កិច្ច​ការ​ស្ម័គ្រ​ចិត្ត​នៅ​ប្រទេស​កម្ពុជា​ផ្តល់​មេរៀន​ដ៏ពិសេស៖ អង្គ​ការ​ភីសខស៍

នាង អេរិកា ​កំពុង​​ដាំ​ដើម​គរគី​ក្នុង​បរិវេណ​សាលា។

ការ​រស់​នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​វប្ប​ធម៌​របៀប​រស់​នៅ ម្ហូប​អាហារ​ និង​ភាសា​ខុស​គ្នា​គឺ​ជា​ការ​ប្រឈម​មុខ​ធំ​បំផុត​ ហើយ​ក៏​ជា​ឱកាស​មួយល្អបំផុត​សម្រាប់រៀន​អំពី​វប្ប​ធម៌​របៀប​រស់​នៅ​និងការ​ប្រឈម​មុខ​របស់ប្រជា​ពល​រដ្ឋ​ក្នុង​មូល​ដ្ឋាន​ដែរ។​ នេះ​ជា​សម្តី​របស់នាង​អេរីកា​ ហ៊័រ​មែន​ (Erica Herrmann)​អ្នក​ស្ម័គ្រ​ចិត្ត​ជំនាន់ទី​មួយនៃ​អង្គ​ការ​ Peace​ Corps។​ នាង​អេរីកា​ឱ្យ​ដឹង​ថា​ ដោយ​សារ​តែក្នុង​នាមជានារី​អាមេរិកាំង​ នាង​មាន​សេរី​ភាព​គ្រប់​គ្រាន់​កាល​ពី​នាង​នៅ​សហ​រដ្ឋ​អាមេរិក។​ ពីដំបូងនាង​មាន​ការ​លំបាក​ចំពោះ​ការ​រិត​ត្បិត​សេរី​ភាព​ក្នុង​ការ​ចេញ​ដើរ​ ព្រោះគ្រួ​សារដែលនាងនៅ​ជា​មួយ​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិ​ភាព​របស់​នាង។​ នាង​អេរីកា​បន្តថា៖

«ខ្ញុំ​ត្រូវ​បាន​ទទួល​ស្វាគមន៍​ចូល​ស្នាក់​នៅ​យ៉ាង​រាក់​ទាក់។​ ពួក​គាត់ហៅ​ខ្ញុំ​ថាកូន​ស្រី​និងប្អូន​ស្រី​ភ្លាមៗ។​ ពិត​ជា​ល្អ​ណាស់។​ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ ​ខ្ញុំ​ចាប់​ផ្តើម​ដឹង​ថា​ ខ្ញុំ​ស្ថិត​នៅ​ក្រោម​ការ​មើល​ការ​ពារ​របស់​ពួក​គាត់​គ្រប់​ពេល។​ ហើយនៅ​ពេល​ខ្ញុំ​ចង់​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ ខ្ញុំ​ត្រូវ​តែ​ប្រាប់​ពួក​គាត់​ថា​ខ្ញុំ​ទៅ​ណា?​ ទៅ​ជា​មួយ​អ្នក​ណា?​ ពេល​ដល់​នោះ​ម៉ោង​ប៉ុន្មាន?​ ម៉ោង​ប៉ុន្មាន​ត្រឡប់​មក​វិញ?​ តើ​ខ្ញុំ​ទូរ​ស័ព្ទ​មក​ពួក​គាត់​ដែរ​ឬ​ទេ?​ ត្រូវ​ចំណាយ​ពេល​រាប់​ខែ​ទម្រាំ​ពួក​គាត់​ដឹង​ថា​ ខ្ញុំ​អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង។ ​ប៉ុន្តែ​ក្នុង​នាម​ជា​ស្រ្តី​អាមេរិកាំង​ ខ្ញុំ​ធ្លាប់​ទៅ​ណា​មក​ណា​ដោយ​មិន​ចាំ​បាច់​ប្រាប់​គ្រប់​ពេល។​ ដែល​នេះ​គឺ​ជា​ការ​ប្រឈម​មុខ​ដ៏​តឹង​ចិត្ត​បំផុត​ ហើយ​ការ​ព្យាយាម​ប្រាស្រ័យ​ទាក់​ទង​ទាំង​អស់​ជា​ភាសា​ខ្មែរ​ គឺ​ជា​រឿង​ដ៏​លំបាក»។

លោក​យាយ​ អួយ​ សេង​ច័ន្ទ​ ដែល​ជា​ម្ចាស់​ផ្ទះ​ដែល​នាង​អេរិកា​ រស់​នៅ​ បាន​ប្រាប់​វីអូអេ​សំឡេង​សហ​រដ្ឋ​អាមេរិក​ផ្នែក​ខេមរ​ភាសា​ថា​ លោក​យាយ​ចាត់​ទុក​អេរិកា​ ដូច​កូន​របស់​លោក​យាយ​ ហើយ​លោក​យាយ​រិត​ត្បិត​ការ​ដើរ​ទៅ​ណា​មក​ណា​ ដោយ​សារ​លោក​យាយ​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិ​ភាព​របស់​នាង​ ប៉ុន្តែ​នាង​អេរិកា​ជា​ក្មេង​ល្អ​ដែល​តែង​គោរព​ម៉ោង​ពេល។​ លោក​យាយ​មាន​ប្រសាសន៍​ថា​៖

«បាន​ថា​ កុំ​ឲ្យ​គាត់​ដើរ​លេង​ហួស​ពេល​វេលា​អញ្ចឹង​ណា៎​ នាំ​ឲ្យ​ខ្ញុំ​ភ័យ​ព្រួយ​បារម្ភ​អំពីគាត់​ ដូច​ថា​ ខ្លាច​ក្រែង​មាន​គ្រោះ​ថ្នាក់​អីអញ្ចឹង។​ ខ្ញុំ​មើល​ការ​ខុស​ត្រូវ​ ស្រឡាញ់​ដូច​កូន​ដូច​ចៅ​ខ្ញុំ​ ដូច្នេះខ្ញុំ​ចេះ​តែ​ប្រដៅ​ទៅ ​ចេះ​តែ​សួរ​គាត់​ទៅ ​ ទៅ​ណា? មក​ណា​?​ អីអញ្ចឹង។​ តែ​គាត់​ក៏​មិន​ដែល​ដើរ​លេង​ហួស​ពេល​វេលា​អី​ដែរ។​ ល្ងាច​ឡើង​គាត់​មក​ដល់​ផ្ទះ​ហើយ»។

លោក​យាយ​មាន​ប្រសាសន៍​ថា​ នាង​អេរិកា​មិន​ដែល​នាំ​អំពល់អ្វី​ដល់​លោក​យាយ​ និង​ក្រុម​គ្រួសារ​លោក​យាយ​ទេ​ តែ​ក្រុម​គ្រួសារ​លោក​យាយ​មាន​ការ​នឹក​រឭក​ អាឡោះ​អាល័យ​ជា​ខ្លាំង​ដល់​នាង​នៅ​ពេល​នាង​ចាក​ចេញ​ទៅ​ប្រទេស​កំណើត​របស់​នាង​វិញ។​ លោក​យាយ​បន្ត​ទៀត​ថា៖

«អត់​មាន​ពិបាក​អីផង។​ គាត់​លេង​សើច​ធម្មតា។​ គាត់​អត់​មាន​ដែល​ខឹង​អី​ខ្ញុំ​ទេ។​ រៀប​ទៅ​គាត់​ធ្វើ​ឲ្យ​ខ្ញុំ​អាឡោះ​អាល័យ​ ពីព្រោះ​គាត់​ធ្លាប់​លេង​ប្រឡែង​រាល់​ថ្ងៃ។​ មុន​ដំបូង​គាត់​អត់​សូវ​ចេះ​ខ្មែរ​ទេ​ តែ​យូរៗ​ទៅ​គាត់​ចេះ​ខ្មែរ​ច្រើន។​ គាត់​ស្គាល់​អា​នេះ​ហៅ​អី​ អា​នោះ​ហៅ​អី។​ ឲ្យ​តែ​ហៅ​គាត់​ពិសារ​បាយ​ “អេរិកា ​ញ៉ាំ​បាយ​” ​“ចា៎​ម៉ែ” ពិរោះ​ណាស់​ ដូច​សារិកា​កែវ​អញ្ចឹង»។

ក្រៅ​ពី​រៀន​ទទួល​ទាន​ម្ហូប​ខ្មែរ​ នាង​អេរិកា​ធ្លាប់​បាន​ធ្វើ​ម្ហូប​អាហារ​ឲ្យ​លោក​យាយ​បាន​ភ្លក្ស​រស់​ជាតិ​អាហារ​របស់អាមេរិក។​ លោក​យាយ​សេង​ច័ន្ទ​ថ្លែង​ថា៖

«ធ្លាប់​ទិញ ​និង​ធ្វើ​ម្ហូប​គាត់​ឲ្យ​ខ្ញុំ​ញ៉ាំ​ដែរ។​ ធ្វើ​ឲ្យ​ខ្ញុំ​មួយ​ចាន​អី​អញ្ចឹង​ដែរ។​ សុទ្ធ​តែ​គ្រឿង​កំប៉ុង​គ្រឿង​អី​ហ្នឹង​ណ៎ា ។​ មុន​ដំបូង​គាត់​អត់​សូវ​ចេះ​ញ៉ាំ​ម្ហូប​ខ្មែរ​ទេ។​ ដល់​បាន​មួយ​ឆ្នាំ​ ហើយ​ចូល​ដល់​ពីរ​ឆ្នាំ​អញ្ចឹង​ទៅ​ ដូច​ថា ​ចេះ​ញ៉ាំ​សម្ល​ម្ជូរ​គ្រឿង​ សម្ល​ការី​ សម្ល​ប្រហើរ​អី​អញ្ចឹង​ទៅ​ណា៎​ ហើយ​ចូល​ចិត្ត​សម្ល​ខ្មែរ​ “ឆ្ងាញ់​ណាស់​ម៉ែ​ ឆ្ងាញ់​ណាស់”»។

នាង អេរិកា​ត្រូវ​បាន​ទទួល​រាក់​ទាក់​ពី​គ្រប់​មជ្ឈ​ដ្ឋាន​ទាំង​នៅ​ក្នុង​ភូមិ​ និង​នៅ​សាលា។​ នៅ​ឯ​វិទ្យា​ល័យ​សម្តេច​ហ៊ុន​ សែន​ ពាម​ជីកង​ ជា​ទី​ដែល​នាង​ធ្វើ​ការ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​នោះ ​នាង​អេរីកា​ត្រូវ​បាន​ទទួល​ស្វាគមន៍​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​សាលា​ លោក​គ្រូ​អ្នក​គ្រូ​ និង​សិស្សា​នុសិស្ស។​ សព​លោក​គ្រី​ សុផានិត​ អតីត​នាយកវិទ្យា​ល័យ​សមេ្តច​ហ៊ុន​ សែន​ ពាម​ជីកង ​បាន​ប្រាប់​វីអូអេ​សំឡេង​សហ​រដ្ឋ​អាមេរិក​ ផ្នែក​ខេមរ​ភាសា​ ប៉ុន្មាន​ថ្ងៃ​មុន​ពេល​លោក​ទទួល​មរណ​ភាព​ថា​ ក្រៅ​ពី​បង្រៀន​ភាសា​អង់​គ្លេស​ នាង​អេរិកា​បាន​ជួយ​សាលា​របស់​លោក​ច្រើន។​ សព​លោកសុផានិត​មាន​ប្រសាសន៍​ថា៖

«គាត់​បាន​ផ្តល់​ប្រយោជន៍​មក​ឲ្យ​យើង​ដែរ​ គឺ​ក្រៅ​ពី​ភាសា​អង់​គ្លេស​ គាត់​បាន​បង្ហាត់​កីឡា​នៅ​វិទ្យា​ល័យ​សម្តេច​ហ៊ុន​ សែន​ពាម​ជីកង​របស់​យើង​នេះ​ ទទួល​បាន​ជោគ​ជ័យ​ផង​ គឺ​កីឡា​បាល់​បោះ​ គឺ​គាត់​បាន​ដឹក​នាំ​សិស្ស​ទៅ​ប្រកួត​ថ្នាក់​ខេត្ត​គឺ​ជាប់​បាន​ចំណាត់​ថ្នាក់​លេខ​ពីរ​ទូទាំង​ខេត្ត​នេះ​ផង​ដែរ»។

ចំណែក​លោក​ អេង​ សង្ហា​ ដែល​ជា​ដៃ​គូ​បង្រៀន​ភាសា​អង់​គ្លេស​ម្នាក់​របស់​នាង​អេរិកា​ បាន​សរសើរ​អេរីកា​ទាំង​របៀប​ធ្វើ​ការ ​អាកប្ប​កិរិយា​ និង​អត្ត​ចរិត។​ គាត់​ថ្លែងថា​៖

«ហើយ​គាត់​ហ្នឹង​គឺ​ជា​មនុស្ស​ល្អ​ណាស់ ​អេរិកា​ហ្នឹង​ ហើយ​គាត់​ហ្នឹង​ចេះ​ជួយ​ទុក្ខ​ធុរៈគ្នា​ទៅ​វិញ​ទៅ​មក។​ ខ្ញុំ​ធ្វើ​ការ​ជា​មួយ​គាត់​ហ្នឹង​គឺ​ទទួល​បាន​ចំណេះ​ដឹង​ច្រើន​ពី​គាត់​ ទាំង​ផ្នែក​ភាសា​អង់គ្លេស​ និង​វប្ប​ធម៌​របស់​គាត់។​ លើស​ពី​នេះ​ទៅ​ទៀត ​អេរិកា​ហ្នឹង​គាត់​ជា​មនុស្ស​ដែល​រស់​រាយ​បំផុត​ ហើយ​ពេល​ដែល​ជួប​អ្នក​ណា​ក៏​ដោយ​ គាត់​តែង​តែ​និយាយ​ “សួស្តី” ​ដាក់​ទាំង​អស់។​ គាត់​រស់​រាយ​ណាស់។​ គាត់​ក៏​ជា​មនុស្ស​ឧស្សាហ៍​ណាស់ ​ដោយ​គាត់​មក​ធ្វើ​ការ​ទៀង​ម៉ោង​ពេល​វេលា។​ គាត់​មក​មិន​ដែល​យឺត​ ហើយ​មិន​ដែល​ខាន​ទេ​បាទ»។

វត្ត​មាន​អេរិកាគឺ​ជា​កម្លាំង​ជំរុញ​មួយ​ដល់​សិស្សា​នុសិស្ស​ ឲ្យ​ខិត​ខំ​សិក្សា​ភាសា​អង់​គ្លេស។​ និស្សិត​លាង​ ហ៊ី​ ដែល​បច្ចុប្បន្ន​ជា​និស្សិត​វិទ្យា​ស្ថាន​បចេ្ចក​វិទ្យា​ និង​វិទ្យា​ស្ថាន​ភាសា​បរ​ទេស​ឆ្នាំ​ទី​៣​ ហើយ​ធ្លាប់​ជា​សិស្ស​ភាសា​អង់​គ្លេស​របស់​នាង​អេរិកា​ ថ្លែង​ថា​ ប្អូន​ប្រុស​បាន​ខិត​ខំ​សិក្សា​ខ្លាំង​ជាង​មុន​ ដើម្បី​តប​ស្នង​ទៅ​នឹង​ការ​តាំង​ចិត្ត​របស់​នាង​អេរិកា​ ជំនះ​ការ​លំបាក​មក​បង្រៀន​នៅ​តាម​ជន​បទ​បែប​នេះ។​ និស្សិត​លាង​ ហ៊ី ​បន្ត​ទៀត​ថា៖

«មុន​គាត់​ចូល​មក​បង្រៀន​ សិស្ស​ភាគ​ច្រើន​មិន​សូវ​ចូល​ថ្នាក់​ប៉ុន្មាន​ទេ។​ ពេល​គាត់​មក​បង្រៀន​ មិន​ឃើញ​មាន​សិស្ស​ណា​ដែល​អត់​ចូល​រៀន​នោះ​ទេ។​ ម្នាក់ៗ​ផ្តោត​ទៅ​លើ​ការ​សិក្សា​ភាសា​អង់​គ្លេស​ខ្លាំង​ជាង​មុន។​ គាត់​បាន​បង្កើត​ក្លឹប​ពេល​ល្ងាច​មួយ​ដើម្បី​បង្រៀន​សិស្ស​នារី ។​ ឃើញ​ថា​ ​ ភាគ​ច្រើន​គាត់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សិស្ស ។​ អ្វី​ដែល​គាត់​ចេះ​គាត់​តែង​តែ​ចង់​ចែក​រំលែក​ឲ្យ​អ្នក​ដទៃ។​ ពេល​ឃើញ​គេ​លេង​កីឡា​ គាត់​តែង​តែ​ទៅ​ចូល​រួម។​ សិស្ស​ភាគ​ច្រើន​មាន​ការ​អភិវឌ្ឍ​ច្រើន​តែ​ម្តង ។​ ម្នាក់ៗ​ស្ងើច​សរ​សើរ​គាត់​ណាស់ ​ហើយ​ខំ​ប្រឹង​ព្យាយាម​ដើម្បី​តប​ស្នង​ទៅ​នឹង​អ្វី​ដែល​គាត់​ខំ​ប្រឹង​ ដែល​គាត់​ព្យាយាម​មក​ស្ម័គ្រ​បង្រៀន​ ដោយ​ឥត​គិត​ថ្លៃ​នៅ​សាលា​យើង​នៅ​តាម​ជន​បទ​នេះ» ។

ក្នុង​ចំណោម​អ្នក​ស្ម័គ្រ​ក្រុម​ទី​មួយ​ចំនួន​២៩​នាក់​នោះ​ នាង​អេរិកា​ ហ៊័រ​មែន​បាន​ទៅ​ធ្វើ​ការ​នៅ​វិទ្យា​ល័យ​សមេ្តច​ហ៊ុន ​សែន​ពាម​ជីកង​ ស្រុក​កងមាស​ ខេត្ត​កំពង់​ចាម​រយៈ​ពេល​ពីរ​ឆ្នាំ​ ពី​ឆ្នាំ​២០០៧​ ដល់​ឆ្នាំ​២០០៩។​ បច្ចុប្បន្ន​នាងជា​និស្សិតថ្នាក់​ក្រោយឧត្តម​សិក្សា​ផ្នែក​គោល​នយោ​បាយ​សាធារណៈ​នៃ​សាលា​កិច្ច​ការ​សាធារណៈ​ សាកល​វិទ្យា​ល័យ​ American​ University​ នា​រដ្ឋ​ធានី​វ៉ាស៊ីន​តោន។​ នាង​បាន​ប្រាប់​វីអូអេ​សំឡេង​សហ​រដ្ឋ​អាមេរិក​ផ្នែក​ខេមរ​ភាសា​ថា​ នាង​រីករាយ​ និង​មាន​មោទន​ភាព​ដែល​បាន​ធ្វើ​ការ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​នៅ​ប្រទេស​កម្ពុជា។​ ក្រៅ​ពី​មាន​ឱកាសចែក​រំលែក​ចំណេះ​ដឹង​របស់​នាង​ដល់​សហ​គមន៍​មូល​ដ្ឋាន​ នាង​រៀន​បាន​ច្រើន​អំពី​វប្បធម៌​ភាសា​ និង​ការ​លំបាក​ដែល​សមា​ជិក​សហ​គមន៍​មូល​ដ្ឋាន​ជួប​ប្រទះ។​ នាង​និយាយ​ថា​ នេះ​គឺ​ជា​បទ​ពិសោធន៍​ពិសេស​សម្រាប់​នាង។​ នាង​អេរិកា​បន្ត​ទៀត​ថា៖

«គ្រាន់​តែ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​សិស្ស​របស់​ខ្ញុំ​ និង​គ្រួសារ​ដែល​ខ្ញុំ​បាននៅ​ជា​មួយ​ ខ្ញុំ​រៀន​អំពី​វប្ប​ធម៌ ​ពីព្រោះ​ខ្ញុំ​ស្រឡាញ់​ការ​សិក្សា​អំពី​វប្ប​ធម៌​ផ្សេងៗ​ និង​មនុស្ស​ផ្សេងៗ​ ហើយ​ខ្ញុំ​ដឹង​រឿង​ច្រើន​ទោះ​បី​មិន​ដឹង​អំពី​អាស៊ី​ជា​ទូទៅ​ ក៏​ដឹង​ជា​ពិសេស​អំពី​កម្ពុជា​ដែរ​ គឺ​ដឹង​អំពី​អ្វីៗ​ដែល​អ្នក​មិន​អាច​ទទួល​បាន​ពី​ការ​អាន​ និង​សៀវ​ភៅ​ផ្សេងៗ​នោះ​ទេ» ។

អង្គ​ការ​ភីសខស៍​ (Peace Corps)​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិក​ចន​ ឃែន​ណឺឌី ​(John​ Kennedy)​ នៅ​ថ្ងៃ​ទី១​ ខែ​មិនា​ ឆ្នាំ​១៩៦១​ ដើម្បី​លើ​កម្ពស់​មិត្ត​ភាព​ និង​សន្តិ​ភាព​អន្តរ​ជាតិ ​តាម​រយៈ​សេវា​ស្ម័គ្រ​ចិត្ត​សហ​រដ្ឋ​អាមេរិក​នៅ​បរទេស។​ អង្គការ​ភីសខស៍​ មាន​ទិស​ដៅ​ចម្បង​បី​គឺ​បញ្ជូន​អ្នក​មាន​ជំនាញឲ្យទៅ​ជួយធ្វើ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ និង​សង្គម​នៃ​ប្រទេស​ដែល​ចាប់​អារម្មណ៍។​ លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រជា​ពល​រដ្ឋ​ដែល​ទទួល​បាន​សេវា​ឲ្យ​កាន់​ប្រសើរ​អំពី​សហ​រដ្ឋ​អាមេរិក​ និង​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រជា​ពល​រដ្ឋ​អាមេរិក​ឲ្យ​កាន់​តែ​ប្រសើរ​អំពី​ប្រជា​ពល​រដ្ឋ​ផ្សេងៗ​ក្នុង​ពិភព​លោក។

ចាប់​តាំង​ពី​អង្គ​ការ​ភីសខស៍​ត្រូវ​បាន​បង្កើត​ឡើង​ មាន​អ្នក​ស្ម័គ្រ​ចិត្ត​ជិត​២​សែននាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ចំនួន​១៣៩​ទូទាំង​ពិភព​លោក។

លោក​ចន ​ដារ៉ាហ៍​ (Jon Darrah)​ ប្រធាន​អង្គការ​ភីសខស៍ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ប្រាប់​វីអូអេ​ផ្នែក​ខេមរ​ភាសា​ថា ​លោក​រីក​រាយ​ការ​ដែល​សេវា​របស់​អ្នក​ស្ម័គ្រ​ចិត្ត​របស់​អង្គការភីសខស៍​ត្រូវ​បាន​ទទួល​ស្វាគមន៍​ពី​គ្រប់​មជ្ឈ​ដ្ឋាន​ ទាំង​ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ថ្នាក់​ដឹក​នាំ​ក្រសួង​អប់រំ​ដែល​ជា​សាម៉ី​ក្រសួង​ វិទ្យា​ល័យ ​និង​ប្រជា​ពល​រដ្ឋ​តាម​សហ​គមន៍​ដែល​អ្នក​ស្ម័គ្រ​ចិត្ត​ទៅ​រស់​នៅ​ជា​មួយ។​ លោក​ដារ៉ាហ៍​ថ្លែង​ថា៖

«យើង​មាន​អ្នក​គាំទ្រ​ច្រើន​ ហើយ​ឯក​ឧត្តម​អ៊ឹម ​សិទ្ធី​ រដ្ឋ​មន្រ្តី​អប់រំ​មក​មើល​សាលា​ដែល​អ្នក​ស្ម័គ្រ​របស់​យើង​ធ្វើ​ការ។​ យើង​មាន​មន្ត្រី​មន្ទីរ​អប់រំ​ខេត្ត។ ​យើង​មាន​នាយក​សាលា​ ដែល​មក​ជួប​យើង​ និង​ទៅ​ក្រសួង​អប់រំ​ដើម្បី​ស្នើ​សុំ​អ្នក​ស្ម័គ្រ​របស់​យើង។​ នាយក​រដ្ឋ​មន្ត្រី​ខ្លួន​ឯង​ក៏​បាន​និយាយ​ល្អ​អំពី​កិច្ច​ការ​ដែល​យើង​ធ្វើ។​ ខ្ញុំ​យល់​ថា ​យើង​មាន​ការ​ចាប់​ផ្តើម​បាន​ល្អ ​ហើយ​យើង​រីក​រាយ​នឹង​ការ​គាំទ្រ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នេះ»។

យោង​តាម​លោក​ចន​ ដារ៉ាហ៍ ​នាយក​អង្គ​ការ​ភីស​ខស៍​ នៅ​កម្ពុជា​ឲ្យ​ដឹង​ថា​ រដ្ឋា​ភិបាលសហ​រដ្ឋ​អាមេរិក​ បាន​ចុះ​ហត្ថ​លេខា​ជា​មួយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ស្តី​អំពី​កម្ម​វិធី​នេះ​តាំង​ពី​ឆ្នាំ​១៩៩៤​ ប៉ុន្តែ​ដោយ​សារ​តែ​ស្ថាន​ភាព​សន្តិ​សុខ​នៅ​តាម​ជន​បទ​មិន​អំណោយ​ផល​ កម្ម​វិធី​សេវា​ស្ម័គ្រ​ចិត្ត​ភីស​ខស៍​ នេះ​ត្រូវ​បាន​ពន្យា​ រហូត​ដល់​ឆ្នាំ​២០០៦​ ហើយ​អ្នក​ស្ម័គ្រ​ត្រូវ​បាន​បញ្ជូន​ទៅ​តាម​សហ​គមន៍​ជន​បទ​នៃ​ប្រទេស​កម្ពុជា​ នៅ​ឆ្នាំ​២០០៧។​ ការ​បញ្ជូន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​មួយ​ឆ្នាំ​ម្តង​ ដែល​មក​ដល់​ពេល​នេះ​មាន​ចំនួន​១០០​នាក់​ហើយ។​ ក្រុម​ស្ម័គ្រ​ចិត្ត​បន្ទាប់​នឹង​ត្រូវ​ទៅ​ដល់​កម្ពុជា​នៅ​ចុង​ខែ​កក្កដា​ខាង​មុខ​នេះ ។​ ​អ្នក​ស្ម័គ្រ​ចិត្ត​ម្នាក់ៗ​ត្រូវ​តែ​ស្នាក់​នៅ​ទី​នោះ​រយៈ​ពេល​ពីរ​ឆ្នាំ​ ហើយ​ទទួល​ទាន​អាហារ​ជា​មួយ​គ្រួសារ​ដែល​ខ្លួន​រស់​នៅ​ជា​មួយ​ ​យ៉ាង​ហោច​ណាស់​មួយ​ពេល​ក្នុង​មួយ​ថ្ងៃ៕