បុណ្យ​ពូន​ភ្នំ​ខ្សាច់​ ពិធី​ស្រង់​ព្រះ​ពេល​ចូល​ឆ្នាំ​ថ្មី

ពលរដ្ឋខ្មែរនាំគ្នាធ្វើបុណ្យ។

នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នេះ​ ប្រជា​ជន​នាំ​គ្នា​ប្រារព្ធ​ពិធី​ពិសេសៗ​មួយ​ចំនួន​ដូច​ជា​ពិធី​ពូន​ភ្នំ​ខ្សាច់​ ពិធី​ស្រង់​ព្រះ​និង​ពិធី​ស្រោច​ទឹក​ជម្រះ​កាយ​ឪពុក​ម្តា​យ ​ជីដូន​ជីតា​ឬ​ចាស់​ទុំ​ក្នុង​ភូមិ​ស្រុក​ ដើម្បី​នាំ​មក​នូវ​សំណាង​ល្អ​ សុភ​មង្គល​ អាយុ​យឺន​យូរ​និង​រក​ស៊ី​មាន​បាន​សម្រាប់​ឆ្នាំ​ថ្មី។

(សម្លេងសូត្រធម៌ក្នុងវត្ត....)

នៅ​ក្នុង​សាលា​ឆាន់​នៃ​វត្ត​ទួល​សន្តិវ័ន​ ក្នុង​ខណ្ឌ​ឫស្សី​កែវ​ ជាយ​ក្រុង​ភ្នំពេញ​ ប្រជា​ពល​រដ្ឋ​ប្រមាណ​៣០០​នាក់​មាន​ទាំង​ក្មេង​មាន​ទាំង​ចាស់​កំពុង​អង្គុយ​បត់​ជើង​ត្រង​ត្រាប់​ស្តាប់​ធម៌​ ក្នុង​ខណៈ​ពេល​ដែល​អ្នក​ខ្លះ​កំពុង​ឈរ​ត្រៀប​ត្រា​ជុំវិញ​ពំនូក​ខ្សាច់​ចំនួន​៥ពំនូក​ ដែល​គេ​ពូន​ឡើង​រាង​ដូច​ជា​ភ្នំ​តូចៗ​ដែល​មាន​កំពូល​ស្រួច។​ នៅ​លើ​ពំនូក​ខ្សាច់​នីមួយៗ​មាន​ដោត​ទង់​ក្រដាស​តូចៗ​ពណ៌​ស ​និង​លម្អ​ទៅ​ដោយ​កម្រង​ផ្កា​ភ្ញី​ខ្លះ​ផង។

ពាក់​ខោ​ខ្មៅ​និង​អាវ​ពណ៌​ស​ ហើយ​នៅ​នឹង​ដៃ​មាន​កាន់​ធូប​៥​សសៃ​និង​ក្រដាស​ប្រាស់​១០០​រៀល​ថ្មីៗ​មួយ​បាច់​ផង​នោះ​ លោក​ ព្រាប​ សុវណ្ណ​ កំពុង​ដើរ​ជា​មួយ​សមាជិក​គ្រួសារ​របស់​លោក​ជុំ​វិញ​ពំនូក​ខ្សាច់​ទាំង​នោះ​ដោយ​យក​ដៃ​ម្ខាង​ចូក​ខ្សាច់​ពី​ផ្នែក​ខាង​ក្រោម​ពូន​អូស​ឡើង​ទៅ​លើ​ពំនូក​នីមួយៗ​ ហើយ​លើក​ដៃ​សំពះ​បួង​សួង​ដោយ​បង្ហើប​មាត់​តិចៗ។

«ពូន​ភ្នំ​ខ្សាច់​នេះ​ គឺ​ដើម្បី​ឱ្យ​យើង​ជម្រះ​កម្ម​យើង។​ ប្រសិន​បើ​យើង​មាន​បាប​កម្ម​ យើង​ធ្លាប់​ធ្វើ​បាប​ពី​មុន​ អញ្ចឹង​យើង​រាប់​ខ្សាច់​ដើម្បី​ឱ្យ​ជ្រះ​ស្រឡះ​បាប​កម្ម​យើង»។

ជា​រៀង​រាល់​ឆ្នាំ​ លោក​ព្រាប​ សុវណ្ណ​ វ័យ​២៥​ឆ្នាំ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ លោក​និង​ក្រុម​គ្រួសារ​តែង​តែ​ចូល​រួម​ក្នុង​ពិធី​ពូន​ភ្នំ​ខ្សាច់​នេះ​នៅ​ថ្ងៃ​ទីបី​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដែល​គេ​ហៅ​ថា ​វរៈ​ឡើង​ស័ក​ឬ​ថ្ងៃ​ឡើង​ស័ក។

ពិធី​ពូន​ភ្នំ​ខ្សាច់​នេះ​គឺ​ជា​ពិធី​មួយ​ក្នុង​ចំណោម​ពិធី​សំខាន់​ចំនួន​២​ដែល​ប្រជា​ជន​ត្រូវ​គោរព​ប្រតិ​បត្តិ​នៅក្នុង​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។​ ការ​ប្រតិ​បត្តិ​ជា​ប្រពៃណី​មួយ​ទៀត​នោះ​គឺ​ពិធី​ស្រង់​ព្រះ​ពុទ្ធ​រូប​និង​ពិធី​ផ្ងូត​ទឹក​ឪពុក​ម្តាយ​ ជី​ដូន​ជីតា​ ឬ​ចាស់​ទុំ​ក្នុង​ភូមិ។

ព្រះ​ភិក្ខុ​ ចាន់ ​នឿន​ ជា​ព្រះ​គ្រូ​សូត្រ​ស្តាំ​នៅ​វត្ត​ទួល​សន្តិ​វ័ន​ មាន​សង្ឃ​ដិកា​ថា​ ការ​ពូន​ភ្នំ​ខ្សាច់​នេះ​ត្រូវ​បាន​ប្រជា​ជន​ខ្មែរ​នាំ​គ្នា​ប្រារព្ធ​ធ្វើតៗ​គ្នា​តាំង​ពី​បុរាណ​មក​ ដោយ​ពួក​គេ​ជឿ​ថា ​ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​ពួក​គេ​ឱ្យ​រួច​ចាក​ផុត​ពី​គ្រោះ​អាក្រក់​ផង​ទាំង​ពួង​បាន។

«បើ​កាល​ណា​សេចក្តី​អាក្រក់​ទាំង​ឡាយ​ណា​ចង់​កើត​ឡើង​មក​ដល់​ខ្លួន​បាន​ លុះ​ត្រា​តែ​យម​រាជ​ យម​បាល​អី​គេ​រាប់​គ្រាប់​ខ្សាច់​ហ្នឹង​អស់​ ទើប​អាច​ផ្តល់​នូវ​សេចក្តី​ទុក្ខ​ដល់​ខ្លួន​បាន។​ អញ្ចឹង​ហើយ​បាន​ជា​ ប្រជា​ពល​រដ្ឋ​ខ្មែរ​មាន​ជំនឿ​ថា ​កាល​ណា​ពូន​ភ្នំ​ខ្សាច់ ​ធម្មតា​ខ្សាច់​ដែល​យើង​ពូន​តែ​មួយ​ក្តាប់​ទៅ​មិន​ដឹង​ជា​ប៉ុន្មាន​លាន​គ្រាប់​ទេ ​អញ្ចឹង​មិន​អាច​រាប់​អស់​ទេ។ អញ្ចឹង​ខ្លួន​បា្រកដ​ជា​ទទួល​បាន​សេចក្តី​សុខ​ សេចក្តី​ចម្រើន​ ហើយ​នេះ​ជា​ទំនៀម​របស់​បុរាណ​ខ្មែរ​យើង»។

(ចម្រៀង...ប្រវត្តិពូនភ្នំខ្សាច់)

ពិធី​ពូន​ភ្នំ​ខ្សាច់​នេះ​តាម​ទំនៀម​គឺ​គេ​យក​ដី​ខ្សាច់​សុទ្ធ​មក​ចាក់​នៅ​កណ្តាល​ទី​ធ្លា​វត្ត​ រួច​ពូន​ឡើង​ឱ្យ​មាន​រាង​ដូច​ភ្នំ​ឬ​ចេតីយ៍​បែរ​មុខ​ទៅ​ទិស​ខាង​កើត​ដោយ​គេ​សន្មត់​ថា​ ដូច​ជា​ការ​កសាង​ "វាលុកចេតិយ” ​ដូច្នោះ​ដែរ។​ "វា​លុក​ចេតិយ”​ គឺ​តំណាង​ឱ្យ​ព្រះ​ចូឡាមណី​ចេតិយ​ដែល​គេ​សង់​សម្រាប់​បញ្ចុះ​ព្រះ​កេសា​និង​ព្រះ​ចង្កូម​កែវ​ឬ​ថ្គាម​របស់​ព្រះ​ពុទ្ធ។

ពិធី​ពូន​ភ្នំ​ខ្សាច់​នេះ​ គេ​អាច​ធ្វើ​នៅ​ក្នុង​ថ្ងៃ​ទី​១​និង​ទី​២​នៃ​វិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ មុន​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​បី​នេះ​ក៏​បាន​ឬ​ក៏​ធ្វើ​ទាំង​បី​ថ្ងៃ​តែ​ម្តង​ក៏​បាន។​ ហើយ​នៅ​ក្នុង​វត្ត​ខ្លះ​ ប្រជា​ជន​ខ្មែរ​ធ្វើ​ពិធី​ពូន​ភ្នំ​ស្រូវ​ ឬ​អង្ករ​បន្ថែម​ទៀត​ឬ​ជំនួស​ខ្សាច់​វិញ។

លោក​ មៀច​ ប៉ុណ្ណ​ទី​ប្រឹក្សា​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ​នៃ​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​បណ្ឌិត​ មាន​ប្រសាសន៍​ថា ​ ពិធី​ពូន​ភ្នំ​ស្រូវ​ឬ​ភ្នំ​អង្ករ​នេះ​ក៏​មាន​គោល​បំណង​ដូច​ជា​ការ​ពូន​ភ្នំ​ខ្សាច់​ដែរ​ ពោល​គឺ​ដើម្បី​ជម្រះ​បាប​កម្ម​និង​គ្រោះ​កាច​ចង្រៃ​ផ្សេងៗ​ផង​ហើយ​និង​ដើម្បី​ប្រមូល​ស្រូវ​អង្ករ​ទុក​សម្រាប់​ផ្គត់​ផ្គង់​ចង្អាន់​ព្រះ​សង្ឃ​ឬ​ សម្រាប់​លក់​យក​បច្ច័យ​កសាង​វត្ត​ជា​ដើម​ផង។

«វត្ត​ខ្លះ​គេ​ធ្វើ​ពូន​ភ្នំ​ខ្សាច់​ វត្ត​ខ្លះ​គេ​ធ្វើ​ពូន​ភ្នំ​ស្រូវ​ ហើយ​ស្រូវ​ហ្នឹង​ដល់​ហើយ​គេ​ប្រគេន​លោក​ទៅ។ លោក​លក់​យក​លុយ​មក​ចាត់​ចែង​កសាង​វត្ត​អារាម​ទៅ​ ហើយ​ពូន​ភ្នំ​ខ្សាច់​ហ្នឹង​ ខ្សាច់​ហ្នឹង​យក​មក​ចាត់​ចែង​ក្នុង​ការ​កសាង​ ឬ​សាង​សង់​អី​ផ្សេងៗ​ទៅ»។

ក្រៅ​ពិធី​ពូន​ភ្នំ​ខ្សាច់​ ភ្នំ​ស្រូវ​ឬ​ភ្នំ​អង្ករ​នេះ នៅ​ពេល​រសៀល​ក្នុង​ថ្ងៃ​ទី​បី​ដែល​ជា​ថ្ងៃ​ឆ្លង​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី​នេះ​ ប្រជា​ជន​ខ្មែរ​ក៏​នាំ​គ្នា​ធ្វើ​ពិធី​ស្រង់​ព្រះ​ស្រោច​ទឹក​សម្អាត​ព្រះ​ពុទ្ធ​រូប​ឬ ​ពិធី​ផ្ងូត​ទឹក​ឪពុក​ម្តាយ​ ជី​ដូន​ជីតា​ ចាស់​ទុំ​ក្នុង​ភូមិ​ផង​ដែរ​ដើម្បី​សុំ​សេចក្តី​សុខ។

ព្រះ​ភិក្ខុ​ ចាន់ ​នឿន​ ព្រះ​គ្រូ​សូត្រ​ស្តាំ​នៅ​វត្ត​ទួល​សន្តិវ័ន​ មាន​សង្ឃ​ដីកា​ថា​ ពិធី​ស្រង់​ព្រះ​នេះ​ត្រូវ​បាន​ប្រជា​ពុទ្ធ​បរិស័ទ​នាំ​គ្នា​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​បង្ហើយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ​ ដោយ​ពួក​គេ​មាន​ជំនឿ​ថា​ ពួក​គេ​នឹង​ទទួល​បាន​សេចក្តី​សុខ​ក្សេម​ក្សាន​ប្រកប​ដោយ​កាយ​វាចា​ចិត្ត​ស្អាត​ល្អ​ផូរ​ផង់​ដូច​ព្រះ​ពុទ្ធ​រូប​ ដែល​ត្រូវ​បាន​លាង​សម្អាត​យ៉ាង​ស្អាត​ដូច្នោះ​ដែរ។

«ប្រជា​ពល​រដ្ឋ​ខ្មែរ​មាន​គំនិត​ថា​ កាល​ណា​បើ​ខ្លួន​បាន​ទៅ​ស្រង់​ព្រះ​ជម្រះ​ធូលី​កម្ទិច​កម្ទី​ដី​ឬ​ក៏​អ្វី​ដែល​មិន​ស្អាត​គ្រឿង​សៅ​ហ្មង​ជាប់​នៅ​នឹង​ព្រះ​ពុទ្ធ​រូប​នៅ​នឹង​ពុទ្ធ​បដិមា​ អញ្ចឹង​កាល​ណា​បើ​ខ្លួន​បាន​ជម្រះ​ស្រោច​ស្រពទៅ​ដោយ​សុគន្ធ​វារី​មាន​ទឹក​អប់​ទៅ​ដោយ​ផ្កា​ អប់​ទៅ​ដោយ​ទឹក​អប់​ គ្រឿង​ក្រអូប​អី​អញ្ចឹង​ទៅ​ ខ្លួន​សង្ឃឹម​សេចក្តី​សុខ​ សេចក្តី​ចម្រើន​ដែល​កើត​ចេញ​ពី​អំពើ​ជា​កុសល​ដែល​ខ្លួន​បាន​ទៅ​ស្រង់​នោះ​ ខ្លួន​នឹង​បាន​សុខ​បាន​ចម្រើន​ ហើយ​ស្អាត​ដូច​ជា​រូប​បដិមា​ដែល​ខ្លួន​បាន​លាង​បាន​ជម្រះ​អញ្ចឹង​ដែរ»។

អ្នក​ស្រី ​ស៊ឺម​ សូនី ​អាយុ​៥៦​ឆ្នាំ​កំពុង​រៀប​ចំ​ស្រង់​ព្រះ​ដោយ​រោយ​ផ្កា​ម្លិ​ះនិង​បាញ់​ទឹក​អប់​ចូល​ក្នុង​ធុង​ទឹក​ដែល​គេ​តម្រៀប​ជា​ជួរ​នៅ​ពី​មុខ​ព្រះ​ពុទ្ធ​បដិមា​ចំនួន​៤​អង្គ​ នៅ​ក្នុង​បរិវេណ​វត្ត​ទួល​សន្តិវ័ន។

អ្នក​ស្រី ​ស៊ឺម​ សូនី ​មាន​ប្រសាសន៍​ថា​ អ្នក​ស្រី​មក​ចូល​រួម​ក្នុង​ពិធី​ស្រង់​ព្រះ​នេះ​គឺ​ដើម្បី​ប្រាថ្នា​សុំ​សេចក្តី​សុខ​ចម្រើន​សម្រាប់​ឆ្នាំ​ថ្មី។

«ធម្មតា​យើង​មុជ​ទឹក​យើង​អត់​មាន​អញ្ចឹង​ទេ ​ដល់​យើង​ទៅ​មុជ​ យក​មក​ស្រង់​ឱ្យ​ព្រះ​អង្គ​ហ្នឹង​ យើង​ដាក់​ឱ្យ​ក្រអូប​បន្តិច​ ហើយ​យើង​ដាក់​ផ្កា​ម្លិះ​ទឹក​អប់​អី​ហ្នឹង​ ហើយ​ទៅ​យើង​បូង​សួង​ ហើយ​យើង​ ស្រង់​ឱ្យ​ព្រះ​អង្គ​ទៅ​គឺ​ថា ​យើង​មុជ​សុំ​ពរ​ជ័យ​ទៅ​ណា៎​ឱ្យ​យើង​បាន​សេចក្តី​សុខ​សេចក្តី​ចម្រើន​ឆ្នាំ​ថ្មី»។

លោក​ មៀច​ ប៉ុណ្ណ ​ទី​ប្រឹក្សា​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ​នៃ​ពុទ្ធ​សាសនា​បណ្ឌិត្យ​ មាន​ប្រសាសន៍​ថា​ ប្រជា​ពល​រដ្ឋ​ខ្ល​ះមិន​បាន​ធ្វើ​ពិធី​ស្រង់​ព្រះ​នេះ​ទេ តែ​ពួក​គេ​បាន​នាំ​គ្នា​រៀប​ចំ​ពិធី​ស្រោច​ទឹក​ឪពុក​ម្តាយ​ ជីដូន​ជីតា​ឬ​ចាស់​ទុំ​ក្នុង​ភូមិ​ស្រុក​វិញ​ដើម្បី​ជា​ការ​សុំខមា​ទោស​ចំពោះ​អំពើ​មិន​គម្បី​ណា​មួយ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ​លោក​អ្នក​ដ៏​មាន​គុណ​ទាំង​នោះ​ផង​និង​ដើម្បី​តប​ស្នង​សង​គុណ​ចំពោះ​គុណូបការៈ​របស់​លោក​អ្នក​ដ៏​មាន​គុណ​ទាំង​នោះ​ផង។

លោក​ មៀច​ ប៉ុណ្ណ​ បន្ថែ​ម​ទៀត​ថា​ ពិធី​ស្រោច​ទឹក​ឪពុក​ម្តាយ​ ជីដូន​ជីតា​ ឬ​ចាស់​ទុំ​ក្នុង​ភូមិ​នេះ​ក៏​ដើម្បី​សុំ​ពរ​ជ័យ​សព្ទ​សាធុការ​ពី​លោក​អ្នក​ដ៏​មាន​គុណ​និង​ចាស់​ព្រឹទ្ធា​ចារ្យ​ទាំង​អស់​នោះ​សម្រាប់​នាំ​មក​នូវ​សំណាង​ល្អ​ អាយុ​យឺន​យូរ​ រក​ស៊ី​មាន​បាន​និង​សេចក្តី​សុខ​ចម្រើន​ក្នុង​ឆ្នាំ​ថ្មី​នេះ​ផង​ដែរ៕