោក​ប្រាប់​ VOA ​ថា៖ «បើ​មាន​វ៉ាក់សាំង​ការពារ​ទៅ ប្រជាជន​យើង​មាន​ថ្នាំ​ការពារ។ បើ​យើង​អត់​ថ្នាំ​ការពារ យើង​កាន់​តែ​យ៉ាប់ៗ​ទៅ​ហើយ។ យើង​មិន​ដឹង​ដោះស្រាយ​តាម​ផ្លូវ​ណា​ទេ»។

នៅ​ពេល​នេះ លោក​ទាន់​មិន​ដឹង​ថា​វ៉ាក់សាំង​ដែល​កម្ពុជា​នឹង​យក​មក​ចាក់​នោះ មានប្រភព​ពី​ណា​នោះ​ទេ។ ប៉ុន្តែ​លោក​គិត​ថា ​វ៉ាក់សាំង​មក​ពី​បស្ចិម​ប្រទេស ដូចជា​សហរដ្ឋអាមេរិក និង​បណ្តាប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​ មាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​សារ​ប្រទេស​ទាំង​នោះ​មាន​បច្ចេកវិទ្យា​ល្អ។

រូបឯកសារ៖ អ្នកស្រាវជ្រាវម្នាក់បង្ហាញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងដំណាក់កាលស្រាវជ្រាវដំបូង កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។

អ្នក​រត់​រម៉ក​កង់បី ដែលចំណូល​បាន​ធ្លាក់​ចុះ​ដោយ​សារ​ជំងឺ​កូវីដ​១៩​ នេះ បាន​បន្ថែម​ថា ​លោក​ក៏​មាន​ការព្រួយបារម្ភ​អំពី​ប្រតិកម្ម​ផ្សេងៗ​ដែល​កើត​ឡើង ក្រោយ​ចាក់​វ៉ាក់​សាំង​នេះ​ចូល​ក្នុង​ខ្លួន។ នេះ​នាំ​ឲ្យ​លោក​ស្ទាក់​ស្ទើរ​ថា​ គួរ​ចាក់​វ៉ាក់សាំង​បង្កា​រជំងឺ​នេះ​ឬ​យ៉ាង​ណា។

លោក​បញ្ជាក់​ថា៖ «កាល​ណា​យើង​ចាក់​ហើយ យើង​អត់​ដឹង។ យើង​ព្រួយបារម្ភ​ដែរ។ យើង​អត់​ឈឺ​អី​ទៅ​ចាក់។ យើង​ចេះ​ព្រួយ​បារម្ភ​ហើយ។ បើ​ខ្ញុំ​វិញ​ស្រួល​មិន​ស្រួល ប្រហែល​មិន​ទៅ​ចាក់​ទេ​ព្រោះ​មិន​បាន​ឈឺ​អី​ផង​»។

កម្ពុជា​បាន​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ជា​លក្ខណៈ​សហគមន៍​លើក​ដំបូង​បង្អស់​ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ ២០២០ ដែល​ជា​ការ​ឆ្លង​នាំ​ឲ្យ​ពលរដ្ឋ​កាន់​តែ​ច្រើន​ព្រួយ​បារម្ភ​ខ្លាំង។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​អង្គារ ទី​២៩ ខែ​ធ្នូ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ មាន​ប្រសាសន៍​ថា​ ការ​ឆ្លង​នៅ​ក្នុង​សហគមន៍​នេះ​បាន​បញ្ចប់ ដោយសារ​ក្រសួង​សុខាភិបាល​រក​មិន​ឃើញ​ការ​ឆ្លង​បន្ត​ទៀត។

លោក ហ៊ុន សែន ឲ្យ​ដឹង​ទៀត​ថា​ប្រទេស​កម្ពុជា​នឹង​ទិញ​វ៉ាក់សាំង​ជំងឺ​នេះ ​ដើម្បី​ចាក់​ឲ្យ​ប្រជា​ពលរដ្ឋ ដោយ​ឥត​គិត​ថ្លៃ ហើយ​ការ​ចាក់​នោះ​ធ្វើ​ឡើងតាមគោល​ការណ៍ស្ម័គ្រ​ចិត្ត។

លោក ហ៊ុន សែន បាន​ថ្លែងបន្ត​ថា​ លោក​ក៏​បារម្ភពី​ការ​ចាក់​វ៉ាក់សាំង​នោះ ហើយ​បណ្តាល​ឲ្យ​ពលរដ្ឋ​ស្លាប់ ដូច្នេះ​លោក​ថា ​វ៉ាក់​សាំង​ត្រូវ​តែ​មាន​ការ​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក។

លោក​មាន​ប្រសាសន៍​ថា៖ «ព្រោះ​ខ្ញុំ​អត់​ត្រូវ​ការ​យក​ជីវិត​មនុស្ស ប្រជាជន​កម្ពុជា​ណា​ម្នាក់​ទៅ​ធ្វើ​ពិសោធន៍ថ្នាំ​ឲ្យ​អ្នកណា​ទេ។ បើ​មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​ជាក់​លាក់​ពី​អង្គការ​សុខភាព​ពិភព​លោក គឺ​មិន​ទិញ​ទេ។ ត្រូវ​ច្បាស់​ជា​មួយ​គ្នា»។

បើ​តាម​លោក ហ៊ុន សែន រដ្ឋាភិបាល​កម្ពុជា​ក៏​អាច​ទិញ​វ៉ាក់​សាំង​ពី​ប្រទេស​ចិន ប្រសិន​បើ​មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភព​លោក ដោយ​សារ​ប្រទេស​ចិន​នៅ​ក្បែរកម្ពុជា ដូច្នេះ​ងាយ​ស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​ឆាប់​រហ័ស។

ពលរដ្ឋ​នៅ​ភ្នំពេញ ដូច​ជា​លោក ណៃ ចាន់ណា អាយុ​ ៤០ ឆ្នាំ ដែល​ជា​កម្មករ​សំណង់​ម្នាក់ បាន​ស្វាគមន៍​ចំពោះ​ការ​មានវ៉ាក់សាំង​នេះ ប៉ុន្តែ​លោក​បារម្ភ​អំពី​ប្រតិកម្ម​ពេល​ចាក់​បញ្ចូល​ខ្លួន។

លោក​ប្រាប់​ VOA ​ថា៖ «យើង​ដឹង​ថា​ខ្លាច​ឆ្លង​។ យើង​ចេះ​តែ​ថា​ចាក់​ការពារ​ប្រជាជន។ តែ​នៅ​ពេល​ចាក់​ទៅ ច្បាស់​ថ្នាំ​ហ្នឹង​មិន​សុទ្ធ​ទៅ​។ ហើយ​ចេះ​តែ​យក​មក​ពី​ណា​ចេះ​តែ​លក់​ ហើយ​យក​មក​ចាក់​អី​អញ្ចឹង​ទៅ និយាយ​រួម​ទៅ​ ហានិភ័យ​វា​ច្រើន»។

លោក ណៃ ចាន់ណា វ័យ៤០ឆ្នាំ កម្មករសំណង់ និយាយជាមួយ VOA នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។ (ណឹម សុភ័ក្ត្របញ្ញា/វីអូអេ)

ព្រះសង្ឃ លុន សុខហួច សមាណេរគង់វត្តកោះនរាយណ៍ ក្នុងក្រុងភ្នំពេញ មានសង្ឃដីកាមកកាន់ VOA នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។ (ណឹម សុភ័ក្ត្របញ្ញា/វីអូអេ)

ចំណែក​ព្រះ​អង្គ លុន សុខហួច ដែល​ជា​សាមណេរ​គង់​នៅ​វត្ត​កោះ​នរាយណ៍ រាជធានី​ភ្នំពេញ ក៏​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​នាំចូល​វ៉ាក់​សាំង​ ដោយសារ​ព្រះ​អង្គយល់​ថា ​វ៉ាក់​សាំង​នេះ​នឹង​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​ នៅ​ក្នុង​ប្រទេស ក៏​ដូច​ជា​រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​សេដ្ឋកិច្ច​ជាតិ​ឡើង​វិញ។

យ៉ាងណាក្តី ព្រះ​អង្គ សុខហួច​ មានមន្ទិល​ចំពោះ​ប្រភព​វ៉ាក់សាំង​ដែល​នឹង​ត្រូវ​នាំ​ចូល។

ព្រះ​អង្គ​មាន​សង្ឃ​ដីកា​ថា៖ «ឃើញ​អ្នក​សារ​ព័ត៌មាន​ជា​ច្រើន គឺ​គាត់​បង្ហោះពី​ការ​នាំ​ចូល​វ៉ាក់​សាំង ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា ​វ៉ាក់សាំង​ដែល​កម្ពុជា​ត្រូវ​នាំ​ចូល គឺ​នាំ​ចូល​ពី​ប្រទេស​ណា​ឲ្យ​ពិត​ប្រាកដ​តែ​ម្តង​ទេ»។

ព្រះ​អង្គ​បន្ត​ថា​វ៉ាក់សាំង​ពី​បណ្តា​ប្រទេស​នៅ​បស្ចិម​លោក​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​វ៉ាក់​សាំង​ពី​បណ្តា​ប្រទេស​ដទៃ​ទៀត​ ដោយ​សារ​បទ​ពិសោធន៍នៃ​ការ​ផលិត​វ៉ាក់សាំង​របស់​ពួកគេ។ ដូច​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ដែរ ព្រះ​អង្គ​ក៏មាន​ការ​ព្រួយ​បារម្ភ​ខ្លះ​ៗ​ពីប្រតិកម្ម​នៃការ​ចាក់​វ៉ាក់​សាំង​នេះ។

ព្រះ​អង្គ​មាន​សង្ឃដីកា​ថា៖ «អាត្មា​មាន​ការ​ព្រួយ​បារម្ភ​ខ្លះ​ដែរ​ញោម។ ប៉ុន្តែ​ប្រសិន​បើ​យើង​មិន​សាក​ល្បង​ យើង​ក៏​មិន​ដឹង​ដែរ។ ទី​មួយ​ប្រសិន​បើ​វ៉ាក់​សាំង​ហ្នឹង​វា​ខ្លាំង​លើស​កម្លាំង​យើង អាច​ថានឹង​មាន​ប្រតិកម្ម។ ប៉ុន្តែ​ប្រសិន​បើ​កម្លាំង​យើង បើ​ថា​អាច​ទប់ស្កាត់​ជាមួយ​នឹង​វ៉ាក់​សាំង​នឹង​បាន​ជាមួយនឹង​ជំងឺ​ហ្នឹង​បាន​មាន​ន័យ​ថា ពេល​យើង​ចាក់​វ៉ាក់សាំង​ហ្នឹង​គឺ​យើង​ល្អ»។

សារព័ត៌មាន​របស់​អាមេរិក ​New York Times ​នាពេល​ថ្មី​ៗនេះបាន​សម្ភាស​អ្នក​ដែល​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩។ អ្នក​ខ្លះ​និយាយ​ថា ​ពួកគេ​មិន​មាន​ប្រតិកម្ម​ឬ​រោគ​សញ្ញា​ណាមួយ ក្រោយ​ចាក់​វ៉ាក់សាំងនោះ​ទេ។ រី​ឯ​អ្នក​ចាក់​វ៉ាក់​សាំង​មួយ​ចំនួន​ទៀត​និយាយ​ថា ​ពួកគេ​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា​គ្រុនក្តៅ​អស់​កម្លាំង ឈឺក្បាល​និង​រោគ​សញ្ញា​ផ្សេង​ទៀត។

កាល​ពី​ពាក់​កណ្តាល​ខែ​ធ្នូ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា ថវិកា​រដ្ឋ​ត្រូវ​បាន​បម្រុង​ទុក​ត្រៀម​ទិញ​វ៉ាក់សាំង​ដំបូង​ចំនួន ​១​ លាន​ដូស សម្រាប់​ចាក់​មនុស្ស​ ៥០ ​ម៉ឺន​នាក់ ដែល​ក្នុង​ម្នាក់​ត្រូវ​ចាក់​ ២​ ដូស​(ពីរ​ដង)។ លោក​បាន​ផ្ដល់​ឱវាទ​ដល់​មន្ត្រី​ក្រោម​បង្គាប់​ឲ្យ​ពិចារណា​ផ្ដល់​អាទិភាព​វ៉ាក់​សាំង​ដល់​អ្នកបម្រើ​ការ​នៅ​ជួរ​មុខ រួម​មាន​ក្រុម​គ្រូពេទ្យ គ្រូ​បង្រៀន កង​កម្លាំង​ប្រដាប់​អាវុធ​ និង​មន្ត្រី​តុលាការ។

បើ​តាម​លោក ហ៊ុន សែន កម្ពុជា​នឹង​ពឹងផ្អែក​លើ​យន្តការ​កូវ៉ាក់​ (Covax) ដើម្បី​ទិញ​វ៉ាក់​សាំង​ចាក់​ឲ្យ​ពលរដ្ឋ​កម្ពុជា។ កូវ៉ាក់​គឺ​ជា​មជ្ឈមណ្ឌល​នៃ​ក្រុម​អ្នក​ស្រាវជ្រាវ​រក​ការ​ផលិត​និង​អភិវឌ្ឍ​មធ្យោបាយ​ធ្វើ​តេស្ត​និង​បង្កើត​ឲ្យ​មានភាព​ ដែល​អាច​ទទួល​បាន​ដោយ​សម​ធម៌​នូវ​ការ​ព្យាបាល​ជំងឺ​កូវីដ១៩ និង​វ៉ាក់​សាំង​ប្រឆាំង​នឹងជំងឺ​នេះ។ កូវ៉ាក់​បាន​សន្យា​ថា ​នឹង​ផ្តល់​វ៉ាក់សាំង​ឲ្យ​កម្ពុជា ​២០ ​ភាគ​រយ​នៃប្រជាជន​សរុប​ជាង ​១៦ ​លាន​នាក់។

បើ​តាម​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​ ប្រទេស​ដែល​បាន​ផលិត​វ៉ាក់​សាំង​និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​វ៉ាក់​សាំង​ទាំង​នោះ ​រួម​មានចិន រុស្សី​សហរដ្ឋអាមេរិក​ អង់គ្លេស និង​អាល្លឺម៉ង់​ជាដើម។

អង្គការ​សុខភាព​ពិភព​លោកបាន​បង្ហើប​ឲ្យ​ដឹង​កាល​ពី​ដើម​ខែ​ធ្នូ​ផង​ដែរ​ថា ​វ៉ាក់​សាំង​ទំនង​មក​ដល់​កម្ពុជា​ដំបូង​នៅ​ខែ​មីនា ​ឆ្នាំ​ ២០២១ ​ខាង​មុខ។ ក៏​ប៉ុន្តែ​អង្គការ​អន្តរជាតិ​នេះ មិន​បាន​បញ្ជាក់​ពី​ប្រភព​នៃ​វ៉ាក់សាំង​ថា​ផលិត​ចេញ​ពី​ប្រទេស​ណា​ទេ។

អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​កម្ពុជា​លោកស្រី ឱ វណ្ណឌីន ប្រាប់​ VOA ​កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​ធ្នូ​ថា ក្រសួង​សុខាភិបាល​រង់ចាំ​លទ្ធផល​វាយ​តម្លៃ​របស់​អង្គការ​សុខភាព​ពិភពលោក និង​មជ្ឈមណ្ឌល​កូវ៉ាក់​ចំពោះ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩។

កំពុង​អង្គុយ​លេង​ជាមួយ​ចៅប្រុស​នៅ​មាត់​ទន្លេ អ្នកស្រី អ៊ីង លីហួង អាយុ​ ៦៣ ​ឆ្នាំ លើក​ឡើង​ថា ​អ្នកស្រី​សប្បាយ​ចិត្ត​នៅ​ពេល​ដឹង​ថា មាន​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ​១៩។ ខណៈ​ពេល​មិន​ដឹង​ប្រភព​ច្បាស់​របស់​វ៉ាក់​សាំង អ្នកស្រី​ក៏​បាន​ការ​បង្ហាញ​ទំនុក​ចិត្តខ្លះ​លើ​រដ្ឋាភិបាល​លើ​ការ​បញ្ជា​ទិញ​វ៉ាក់​សាំង​នេះ។

អ្នកស្រី​បញ្ជាក់​ថា៖ «ប្រហែល​លោក​គ្រូ​ពេទ្យ ឬ​រដ្ឋាភិបាល​ហ្នឹង​គាត់​យល់​ច្បាស់​ហើយ បាន​យក​វ៉ាក់សាំង​មក​ចាក់​ការពារ»៕