ភ្នំពេញ៖ ពលករខ្មែរចំនួនប្រាំបីនាក់ត្រូវបានជួយសង្រ្គោះពីការជួញដូរកម្លាំងពលកម្មខុសច្បាប់ ហើយត្រូវបានបញ្ជូនត្រឡប់ពីប្រទេសឥណ្ឌាមកដល់ទីក្រុងភ្នំពេញវិញកាលពីព្រឹកថ្ងៃអង្គារ៍នេះ ក្រោមកិច្ចសហការរវាងរដ្ឋាភិបាលឥណ្ឌា និងរដ្ឋាភិបាលកម្ពុជាក្នុងក្របខណ្ឌនៃកិច្ចប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សឆ្លងដែន។
ប្រជាពលរដ្ឋទាំងនេះ មកពីឃុំអូសាឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ពួកគេត្រូវបានមេខ្យល់នៅតំបន់ដែលពួកគេរស់នៅនិយាយបញ្ចុះបញ្ចូល ឲ្យពួកគេទៅធ្វើជាកម្មករនេសាទនៅប្រទេសថៃ ដោយសន្យាថា ពួកគេនឹងទទួលបានប្រាក់ខែចំនួន៩.០០០បាត ក្នុងមួយខែ ឬស្មើនឹងជាង១០០ ដុល្លារ អាមេរិក ដែលជាចំនួនលុយដែលពួកគេពិបាកនឹងរកបានក្នុងមួយខែៗនៅប្រទេសកម្ពុជា។ ក៏ប៉ុន្ដែ ទីបំផុតពួកគេត្រូវបានទូកនេសាទថៃដែលពួកគេបម្រើការងារដោយខុសច្បាប់ និងដោយពុំបានបើកប្រាក់ខែនោះ បាននាំពួកគេរហូតទៅដល់សមុទ្រឥណ្ឌាដែលនៅទីនោះ ពួកគេបានលោតទឹកដើម្បីស្វែងរកការជួយសង្រ្គោះ។
លោក ណុប ចិត្រ អាយុ៣៥ឆ្នាំ មានមាឌស្គមស្ដើងគឺជាអតីតកម្មករនេសាទម្នាក់នៅក្នុងចំណោមកម្មករ ខែ្មរទាំងប្រាំបីនាក់នេះ។ លោកពោលដោយក្ដីត្រេកអរ នៅពេលដែលបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅឯព្រលានយន្ដហោះអន្ដរជាតិក្រុងភ្នំពេញថា ពួកខ្លួនបានចាញ់បោកមេខ្យល់ ដែលមេខ្យល់នោះបានសន្យាថា ការងាររបស់ពួកគេទទួលបានប្រាក់ខែខ្ពស់ ហើយអាចឡើងគោកវិញជារៀងរាល់ថ្ងៃ។ លោកបានថ្លែងដូច្នេះថា៖
«គេថា ថ្លៃមួយខែ៩០០០ វាស្មើនឹង៩០ ម៉ឺនរៀល។ ទៅតាមទូកវិលល្ងាច។ គេថាមើល ខ្ញុំទៅតែប៉ុន្មានឆ្នាំ ខ្ញុំអាចទិញឡានបាន។ ចាញ់បោកគេ។ គេថាទៅរកក្ដាមខ្យង ដល់ពេលទៅដល់ពេលមួយខែមិនឃើញរក ចេះតែទៅរហូតដល់ប្រទេសឥណ្ឌា។ គេអត់ព្រមចូលច្រាំងទេ ហើយពួកខ្ញុំចេះតែអង្វរថា ចូលច្រាំងសិនទៅដល់ពេលចូលច្រាំង ពួកខ្ញុំហក់ចុះទឹក»។
ប្រជាពលករខ្មែរទាំងប្រាំបីនាក់បានចាកចេញពីស្រុកម៉ាឡៃ ទៅធ្វើជាកម្មករនេសាទនៅប្រទេសថៃ កាលពីខែកញ្ញា ឆ្នាំ២០០៩។ នៅក្នុងទូកនេសាទនោះ មានកម្មករសរុបជាង៣០នាក់ ដែលក្នុងនោះមានតែកម្មករខ្មែរប្រាំបីនាក់គត់។ បន្ទាប់ពីបានលោតចុះទឹកទៅស្វែងរកការជួយសង្រ្គោះ កម្មករនេសាទខុសច្បាប់ខ្មែរទាំងនេះ ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរឥណ្ឌា ហើយពួកគេត្រូវបានឃុំខ្លួនអស់រយៈពេល៦ខែក្នុងពន្ធនាគារ និងបន្ទាប់មកត្រូវបានឃុំខ្លួនក្នុងផ្ទះក្រោមការត្រួតពិនិត្យអសរយៈពេល៣ខែទៀត។
លោក គឹម សុវណ្ណា អនុប្រធាននាយកដ្ឋានច្បាប់ និងកុងស៊ុលរបស់ក្រសួងការបរទេសកម្ពុជា ដែលបានទៅទទួលកម្មករនេសាទខ្មែរទាំងប្រាំបីនាក់ មានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតថា កម្មករទាំងនេះ ត្រូវបាននាំមកកាន់មាតុប្រទេស បន្ទាប់ពីពួកគាត់ បានជូនដំណឹងទៅដល់គ្រួសាររបស់ពួកគាត់ជាមុន។ លោកបន្តថា៖
«ជាសំណាងល្អដែលជនរងគ្រោះយើងទាំងប្រាំបីនាក់មានលេខ ទូរសព្ទ័ទាក់ទងមកអ្នកផ្ទះ។ អ្នកផ្ទះក៏បានទំនាក់ទំនងតាមប្រពន្ធ័ផ្សព្វផ្សាយដូចជាអង្គការ។ ពេលហ្នឹងយើងផ្ដល់ដំណឹងទៅស្ថានទូត យើងទាក់ទងទៅអជ្ញាធរឥណ្ឌាដោយផ្ទាល់ដើម្បីដោះស្រាយបញ្ហាហ្នឹង»។
លោក វរសេនីឯកសាយ វ៉េងឈាង អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារ អនិតិជននៃក្រសួងមហាផ្ទៃមានប្រសាសន៍ថា ក្រុមសមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនជនសង្ស័យនៃការជួញដូរប្រជាជននៃខេត្តបន្ទាយមានជ័យទាំងប្រាំបីនាក់នេះ។
«យើងអាចក្ដាប់បានព័ត៌មានមួយចំនួនហើយ ហើយយើងនឹងសួរគាត់បន្ថែមដើម្បីឈានទៅស្រាវជ្រាវតែម្ដង»។
យោងតាមច្បាប់ស្ដីពីការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទរបស់ប្រទេសកម្ពុជា ដែលត្រូវបានដាក់ឲ្យអនុវត្ត កាលពីឆ្នាំ២០០៨ បានចែងថា ជនល្មើសពីបទការជួញដូរខុសច្បាប់នេះនឹងត្រូវផ្ដន្ទាទោសពី៧ទៅ១៥ ឆ្នាំ។
លោកប្រ៊ុយណូ ម៉ាល់ទីនី (Bruno Maltini) អ្នកសម្របសម្រួលកម្មវិធីរបស់អង្គការអន្ដរជាតិ ដើម្បីទេសន្ដរប្រវេសហៅកាត់ថា IOM ប្រចាំទីក្រុងភ្នំពេញ ដែលបានជួយដឹកជញ្ជូនកម្មករខុសច្បាប់ខែ្មរទាំងនេះពីឥណ្ឌាវិញ មានប្រសាសន៍ថា ពួកគេនឹងត្រូវធ្វើសមារណកម្មចូលក្នុងសង្គមរបស់ពួកគេវិញតាមរយៈ គម្រោងជំនួយហិរញ្ញវត្ថុពីរដ្ឋាភិបាលអាមេរិក ក៏ប៉ុន្ដែដោយឆ្លងតាមការសិក្សាដោយផ្ទាល់របស់ក្រសួងសង្គមកិច្ច ទៅលើសេចក្ដីត្រូវការជាក់ស្ដែងរបស់ពួកគេ។ លោកប្រ៊ុយណូ មានប្រសាសន៍ថា គម្រោងជំនួយទាំងនោះ មានជាអាទិ៍ការផ្ដល់កសិដ្ឋានចិញ្ចឹមមាន់ ការទិញទូកសម្រាប់នេសាទរបស់ពួកគេជាដើម។
ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានការជួញដូរមនុស្សសម្រាប់ពេស្យាកម្មផង និងសម្រាប់បម្រើការងារពលកម្មក្នុងទីផ្សារងងឹតផង។ កាលពីឆ្នាំកន្លងទៅ របាយការណ៍របស់ក្រសួងការបរទេសអាមេរិកបានបង្ហាញថា ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនៅកម្ពុជា មានភាពល្អប្រសើរ។ ទោះជាយ៉ាងណា ភាពក្រីក្រនៅតែរុញទម្លាក់ប្រជាពលរដ្ឋខ្មែរនៅតាមទីជនបទឲ្យចូលក្នុងរណ្ដៅនៃបណ្ដាញជួញដូរមនុស្ស និងកម្លាំងពលកម្មនៅឡើយ។
លោកវរសេនីឯកសាយ វ៉េងឈាងមានប្រសាសន៍ថា បន្ថែមលើជីវភាពក្រីក្រ កង្វះការអប់រំ ក៏បានបណ្ដាលឲ្យប្រជាពលរដ្ឋកម្ពុជាងាយរងគ្រោះដោយសារការជួញដូរនេះដែរ។ លោកសាយ វ៉េងឈាង បញ្ជាក់ថា ការជួញដូរមនុស្សត្រូវបានធ្វើឡើងពីប្រទេសកម្ពុជាទៅប្រទេសមួយចំនួនដូចជា ប្រទេសថៃ ម៉ាឡេស៊ី កូរ៉េខាងត្បូង និងឥណ្ឌា ហើយក្រុមសមត្ថកិច្ចរបស់រដ្ឋាភិបាលកំពុងស្រាវជ្រាវបញ្ហានេះជាបន្ដបន្ទាប់៕