សមាជិក​គណបក្ស​សម រង្ស៊ី​ផ្តាច់​ខ្លួន​ចូល​គណបក្ស​សិទ្ធិមនុស្ស

អ្នក​វិភាគ​ឯករាជ្យ​ បាន​ថ្លែង​ថា ការ​ផ្លាស់​ប្តូរ​ពី​គណបក្ស​នយោបាយ​មួយ​ទៅ​ គណបក្ស​នយោបាយ​មួយ​មិន​អាច​ទាក់ទាញ​ការ​គាំទ្រ​ពី​អ្នក​គាំទ្រ​គណបក្ស​ ប្រជាជន​កម្ពុជា​ទេ​។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ សម​ រង្សី​ចំនួន​១០​នាក់​ប្រចាំ​ខេត្ត​កំពង់ចាម ​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ប្រកាស​ផ្តាច់​ខ្លួន​ចេញ​ពី​គណបក្ស​ សម ​រង្សី​ មកចូល​រូម​គណបក្ស​សិទ្ធិ​មនុស្ស។

មន្ត្រី​ទាំង​១០​នាក់រូប​រួម​មាន​លោក​ វ៉ាន់​ ស៊ីវឿន​ អនុប្រធាន​ក្រុមប្រឹក្សា​គណបក្ស​ខេត្ត​ លោក​ ប្រាក់ ​វណ្ណឌី​ ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណៈ​គណបក្ស​ខេត្ត​ លោក​ ហុក ​លីហក់​ ប្រធាន​ក្រុម​ប្រឹក្សា​គណបក្ស​ស្រុក​ត្បូងឃ្មុំ ​និង​អ្នក​ដទៃ​ទៀត​មាន​តួនាទី​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​តំបែរ ​ស្រុក​កងមាស ​ស្រុក​ស្រីសន្ធរ​ ស្រុក​ព្រៃឈរ។

លោក ​ហុក​ លីហក់ ​ប្រធាន​ក្រុមប្រឹក្សា​គណបក្ស​ស្រុក​ត្បូងឃ្មុំ ​ខេត្ត​កំពង់ចាម​ បាន​និយាយ​ថា លោក​មិន​ក្បត់​គណបក្ស​ សម​ រង្សី​ទេ ​ប៉ុន្តែ​គណបក្ស​ សម​ រង្សី​ បាន​ធ្វើ​ឲ្យ​លោក​ឈឺចាប់។

«ខ្ញុំ​ស្រឡាញ់​ណាស់​គណបក្ស​ សម​ រង្សី ​ប៉ុន្តែ​វា​ជា​រឿង​បុគ្គល​វិញ ​មិន​មែន​ជា​រឿង​ជាតិ ​មិនមែន​ជា​រឿង​លទ្ធិ​ប្រជាធិបតេយ្យ ​បក្ខពួក​និយម ​និង​អយុត្តិធម៌។​ ខ្ញុំ​ត្រូវ​តែ​មក​រួបរួម​ជា​មួយ​គណបក្ស​សិទ្ធិមនុស្ស ​ដើម្បី​ប្រមូល​ផ្តុំ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ ​ដើម្បី​យក​ជ័យជម្នះ​ជូន​ប្រជាពលរដ្ឋ ​និង​ប្រទេស​ជាតិ​ នៅ​ពេល​បោះឆ្នោត​ខាង​មុខ​នេះ»។

លោក ប្រាក់ ​វណ្ណឌី ​ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណៈ​គណបក្ស​ប្រចាំ​ខេត្ត​កំពង់ចាម​បាន​បញ្ជាក់​ថា​ លោក​ជា​មនុស្ស​ញៀន​នយោបាយ។ លោក​មិន​អាច​បោះបង់​ចោល​អាជីព​នយោបាយ​របស់​លោក​ទេ។

«យើង​ធ្វើ​នយោបាយ​ចង់​បាន​ប្រជាធិបតេយ្យ ​បើ​ឥឡូវ ​គណបក្ស​អត់​ប្រជាធិបតេយ្យ យើង​គិត​យ៉ាង​ណា​ទៀត»។

លោក ​សម ​រង្សី ​មេ​ដឹក​នាំ​គណបក្ស​ សម ​រង្សី ​បាន​ថ្លែង​ប្រាប់ វីអូអេ​ខ្មែរពី​ប្រទេស​បារាំង​មក​ថា​ លោក​មិន​មាន​កង្វល់​នឹង​ការ​ចាកចេញ​របស់​សកម្មជន​គណបក្ស​ សម​ រង្សី​ទាំង​នេះទេ​ ពីព្រោះ​ពួក​គាត់​ជា​មនុស្ស​អសកម្ម​។

«យើង​អត់​មាន​ការ​ភ្ញាក់ផ្អើល​ទេ​ពីព្រោះ​យើង​បាន​សម្គាល់​នៅ​ក្នុង​ជួរ​គណបក្ស​សម ​រង្សី​ ប៉ុន្មាន​ខែ​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ឃើញ​ថា មាន​មនុស្ស​មួយ​ចំនួន​តូច​ដែល​ជា​ថ្នាក់​ដឹកនាំ​គណបក្ស​សម ​រង្សី​ ថ្នាក់​មូលដ្ឋាន​ ថ្នាក់​ខេត្ត​បួន​ដប់​នាក់​ ដែល​អសកម្ម ​មិន​ធ្វើការ​ រវើរវាយ ​យក​ជើង​រាទឹក​ដោយ​ប្រការ​ណាមួយ។​ ដូច្នេះ យើង​បាន​ដក​តួនាទី​ពី​អ្នក​ទាំងអស់​នោះ»។

លោក​ ឡាវ​ ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​ បាន​ថ្លែង​ថា ការ​ផ្លាស់​ប្តូរ​ពី​គណបក្ស​នយោបាយ​មួយ​ទៅ​ គណបក្ស​នយោបាយ​មួយ​មិន​អាច​ទាក់ទាញ​ការ​គាំទ្រ​ពី​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ ប៉ុន្តែ​បាន​ធ្វើ​មាន​បែក​សំឡេង​អ្នក​គាំទ្រ​ក្នុង​ចំណោម​គណបក្ស​ប្រឆាំង​ទាំង​ពីរ​គឺ​គណបក្ស​ សម​ រង្សី ​និង​គណបក្ស​សិទ្ធិ​មនុស្ស។

«ការ​ផ្លាស់ប្តូរ​នេះ​នឹង​ធ្វើ​ឲ្យ​គណបក្ស​ដែល​គេ​រត់​ចេញ ​ចុះ​ទន់​ខ្សោយ ​ហើយ​មាន​ការ​ផ្តល់​កម្លាំង​ទៅ​គណបក្ស​ដែល​ទទួល​យក។​ នេះ​ជា​ដំណើការ​លទ្ធិ​ប្រជាធិបតេយ្យ។ ​មនុស្ស​ម្នាក់ៗ​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជ្រើសរើស​យក​ជំហរ​នយោបាយ ​និង​គណបក្ស​នយោបាយ»។

លោក​ នី ​ចរិយា ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖

«បើ​សិន​ជា​យើង​នៅ​តែ​រត់​ចេញ​រត់​ចូល ​គណបក្ស​ប្រឆាំង​ប្រាកដ​ជា​ខ្សោយ​ហើយ។ ប៉ុន្តែ​បើ​សិន​ជា​គណបក្ស​ទាំង​ពីរ​មាន​ចូល​រួម​គ្នា​វិញ ​ស្ថានភាព​នយោបាយ​នឹង​អាច​មាន​ការ​ផ្លាស់​ប្តូរ​ធំ​ដោយសារ​តែ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ប្រជាពលរដ្ឋ​ទៅ​លើ​ការ​ចូល​រួម​នៃ​ការ​បោះឆ្នោត​ ដោយ​លោក​យល់​ថា​ប្រហែល​ជា​សំឡេង​ឆ្នោត​របស់​លោក​នៅ​ពេល​នេះ​មាន​តម្លៃ»។

លោក ​នី​ ចរិយា ​បាន​លើក​ឡើង​ថា ករណី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​និង​គណបក្ស​សម​ រង្សី​ មាន​ការ​រត់​ចេញ​រត់​ចូល ​ប៉ុន្តែ​ទី​បំផុត ​គណបក្ស​ទាំង​ពីរ​នេះ​បាន​ចុះ​ទន់ខ្សោយ ​និង​បរាជ័យ​ទាំង​ពីរ​ ហើយ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ពេល​នេះ​វា​បាន​កើត​ឡើង​ពី​ពេល​មុន​រួច​មកហើយៗ​វា​ជា​ការ​បរាជ័យ​តាំង​ពី​ពេល​មុន​មក​ដែរ៕