ខ្សែភាពយន្ដសរុបចំនួន៩១រឿង ដែលជាស្នាដៃរបស់ផលិតករមកពីប្រទេសចំនួន១៧ នឹងត្រូវដាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្ដអន្ដរជាតិក្នុងទីក្រុងភ្នំពេញ ដើម្បីជាការចែករំលែកបច្ចេកទេស និងបទពិសោធន៍គ្នា។
ទស្សនិកជនអាចចូលទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃព្រហស្បតិ៍ទី១៥ រហូតដល់ថ្ងៃទី១៨ ខែធ្នូ នៅតាមទីតាំងសំខាន់ៗមួយចំនួន ដូចជារោងភាពយន្ត Legend Cinema នៅផ្សារទំនើប City Mall រោងភាពយន្ដ The Cineplex នៅផ្សារទំនើបសុរិយា នៅមជ្ឈមណ្ឌលកំសាន្ដកោះពេជ្រ មជ្ឈមណ្ឌលបុប្ផានណា និង វិទ្យាស្ថានភាសាបារាំង។
លោកជៀប សុវិជ្ជា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងការផលិតភាពយន្តនៅកម្ពុជាបានឲ្យដឹងថា ការប្រារព្ធពិធីមហោស្រពភាពយន្តអន្តរជាតិនេះ គឺដើម្បីជួយលើកកម្ពស់វិស័យភាពយន្តនៅកម្ពុជាឲ្យមានភាពប្រសើរឡើងតាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករវាងផលិតករខ្មែរ និងបរទេស។
«គោលបំណងដែលយើងរៀបចំមហោស្រពភាពយន្តនេះឡើងគឺយើងចង់លើកកម្ពស់ខ្សែភាពយន្តនៅកម្ពុជាយើងឲ្យរីកចម្រើនឡើង ព្រោះថា ពេលណាដែលយើងមានទិវាមហោស្រពភាពយន្តអន្តរជាតិនេះម្តងៗ វាតែងតែមានអ្នកដឹកនាំបរទេសមកចូលរួម។ អញ្ចឹងវាជាឱកាសមួយ ដែលគាត់អាចជួបជុំគ្នាផ្លាស់ប្តូរបទពិសោធន៍គ្នា។មួយវិញទៀត យើងចង់បញ្ចាំងខ្សែភាពយន្តបរទេសហ្នឹងឲ្យទស្សនិកជនខ្មែរយើងបានមើលដើម្បីទាក់ទាញគាត់ឲ្យចាប់អារម្មណ៍លើវិស័យភាពយន្តខ្មែរឡើងវិញ ហើយដើម្បីរំឭកផលិតករខ្មែរយើងឡើងវិញ ដើម្បីឲ្យគាត់ផលិតខ្សែភាពយន្តវិញ ឲ្យបានល្អជាលក្ខណៈស្តង់ដាអន្តរជាតិ ដែលគេអាចទទួលយកបាន»។
នៅក្នុងចំណោមខ្សែភាពយន្តទាំង៩១រឿងនោះ មានខ្សែភាពយន្តខ្មែរចំនួន១៧រឿងដែលផលិតដោយផលិតករខ្មែរ និងជំនួយការពីបរទេស។ ក្នុងនោះ២រឿងជាខ្សែភាពយន្តជំនាន់សង្គមរាស្រ្តនិយម។ ក្រៅពីនេះជាខ្សែភាពយន្តរបស់ផលិតករមកពីប្រទេសស្រីលង្កា សហរដ្ឋអាមេរិច ជប៉ុន កូរ៉េ ប្រទេសហ្វីលីពីន ម៉ាឡេស៊ី បារាំង និងប្រទេសចិនជាដើម។ ខ្សែភាពយន្តទាំងនោះមានភាពយន្ដប្រភេទជាប្រវត្តិសាស្រ្ត ភាពយន្តស៊ើបអង្កេត ភាពយន្តបែបកំប្លែង និងគំនូរជីវចលផងដែរ។
លោកគង់ កន្តារ៉ា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានចាត់ទុកមហោស្រពភាពយន្តនេះ គឺជាការរៀនសូត្រពីគ្នាទៅវិញទៅមក ក្នុងការផលិតខ្សែភាពយន្តរវាងអ្នកផលិតក្នុងប្រទេស និងក្រៅប្រទេសដើម្បីបង្កើននូវគុណភាពក្នុងការផលិត។ ក៏ប៉ុន្តែលោកបានបញ្ជាក់ថា ទោះបីជាយ៉ាងណា ការប្រារព្ធមហោស្រពភាពយន្តនេះ នៅមិនទាន់អាចជួយអ្វីឲ្យបានច្រើនគ្រាប់គ្រាន់ក្នុងការលើកស្ទួយវិស័យភាពយន្តនៅកម្ពុជាដែលកំពុងមានការចុះទន់ខ្សោយនោះទេ។
«ផ្តល់នូវអត្ថប្រយោជន៍ដល់ផលិតករកម្ពុជាយើងក៏ដូចជាផលិតករនានា ព្រោះថា ភ្ញៀវជាច្រើនគឺចម្រុះជាតិសាសន៍មកបញ្ចាំងហ្នឹង។ ហើយអាចដកស្រង់បទពិសោធន៍ បច្ចេកទេសគ្នាទៅវិញ ទៅមក។ អានេះក៏ជាផ្នែកមួយដើម្បីជួយជំរុញឲ្យផលិតកររបស់យើង ឲ្យគាត់ខំផលិតឲ្យបានស្នាដៃល្អទៅ ដើម្បីបម្រើទស្សនិកជនក្នុងស្រុករបស់យើង ឲ្យបានរីកចម្រើនឡើង»។
លោកអ៊ីវ៉ុង ហែម ជាផលិតករខ្មែរជើងចាស់មួយរូប បានឲ្យដឹងថា លោកមានខ្សែភាពយន្តចំនួន២រឿង បានដាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្តនេះដែរ។
«យើងអបអរសាទរ។ ធ្វើបានប៉ុណ្នឹង គឺអស្ចារ្យណាស់ចំពោះអ្នករៀបចំហ្នឹងណា៎។ ប៉ុន្តែគ្រាន់តែថា តើវាមានលទ្ធផលកម្រិតណា ខ្ញុំអត់ហ៊ាននិយាយរឿងនេះទេ ហើយ ខ្ញុំរងចាំមើលដែរ។ តើវាមានទំនាក់ទំនងរបៀបម៉េច»?
ដីមីន ដីមាសគឺជាខ្សែភាពយន្តខ្មែរខ្នាតខ្លីមួយ។ ភាពយន្ដនេះត្រូវយកមកបញ្ចាំង នៅមជ្ឈមណ្ឌលបុប្ផាណា។ ភាពយន្ដនេះបានពិពណ៌នាអំពីស្ថានភាពគ្រាប់មីននៅខេត្តប៉ៃលិន ដែលជាខេត្តមួយសម្បូរដោយគ្រាប់មីននៅកម្ពុជា។
ប្រជាពលរដ្ឋនៅក្នុងរឿងនេះជួបប្រទះការលំបាកក្នុងការប្រកបរបរចិញ្ចឹមជីវិតដោយសារផ្ទៃដីនៅទីនោះភាគច្រើនពោរពេញទៅដោយគ្រាប់មីន។ ហើយពួកគេប្រឈមនឹងគ្រោះថ្នាក់ជាខ្លាំង។ ប៉ុន្ដែទីបំផុត បន្ទាប់ពីការដោះគ្រាប់មីន ដីទាំងនេះបានក្លាយជាដីកសិកម្មយ៉ាងល្អបំផុត។ គឺជាកំណប់មាសរបស់ប្រជាពលរដ្ឋនៅទីនោះ។
«គ្មានស្អីរកទេ ខែហ្នឹង។ ធ្វើចម្ការស្រែ ធ្វើចម្ការស្រែផុតទៅ ផុតមក។ ជីកទំពាំង កាប់អុស កាប់ឫស្សី អីយកទៅលក់។ មួយបាច់៣៥០០ទៅ ឬ៣០០០រៀល។ រកបានហើយឲ្យថ្លៃគោយន្តគេ៥០០ទៅ ហើយព្រៃឫស្សីអីហ្នឹងគឺសុទ្ធតែព្រៃមីនទាំងអស់។ ធ្វើម៉េច បើសិនជាយើងមិនរក វាដាច់ពោះ ប្រពន្ធកូនយើងស្លាប់។ អញ្ចឹងយើងត្រូវតែតស៊ូ។ នរណាមិនខ្លាចស្លាប់។ អ្នកណាមិនខ្លាចមីន។ ស្លាប់ ក៏ស្លាប់ទៅ! បើមិនរក ក៏ស្លាប់ដែរ។ វាដូចតែគ្នាហ្នឹង»។
អ្នកស្រីឃីម ស្រីរាលជាជំនួយការគ្រូនៅសាលាលីសេដេកាត ដែលបាននាំកូន និងប្តីមកចូលរួមទស្សនារឿងនេះ។ គាត់បានឲ្យដឹងថា ក្រោយពីទស្សនារឿងនេះហើយ ទើបបានដឹងច្បាស់ថាប្រទេសកម្ពុជាពិតជាមានគ្រាប់មីនជាច្រើនដែលបានគំរាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋរាល់ថ្ងៃ។
អ្នកស្រីបានបញ្ជាក់ថា អ្នកស្រីចូលចិត្តខ្សែភាពយន្តប្រភេទនេះ ពីព្រោះវាឆ្លុះបញ្ចាំងពីស្ថានភាពពិតប្រាកដ នៅក្នុងប្រទេសកម្ពុជា។
«ខ្ញុំឃើញអ្នករងគ្រោះដោយសារគ្រាប់មីនច្រើនហើយ។ ខ្ញុំដូចថា ពិបាកចិត្ត សោកស្តាយ ដែលមានគ្រាប់មីននៅស្រុកខ្មែរច្រើនអញ្ចឹង។ ភាពយន្តខ្មែរយើងជាច្រើននិយាយពីស្នេហា។ ប្រសិនបើនិយាយពីរឿងបច្ចុប្បន្នហ្នឹង មានអ្វី ល្អដែរ ដូចជាអំពីគ្រាប់មីន អំពីមនុស្សយើង អត់ឃ្លាន អត់មានអីហូប អញ្ចឹងគឺល្អណាស់»។
កម្មវិធីមហោស្រពភាពយន្តអន្តរជាតិឆ្នាំនេះរៀបចំឡើងដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការផលិតភាពយន្តនៅកម្ពុជា មជ្ឈមណ្ឌល បុប្ផាណា និងវិទ្យាស្ថានភាសាបារាំង ដែលមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយមានការឧបត្ថម្ភពីក្រុមហ៊ុនមួយចំនួនក្នុងប្រទេសកម្ពុជា៕