នាយករដ្ឋមន្ដ្រីកម្ពុជា លោកហ៊ុន សែនបានជំរុញជាខ្លាំង នៅថ្ងៃពុធនេះឲ្យមានការប្រយុទ្ធប្រឆាំង និងទប់ស្កាត់អំពើភេរវកម្មនៅក្នុងប្រទេស ដោយជំរុញឲ្យមានការចូលរួមពីក្រុមប្រជាជន នៅក្នុងការទប់ស្កាត់អំពើភេរវកម្មផងដែរ។
«អ្វីដែលជាការទទូចចង់បានរបស់ខ្ញុំ គឺធ្វើយ៉ាងណាការពារកុំឲ្យមានអំពើភេរវកម្ម»។
លោក ហ៊ុន សែនមានប្រសាសន៍ដូច្នេះក្នុងពិធីសម្ពោធន៍អគារនៃលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងភេរ វកម្ម នៅជាយក្រុងភ្នំពេញ ដែលកូនប្រុសច្បងរបស់លោកធ្វើការនៅទីនោះ។ ថ្លែងនៅចំពោះមុខ អង្គទូតនានាក្នុងប្រទេសកម្ពុជា លោកប្រមុខរដ្ឋាភិបាលខ្មែរចាត់ទុកថា អំពើភេរវកម្ម គឺជាអំពើបិ សាច។
«វាកើតអត់រើសទីកន្លែង អត់រើសជាតិសាសន៍ អត់រើសសាសនាទេ។ វាវាយទាំងស្បែកលឿង។ វាវាយទាំងស្បែកស វាវាយទាំងស្បែកខ្មៅ។ វាវាយគ្រប់សាសនាទាំងអស់។ ជាបិសាចដែលឃោរឃៅបំផុតដែលយើងត្រូវប្រឆាំង»។
ប្រទេសកម្ពុជាធ្លាប់ចាប់បានជនសង្ស័យចំនួន៤នាក់ដែលសង្ស័យថា ជាប់ពាក់ព័ន្ធនឹងបណ្ដាញភេរ វកម្មJemaah Islamyah (JI) ដែលជាបណ្ដាញភេរវកម្មប្រចាំទ្វីបអាស៊ី ហើយជនសង្ស័យបីនាក់ក្នុង ចំណោមនោះកំពុងស្ថិតនៅក្រោមការឃុំឃាំង បន្ទាប់ពីត្រូវបានផ្ដន្ទាទោសដោយតុលាការ។ មួយ វិញទៀត ហាំបាលី ដែលជាមេបណ្ដាញភេរវកម្ម JI មួយរូប ធ្លាប់បានសំងំស្នាក់នៅក្នុងប្រទេស កម្ពុជាមួយរយៈពេលខ្លីកាលពីដើមទសវត្សរ៍ឆ្នាំ២០០០មុននឹងត្រូវចាប់ខ្លួននៅក្នុងប្រទេសថៃ។
លោក ចន ចនសុន អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្រុងភ្នំពេញ មានប្រសាសន៍ថា សហរដ្ឋអាមេរិកចាត់ទុករដ្ឋាភិបាលកម្ពុជា ជាដៃគូដ៏រឹងមាំក្នុងកិច្ចសហការប្រយុទ្ធប្រឆាំងនឹងអំពើ ភេរវកម្ម។ ហើយសហរដ្ឋអាមេរិកចង់រក្សាដៃគូនេះឲ្យបានស្ថិតស្ថិរ។
«យើងបាននិយាយកាលពីពេលមុនថា ព្រំដែនប្រទេសកម្ពុជាដែលងាយឆ្លងកាត់នោះ គឺឲ្យព្រួយ បារម្ភ មិនគ្រាន់តែសម្រាប់អំពើភេរវកម្មទេ ក៏ប៉ុន្ដែសម្រាប់ឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរគ្រឿង ញៀនផងដែរ។ ហើយយើងសហការជាមួយនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីជួយឲ្យវិស័យសន្ដិសុខ ផ្នែកដែនសមុទ្រ និងដែនគោករបស់ប្រទេសកម្ពុជាមានភាពប្រសើរឡើងប្រយោជន៍ធានាថា ប្រទេសកម្ពុជានៅតែស្ថិតជាដៃគូរឹងមាំ និងស្ថិតស្ថិរនៅក្នុងតំបន់»។
សហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ បានជួយបណ្ដុះបណ្ដាលដល់បុគ្គលិកកម្ពុជាផ្នែកប្រ ឆាំងអំពើភេរវកម្មជាច្រើន ក្នុងល័ក្ខខ័ណ្ឌដើម្បីជួយពង្រឹងសមត្ថភាពរបស់ប្រទេសនេះ៕