នៅក្រោមច្បាប់របស់រដ្ឋ California សត្វដែលចិញ្ចឹមក្នុងកសិដ្ឋាន ដូចជាមេមាន់យកពង ជ្រូកបង្កាត់កូននិងកូនគោចិញ្ចឹមសម្រាប់យកសាច់ អាចដាក់បាននៅក្នុងឡាំងនិងក្នុងទ្រុងរឹងមាំ ឲ្យធំជាងខ្លួនសត្វ។ ភាគច្រើននៃសត្វទាំងនេះមិនអាចដាក់ផ្តេកដាក់ប្រមៀល ឬសូម្បីដាក់ឲ្យសណ្តូកដៃជើងវាបានទេ ហើយក៏មិនត្រូវឲ្យវារស់នៅក្នុងទ្រុងមួយជីវិតដែរ។ ឥឡូវនេះមានការផ្តួចផ្តើមគំនិតថ្មីមួយសម្រាប់ការបោះឆ្នោតហៅ Proposition 2បានអនុម័តដោយប្រជាពលរដ្ឋនៅក្នុងរដ្ឋCalifornia នៅថ្ងៃបោះឆ្នោតថា នឹងបញ្ចប់ការធ្វើទារុណកម្មលើសត្វ។
នាង Julie Taboh មានសេចក្តីរាយការណ៍បន្ថែមអំពីរឿងនេះ ហើយអ្នកស្រី នុច សារីតា
សូមជូនសេចក្តីប្រែសម្រួលដូចតទៅ៖
ប្រជាពលរដ្ឋអាមេរិកាំងជាច្រើន មានទស្សនៈប្រកបដោយសុក្រិតភាពអំពីជីវិតរបស់សត្វនៅក្នុងកសិដ្ឋាន។ ពួកគេគិតក្នុងចិត្តថា សត្វនៅក្នុងវាលស្មៅដែលមានស្មៅដុះសម្រាប់សត្វស៊ីទាំងនោះ កំពុងរស់ដោយសុខសន្តិភាពនៅក្នុងលំនៅដ្ឋានធម្មជាតិរបស់វាហើយ។ ក៏ប៉ុន្តែនៅក្នុងរដ្ឋ California ជីវិតសត្វ២០លាននៅក្នុងកសិដ្ឋានមិនមានជីវិតដូចទស្សនៈនេះទេ។ សមាគមសង្គមសង្គ្រោះ របស់ស.រ.អ. ជាអ្នកឧបត្ថម្ភធំ នូវការផ្តួចផ្តើមគំនិតថ្មីមួយសម្រាប់ការបោះឆ្នោតហៅ Proposition 2 នេះ។
វិធានការនោះតម្រូវឲ្យក្រុមកសិករលើកស្ទួយស្ថានភាពរបស់សត្វគោ ជ្រូក និងមេមាន់យកពង។ លោក Paul Shapiroជានាយកជាន់ខ្ពស់ម្នាក់នៃសមាគមដែលមានឈ្មោះថា Factory Farming Campaign។
“ភាគច្រើនសត្វនៅក្នុងកសិដ្ឋានបានបង្ខាំងទុកនៅក្នុងកសិដ្ឋាននៃរោងចក្រនានាហើយសត្វជាច្រើនរយលានក្បាលបានបង្ខាំងទុកក្នុងទ្រុងតូចៗ ជាកន្លែងដែលសត្វពិបាកនឹងរើកម្រើកខ្លួនពេញមួយជីវិតរបស់វា។ មានទ្រុងខ្លះ មានទំហំគ្រាន់តែធំល្មមនឹងខ្លួនសត្វ ហើយទ្រុងទាំងនោះមិនមែនជាទ្រុងដាក់បណ្តោះអាសន្នទេ គឺជាទ្រុងដែលដាក់ជាអចិន្ត្រៃយ៍។នេះគឺជាកន្លែងដែលសត្វទាំងនោះនៅឋិតថេរដ៏សែនវេទនាអស់មួយជីវិតរបស់វា"។
នៅថ្ងៃបោះឆ្នោត ថ្ងៃទី៤ ខែវិច្ឆិកា ពលរដ្ឋCaliforniaបានបោះឆ្នោតដ៏ច្រើនលើសលប់គាំទ្រការផ្តួចផ្តើមគំនិតថ្មីហៅ Proposition 2 នេះ។
នៅក្រោមល័ក្ខខ័ណ្ឌនៃការផ្តួចផ្តើមគំនិតថ្មីសម្រាប់ការបោះឆ្នោត កូនគោដែលចិញ្ចឹមយកសាច់ មេមាន់សម្រាប់យកពង និងជ្រូកសម្រាប់បង្កាត់កូន មិនអាចបង្ខាំងទុកក្នុងទ្រុងតូចចង្អៀតបានទៀតទេ ប៉ុន្តែត្រូវឲ្យមានកន្លែងគ្រប់គ្រាន់សម្រាប់ឈរ ផ្តេកខ្លួនប្រមៀលខ្លួន និងលាតសន្ធឹងជើងរបស់វា។
ថ្វីបើច្បាប់ Prop 2 ស្តាប់ទៅដូចជាធម្មតាៗ ប៉ុន្តែវាបានទាក់ទាញក្រុមអ្នកប្រឆាំងដែលមានអំណាចជាច្រើន។
អ្នកស្រី Kay Johnson Smith ជាអគ្គនាយករងនៃសមាគមសម្ព័ន្ធភាពកសិកម្មនិងសត្វ ឬ Animal Agriculture Alliance។ សមាគមនេះលើកស្ទួយនូវអ្វីដែលគេហៅថា ការដោះស្រាយទទួលខុសត្រូវសុខុមាលភាពសត្វ។ អ្នកស្រី Smith មានប្រសាសន៍ថា ការតម្រូវឲ្យមានថ្មីៗទាំងឡាយនេះនឹងធ្វើឲ្យតម្លៃពងមាន់ឡើងថ្លៃខ្ពស់ ហើយនិងនាំឲ្យកសិករចិញ្ចឹមមាន់យកពងអស់មុខរបរ។
“វាប្រាកដជាដៅទៅលើឧស្សាហកម្មពងមាន់ ដូច្នេះក្រុមផលិតករភាគច្រើនដែលយើងបាននិយាយជាមួយនោះ និយាយថា ពួកគេមិនអាចមានលទ្ធភាពទិញអគារទេ។ ពួកគេមិនអាចរត់រួចដើម្បីទិញដីបន្ថែមដែលត្រូវបានតម្រូវសម្រាប់ធ្វើជាកន្លែងចិញ្ចឹមសត្វមាន់(ទាឬក្ងាន)នៅក្នុងប្រព័ន្ធធំទូលាយខ្លាំងបានទេ ដូច្នេះពួកគេអាចបាត់បង់មុខរបរ"។
ក៏ប៉ុន្តែលោក Paul Shapiroនៃសមាគមសង្គមសង្គ្រោះមានប្រសាសន៍ថា ការវិភាគផ្ទាល់របស់ឧស្សាហកម្មពងមាន់បង្ហាញថា ការតម្លើងថ្លៃពងមាន់បន្ថែមនោះនឹងបានស្តួចស្តើង គឺបានតិចជាងមួយសេនក្នុងពងមាន់មួយ។
ពលរដ្ឋCaliforniaនឹងនៅតែអាចទិញពងមាន់នាំចូលមកពីកសិដ្ឋាននានានៅក្នុងរដ្ឋដោយគ្មានបទបញ្ជាបែបហ្នឹងទេ។ អ្នកស្រី Smith មានប្រសាសន៍ថា ពលរដ្ឋCalifornia ជ្រើសទិញពងមាន់មានតម្លៃថោកនោះហើយ។
“មនុស្សនឹងបោះឆ្នោតគាំទ្រអ្វីដែលនាំឱ្យគេចំណេញលុយ ហើយខ្ញុំហ៊ាននិយាយថា ពួកគេនឹងនៅតែទិញពងមាន់មានតម្លៃថោក"។
លោកShapiro មិនយល់ស្របទេ។ លោកមានប្រសាសន៍ថា ជនជាតិអាមេរិកាំងចង់ឲ្យសត្វទាំងអស់បានទទួលការថែទាំដោយសុភាវធម៌។
“ពលរដ្ឋអាមេរិកាំងមិនចង់ឲ្យសត្វនៅក្នុងកសិដ្ឋានបង្ខាំងទុកក្នុងទ្រុងចង្អៀតខ្លាំងពេកដែលសត្វមិនអាចសូម្បីតែងាកខ្លួននិងលាតសន្ធឹងដៃជើងបាននោះទេ។ ធ្វើដូច្នេះវាខុសខ្លាំងណាស់ គឺខុសទាំងស្រុងតែម្តង"។
ត្រូវឬខុស ទាំងសងខាងគាំទ្រច្បាប់ដែលកំពុងធ្វើ និងដាក់ឲ្យប្រើដើម្បីការពារសត្វ។ ឥឡូវនេះច្បាប់ Proposition 2 បានអនុម័តហើយ។
ក្រុមកសិករប្រើច្បាប់នេះរហូតដល់ឆ្នាំ២០១៥ ដើម្បីប្រតិបត្តិការផ្លាស់ប្តូរ៕