អតីតកម្មាភិបាលខ្មែរក្រហម បានព្រមានថា សង្គ្រាមស៊ីវិលក្នុងប្រទេសខ្មែរទំនងជានឹង កើតឡើងវិញទៀត ប្រសិនបើជនសង្ស័យក្នុងរបបនោះបន្ថែមទៀតត្រូវបានគេចាប់បញ្ជូនទៅកាន់តុលាការ។
ការព្រមាននេះបានកើតឡើងស្របពេលដែល សាលាក្តីខ្មែរក្រហមត្រូវគេដឹងថា កំពុង ពិចារណាស៊ើបអង្កេត និងគ្រោងចាប់ខ្លួនជនសង្ស័យប្រាំនាក់ទៀតមកជំនុំជំរះសម្រាប់ករណី០០៣ និង ០០៤ បន្ថែមលើមេដឹកនាំប្រាំនាក់ ដែលកំពុងជាប់ឃុំឃាំង។
ថ្ងែងនៅឯវេទិការសាធារណៈមួយនៅក្នុងស្រុកអន្លង់វែង រៀបចំដោយមជ្ឈមណ្ឌលដើម្បី យុត្តិធម៌ និង ការបង្រួបបង្រួម ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋប្រមាណ១៥០នាក់ ដែលភាគច្រើនជាអតីតកម្មាភិបាលខ្មែរក្រហមនោះ អ្នកស្រី អ៊ឹម ចែម ជំទប់ទីមួយឃុំត្រពាំងតាវ បានថ្លែងថា សុំកុំឲ្យមានការចាប់ខ្លួនមកកាត់ទោសបន្ថែមទៀត បើពុំនោះទេសង្គ្រាមនឹងកើត មានទៀត៖
«ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភខ្លាចធ្លាក់ដល់ឪពុក ម្តាយ ដែលគាត់កើតកាលពីជំនាន់នោះ បើម្តងប្រាំនាក់ម្តងទៀតសង្ស័យប្រាំនាក់ទៀត មិនដឹងថ្ងៃណា ជាប់ដល់ខ្លួន ព្រោះខ្លួននៅក្នុងសង្គមនោះដែរ។ នៅក្នុងស្រុកអន្លង់វែងនេះ ជាការណ៍ពិតនៅ មានចាស់ៗដូចជាជំនាន់ខ្ញុំ អាយុពី៦០ ទៅ ៧០ឆ្នាំ»។
អ្នកស្រី អ៊ឹម ចែម ដែលត្រូវគេស្គាល់ថា ជាអតីតអភិបាលស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយ មានជ័យ កាលសម័យនោះ និងដែលគេសង្ស័យថា អាចមានឈ្មោះនៅក្នុង បញ្ជីចាប់ខ្លួនចំណោម ប្រាំនាក់នោះដែរ បានថ្លែងដោយរំឭកអំពីអតីតកាលមុនសមាហរណកម្មយ៉ាងដូច្នេះទៀតថា៖
«ខ្ញុំសូមជំរាបតាមការចាំរបស់ខ្ញុំថា កាលមុនសមាហរណកម្មសម្តេច ហ៊ុន សែន បាននិយាយថា គាត់នឹងប្រមូលប្រជាពលរដ្ឋទាំងអស់គ្មានអ្នកឈ្នះគ្មានអ្នកចាញ់ ដូច្នេះបានជាប្រជាពលរដ្ឋក្នុង សង្គ្រាមនោះបែរមករួមគ្នាតែមួយ និងសាមគ្គីគ្នាទៅផ្លូវតែមួយក្នុង ប្រទេស ការពារពូជសាសន៍ និង ជាតិរបស់ខ្លួន» ។
លោក អ៊ុន រ៉េត មេភូមិស្លែងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង បានបន្ទរចំពោះការលើក ឡើងរបស់អ្នកស្រី អ៊ឹម ចែម ដោយថ្លែងថា លោកយល់ស្របការបង្កើតឱ្យមានច្បាប់កាត់ ទោសជនសង្ស័យកំពូលទាំងប្រាំនាក់ ប៉ុន្តែប្រសិនបើតុលាការនេះចេះតែព្យាយាមដាក់បញ្ចូល រឿងមួយហើយមួយទៀត វានឹងនាំឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងរឿងមួយណាទៀតដែលមិនបានគិតដល់៖
«ខ្ញុំស្តាប់ឮថា ច្បាប់របស់តុលាការនេះកាត់ទោសតែមេថ្នាក់កំពូល តែតាមខ្ញុំស្តាប់ទៅ នៅមានជនត្រៀមប្រាំនាក់ទៀតសម្រាប់កាត់ទោសដែរ។ ខ្ញុំយល់ថា ប្រាំនាក់នេះមិនមែន ជាថ្នាក់កំពូលទេ ហេតុអ្វីតុលាការនេះដាក់ឈ្មោះជនសង្ស័យទាំងប្រាំនេះសម្រាប់កាត់ទោសនៅពេលខាងមុខ ? តើតុលាការខ្មែរក្រហមបានអនុវត្តច្បាប់របស់ខ្លួនបានត្រឹមត្រូវដែរឬទេ?»
ឈ្មោះជនសង្ស័យថែមទៀតសម្រាប់ករណី០០៣ និង០០៤ នៅមិនទាន់ត្រូវបានគេដឹងជា សាធារណៈនៅឡើយទេ ហើយវានៅតែមិនទាន់ច្បាស់ថា តើដំណើរការគម្រោងស៊ើបអង្កេតនោះនឹងធ្វើទៅរួចឬយ៉ាងណានៅពេលដែលមានការជំទាស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ចៅក្រមខ្មែរមួយចំនួនដែលភ័យខ្លាចមានអសន្តិសុខក្នុងសង្គមនោះ ។
លោក ឡាស៍ អលសុន មន្ត្រីនាំពាក្យរបស់សាលាក្តីខ្មែរក្រហមបានថ្លែងថា យើងមិនទាន់ បានសម្រេចចិត្តនៅឡើយទេ ហើយមិនដឹងថា តើប្រាំនាក់នោះនឹងត្រូវគេយកទៅជំនុំជម្រះឬអត់ មានទោសឬទេ?
«ដូច្នេះខ្ញុំអាចផ្តល់យោបល់ហើយធានាថា តុលាការមិនមានឈ្មោះមនុស្សរាប់រយនាក់ ដែលនឹងត្រូវយកទៅជំនុំជម្រះនោះទេ។ មូលហេតុយើងមិនធ្វើ អញ្ចឹងដោយសារថាយើងនឹងកាត់ទោសមនុស្សច្រើនពេក ហើយវានឹងធ្វើឱ្យមានការជះឥទ្ធិពលអាក្រក់ទៅលើសង្គមដែរ» ។
លោកបានបញ្ជាក់ឱ្យដឹងថា បេសកកម្មដ៏ចម្បងមួយរបស់តុលាការនេះ គឺស្វែងរកយុត្តិ ធម៌ជូនជនរងគ្រោះ ហើយនិងធានាឱ្យមានការផ្សះផ្សារបង្រួបបង្រួមជាតិ និងធ្វើយ៉ាងម៉េច ឱ្យមានស្ថេរភាពនៅក្នុងសង្គមកម្ពុជាទៀត។
សាលាក្តីខ្មែរក្រហមទើបតែបានបញ្ចប់ការស៊ើបអង្កេត និងជំនុំជម្រះករណី០០១ ដែលមាន ជនសង្ស័យឈ្មោះ កាំងហ្គេចអ៊ីវ ហៅឌុចកាលពីចុងឆ្នាំ២០០៩ ហើយរំពឹងថា នឹងលើកយកករណី ០០២ ដែលមានជនសង្ស័យបួននាក់ គឺ នួន ជា អៀង សារី អៀង ធីរិទ្ធិ និង ខៀវ សំផនមកជំនុំជម្រះនៅឆ្នាំក្រោយ ។
ដោយឡែកពាក់ព័ន្ធនឹងការបើកវេទិការសាធារណៈនៅក្នុងស្រុកអន្លង់វែង ដែលជាតំបន់ ចុងក្រោយរបស់ខ្មែរក្រហមនោះ លោកអ៊ឹម សុភា សហនាយកកម្មវិធីបង្រួបបង្រួមរបស់មជ្ឈ មណ្ឌលដើម្បីយុត្តិធម៌ និងការបង្រួបបង្រួម បានឱ្យដឹងថា គឺដើម្បីផ្តល់ឱកាសឱ្យពួកគាត់ ដែលភាគច្រើនជាអតីតកម្មាភិបាលខ្មែរក្រហមនោះ បានបញ្ចេញសំឡេង ឬយោបល់និងការចង់ ដឹងរបស់គាត់ពាក់ព័ន្ធដំណើរការរបស់សាលាក្តីខ្មែរក្រហមនេះ ដើម្បីបញ្ចប់កង្វល់ ភាពមន្ទិល សង្ស័យរបស់គាត់ដែលកំពុងដក់ជាប់ក្នុងអារម្មណ៍រហូតមកដល់សព្វថ្ងៃ។
«ដូច្នេះ យើងយល់ដឹងពីតម្រូវការនិងភាពចាំបាច់ក្នុងការផ្តល់ព័ត៌មានឱ្យបានគ្រប់ៗគ្នា ពិសេសទៅដល់អតីតមេដឹកនាំខ្មែរក្រហម ហើយពួកគាត់ក៏ជាអ្នកដែលធ្លាប់ដើរតាមអង្គការចាត់តាំងដឹកនាំ នេះ ជាសិទ្ធិរបស់គាត់ដែលយើងត្រូវផ្តល់ឱ្យគាត់» ។
លោកបានបញ្ជាក់ថា ណាមួយសម្រាប់អនាគតវែងឆ្ងាយ យើងចង់ឱ្យប្រជាជនទាំងអស់ មិនមានការថ្នាំងថ្នាក់នឹងគ្នា ថានេះជាអតីតខ្មែរក្រហម ខ្មែរស ឬក៏ខ្មែរខៀវអ្វីនោះទេ យើងទាំងអស់គ្នាជាខ្មែរ។ ដូច្នេះការកសាងជំនឿចិត្តគឺជាមធ្យោបាយដ៏សំខាន់មួយក្នុងការផ្សះផ្សារសង្គមខ្មែរ៕