គម្រោង​ថវិកា​ជាតិ​ឆ្នាំ២០១១ ​កម្ពុជា​គ្រោង​ចំណាយ​ច្រើន​ជាង​ចំណូល

ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​គ្រោង​នឹង​ចំណាយ​ប្រមាណ​៣០០០​លាន​ដុល្លារអាមេរិក​នៅក្នុង​គម្រោង​ថវិកា​ជាតិ​ឆ្នាំ​២០១១​ខាងមុខ​នេះ​ ដែល​ច្រើន​ជាង​ចំណូល​ដល់​ទៅ​ជាង​៧០០​លាន​ដុល្លារ​អាមេរិក។

ភ្នំពេញ៖​ ប្រទេស​កម្ពុជា​គ្រោង​នឹង​ចំណាយ​ច្រើន​ជាង​ចំណូល​ក្នុង​គម្រោងថវិកា​ជាតិ​ឆ្នាំ​២០១១​ ​បន្ទាប់​ពី​ក្រសួង​សេដ្ឋ​កិច្ច ​និង​ហិរញ្ញ​វត្ថុ ​បាន​ទទួល​សំណើ​គម្រោង​ចំណាយ​ថវិកា​ជាតិ​ឆ្នាំ​២០១១​ រហូត​ដល់​៣០០០​លាន​ដុល្លារ​អាមេរិក​ គឺ​កើន​ឡើង​ពី​ចំនួន​២០០០​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០០៩។ ​សមាជិក​សភា​បាន​ថ្លែង​ថា​ ​ចំណាយ​ និង​ចំណូល​សម្រាប់​គម្រោង​ថវិកា​ជាតិ​ឆ្នាំ​២០១១​ គួរតែ​មាន​សមតុល្យ។

លោក​គាត ឈន់ ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បានថ្លែង​នៅថ្ងៃ​ច័ន្ទនេះ​ថា ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​គ្រោង​នឹង​ចំណាយ​ប្រមាណ​៣០០០​លាន​ដុល្លារអាមេរិក​នៅក្នុង​គម្រោង​ថវិកា​ជាតិ​ឆ្នាំ​២០១១​ខាងមុខ​នេះ​ ដែល​ច្រើន​ជាង​ចំណូល​ដល់​ទៅ​ជាង​៧០០​លាន​ដុល្លារ​អាមេរិក។

នៅក្នុង​កិច្ចប្រជុំ​ជាមួយ​គណៈ​កម្មការ​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​នៃ​រដ្ឋ​សភា​ និង​ព្រឹទ្ធ​សភា​អំពី​ការ​រៀបចំ​ផែនការ​យុទ្ធ​សាស្ត្រ​ថវិកា​ជាតិ​ឆ្នាំ២០១១ ​ លោក​គាត ឈន់ ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច ​និង​ហិរញ្ញ​វត្ថុ​បានថ្លែងថា​ «យើង​ប្រមូល​សំណើ​គម្រោង​ចំណាយ​ឆ្នាំ២០១១​ ពី​ក្រសួង​នានា​របស់​រដ្ឋា​ភិបាល​ ​មាន​ទឹកប្រាក់​ជាង​២៨៥៧​លាន​ដុល្លារអាមេរិក​ ហើយ​យើង​នឹង​ធ្វើការ​ពិចារណា​តួលេខ​នៃ​សំណើ​គម្រោង​ចំណាយ​ទាំងនេះ​ ដើម្បី​ជជែកគ្នា​នៅ​ក្នុង​ខែសីហា​ ​មុន​នឹង​ធ្វើ​គម្រោង​ចំណាយ​សម្រាប់​ថវិកា​ជាតិ​ឆ្នាំ២០១១។

«យើង​ត្រូវ​រក​ប្រាក់​ចំណូល​៩.​០០០.​០០០.​០០០.​០០០​ (៩​លាន​លាន)​ រៀល​នៅ​ក្នុង​ឆ្នាំ ២០១១។​ ចំណាយ​នឹង​ត្រូវ​កើន​ឡើង​ដល់​១២.​០០០.​០០០.​០០០.​០០០ ​(១២​លាន​លាន)​ រៀល​នៅក្នុង​ឆ្នាំ២០១១​ ​គឺ​កើន​ឡើង​ពី​៨.​០០០.​០០០.​០០០.​០០០​ (៨​លាន​លាន) ​រៀល​នៅ​ក្នុង​ឆ្នាំ​២០១០»។

លោកគាត ឈន់​បាន​បញ្ជាក់​ថា​ «​យើង​មិន​អាច​ទាន់​និយាយ​បាន​ថា​ ​តើ​ក្រសួង​ណា​ទទួល​បាន​ថវិកា​ប៉ុន្មាន​នោះ​ទេ។​ យើង​កំពុង​មើល​កិច្ច​ដំណើរ​ការ ​និង​លក្ខខណ្ឌ​វិនិច្ឆ័យ​ជា​ច្រើន​ទៀត»។

លោក​ជាម យៀប ​ប្រធាន​គណៈ​កម្មការ​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​នៃ​រដ្ឋសភា​ បាន​ថ្លែង​ថា ចំណាយ​និង​ចំណូល​សម្រាប់​សំណើ​គម្រោង​ចំណាយ​នៅ​ក្នុង​គម្រោង​ថវិកា​ជាតិ​ឆ្នាំ​២០១១​ មិន​សមតុល្យ​ទេ។

«តុល្យ​ភាពរវាង​ចំណាយ​និង​ចំណូល​ស្មើ​គ្នា​ដូច​ជញ្ចីង​ពាណិជ្ជ​កម្ម។ ​បើ​រដ្ឋាភិបាល​ចាយ​ខ្លាំង​ដូច​លោក​ឧប​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​មិញ​នេះ​១២.​០០០.​០០០.​០០០.​០០០​រៀល​ក្នុង​ការ​ចាយវាយ​ ​ប៉ុន្តែ​គោលការណ៍​របស់​យើង​រក​ប្រាក់​ចំណូល​បាន​តែ​៩.​០០០.​០០០.​០០០.​០០០​រៀល​ទេ។​ អញ្ចឹង​នៅ​សល់​៣.​០០០.​០០០.​០០០.​០០០​រៀល​ទៀត​ ដែល​ត្រូវ​ប្រមូលផ្តុំ​ការ​ខិតខំ​បន្ថែម​ទៀត»។

លោក​ជាម យៀប ​បាន​បញ្ជាក់ថា​ ​ រដ្ឋ​សភា​គួរតែ​ស្តាប់​និង​សិក្សាវិភាគ​ ដើម្បី​ជួយ​ដល់​រដ្ឋា​ភិបាល​ធ្វើ​ឱ្យ​ថវិកា​ជាតិ​មាន​សមតុល្យ​រវាង​ចំណូល​ និង​ចំណាយ។

ថវិកា​ជាតិ​ឆ្នាំ​២០១០​មាន​ចំនួន​ជាង​២.០០០​លាន​ដុល្លារអាមេរិក​ ​រីឯ​ថវិកា​ជាតិ​ឆ្នាំ​២០០៩​ចំនួន​១.៨០០​លាន​ដុល្លារ​អាមេរិក។

ថវិកា​ជាតិ​ឆ្នាំ២០១០​ត្រូវ​បាន​បង្កើន​ចំណាយ​ដល់​១៧៥​លាន​ដុល្លារ​អាមេរិក​សម្រាប់​វិស័យ​ការពារ​ជាតិ​ គឺ​កើន​ពី​១៦០​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០០៩។ ​ការ​បង្កើន​ចំណាយ​យោធា​នេះ​សំដៅ​ពង្រឹង​សមត្ថ​ភាព​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​ការពារ​បូរណ​ភាព​ទឹកដី​ទប់ទល់​ការ​ឈ្លានពាន​របស់​ប្រទេស​ថៃ៕