អាទិទេព​នៃ​អង្គរ​តាំង​ពិព័រណ៍​នៅ​រដ្ឋធានី ​Washington

រួប​​ផ្សព្វផ្សាយ​​អំពី​​ការ​​តាំង​​ពិព័រណ៍​​រូប​​ចម្លាក់​​បុរាណ​​ខ្មែរ ​នៅ​សារ​មន្ទីរ ​Arthur​​ M. ​Sackler ​​នៅ​​រដ្ឋធានី​​ Washington​។

សារមន្ទីរ ​Arthur​ M. ​Sackler ​នៅ​រដ្ឋធានី​ Washington​ កាល​ពី​សប្តាហ៍​មុន​ បាន​បើក​ការ​តាំង​ពិព័រណ៍​វត្ថុ​សំរិទ្ធ​ពី​ប្រទេស​កម្ពុជា​ជូន​សាធារណ​ជន​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ។​ការ​តាំង​ពិព័រណ៍​នេះ​ជា​លទ្ធផល​នៃ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​សារមន្ទីរ​ជាតិ​កម្ពុជា​និង​វិជ្ជាស្ថាន ​Smithsonian​ នៃ​សរអ។

ពិព័រណ៍​នេះ​មាន​ចំណង​ជើង​ថា​ “អាទិទេព​នៃ​អង្គរ“ ។​ វត្ថុ​សំរិទ្ធ​៣៦ ដែល​តាំង​នៅ​ទីនេះ​ឆ្លុះ​បញ្ចាំង​នូវ​ជំនឿ​ព្រហ្ម​មញ្ញ​សាសនា​និង​ព្រះ​ពុទ្ធ​សាសនា ​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​កម្ពុជា ​ពី​រវាង​សតវត្សរ៍​ទី​៨​ដល់​ទី​១៤​គឺ​ពី​មុន​សម័យ​អង្គរ​រហូត​ដល់​សម័យ​អង្គរ​និង​ក្រោយ​សម័យ​អង្គរ។

លោក Paul Jett​ ជា​ប្រធាន​អភិរក្ស​នៃ​សារមន្ទីរ​ ​Arthur ​M. Sackler​ នៅ​រដ្ឋ​ធានី​Washington។ ​លោក​ថ្លែង​ថា អ្នក​ដែល​មក​កាន់​សារមន្ទីរនៃ​វិជ្ជាស្ថានSmithsonian​និង​យល់​ដឹង​យ៉ាង​ច្រើន​មិន​ត្រឹមតែ​អំពី​សារមន្ទីរ​តែ​ប៉ុណ្ណោះ​ទេ ​គឺ​ថែម​ទាំង​អំពី​ប្រទេស​កម្ពុជា​ផង។

“កម្ពុជា​ជា​កន្លែង​មួយ​ដែល​គេ​មិន​សូវ​ដឹង​ច្បាស់​ ​ដូច្នេះ​យើង​សង្ឃឹម​ថា ​ទស្សនិក​ជន​ដែល​មក​ទស្សនា​ទីនេះ​នឹង​មិន​ត្រឹម​តែ​អាច​ឃើញ​រូប​ចម្លាប់​ខ្មែរ​តែ​ប៉ុណ្ណោះ ​ តែ​ថែម​ទាំង​និង​រៀនសូត្រ​អំពី​ប្រទេស​កម្ពុជា​កាន់​តែច្រើន​ថែម​ទៀត"។

វត្ថុ​សំរិទ្ធ​ទាំង​៣៦​នេះ​ត្រូវ​បាន​ជ្រើស​រើស​ពី​ចំណោម​វត្ថុ​សំរិទ្ធ​ជាង​៧​ពាន់​នៅ​សារមន្ទីរជាតិ​កម្ពុជា។

លោក​ស្រី Louise​ Allison​ Cort​ ជា​អ្នក​រៀបចំ​ការ​តាំង​ពិព័រណ៍​វត្ថុ​សំរិទ្ធ​នៃ​សារមន្ទីរ​ជាតិ​កម្ពុជា។ ​លោក​ស្រី​ថ្លែង​ថា​ សារមន្ទីរ​ Smithsonian​ សម្រេច​យក​វត្ថុ​សំរិទ្ធ​តែ​៣៦មក​ដាក់​តាំង​ដើម្បី​ឲ្យ​ទស្សនិក​ជន​ងាយ​យល់​ និង​មាន​ឱកាស​សិក្សា​អំពី​វត្ថុ​និមួយៗ។

“ការ​លំបាក​គឺ​ការ​ពន្យល់​ថា​ តើ​កម្ពុជា​នៅ​ទីណា?​ តើ​អង្គរ​វត្ត​នៅ​ទី​ណា?​ តើ​ហេតុ​អ្វី​បាន​ជា​មាន​វត្ថុ​សំរិទ្ធ​ទាំង​នេះ?​ យើង​ចាំបាច់​ត្រូវ​ពន្យល់​អត្ថន័យ​យ៉ាង​ស្មុគ្រ​ស្មាញ​ដោយ​អត្ថាធិប្បាយយ៉ាង​ខ្លី​ ពីព្រោះ​យើង​ចង់​ឲ្យ​ទស្សនិក​ជន​មើល​វត្ថុ​សំរិទ្ធ​ មិន​មែន​ចង់​ឲ្យ​គេ​មក​អាន​ទេ"។

លោក​ជា សុជាតិ​ ជា​អនុ​ប្រធាន​ការិយាល័យ​អភិរក្ស​នៃនាយក​ដ្ឋាន​សារមន្ទីរជាតិ​កម្ពុជា។​លោក​ថ្លែង​អំណរ​គុណ​ដល់​សារមន្ទីរ​ Smithsonian​ដែល​ជួយ​ឧបត្ថម្ភ​ដល់​កិច្ចការ​អភិរក្ស​វត្ថុ​បូរាណ​នៅ​ប្រទេស​កម្ពុជា ​ទាំង​ក្នុង​វិស័យ​ធនធាន ​និង​បច្ចេក​ទេស។

“ខ្ញុំ​សូម​ផ្តាំ​ផ្ញើរ​ដល់​ពលរដ្ឋ​អាមេរិកាំង​ដែល​មាន​ទឹក​ចិត្ត​ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​ដល់​ការ​បង្កើត​និង​ការ​គាំពារ​វត្ថុ​បូរាណ​ដែល​បាត់បង់។ ​យើង​ខ្ញុំ​ធ្វើ​ដំណើរ​មក​នេះ​គឺ​ដោយ​ការ​ឧបត្ថម្ភ​របស់​ FOKCI​ Friends ​of ​Khmer ​Culture, Inc។​ ខ្ញុំ​សូម​អរគុណ​ដល់​ម្ចាស់​ដែល​ឧបត្ថម្ភ​ហ្នឹង​ហើយ​សូម​ឲ្យ​ទឹក​ចិត្ត​នៃ​សប្បុរស​ជន​អាមេរិកាំង​ជួយ​បន្ត​ទៀត​ដល់​ការ​គាំពារ​ដល់​វត្ថុ​បូរាណ​ដែល​រងគ្រោះ​នៅ​កម្ពុជា"។

លោក​ វន​ នឿន​ ជា​អ្នក​អភិរក្ស​វត្ថុ​សិល្បៈ​ធ្វើ​ពី​លោហធាតុ។​ លោក​និង​លោក ជា ​សុជាតិ​ បំពេញ​ការ​សិក្សា ​នៅ​រដ្ឋធានី ​Washington​ចំនួន​មួយ​ខែ​អំពី​វិធី​ដាក់​តាំង​វត្ថុ​សិល្បៈ​វត្ថុ​បូរាណ​ក្នុង​សារមន្ទីរ។​ លោក​ថ្លែង​ថា​ លោក​មាន​មោទនភាព​ខ្លាំង​ណាស់​ដែល​ឃើញ​វត្ថុ​សិល្បៈ​ខ្មែរ​មក​ដល់​សរអ ហើយ​អំពាវ​នាវ​ឲ្យ​ជន​ជាតិ​ខ្មែរ​នៅ​សរអអញ្ជើញមក​ទស្សនា​ពិព័រណ៍​នេះ។

“សូម​អញ្ជើញ​មក​ទស្សនា​វត្ថុសិល្បៈ​ខ្មែរ​យើង ​ដែល​តាំង​នៅ​សារមន្ទីរ Freer​ នឹង​Sackler​ នេះ​ឲ្យ​បាន​ច្រើន​ ដើម្បី​ស្វែងយល់​អំពី​វប្បធម៌​និង​អរិយធម៌​ខ្មែរ​យើង​ពី​សម័យ​ដើម"។

កញ្ញា ​Ferrah ​Tek ​ដែល​ចាប់​កំណើត​នៅ​សរអ​ទើប​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ ​Mary ​Washington​នៅ​រដ្ឋ​ Virginia។ កញ្ញា​ថ្លែង​ថា ​កញ្ញា​មាន​សេចក្តី​រំភើប​យ៉ាង​ខ្លាំង​ដែល​បាន​ឃើញ​ការ​តាំង​ពិព័រណ៍​នេះ។

“ខ្ញុំ​សប្បាយ​ចិត្ត​ ខ្ញុំ​អត់​ដែល​ទៅ​ស្រុក​ខ្មែរ​ ពេល​ខ្ញុំ​មក​មើល​រូប​ចម្លាក់​នៅ​ទី​នេះ ខ្ញុំ​គិត​ថា ​រូប​ចម្លាក់​ទាំង​នេះ​ស្អាត​មែន​ទែន​ ដែល​គេ​យក​មក​តាំង​ឲ្យ​ប្រជាជន​អាមេរិក​មក​មើល"។

កញ្ញា ​Allicia ​Ky ​ធ្វើការ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​ ដែល​ទទួល​កុងត្រា​ជា​មួយ​រដ្ឋា​ភិបាល​សហ​ព័ន្ធ​ នៅរដ្ឋ ​Virginia ។ ​នាង​ត្រូវ​ជា​បង​ជីដូន​មួយ​របស់​កញ្ញា Farrah ។ ​Allicia​ ថ្លែង​ថា ​នាង​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ឃើញ​ការ​តាំង​ពិព័រណ៍​វត្ថុ​បូរាណ​ខ្មែរ​នៅ​សរអ។

“យើង​មិន​ដែល​រស់​នៅ​ប្រទេស​កម្ពុជា​ទេ ​ប៉ុន្តែ​ការ​ដែល​មាន​ផ្នែក​មួយ​របស់​កម្ពុជា នៅ​ក្នុង​រដ្ឋធានី​Washington​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ភ្ជាប់ទៅ​ស្រុក​ខ្មែរ។ ខ្ញុំ​មាន​ចិត្ត​រំភើប។​ ខ្ញុំ​ចង់​ស្វែង​យល់​ថែមទៀត​អំពី​ប្រវត្តិ​សាស្ត្រ​កម្ពុជា។​ ហើយ​សង្ឃឹម​ថា​ ពិព័រណ៍​នេះ​នឹង​លើក​ទឹក​ចិត្ត​ឲ្យ​កូន​ខ្មែរ​នៅ​ប្រទេស​អាមេរិក​ជំនាន់​ក្រោយ​សិក្សា​អំពី​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ថែម​ទៀត"។

ទស្សនិកជន​អាច​ចូល​មើល​ពិព័រណ៍​អាទិទេព​នៃ​អង្គរ​ នៅ​សារមន្ទីរ​ Arthur​ M. ​Sackler​ នៃ​វិជ្ជាស្ថាន ​Smithsonian ​នៅ​រដ្ឋធានី ​Washington ​រាល់​ថ្ងៃ​ពី​ម៉ោង ​១០​ព្រឹក​ដល់​ម៉ោង​៥​ ៣០​នាទី​ល្ងាច​រហូត​ដល់​ថ្ងៃ​ទី២៣ ​មករា​ឆ្នាំ​២០១១។ ​ពិព័រណ៍​នេះ​នឹង​បន្ត​ដំណើរ​ទៅ​កាន់​សារមន្ទីរ ​J. ​Paul ​Getty ​នៅ​ទីក្រុង​ Los Angeles ​រដ្ឋ​ California ​នៅ​ខែ​កុម្ភៈ​ឆ្នាំ ​២០១១ ។​រាយ​ការណ៍​ពី​រដ្ឋ​ធានី​ Washington ​ខ្ញុំ ​ប៉ូច រាសី ​វីអូអេ​ សម្លេង​សរអ៕