ក្រុមតន្ត្រីដ៏ល្បីឈ្មោះរបស់អាមេរិកមួយដែលដឹកនាំដោយអ្នកចម្រៀងខ្មែរម្នាក់បានប្រគុំតន្រ្តីកម្សាន្ត ដោយឥតគិតថ្លៃជូនពលរដ្ឋខ្មែរនៅក្នុងទីក្រុងភ្នំពេញ ដើម្បីជាការចាប់ផ្តើមនៃការអបអរសាទរខួបលើកទី៦០នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិក។ លោក ពេជ្រ សំណាង រាយការណ៍ពិស្តារអំពីរឿងនេះជូនដូចតទៅ៖
ក្រុមតន្ត្រី Dengue Fever ដែលគេស្គាល់ច្រើននៅទីក្រុង Los Angeles សហរដ្ឋអាមេរិកដែលដឹកនាំដោយអ្នកចម្រៀងខ្មែរល្បីឈ្មោះម្នាក់គឺកញ្ញា ឆោម និមល រួមសហការជាមួយអ្នកចម្រៀងហ៊ីបហប់ ដ៏ល្បីឈ្មោះរបស់ខ្មែរគឺលោក ពូ ឃ្លាំង បានប្រគុំតន្រ្តីជាសាធារណៈនៅក្នុងទីក្រុងភ្នំពេញកាលពីយប់ថ្ងៃព្រហស្បតិ៍។
ការប្រគុំតន្រ្តីនេះត្រូវបានរៀបចំឡើងដោយស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងភ្នំពេញដើម្បីជាការចាប់ផ្តើមអបអរសាទរខួបលើកទី៦០ឆ្នាំនៃការចងសម្ព័ន្ធភាពការទូតរវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិក។
ការប្រារព្ធខួបលើកទី៦០នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនេះនឹងត្រូវធ្វើក្នុងទ្រង់ទ្រាយធំក្នុងទីក្រុងភ្នំពេញចាប់ពីថ្ងៃទី១១ខែកក្កដាខាងមុខ។ នៅពេលនោះនឹងមានក្រុមតន្រ្តីករនិងសិល្បករអាមេរិកាំងនិងខ្មែរមកពីសហរដ្ឋអាមេរិកប្រគុំតន្រ្តីជូនទស្សនាកម្សាន្តជាបន្តបន្ទាប់នៅសាលមហោស្រពចតុមុខនិងរម្មណីយដ្ឋានវត្តភ្នំជាដើម។
ការប្រគុំតន្រ្តីកាលពីរាត្រីថ្ងៃព្រហស្បតិ៍នោះ មានបទចម្រៀងរៀបរាប់អំពីទំនាក់ទំនងរវាងសហរដ្ឋ អាមេរិកនិងប្រទេសកម្ពុជា ហើយក៏មានបញ្ចូលបទចម្រៀងចាស់ៗដែលជាស្នាដៃរបស់សិល្បករនិងសិល្បការិនីល្បីៗរបស់ខ្មែរនៅក្នុងអំឡុងទសវត្ស១៩៦០នោះផងដែរ។
លោក John Johnson អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា មានប្រសាសន៍ក្នុងបទសម្ភាសន៍មួយនៅឯវេទិកាប្រគុំតន្រ្តីនោះថា ការនាំក្រុមតន្រ្តីរបស់អាមេរិកដែលដឹកនាំដោយអ្នកចម្រៀងខ្មែរមកសម្តែងជូនសាធារណជនទស្សនានេះគឺជានិមិត្តរូបមួយនៃសហប្រតិបត្តិការដ៏ល្អរវាងសហរដ្ឋអាមេរិកនិងព្រះរាជាណាចក្រកម្ពុជា។
“មូលហេតុមួយដែលយើងចង់ប្រារព្ធខួបលើកទី៦០ឆ្នាំនេះគឺថា វាផ្តល់ឱកាសឱ្យយើងក្រឡេកមើលទៅក្រោយវិញនូវប្រវត្តិសាស្រ្តរួមរបស់ប្រទេសយើងទាំងពីរនិងដើម្បីមើលថា យើងមានប្រវត្តិសាស្រ្តដ៏យូរអង្វែងដែលមានទាំងភាពសប្បាយរីករាយនិងភាពជូរចត់ ប៉ុន្តែវាក៏ផ្តល់ឱកាសឱ្យយើងក្រឡេក មើលទៅអនាគតផងដែរ។ ខ្ញុំគិតថា ទំនាក់ទំនងរបស់យើងគឺពិតជាកាន់តែប្រសើរឡើងនៅក្នុង រយៈពេល១០ឬ១៥ឆ្នាំចុងក្រោយនេះ ចាប់តាំងពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសមក”។
លោក សំរាំង កំសាន្ត រដ្ឋលេខាធិការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងនៅក្នុងវិធីប្រគុំតន្រ្តីនោះថា ការប្រគុំតន្រ្តីនេះគឺជាតឹកតាងបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងយ៉ាងជិតស្និតផ្នែកវប្បធម៌រវាងប្រជាជននិងប្រជាជាតិទាំងពីរ កម្ពុជា-អាមេរិក។
“សហប្រតិបត្តិការដ៏ជិតស្និទ្ធលើវិស័យវប្បធម៌កម្ពុជានិងសហរដ្ឋអាមេរិកត្រូវបានឆ្លុះបញ្ចាំងឱ្យឃើញ ជាក់ស្តែងតាមរយៈការសម្តែងសិល្បៈ តន្រ្តី និងចម្រៀងខ្មែរ ដោយក្រុមតន្រ្តី Dengue Fever ដើម្បីបម្រើ សាធារណជនកម្ពុជានារាត្រីកាលដ៏សប្បាយរីករាយនេះ។ សកម្មភាពនេះនឹងមានជាបន្តបន្ទាប់តាមរយៈការពង្រឹងនិងពង្រីកឥតឈប់ឈរនូវទំនាក់ទំនងវប្បធម៌នៃប្រជាជាតិនិងប្រជាជនយើងទាំងពីរ”។
អ្នកនាង សួង ចាន់លីណា បុគ្គលិកនៃអង្គការក្រៅរដ្ឋាភិបាលមួយក្នុងទីក្រុងភ្នំពេញដែលកំពុងឈរមើលនិងស្តាប់ការប្រគុំតន្ត្រីយ៉ាងជក់ចិត្តនោះ មានប្រសាសន៍ថា ក្នុងការប្រគុំតន្រ្តីរបស់អាមេរិកដែលដឹកនាំដោយអ្នកចម្រៀងខ្មែរនេះគឺសហរដ្ឋអាមេរិកមានគោលបំណងចង់បង្ហាញសាធារណជនខ្មែរនិងអន្តរជាតិថា ខ្លួនមានចំណងការទូតកាន់តែល្អប្រសើរជាមួយកម្ពុជា។
“ខ្ញុំទើបតែបានដឹងលើកទី១ទេដែលថា ស្ថានទូតអាមេរិកគាត់រៀបចំជាតន្រ្តីអញ្ចឹងហ្អា៎។ ខួបលើកទី៦០ ពីព្រោះរាល់ដងមកខ្ញុំអត់ដែលឮទេ។ ខ្ញុំគិតថា គាត់ធ្វើនេះគឺបង្ហាញថា កម្រិតការទូតរបស់គាត់ជាមួយកម្ពុជាកាន់តែល្អជាងមុន”។
សហរដ្ឋអាមេរិកនិងប្រទេសកម្ពុជាបានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការជាលើកដំបូងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៥០។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទំនាក់ទំនងនេះមានភាពប្រសើរឡើងជាទូទៅ។
ប៉ុន្តែកាលពីពេលថ្មីៗនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានជួបប្រទះនូវភាពរកាំរកូសនឹងគ្នាមួយរយៈក្រោយពេលដែលឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាគឺលោកស្រី Carol A. Rodleyបានថ្លែងជាសាធារណៈថា ប្រទេសកម្ពុជាបានបាត់បង់ប្រាក់ជាង៥០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗដោយសារតែអំពើពុករលួយ។ ការថ្លែងនោះបានធ្វើឱ្យរដ្ឋាភិបាលកម្ពុជាខឹងសម្បារ ហើយក៏តបតវិញយ៉ាងចាស់ដៃដោយចោទថា ស្ថានទូតសហរដ្ឋអាមេរិកបានរំលោភលើអាណត្តិរបស់ខ្លួនដោយបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ហើយថ្មីៗនេះទៀត សហរដ្ឋអាមេរិកក៏បានផ្អាកដោយមិនកំណត់ពេលចំពោះការដឹកជញ្ជូនជំនួយរថយន្តយោធាមកឱ្យកម្ពុជា បន្ទាប់ពីកម្ពុជាបានបញ្ជូនជនជាតិចិនអួរគួរចំនួន២០នាក់ដែលបានស្នើសុំសិទ្ធិជ្រកកោននយោបាយនៅកម្ពុជាទៅឱ្យរដ្ឋាភិបាលចិនវិញ។
ប៉ុន្តែលោក John Johnson អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ មានប្រសាសន៍ថា ទោះជាមានបញ្ហានេះក៏ដោយ ក៏ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកម្ពុជានិងអាមេរិកជាទូទៅ មានភាពកាន់តែល្អប្រសើរដែរ។