ភ្នំពេញ៖ ភ្នាក់ងារពន្ធដាររមួយចំនួននឹងត្រូវបាត់បង់ការងារ ដោយសារការទារប្រាក់លើសពីអ្នកបង់ពន្ធទោចក្រយានយន្ត បន្ទាប់ពីការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញទោសកំហុសរបស់ភ្នាក់ងារពន្ធដារទាំងនេះ ដែលបានប្រព្រឹត្តអំពើពុករលួយ។ អង្គការសង្គមស៊ីវិលបានស្វាគមន៍ចំណាត់វិធានការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលមានឆន្ទៈស៊ើបអង្កេតបន្ថែមទៅលើពាក្យបណ្តឹងចំនួន៩០របស់អង្គការសង្គមស៊ីវិលនិងបានរកឃើញអ្នកមានទោសកំហុសនេះ។
លោកឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងនៅថ្ងៃពុធនេះថា ភ្នាក់ងារពន្ធដារចំនួន៣០នាក់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងត្រូវប្រឈមមុខនឹងការបណ្តេញពីការងារចំពោះអំពើពុករលួយទាក់ទងនឹងការទារប្រាក់លើស នៅក្នុងការលក់ប័ណ្ណបង់ពន្ធទោចក្រយានយន្តប្រចាំឆ្នាំ២០១០។ លោកឱម យិនទៀងបានថ្លែងប្រាប់សន្និសីទកាសែតនៅទីស្តីការអង្គភាពប្រឆាំងអំពើពុករលួយថា អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញភ្នាក់ងារពន្ធដារចំនួន៣០នាក់ដែលបានទារប្រាក់លើស ៥០០០រៀលសម្រាប់យានយន្តមួយគ្រឿង។
លោកប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានបន្តថា លោកនឹងបញ្ជូនឯកសារភស្តុតាងទាក់ទងនឹងភ្នាក់ងារពន្ធដារ៣០នាក់នេះទៅក្រសួងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានពន្ធដារដើម្បី ដាក់ទណ្ឌកម្មរដ្ឋបាល។
«យើងខ្ញុំស្នើទៅអគ្គនាយកដ្ឋានពន្ធដារសុំដាក់ពិន័យរដ្ឋបាលនៅស្អែកព្រឹក ហើយសូមរាយការណ៍មកឱ្យយើងខ្ញុំវិញ។ ខ្ញុំជឿថា កំហុសធ្ងន់បំផុតត្រូវបញ្ឈប់ពីការងារ មិនដំឡើងឋានៈ និងព្យួរការងារ។ ប៉ុន្តែអារម្មណ៍របស់ខ្ញុំគិតថា កំហុសធ្ងន់ជាងគេបំផុតគឺបណ្តេញចេញពីការងារ»។
ពិន័យរដ្ឋបាលមានការស្តីបន្ទោស ការមិនដំឡើងឋានៈ ការព្យួរការងារ និងការបណ្តេញចេញពីការងារ ស្របតាមទោសកំហុសដែលបានប្រព្រឹត្ត។
លោកឱម យិនទៀងបានបញ្ជាក់ថា ភស្តុតាងជាក់ស្តែងចំនួន១៤ទំព័របានបង្ហាញថា ភ្នាក់ងារពន្ធដារចំនួន៣០នាក់បានទារប្រាក់លើសពីអ្នកបង់ពន្ធដោយមានរូបថត ឈ្មោះ អត្តលេខ និងទីកន្លែង។ ឯកសារភស្តុតាងនេះបានសរសេរថា មន្ត្រីលក់ពន្ធចល័តទារប្រាក់លើស៥០០០រៀលពីអ្នកបង់ពន្ធផ្លូវ ដោយយកលេសថា ថ្លៃឯកសារ ថ្លៃសរសេរបំពេញឯកសារ ថ្លៃទិញទឹកបរិសុទ្ធបរិភោគ។
លោក សន ជ័យ ប្រធានរួបរួមដើម្បីគណនេយ្យសង្គម បានថ្លែងថា លោកអបអរសាទរចំពោះចំណាត់វិធានការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលមានឆន្ទៈស៊ើបអង្កេតបន្ថែមទៅលើពាក្យបណ្តឹងចំនួន៩០របស់អង្គការសង្គមស៊ីវិល និងបានរកឃើញអ្នកមានកំហុសនេះ។
«ការដាក់ពិន័យរដ្ឋបាលជាការរួមចំណែកមួយនៅក្នុងការលុបបំបាត់ការទារប្រាក់លើស ពីអ្នកបង់ពន្ធ នៅពេលប្រមូលពន្ធនេះ។ នៅឆ្នាំបន្ទាប់ទៀត យើងចង់ឃើញការដាក់ទោសទាក់ទងនឹងបទពុករលួយ ដូចជា ការដាក់ពន្ធនាគារជាដើម ប៉ុន្តែសម្រាប់ឆ្នាំនេះ ការពិន័យរដ្ឋបាលគឺជាទង្វើមួយដែលអាចទទួលយកបានពីសង្គមស៊ីវិល»។
មន្ត្រីនៅអគ្គនាយដ្ឋានពន្ធដារបានបញ្ជាក់ថា ភ្នាក់ងារពន្ធដារដែលមាននៅក្នុងបញ្ជីរបស់អង្គភាពប្រឆាំងអំពើពុករលួយមិនអាចគេចផុតពីការដាក់ទណ្ឌកម្មរដ្ឋបាលបានទេ។
នៅចុងខែកញ្ញា អង្គការសង្គមស៊ីវិលបានដាក់ពាក្យប្តឹងចំនួន៩០ដែលតំណាងឱ្យប្រជាពលរដ្ឋច្រើនរាប់ពាន់នាក់នៅទូទាំងប្រទេសទៅអង្គភាពប្រឆាំងអំពើពុករលួយ។
ក្នុងព្រឹត្តិការណ៍មួយទៀត អង្គភាពប្រឆាំងអំពើពុករលួយបានប្រកាសនៅថ្ងៃពុធនេះថា ខ្លួនចាប់អតីតប្រធានព្រះរាជអាជ្ញាតុលាការខេត្តពោធិសាត់អំពីបទពុករលួយ ចាប់ជំរិតមនុស្ស ទារប្រាក់ និងបង្ខាំងមនុស្សខុសច្បាប់។
លោកតុប ច័ន្ទសិរីវុធ ប្រធានព្រះរាជអាជ្ញាតុលាការខេត្តពោធិសាត់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយទទួលបានព័ត៌មានចារកម្ម និងភស្តុតាងគ្រប់គ្រាន់៕