អ្នកស្រុកអមលាំងខេត្តកំពង់ស្ពឺទទូចចង់ឱ្យមានព្រំប្រទល់សម្គាល់ដីពិតបា្រកដរវាងក្រុមហ៊ុនភ្នំពេញ SUGAR របស់លោកឧកញ៉ា លី យ៉ុងផាត់ និងប្រជាពលរដ្ឋ ដើម្បីចៀសវាងទំនាស់ក្រុមហ៊ុន និងប្រជាពលរដ្ឋ។
លោក ហេង រស្មី ដែលបានចុះទៅដល់ឃុំអមលាំង ខេត្តកំពង់ស្ពឺ ធ្វើសេចក្តីរាយការណ៍ ពីខេត្តកំពង់ស្ពឺដូចតទៅ៖
ស្រ្តីម្នាក់ដែលកំពុងអង្គុយបំបៅដោះកូន នៅខាងក្រោមផ្ទះនៃភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានផ្តាច់ដោះចេញពីមាត់កូនមួយរំពេច ដែលធ្វើឲ្យទារកអាយុប្រមាណ៤ខែបានស្រែកយំ ដោយសារតែមិនបានបៅឲ្យបានឆ្អែត។
ស្រ្តីរូបនេះ មានឈ្មោះថា ផុន រឹម អាយុ៣៧ឆ្នាំ បានផ្តល់បទសម្ភាសន៍ ដោយផ្ទាល់ជាមួយ និង VOA សំឡេងសហរដ្ឋអាមេរិកថា ចាប់តាំងពីមានរឿងទំនាស់ដីធ្លី រវាងក្រុមហ៊ុនភ្នំពេញSUGAR របស់លោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពលមួយរូបខាងគណបក្សប្រជាជនកម្ពុជាមក។ ប្រជាពលរដ្ឋរស់នៅក្នុងភូមិពិបាកចិត្ត ដេកមិនបានគ្រប់គ្រាន់ ការធ្វើអាជីវកម្មលក់ដូរក៏មិនបានជាប់លាប់ដែរ ដោយសារតែខ្វល់ខ្វាយរឿងវិវាទដីធ្លីដ៏បំពារបំពានមួយនេះ។
"ពិបាកនោះ វាច្រើនណាស់ មិនពិបាកតិចទេ។ ទៅរកស៊ីក៏អត់បាន។ ផ្លូវយើងរកស៊ីរាល់ថ្ងៃ មានស្រែណាគ្រប់គ្រាន់ បើរកកាប់បង្គោលរបងអញ្ចឹងទៅ ដឹកអូសឡអញ្ចឹងទៅ។ ដល់ពេលយើងទៅ វាអត់មានដីបរទេះ បរគោអញ្ចឹងណា៎។ អញ្ចឹងទៅវាពិបាកច្រើនប្រភេទណាស់"។
ក្រុមហ៊ុនភ្នំពេញSUGAR របស់លោកឧកញ៉ា លី យ៉ុងផាត់ បានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលជាង៨០០០ហិកតា សម្រាប់ធ្វើការអភិវឌ្ឍដំាដើមអំពៅនៅក្នុងខេត្តកំពង់ស្ពឺ។
ក៏ប៉ុន្តែគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុននេះបានធ្វើឲ្យប្រជាពលរដ្ឋនៅឃុំអមលាំងបានធ្វើការ ចោទប្រកាន់ថា បានប៉ះពាល់ដល់ដីកម្មសិទ្ធិរបស់ពួកគេជាង៣០០០ហិកតា ដែលជាកម្មសិទ្ធិរបស់ប្រជាជនចំនួន៨ភូមិជាង៨០០គ្រួសារ ទាំងដីស្រែ និងដីចម្ការ។
ការប៉ះពាល់នេះបានធ្វើឡើង ដោយសារតែក្រុមហ៊ុនភ្នំពេញSUGAR បានចាប់ផ្តើមឈូស ឆាយដី ដើម្បីកំណត់ព្រំដីរបស់ខ្លួន។
ចាប់តាំងពីមានការឈូសឆាយកំណត់ព្រំដីកាលពីថ្ងៃទី២៦ ខែកុម្ភៈ រហូតមកដល់បច្ចុប្បន្ននេះ ទាំងប្រជាពលរដ្ឋ និងក្រុមហ៊ុនភ្នំពេញ SUGAR ពុំទាន់មានព្រំប្រទល់ដីច្បាស់លាស់នៅឡើយទេ ហើយរយៈពេល៣ថ្ងៃកន្លងមកនេះ គណៈកម្មការចម្រុះវាស់វែងព្រំដីរបស់ខេត្តកំពង់ស្ពឺ បានចុះទៅធ្វើការវាស់វែង។
កំពុងតែងអង្គុយនៅលើគោយន្តផលិតតាមបែបជនបទមួយ។ អ្នកស្រី អែម នៅ អាយុ៤២ឆ្នាំ ជាមួយនិងអ្នកភូមិ១០នាក់ផ្សេងទៀត កំពុងតែធ្វើដំណើរយឺតៗ នៅលើកំណាត់ផ្លូវក្រាល់គ្រួសក្រហមលេខ៥២ ដែលយូរៗម្តងមានដីហុយទ្រលោម ដោយសារតែរថយន្តបរកាត់។
អ្នកស្រីអែម នៅ បានដោះមួកចេញពីលើក្បាល រួចយកក្រមាមកជូតមុខ នៅក្រោមម្លប់ដើម ឈើមួយ អ្នកស្រីបាននិយាយទាំងទឹកមុខស្រពោនថា ពួកយើងកំពុងតែធ្វើដំណើរទៅមើល គណៈកម្មការចម្រុះវាស់វែងព្រំដី។
អ្នកស្រីបាននិយាយទៀតថា ពួកយើងទាំងអស់គ្នាចង់ឲ្យមានព្រំដីច្បាស់លាស់ ដើម្បីជៀសវាងទំនាស់រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ។
"ខ្ញុំចង់បានឲ្យក្រុមហ៊ុន និងបញ្ចប់ទំនាស់ឲ្យយើងខ្ញុំបានដីស្រែ ដីចម្ការ ជូនប្រជាពលរដ្ឋវិញ។ ចង់បានតែបុណ្ណឹងទេ។ ចង់ឲ្យចែកព្រំឲ្យដាច់។ ក្រុមហ៊ុនផ្សេងប្រជាពលរដ្ឋផ្សេង។ក្រុមហ៊ុនគេមិនឲ្យ។ គេទុកតែដីស្រែឲ្យយើង។ ហូមម៉េចកើត? ធ្វើស្រែបានតែស្រូវ។ បន្លែ បង្កា ដាំនៅលើណាទៅ ដាំនៅលើក្បាលដីបន្តិចបន្តូចហ្នឹង"។
លោកបូ ប៊ិន ប្រធានភូមិអូរអង្គំ ដែលកំពុងស្រង់ស្ថិតិប្រជាពលរដ្ឋនៅខាងក្រោមផ្ទះរបស់ លោក ដែលព័ទ្ធជុំវិញជិតទៅដោយអ្នកភូមិនោះ លោកបូ ប៊ិនបានបញ្ជាក់ថា ទាំងប្រជាពលរដ្ឋ និងក្រុមហ៊ុនភ្នំពេញSUGAR ពុំទាន់មានព្រំដីពិតប្រាកដច្បាស់លាស់នៅឡើយទេ។
លោកបានមានប្រសាសន៍ទៀតថា ឥឡូវនេះ លោកទើបតែស្រង់ស្ថិតិប្រជាពលរដ្ឋ និងទំហំដី កាន់កាប់របស់ពួកគេ បានតែ១០៤គ្រួសារតែប៉ុណ្ណោះ នៅក្នុងចំណោមប្រជាជនសរុបចំនួន១៤៩គ្រួសារ នៅក្នុងភូមិរបស់លោក។
លោកបានមានប្រសាសន៍ទៀតថា គណៈកម្មការចម្រុះវាស់វែងព្រំដីរបស់ខេត្តកំពង់ស្ពឺ កំពុង ធ្វើកិច្ចការទាំងនេះហើយ។
"ដីទំនាស់ពិតប្រាកដ គឺអត់ទាន់បានដឹងច្បាស់នៅឡើយ កំពុងតែចុះបញ្ជីដីធ្លី។ ទាល់តែចុះ ហើយយកទៅបូកសរុប។ តើវាដីពាក់ព័ន្ធ និងប្រជាពលរដ្ឋប៉ុន្មានពាន់ហិកតា។ តែដោយឡែកភូមិខ្ញុំបាទ ខ្លះក៏មាននៅក្នុងប្លុកហ្នឹង ខ្លះក៏អត់មានក្នុងប្លុកហ្នឹងទេ។ អ្នកដែលអត់មាននៅក្នុងប្លុកហ្នឹង វាអត់មានពាក់ព័ន្ធទេ តែអ្នកដែលពាក់ព័ន្ធគឺនៅក្នុងប្លុករបស់ក្រុមហ៊ុន"។
លោកស្រី ឈាង គឹមស៊ុន តំណាងក្រុមហ៊ុនភ្នំពេញ SUGAR បាននិយាយថា ខាងក្រុមហ៊ុន របស់លោកស្រីចង់ឲ្យបញ្ចប់ទំនាស់នេះឲ្យបានឆាប់រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន។លោកស្រីបានមានប្រសាសន៍ទៀតថា យើងត្រូវការពេលវេលាបន្ថែមទៀតដើម្បីកំណត់ព្រំដីទាំងនេះ។
«យើងបានចែកដីគាត់គឺយើងចេញចុងសន្លឹកឲ្យគាត់ ដើម្បីឲ្យគាត់ដឹងថា ដីទំហំប៉ុនណាៗ តាមការវាស់វែង»។
ចំណែកលោករដ្ឋា វី មន្រ្តីផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សADHOC ប្រចំាខេត្តកំ ពង់ស្ពឺ ដែលបានតាមដានឃ្លាំមើលទំនាស់នេះ បាននិយាយថា ក្រុមហ៊ុនគួរតែពន្លឿនកិច្ចការនេះឲ្យបានឆាប់ដើម្បីបញ្ចប់វិវាទរវាងភាគីទាំងពីរ។
"ដោយសារ បើសិនជាឲ្យពួកគាត់នៅពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន វាអាចនឹងមានបញ្ហាវិវាទ ផ្សេងៗកើតឡើង នៅពេលដែលពួកគាត់ចូលទៅធ្វើស្រែ នៅក្នុងតំបន់ហ្នឹងឯង"។
បន្ទាប់ពីមានទំនាស់ដីធ្លីរវាងក្រុមហ៊ុនភ្នំពេញ SUGAR និងប្រជាពលរដ្ឋ នៅឃុំអមលាំង តុលា ការខេត្តកំពង់ស្ពឺបានចាប់ប្រជាពលរដ្ឋចំនួន២រូប គឺលោកយូ ថូ និងលោកឃឹម វុទ្ធី ទៅដាក់ឃុំ ក៏ប៉ុន្តែក្រោយមកបានដោះលែងឲ្យមានសេរីភាពឡើងវិញ។
ពីឃុំអមលាំង ខេត្តកំពង់ស្ពឺ ខ្ញុំ ហេង រស្មី VOA សំឡេងសហរដ្ឋអាមេរិក៕