ពូជសត្វនិងរុក្ខជាតិត្រូវបានរកឃើញថ្មីនៅក្នុងប្រទេសចំនួន៦ តាមបណ្ដោយទន្លេមេគង្គ។ អង្គការមូលនិធិសម្រាប់អភិរក្សធម្មជាតិ WWF បានឲ្យដឹងនៅថ្ងៃពុធនេះថា គេបានរកឃើញពូជរុក្ខជាតិស៊ីសត្វល្អិតជាអាហារ សត្វត្រីដែលមានចង្កូម និងបានរកឃើញកង្កែបចម្លែកដែលមានសម្លេងយំដូចចង្រិត ដែលកំពុងរស់នៅក្នុងបណ្ដាប្រទេសនៃមហាតំបន់ទន្លេមេគង្គ។ សត្វ និងរុក្ខជាតិទាំងនេះ ទាមទារឲ្យមានការអភិរក្សជាបន្ទាន់ដើម្បីចៀសវាងការវិនាសផុតពូជ។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គការ WWF បញ្ជាក់ថា សត្វនិងរុក្ខជាតិទាំងនេះស្ថិតក្នុងចំណោមសត្វ និងរុក្ខជាតិចំនួន១៤៥ ដែលបានរកឃើញក្នុងបណ្ដាប្រទេសមហាតំបន់ទន្លេមេគង្គដែលមានកម្ពុជា វៀតណាម ឡាវ ភូមា ថៃ និងខេត្តយូណាននៃប្រទេសចិន កាលពីឆ្នាំ ២០០៩។ នៅក្នុងនោះដែរ គេបានរកឃើញប្រភេទរុក្ខជាតិថ្មីៗ និងពពួកថនិកសត្វ ឬសត្វចិញ្ចឹមកូននឹងទឹកដោះចំនួនប្រាំប្រភេទ គឺជ្រឹងចំនួនពីរប្រភេទ និងកណ្ដុរចំនួនបីប្រភេទ។ គេក៏បានរកឃើញពស់មានពិសមួយប្រភេទនិងពស់គ្មានចង្កូមមួយប្រភេទផងដែរ។
លោក ស្ទូអ៊ើត ឆេបមែន នាយកកម្មវិធីអភិរក្សនៃអង្គការ WWF ប្រចាំមហាតំបន់ទន្លេមេគង្គ មានប្រសាសន៍ក្នុងសេចក្ដីប្រកាសព័ត៌មានថា «អត្រានៃរបកគំហើញទាំងនេះ គឺជាភាពអស្ចារ្យមួយសម្រាប់យុគសម័យបច្ចុប្បន្ន»។ លោកបានបន្ថែមថា «ជារៀងរាល់ឆ្នាំការរកឃើញសត្វ និងរុក្ខជាតិថ្មីៗបានបន្ដកើនឡើង។ ហើយទន្ទឹមនឹងនេះ វាទាមទារឲ្យមានការទទួលខុសត្រូវទៅលើការការពារថែមទៀតដែរ ដើម្បីធានាថា ធនធានជីវចម្រុះដ៏សម្បូរបែបនៅក្នុងតំបន់មេគង្គត្រូវបានអភិរក្ស»។ លោក ទេព អស្នារិទ្ធ មន្ដ្រីផ្នែកព័ត៌មានរបស់អង្គការ WWF ប្រចាំកម្ពុជាបានបញ្ជាក់ថា នៅក្នុងចំណោមរបកគំហើញថ្មីនោះ រុក្ខជាតិចំនួនបីប្រភេទត្រូវបានរកឃើញនៅកម្ពុជា។ រុក្ខជាតិទាំងនោះរួមមានរុក្ខជាតិស៊ីសត្វល្អិតដែលមាននៅលើភ្នំបូកគោ រុក្ខជាតិមួយប្រភេទនៅភាគខាងជើងប្រទេសកម្ពុជាជាប់នឹងភាគខាងត្បូងនៃប្រទេសថៃ និងមួយប្រភេទទៀតនៅខេត្តរតនគិរី។ លោកថ្លែងដូច្នេះថា៖
«នៅក្នុងស្រុកខ្មែរយើង មានតែបីប្រភេទទេ ពិសេសរុក្ខជាតិថ្មី»។
សូមបញ្ជាក់ថា របាយការណ៍ស្ដីអំពីរបកគំហើញសត្វ និងរុក្ខជាតិថ្មីៗនៅក្នុងបណ្ដាប្រទេសនៃមហាតំបន់ទន្លេមេគង្គត្រូវបានចេញផ្សាយ១១ថ្ងៃប៉ុណ្ណោះ មុននឹងការបើកកិច្ចប្រជុំស្ដីអំពីជីវៈចម្រុះដែលនឹងត្រូវធ្វើនៅទីក្រុងណាហ្គោយ៉ាប្រទេសជប៉ុន។ អង្គការ WWF បានអំពាវនាវឲ្យបណ្ដាប្រទេសដែលនឹងចូលរួមកិច្ចប្រជុំនោះ គិតគូរអំពីការផ្ដល់មូលនិធិសម្រាប់ទ្រទ្រង់ការអភិរក្សសត្វនិងរុក្ខជាតិប្រភេទថ្មីដែលត្រូវបានរកឃើញទាំងនេះ៕